ប៉ុន្មានឆ្នាំជិតៗនេះ សិល្បៈល្ខោនយូរកេររបស់ជនរួមជាតិខ្មែរនៅខេត្តកាម៉ាវ ប្រឈមនឹងការសាបរលាបទៅបន្តិចម្តងៗ ដូច្នេះខេត្តបាននិងកំពុងតែបង្កនូវលក្ខណសម្បត្តិងាយស្រួល ដើម្បីប្រជាជននិងផ្នែកសមត្ថកិច្ចនានា ស្ដារឡើងវិញ សំដៅលើកស្ទួយទម្រង់សិល្បៈដ៏ពិសេសនេះ។
ឈុតសម្ដែងក្នុងរឿង “ម៉ាក់ថឹង”របស់ក្រុមសិល្បៈខ្មែរខេត្តកាម៉ាវ។
សិល្បៈល្ខោនយូរកេរជាចំណីអារម្មណ៍របស់ជនរួមជាតិខ្មែរ។ ក្រុមសិល្បៈខ្មែរខេត្តកាម៉ាវ កំពុងពង្រឹងឡើងវិញដើម្បីសម្ដែងបម្រើមាមីងក្នុងឱកាសថ្ងៃបុណ្យទាន។
លោកហ៊ឺវទ្រុង ប្រធានក្រុមសិល្បៈខ្មែរ ឱ្យដឹង៖ “និយាយអំពីទម្រង់សិល្បៈល្ខោនយូរកេររបស់ជនរួមជាតិខ្មែរណាមបូមុននេះ គឺថានៅភូមិភាគណាដែលមានជនរួមជាតិខ្មែររស់នៅកុះករ គេតែងតែបង្កើតក្រុមល្ខោនឡើង ដើម្បីសម្តែងបម្រើមាមីងក្នុងឱកាសបុណ្យទានផ្សេងៗនៅតាមភូមិស្រុក។ ធម្មតាឈុតសម្តែងនៃល្ខោនយូរកេរតែងបានដកស្រង់ចេញពីរឿងព្រេងខ្មែរ ស្ងើចសរសើរពីមាតុភូមិ ស្នេហាស្មោះស្ម័គ្រ ថ្កោលទោសនឹមត្រួតត្រារបស់ពួកមន្រ្តីសក្ដិភូមិ។ល។ បានជាតាំងពីដើមមកទម្រង់ល្ខោនយូរកេរតែងបានជនរួមជាតិខ្មែរនិយមចូលចិត្ត។ រយៈពេលជិតៗនេះ សិល្បៈល្ខោនយូរកេរបណ្តាខេត្តនៅតំបន់វាលរាបទន្លេគឺវឡុងនិយាយរួម និងខេត្តកាម៉ាវនិយាយដោយឡែក កំពុងប្រឈមនឹងហានិភ័យនៃការរសាបរលាប ក្រៅពីក្រុមសិល្បៈអាជីព ក្រុមល្ខោន ”ឯកជន” ភាគច្រើនបានរំសាយជិតអស់ទៅហើយ។ មួយផ្នែកដោយសារខ្វះថវិកាផ្គត់ផ្គង់ និងមួយផ្នែកទៀត គឺមិនទាន់បង្កបានភាពទាក់ទាញអារម្មណ៍អំពីសំណាក់ទស្សនិកជន ពិសេស គឺស្រទាប់យុវវ័យ។ ដើម្បីស្ដារឡើងវិញសិល្បៈល្ខោនយូរកេរ ក្រុមសិល្បៈយើងខ្ញុំតែងខិតខំអស់ពីកម្លាំងកាយចិត្តបណ្តុះបណ្ដាល បំពាក់បំប៉នមុខជំនាញដល់តួសម្ដែងក្នុងក្រុម។ ឆ្លងតាមរយៈនោះ ក្រុមឡើងផែនការទៅសម្តែងនៅតាមភូមិភាគដែលមានជនរួមជាតិខ្មែររស់នៅកុះករមួយចំនួន។ ជាពិសេស ថ្មីៗនេះ ក្រុមបានស្តារឡើងវិញកម្មវិធីសិល្បៈល្ខោនយូរកេរ នៅភូមិកីឃូ ឃុំហូធីគី ស្រុកថើយប៊ិញ ក្រោមចំណងជើងរឿង “ម៉ាក់ថឹង” ទទួលបានការស្ងើចសរសើរពីសំណាក់ទស្សនិកជន។ នេះជាវណ្ណកម្មទទួលបានមេដាយប្រាក់ទូទាំងក្រុម ក្នុងឱកាសមហោស្រពសិល្បៈល្ខោនយូរកេរខ្មែរណាមបូលើកទី ១ នៅខេត្តសុកត្រាំង កាលពីឆ្នាំ ២០១៣”។
ឆ្នាំ ១៩៨៥ សិល្បៈល្ខោនយូរកេររបស់ជនជាតិខ្មែរ ត្រូវបានក្រសួងវប្បធម៌-កីឡានិងទេសចរណ៍ ទទួលស្គាល់ជាទម្រង់សិល្បៈល្ខោនអាជីពនៅវៀតណាម។ បន្ទាប់ពីនោះ នៅឆ្នាំ ២០១៤ សិល្បៈល្ខោនយូរកេររបស់ជនរួមជាតិខ្មែរណាមបូម្តងទៀតត្រូវបានក្រសួងវប្បធម៌-កីឡា និងទេសចរណ៍ទទួលស្គាល់ជាកេរដំណែលវប្បធម៌អរូបីថ្នាក់ជាតិ៕
ប្រភព៖ កាសែតកាម៉ាវ-ថាច់ធី