សកម្មភាពនៅមហាសន្និបាតកីឡាអប់រំកាយស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង លើកទី ៧ ឆ្នាំ ២០២២ បានប្រព្រឹត្តឡើងយ៉ាងពុះពោរ ទាក់ទាញអត្តពលិកជាជនជាតិខ្មែរចូលរួមច្រើនកុះករ។
គណៈចាត់តាំង ជូនរង្វាន់ដល់ក្រុមទូកដែលទទួលបានជ័យលាភី។
តាមប្រសាសន៍លោក លេគីមខ្វា អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកហ្គក្វាវ ប្រធានគណៈកម្មការរៀបចំមហាសន្និបាតកីឡាអប់រំកាយស្រុកហ្គក្វាវ ឆ្នាំ ២០២២ ចាប់តាំងពីវិលមកគន្លងប្រក្រតីភាពថ្មី ស្រុកបានចង្អុលការដល់ភូមិភាគនានា រៀបចំនិងគាំទ្រដល់អត្តពលិកហ្វឹកហាត់លត់ដំដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតនៅមហាសន្និបាតកីឡា អប់រំកាយដែលប្រព្រឹត្តឡើងយ៉ាងពុះពោរ សម្រេចគុណភាពខ្ពស់។ ក្នុងនោះ ផ្តោតការយកចិត្តទុកដាក់ពង្រីកវិញ្ញាសាកីឡាប្រវេណីរបស់ជនរួមជាតិខ្មែរ មានដូច៖ ប្រណាំងទូក រុញឈើ ទាញព្រ័ត្រ។ អនុវត្តតាមកិច្ចចង្អុលការរបស់ស្រុក ឃុំ ទីប្រជុំជន បានរៀបចំមហាសន្និបាត កីឡាអប់រំកាយ ថ្នាក់ឃុំ ទីប្រជុំជន និងជ្រើសរើសបានអត្តពលិកសម្រាប់ចូលរួមការប្រកួតដណ្តើមពានរង្វាន់ថ្នាក់ស្រុក។ លោកក្វាងត្រុងយុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឌិញអាង ឱ្យដឹង៖ “ឌិញអាងបានជ្រើសរើសរៀបចំមហាសន្និបាតកីឡាអប់រំកាយគំរូរបស់ស្រុក។ យើងខ្ញុំរៀបចំបានជោគជ័យនិងជ្រើសរើសបានអត្តពលិកឆ្នើមៗ ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតថ្នាក់ស្រុក។ ឃុំទទួលបានរង្វាន់លេខ ១ ខ្លឹមសារគូបុរសវិញ្ញាសាកីឡាអុំទូក”។
វិញ្ញាសាកីឡាដែលទាក់ទាញទស្សនិកជននិងអត្តពលិកច្រើនបំផុត នៅមហាសន្និបាតកីឡាអប់រំកាយគឺវិញ្ញាសាកីឡាអុំទូក។ បងដាវសុខ នៅឃុំវិញហ្វាហឹងបាក់ សម្តែងការសោកស្តាយ៖ “ខ្ញុំនិងមិត្តរួមក្រុមបាត់ភាពម្ចាស់ការពេលទូកជិតដល់គោលដៅ ធ្វើឱ្យទូកឃ្លេងឃ្លោង ជាឱកាសល្អឱ្យគូប្រកួតបោះពួយឡើង យកជ័យលាភីលេខ ១។ ប៉ុន្តែយើងខ្ញុំក៏មិនខកចិត្តជាមួយលទ្ធផលនេះ ព្រោះបានជម្រើសចូលក្រុមកីឡាករទូក-ង ដើម្បីត្រៀមលក្ខណៈចូលរួមអុំប្រណាំងនៅទិវាបុណ្យវប្បធម៌ កីឡានិងទេសចរណ៍ តំបន់ជនរួមជាតិខ្មែរខេត្តគៀងយ៉ាងនៅចុងឆ្នាំនេះ”។
វិញ្ញាសាអុំទូកមានខ្លឹមសារគូនារី និងខ្លឹមសារចម្រុះបុរសនារី ។ តាមប្រសាសន៍លោកលេគីមខ្វា ពីមុនទូក-ងនារីស្រុកហ្គក្វាវ ធ្លាប់ទទួលបានជោគជ័យក្នុងពិធីប្រណាំងដណ្តើមពានរង្វាន់តំបន់វាលរាបទន្លេគឺវឡុង ប៉ុន្តែមួយរយៈចុងក្រោយនេះ កម្លាំងបានស្រុតធ្លាក់ចុះដោយមូលហេតុជាច្រើន។ ឆ្លងតាមរយៈការប្រណាំងទូកនៅមហាសន្និបាតកីឡាអប់រំកាយនេះ ស្រុកបានជ្រើសរើសអត្តពលិកល្អៗ ដើម្បីពង្រឹងកម្លាំងដល់ទូក-ងនារីស្រុកហ្គក្វាវឡើងវិញ។ បងស្រីធីហុង នៅឃុំវិញហ្វាហឹងណាម ឱ្យដឹង៖ “ឃុំខ្ញុំឈ្នះរង្វាន់លេខ ១ ចំនួន ២ ខាងវិញ្ញា សាអុំទូកខ្លឹមសារគូនារីនិងគូបុរសនារី ដូច្នេះ យើងខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់។ ខ្ញុំកាន់តែរំភើបពេលបានជ្រើសចូលក្រុមកីឡាការិនីទូក-ងរបស់ស្រុក”៕
ត្រុងទឿង-មុនី