នៅវត្តអង្គររាជបូរី (ហៅវត្តអង្គ) សង្កាត់ ៨ ក្រុងត្រាវិញ ខេត្តត្រាវិញ ទើបប្រារព្ធពិធីបុណ្យកឋិនទាន ព.ស ២៥៦៦ គ.ស ២០២២។
ព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត ប្រោះព្រំសុគន្ធវារីដល់ពុទ្ធបរិស័ទ។
ព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត អនុប្រធានក្រុមប្រឹក្សាអភិបាលសមាគមពុទ្ធសាសនាវៀតណាម ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ និងជាព្រះចៅអធិការវត្តអង្គររាជបូរី មានថេរដីកាពន្យល់ពីអត្ថន័យនៃបុណ្យកឋិនទានដល់ពុទ្ធបរិស័ទដែលបានអញ្ជើញចូលរួមដង្ហែអង្គកឋិនទាន។ ឆ្លងតាមរយៈនោះ ព្រះឧបជ្ឈាយ៍ បានថ្លែងអំណរគុណដល់ម្ចាស់អង្គកឋិនទាននិងពុទ្ធបរិស័ទជិតឆ្ងាយមានសទ្ធាជ្រះថ្លា ប្រារព្ធធ្វើពិធីបុណ្យកឋិនទានដង្ហែមកវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាល ៣ ខែនៅវត្តអង្គររាជបូរី ។
ក្នុងបរិយាកាសដ៏មហោឡារិក សំឡេងភ្លេងពិណពាទ្យនិងឆៃយុាំបានប្រគំឡើងយ៉ាងកងរំពង មាមីងពុទ្ធបរិស័ទបានដង្ហែអង្គកឋិនទានប្រទក្សិណព្រះវិហារ ៣ ជុំ បន្ទាប់មកចូលព្រះវិហារអុជទៀននមស្សការព្រះរតនត្រ័យ។ លោកអាចារ្យក៏ធ្វើពិធីវេរត្រៃចីវរ និងគ្រឿងបរិក្ខារកឋិនប្រគេនជំនុំសង្ឃ។ បន្ទាប់ពីនោះ អារាធនាព្រះសង្ឃសូត្រធម៌ដារបង្សុកូលឧទ្ទិសចំណែកបុណ្យជូនបុព្វការីជនដែលបានចែកឋាន។
ចុងបញ្ចប់គឺព្រះសង្ឃបានធ្វើការក្រាលគ្រង ក៏ជាកិច្ចបញ្ចប់បុណ្យកឋិនទានក្នុងវេលានោះ៕
យោង៖កាសែតអេឡិចត្រូនិកយ៉ាក់ងោ-មុនី