មានភូមិភាគជាច្រើននៅណាមបូ បានរៀបចំនូវសកម្មភាពដ៏ពុះពោរជាច្រើនស្របក្នុងឱកាសពិធីបុណ្យអកអំបុករបស់ជនរួមជាតិខ្មែរ។
តាមរយៈនោះ នៅខេត្តសុកត្រាំង បានប្រព្រឹត្តឡើងនៅទិវាបុណ្យវប្បធម៌ កីឡា និងទេសចរណ៍ ជនរួមជាតិខ្មែរណាមបូលើកទី ៨ និងពិធីបុណ្យអកអំបុក ប្រណាំងទូក-ង សុកត្រាំងលើកទី ៥ តំបន់វាលរាបទន្លេគឺវឡុង ឆ្នាំ ២០២២។ ដោយមានសិប្បករ កីឡាករ សិល្បករ-ការិនីចូលរួមជាង ២០០០ នាក់។ល។ ទិវាបុណ្យមានសកម្មភាពពិសេសៗជាច្រើន ដូច៖ សមោសរវប្បធម៌មហាជន; សម្តែងបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរ; សម្តែងបង្ហាញ ឧទ្ទេសនាមពីឈុតឆាកនៃពិធីបុណ្យ ពិធីកិច្ចសកម្មភាពវប្បធម៌ប្រពៃណីជនជាតិខ្មែរនិងប្រគំភ្លេងពិណពាទ្យ។ល។ សកម្មភាពកីឡា រួមមាន៖ បាល់ទាត់ខ្នាតតូច បាល់ទះ ទាញព្រ័ត្រ រុញដំបង បោះប៉ូល រត់ម៉ារ៉ាតុង លេងអុក និងប្រណាំងទូក។ល។ ពិធីប្រណាំងទូក-ង ខេត្តសុកត្រាំង លើកទី ៥ តំបន់វាលរាបទន្លេគឺវឡុងឆ្នាំ ២០២២ បានប្រព្រឹត្តឡើងយ៉ាងពុះពោរនិងរំភើបរីករាយ។ ពិធីប្រណាំងមានការចូលរួមពីទូក-ងនៅក្នុង និងក្រៅខេត្តចំនួន ៥៤ ទូក ក្នុងនោះទូក-ងផ្នែកបុរសមានចំនួន៤៥ និងទូក-ងផ្នែកនារីមានចំនួន៩។ លទ្ធផលនៃការប្រណាំងទូក-ងបុរស ចម្ងាយខ្សែទឹក ១.២០០ម៉ែត្រ ទូក-ងវត្តពេជ្រ ទីរួមខេត្តវិញចូវ ខេត្តសុកត្រាំង ឈ្នះរង្វាន់លេខ ១ (ទទួលបានប្រាក់រង្វាន់ ២០០ លានដុង); ទូក-ងវត្តពងទឹកចាស់ ឈ្នះរង្វាន់លេខ ២ (ទទួលបានប្រាក់រង្វាន់ ១៥០ លានដុង) និងទូក-ងវត្តអុងខ ស្រុកថាញ់ទ្រី ខេត្តសុកត្រាំង ឈ្នះរង្វាន់លេខ ៣ (ទទួលបានប្រាក់រង្វាន់ ១០០ លានដុង)។ ចំណែកទូក-ងនារី ប្រណាំងចម្ងាយខ្សែទឹក ១.០០០ ម៉ែត្រ រង្វាន់លេខ ១ បានទៅលើទូក-ងវត្តព្រែកចេក ទីរួមខេត្តង៉ាណាំ ខេត្តសុកត្រាំង (ទទួលបានប្រាក់រង្វាន់ ១៥០ លានដុង); រង្វាន់លេខ ២ បានទៅលើទូក-ងវត្តទំនប់ ស្រុកចូវថាញ់ ខេត្តសុកត្រាំង (ទទួលបានប្រាក់រង្វាន់ ១០០ លានដុង) និងរង្វាន់ទី ៣ បានទៅលើទូក-ងវត្តក្រញុង ខេត្តគៀងយ៉ាង (ទទួលបានប្រាក់រង្វាន់ ៨០ លានដុង)។
ឈុតសម្ដែងសិល្បៈបើកឆាកទិវាបុណ្យ។ រូបថត៖ លីធាន
គណៈចាត់តាំងជូនរង្វាន់ដល់ទូក-ងបុរសដែលទទួលបានជ័យលាភីខ្ពស់ក្នុងពិធីប្រណាំង
ទូក-ង សុកត្រាំង លើកទី ៥ តំបន់វាលរាបទន្លេគឺវឡុង ឆ្នាំ ២០២២។ រូបថត៖ លីធាន
គណៈចាត់តាំងជូនរង្វាន់ដល់ទូក-ងនារីដែលទទួលបានជ័យលាភីខ្ពស់ក្នុងពិធីប្រណាំងទូក-ង សុកត្រាំង លើកទី ៥ តំបន់វាលរាបទន្លេគឺវឡុង ឆ្នាំ២០២២។ រូបថត៖ លីធាន
ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ជូនទង់រៀបចំទិវាបុណ្យវប្បធម៌ កីឡា និងទេសចរណ៍ជនរួមជាតិខ្មែរណាមបូ លើកទី ៩ ដល់ខេត្តត្រាវិញ។ រូបថត៖ លីធាន
