ដំណាក់សុខាភិបាលឃុំដាយតឹម ស្រុកមីស្វៀង ខេត្តសុកត្រាំង បានអនុវត្តល្អនូវការពិនិត្យ ព្យាបាលជំងឺជូនប្រជាជន និងសុខាភិបាលបម្រុង។
វេជ្ជបណ្ឌិតឯកទេស I ឡឹមវ៉ាន់តឹង កំពុងវាស់សម្ពាធឈាមជូនអ្នកជំងឺ។
ដំណាក់សុខាភិបាលឃុំដាយតឹម មានបុគ្គលិកពេទ្យចំនួន ១០ នាក់ ក្នុងនោះ មានវេជ្ជបណ្ឌិតឯកទេស I ផងដែរ ដូច្នេះជារៀងរាល់ឆ្នាំ ដំណាក់បានកសាងផែនការប្រចាំឆ្នាំ ប្រចាំត្រីមាស និងប្រចាំខែ ព្រមទាំងបានបែងចែកភារកិច្ចច្បាស់លាស់ដល់បុគ្គលិកម្នាក់ៗទទួលបន្ទុកកម្មវិធីសុខាភិបាល សមស្រមជាមួយនឹងជំនាញវិជ្ជាជីវៈ។ អាស្រ័យហេតុនោះ ដំណាក់មិនត្រឹមតែធានាអនុវត្តនូវភារកិច្ចពិនិត្យ ព្យាបាលជំងឺជូនប្រជាជនប៉ុណ្ណោះទេ ថែមទាំងអនុវត្តល្អនូវកម្មវិធីទិសដៅជាតិអំពីសុខាភិបាលសហគមន៍ផងដែរ។ វេជ្ជបណ្ឌិត ឯកទេស I ឡឹមវ៉ាន់តឹង ប្រធានដំណាក់សុខាភិបាលឃុំដាយតឹម មានប្រសាសន៍៖ “បុគ្គលិកពេទ្យរបស់ដំណាក់តែងកំណត់ច្បាស់ការងារ ថែទាំសុខភាពបឋមជូនប្រជាជន គឺជាការងារមួយដ៏សំខាន់ ដូច្នេះតែងយកអស់ពីចិត្តពីថ្លើម ថែទាំសុខភាពជូនប្រជាជន ព្រមទាំងអនុវត្តល្អនូវក្រមសីលធម៌ ១២ ប្រការរបស់គ្រូពេទ្យ ម្ល៉ោះហើយបានប្រជាជនទំនុកចិត្ត។ ជាមួយគ្នានេះ ក៏បានចាត់បុគ្គលិកប្រចាំការ ២៤/២៤ម៉ោង ដើម្បីជួយសង្គ្រោះបឋមនិងបញ្ជូនអ្នកជំងឺធ្ងន់ទៅមន្ទីរពេទ្យថ្នាក់លើបានទាន់ពេល មិនឱ្យកើតមានកំហុសក្នុងមុខជំនាញ។ បំពេញការងារមានការខុសត្រូវខ្ពស់ និងអស់ពីចិត្តចំពោះអ្នកជំងឺ ម្ល៉ោះហើយតែងបង្កបានទំនុកចិត្តសម្រាប់អ្នកជំងឺមកព្យាបាល។ សព្វថ្ងៃ ដំណាក់តែងទទួលអ្នកជំងឺប្រមាណ ២០ នាក់ក្នុងមួយថ្ងៃដែលភាគច្រើនមកពិនិត្យជំងឺទូទៅ ដូចជា៖ ឈឺក្បាល ឈឺពោះ លើសឈាម ទឹកនោមផ្អែម រលាកផ្លូវដង្ហើម។ល។ លោកយ័ញភឿង មកពិនិត្យជំងឺ ឱ្យដឹង៖ “ខ្ញុំមានជំងឺលើសឈាម តែងមកដំណាក់សុខាភិបាលពិនិត្យជំងឺដោយប្រើប័ណ្ណធានារ៉ាប់រងសុខាភិបាល ដូច្នេះមិនបង់ប្រាក់កាសទេ ហើយគ្រូពេទ្យនៅទីនេះមើលថែអ្នកជំងឺអស់ពីចិត្តពីថ្លើម ពិនិត្យជំងឺនិងផ្តល់ថ្នាំឆាប់រហ័ស។ សព្វដងកន្លងមក គ្រូពេទ្យតែងផ្តែផ្តាំខ្ញុំយ៉ាងហ្មត់ចត់ពីរបៀបលេបថ្នាំ ហូបចុក និងសម្រាក ដូច្នេះខ្ញុំស្ងប់អារម្មណ៍ណាស់”។
ទន្ទឹមនឹងនោះ បុគ្គលិកពេទ្យរបស់ដំណាក់សុខាភិបាលក៏បានអនុវត្តល្អនូវការងារចាក់វាក់សាំងបើកទូលាយសម្រាប់កុមារអាយុក្រោម ១ ឆ្នាំ និងចាក់ថ្នាំបង្ការ ពិនិត្យគភ៌តាមកាលកំណត់សម្រាប់ស្ត្រីមានផ្ទៃពោះ។ សហការជាមួយអង្គការមហាជនរបស់ឃុំ និងសហការីសុខាភិបាល ធ្វើការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីការអនាម័យបរិស្ថាន សុវត្ថិភាពចំណីអាហារ និងការងារបង្ការប្រឆាំងជំងឺឆ្លងរាលដាលដូច៖ ជំងឺគ្រុនឈាម ជំងឺពងដៃ ជើង មាត់ ជំងឺកញ្ជ្រឹល។ល។ ទន្ទឹមនឹងនោះ រៀងរាល់ត្រីមាស តែងបើកយុទ្ធនាការកម្ចាត់ដង្កូវទឹក ណែនាំប្រជាជនព្រលែងត្រី ៧ ពណ៌ក្នុងពាងទឹក និងសម្អាតផ្ទះ និងជុំវិញផ្ទះ ឱ្យជ្រះ ដើម្បីបង្ការជំងឺគ្រុនឈាម។ អាស្រ័យហេតុនេះ ចាប់តាំងពីដើមឆ្នាំមក ពុំមានការផ្ទុះជំងឺអ្វីធំដុំនៅក្នុងឃុំនោះទេ។
លោកឡឹមវ៉ាន់តឹង ឱ្យដឹងបន្ថែម៖ “បុគ្គលិកពេទ្យរបស់ដំណាក់តែងសាមគ្គីគ្នា ជម្នះការលំបាក អនុវត្តល្អនូវការងារថែទាំសុខភាពជូនប្រជាជន។ បច្ចុប្បន្ន ដំណាក់កំពុងសាងសង់ថ្មី ហើយនឹងបានផ្នែកសុខាភិបាលផ្គត់ផ្គង់បរិក្ខារពេទ្យទំនើបៗ ដើម្បីបម្រើការពិនិត្យ និងព្យាបាលជំងឺជូនប្រជាជនឱ្យកាន់តែល្អប្រសើរជាងទៀត៕
លីធាន -បកប្រែ៖ សុផន