ឧបនាយករដ្ឋមន្ត្រីប្រចាំការ ផាមប៊ិញមិញ ទើបធ្វើជាអធិបតីអង្គសន្និបាតអនឡាញនៃគណៈចង្អុលការមជ្ឈិមសម្រាប់កម្មវិធីទិសដៅជាតិ ដំណាក់កាល ២០២១-២០២៥ ជាមួយនឹងភូមិភាគនានា អំពីលទ្ធផលនៃការអនុវត្តកម្មវិធីទិសដៅជាតិក្នុង ៦ ខែដើមឆ្នាំនិងភារកិច្ច ដំណោះស្រាយសំខាន់ៗក្នុងរយៈពេល ៦ ខែចុងឆ្នាំ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ផាមប៊ិញមិញ ធ្វើជាអធិបតីក្នុងអង្គសន្និបាតអនឡាញនៃគណៈចង្អុលការមជ្ឈិមសម្រាប់កម្មវិធីទិសដៅជាតិ ដំណាក់កាល ២០២១-២០២៥។
កម្មវិធីទិសដៅជាតិទាំង ៣ ដែលត្រូវអនុវត្តក្នុងដំណាក់កាលនេះ រួមមាន៖ ការកសាងជនបទថ្មី ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។ យោងតាមរបាយការណ៍របស់ក្រសួងផែនការនិងវិនិយោគ ដោយផ្អែកលើសេចក្តីសម្រេចរបស់រដ្ឋសភា នាយករដ្ឋមន្ត្រីបានប្រគល់ផែនការដើមទុនវិនិយោគអភិវឌ្ឍប្រភពថវិកាមជ្ឈិមសម្រាប់ដំណាក់កាល ២០២១-២០២៥ គ្រោងថវិកាមជ្ឈិមឆ្នាំ ២០២២ សម្រាប់ក្រសួង ស្ថាប័ន និងភូមិភាគអនុវត្ត។
ជាក់ស្តែង ដើមទុនសរុបដែលបានប្រគល់សម្រេចបានជាង ៩២.០០០ ពាន់លានដុង សម្រាប់ការវិនិយោគអភិវឌ្ឍន៍ប្រភពថវិកាមជ្ឈិមក្នុងដំណាក់កាល ២០២១-២០២៥ ស្រូបអត្រា ៩២% នៃដើមទុនសរុបសម្រាប់ភូមិភាគនានា; ប្រគល់ផែនការដើមទុនថវិកាមជ្ឈិមឆ្នាំ ២០២២ ជាង ៣៤.០០០ ពាន់លានដុង សម្រាប់ក្រសួង ស្ថាប័ន មជ្ឈិម និងភូមិភាគសម្រេច ១០០% នៃផែនការដើមទុនឆ្នាំ ២០២២។
តាមរបាយការណ៍ពីភូមិភាគនានាបង្ហាញឱ្យឃើញ គិតមកដល់ថ្ងៃទី ២៦ ខែកក្កដា មានភូមិភាគចំនួន ៣៣/៥២ បានដាក់ជូនក្រុមប្រឹក្សាប្រជាជនខេត្ត អនុម័តសេចក្តីសម្រេចបែងចែកដើមទុនថវិកាមជ្ឈិម ក្នុងនោះមានភូមិភាគចំនួន ២២ បានសម្រេចរួចរាល់ផែនការប្រគល់ដើមទុន; មានភូមិភាគចំនួន ៧/៥២ កំពុងដាក់ជូនក្រុមប្រឹក្សាប្រជាជនខេត្ត; ភូមិភាគចំនួន ១២/៥២ នៅសេសសល់កំពុងឋិតក្នុងដំណាក់ការកសាងសេចក្តីសម្រេច ដើម្បីដាក់ជូនក្រុមប្រឹក្សាប្រជាជនខេត្ត។
សមមិត្ត ផាមប៊ិញមិញ បានបញ្ជាក់ថា ការអនុវត្ត ៣ កម្មវិធីទិសដៅជាតិនៅមានការយឺតយ៉ាវ។ ឧបនាយករដ្ឋមន្ត្រី ផាមប៊ិញមិញ បានស្នើឱ្យគណៈកម្មាធិការប្រជាជនខេត្ត ក្រុងនានា ត្រូវបង្ហើយឯកសារឱ្យបានឆាប់ ដាក់ជូនក្រុមប្រឹក្សាប្រជាជន ដើម្បីឆាប់បានអនុម័តនូវសេចក្តីសម្រេចទាក់ទងនឹងការអនុវត្តកម្មវិធីទិសដៅជាតិ ក្នុងនោះ មានសេចក្តីសម្រេចបែងចែកដើមទុនសម្រាប់កម្មវិធីទិសដៅជាតិ (បច្ចុប្បន្ន មានភូមិភាគប្រមាណជាង ១០ នៅមិនទាន់បានអនុម័តសេចក្តីសម្រេចនេះនៅឡើយ)។
ឧបនាយករដ្ឋមន្ត្រីបានស្នើ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ១៥ ខែសីហា គ្រប់ក្រសួង ផ្នែក ត្រូវបង្ហើយការដាក់ឱ្យប្រើប្រាស់ ឬដាក់ជូនស្ថាប័នមានសមត្ថកិច្ច ដើម្បីដាក់ឱ្យប្រើប្រាស់នូវឯកសារណែនាំដែលនៅសេសសល់ ដើម្បីភូមិភាគនានាមានមូលដ្ឋានសម្រាប់រំសាយថវិកាជាង ៣៤.០០០ ពាន់លានដុង សម្រាប់ ៣ កម្មវិធីទិសដៅជាតិក្នុង ២០២២ នេះ ។ ភូមិភាគនានាត្រូវប្តេជ្ញាចិត្តរំសាយថវិកាឱ្យអស់ដើមទុនដែលបានបែងចែកសម្រាប់កម្មវិធីក្នុងឆ្នាំនេះ មិនទុកឱ្យពន្យារភារកិច្ចរំសាយថវិកាឆ្លងដល់ឆ្នាំ ២០២៣៕
យោង www.sggp.org.vn