នៅខេត្តត្រាវិញ ពិធីប្រណាំងទូក-ងបើកទូលាយ អបអរសាទរពិធីបុណ្យអកអំបុកខេត្តត្រាវិញ ឆ្នាំ២០២២ ក៏បានបញ្ចប់ដោយជោគជ័យផងដែរ។ បន្ទាប់ពីការប្រណាំងយ៉ាងស្វិតស្វាញអស់រយៈពេលពីរថ្ងៃ ទូក-ងស្រុកកូវកែ ឈ្នះរង្វាន់លេខ ១ ទាំង ៣ ខ្លឹមសារ គឺ ៨០០ ម៉ែត្រ; ៦០០ ម៉ែត្របុរស និង ៧០០ ម៉ែត្របុរសនិងនារីចម្រុះគ្នា។ ទូក-ងស្រុកទីវកឹង ទទួលបានជ័យលាភីលេខ ២; ទូក-ងក្រុងត្រាវិញ ទទួលបានជ័យលាភីលេខ ៣ ចម្ងាយខ្សែទឹក ៨០០ ម៉ែត្រ។ ទូក-ងស្រុកទីវកឹង ទទួលបានរង្វាន់លេខ ២; ទូក-ងក្រុងត្រាវិញ ទទួលបានជ័យលាភីលេខ ៣ ចម្ងាយខ្សែទឹក ៦០០ ម៉ែត្រ។ ឯខ្លឹមសារបុរសនារីចម្រុះគ្នាចម្ងាយខ្សែទឹក ៧០០ ម៉ែត្រ ទូក-ងស្រុកយ៉ៀងហាយ ឈ្នះរង្វាន់លេខ ២ និងទូក-ងស្រុកទីវកឹង ទទួលបានជ័យលាភីលេខ ៣ ។ល។
ខ្លឹមសារប្រណាំងទូក-ងបុរសនារីចម្រុះគ្នា រវាងស្រុកកូវកែនិងស្រុកទីវកឹង អំណរពិធីបុណ្យអកអំបុកខេត្តត្រាវិញ ឆ្នាំ ២០២២។ រូបថត៖ ម៉ាល័យ
យោងតាមប្រសាសន៍លោក ឡេមិញខ្វា អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកហ្គក្វាវ បន្ទាប់ពីផ្អាកអស់រយៈកាល ២ ឆ្នាំដោយសារជំងឺរាតត្បាត COVID-១៩ ទិវាបុណ្យវប្បធម៌ កីឡា និងទេសចរណ៍របស់ជនរួមជាតិខ្មែរនៅខេត្តគៀងយ៉ាង ឆ្នាំ ២០២២ ក្នុងឱកាសពិធីបុណ្យអកអំបុក ក៏បានប្រារព្ធឡើងនៅស្រុកហ្គក្វាវ ទាក់ទាញអ្នកចូលរួមរាប់ពាន់លើកនាក់។ ក្នុងនោះ រួមមានពិធីសម្ដែងសិល្បៈ ការសម្តែងបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរ ប្រគំភ្លេងពិណពាទ្យ ។ល។ តែងមានអ្នកចូលរួមទស្សនាគាំទ្រយ៉ាងច្រើនកុះករ។ ដងផ្លូវអមសងខាងដងព្រែកកៃឡើងនៅពេលប្រណាំងទូក-ង គឺមនុស្សម្នាណែនណាន់តាន់តាប់។ មិនត្រឹមតែលើច្រាំងប៉ុណ្ណោះទេ នៅលើផ្ទៃទឹកបណ្តោយតាមមាត់ព្រែកសងខាងក៏មានទូកស្មាច់ និងទូកកប៉ាល់តូចធំរាប់រយគ្រឿងមានទស្សនិកជនអង្គុយត្រៀមត្រាស្រែកហ៊ោគាំទ្រយ៉ាងមហោឡារិកផងដែរ៕
ក្រុមភ្លេងពិណពាទ្យស្រុកគៀងលឿង ប្រគំក្នុងទិវាបុណ្យវប្បធម៌ កីឡានិងទេសចរណ៍នៅខេត្តគៀងយ៉ាង ឆ្នាំ ២០២២។ រូបថត៖ លីយ៉ាង
ទូក-ងវត្តនគរជុំ បានយកឈ្នះលើទូក-ងវត្តសិរីសួស្តី ដើម្បីឈ្នះរង្វាន់លេខ ១ ចម្ងាយខ្សែទឹក ៨០០ ម៉ែត្រផ្នែកបុរស ក្នុងក្របខ័ណ្ឌនៃទិវាបុណ្យវប្បធម៌ កីឡា និងទេសចរណ៍ជនជាតិខ្មែរនៅខេត្តគៀងយ៉ាង ឆ្នាំ ២០២២។ រូបថត៖ លីយ៉ាង
ទស្សនិកជនតែងគាំទ្រចំពោះវិញ្ញាសាប្រណាំងទូក-ងក្នុងក្របខ័ណ្ឌនៃទិវាបុណ្យវប្បធម៌ កីឡា និងទេសចរណ៍ជនជាតិខ្មែរនៅខេត្តគៀងយ៉ាង ឆ្នាំ ២០២២។ រូបថត៖ លីយ៉ាង
ឈុតសម្តែងសិល្បៈក្នុងទិវាបុណ្យវប្បធម៌ កីឡា និងទេសចរណ៍ជនរួមជាតិខ្មែរនៅខេត្តគៀងយ៉ាង ឆ្នាំ ២០២២។ រូបថត៖ លីយ៉ាង
សហការីកាសែតកឹងធើភាសាខ្មែរ