មិនមែនជាការចៃដន្យទេដែលរមណីយដ្ឋានទេសចរណ៍សម្រាកលម្ហែកាយ គួបផ្សំនឹងកម្សាន្តសប្បាយ-ភ្នំបាណា នៅដាណាំងត្រូវបានហៅថា ឋានសួគ៌នោះ ដ្បិតអីរមណីយដ្ឋាននេះពិតជាគោលដៅដ៏អស្ចារ្យសម្រាប់អ្នកចូលចិត្តទេសចរណ៍។
រូបថតមួយចំនួននៅភ្នំបាណា។
ទើបតែម៉ោង ១៥ រសៀលលើភ្នំបាណា បានគ្របដណ្ដប់ដោយផ្សែងអ័ព្ទ។
ភ្នំបាណា ឋិតនៅចម្ងាយពីមជ្ឈមណ្ឌលក្រុងដាណាំងជាង ២០ គីឡូម៉ែត្រ មានកម្ពស់ជិត ១.៥០០ ម៉ែត្របើប្រៀបនឹងផ្ទៃទឹកសមុទ្រ។ អាស្រ័យហេតុនោះ រមណីយដ្ឋាននេះមានទេសភាពធម្មជាតិដ៏ស្រស់ស្អាត ពិសេសភ្ញៀវទេសចរអាចយល់បានពីអាកាសធាតុនៃរដូវទាំង ៤ ត្រឹមតែក្នុង ១ ថ្ងៃប៉ុណ្ណោះ។ ដើម្បីឡើងដល់រមណីយដ្ឋានភ្នំបាណា ភ្ញៀវទេសចរត្រូវអង្គុយកន្រ្តកខ្សែកាបជាង ១៥ នាទី។ ពេលនេះហើយ ទិដ្ឋភាពនៃតំបន់ខ្ពង់រាបដ៏ស្រស់ត្រកាលក៏បានរំលេចឡើងតាមផ្លូវខ្សែកាបឆ្លងកាត់។ ឡើងជិតដល់កំពូលភ្នំបាណា អាកាសធាតុកាន់តែត្រជាក់។ ប្រសិនបើធ្វើដំណើរពីព្រលឹម ភ្ញៀវទេសចរគួរពាក់អាវរងារមុនពេលឈានជើងចេញពីកន្រ្តកខ្សែកាបដើម្បីកុំឱ្យចាញ់រងារ។
ចំណាប់អារម្មណ៍ដំបូងពេលភ្ញៀវទេសចរមកដល់ភ្នំបាណា គឺមានការភ្ញាក់ផ្អើលនិងកោតសរសើរចំពោះភូមិបារាំងមួយដែលនៅ “ដូចដើម” ដោយជួរសំណង់ស្ថាបត្យកម្មបុរាណ មានដូចទីលាន វិហារគ្រិស្ដសាសនា ទីប្រជុំជន ភូមិបុរាណ សណ្ឋាគារនិងរួមទាំងបន្ទប់ដាក់ស្រា។ និយាយតាមត្រង់ខ្ពស់បែបនេះ មិនដឹងតើជាង ១០០ ឆ្នាំមុន គេធ្វើយ៉ាងណាទើបដឹកជញ្ជូនទព្វសម្ភារៈសាងសង់ភូមិបារាំងល្អ ស្អាតនៅលើកំពូលភ្នំ កណ្តាលព្រៃឈើជុំជិតដូច្នោះ។
ដើម្បីទាក់ទាញភ្ញៀវទេសចរ អ្នកវិនិយោគបានសាងសង់សំណង់បន្ថែមជាច្រើន មានដូចជាស្ពានមាស រោងកុន ចង្អូររំអិល មណ្ឌលលេងល្បែងកំសាន្ត។ល។ សួនកម្សាន្ត Fantasy លើកំពូលភ្នំបាណា ជាសួនកម្សាន្តក្នុងផ្ទះដ៏ធំបំផុតនៅប្រទេសវៀតណាម ម្ល៉ោះហើយ ភ្ញៀវទេសចរអាចដើរលេងកម្សាន្តនៅលើកំពូលភ្នំបាណាពេញមួយថ្ងៃដោយមិនជិនណាយ។ នៅពេលហេវហត់និងអស់កម្លាំង ប្រព័ន្ធភោជនីយដ្ឋានចំនួន ៣០ នៅទីនេះ អាចបម្រើតម្រូវការភ្ញៀវទេសចរតាមបែបអាស៊ីរហូតដល់បែបអឺរ៉ុប។ ចំពោះភ្ញៀវទេសចរជាច្រើនទៀត ការទិញស្រា បៀអាល្លឺម៉ង់ ១ កែវពិសា និងទស្សនាឈុតសម្ដែងនៅទីលានគឺជារយៈពេលសម្រាកលម្ហែកាយដ៏រីករាយ ដើម្បីបន្តឆ្លងកាត់បទពិសោធផ្សេងៗទៀត។
សម្រាកលម្ហែកាយនៅភ្នំបាណា ជាជម្រើសដ៏អស្ចារ្យសម្រាប់អ្នកចូលចិត្តបរិយាកាសស្ងប់ស្ងាត់។ ដ្បិតអីនៅពេលរសៀល ប្រព័ន្ធកន្រ្តកខ្សែកាបឈប់ដំណើរការ ភ្នំបាណាក្លាយជាឋាន ”សួគ៌ា” សម្រាប់ភ្ញៀវទេសចរដែលចង់សម្រាកលម្ហែកាយ ជាមួយនឹងទេសភាពធម្មជាតិមេឃធំ ភ្នំខ្ពស់ អមដោយអាកាសធាតុត្រជាក់បរិសុទ្ធ៕
ហាថាញ - ថាច់ធី