14/02/2022 - 09:05

រមណីយ​ដ្ឋាន​នៃ​ជំនឿ​និង​ក្ដី​សង្ឃឹម​

វ៉ាន់​មីវ-ក្វឹក​ទឺយ៉ាម នៅ​ហាណូយ​ មិន​ត្រឹម​តែជា​អាស​យដ្ឋាន​ធ្លាប់​ស្គាល់​របស់​បេក្ខ​ជន​មុន​ពេល​ប្រ​ឡង​ម្ដង​ៗ​នោះ​ទេ រមណីយ​ដ្ឋាន​នេះ​ក៏​ជាគោល​ដៅ​សម្រាប់​ភ្ញៀវ​ទេស​ចរ​ នៅ​ពេល​ធ្វើ​ដំណើរ​មក​កាន់​ទឹក​ដី​ប្រ​វត្តិ​សាស្រ្ត​វប្ប​ធម៌​ពាន់​ឆ្នាំ​។​

រមណីយ​ដ្ឋាន​វ៉ាន់​មីវ-ក្វឹក​ទឺយ៉ាម អវត្ត​មាន​ភ្ញៀវ​ទេស​ចរ​ ដោយ​សារ​ជំងឺ​ COVID - ១៩។​

ប្រ​ជុំ​វ៉ាន់​មីវ-ក្វឹក​ទឺយ៉ាម មាន​ទីតាំង​ស្ថិត​នៅ​មជ្ឈ​មណ្ឌល​រដ្ឋ​ធានី​ហា​ណូយ​ ត្រង់​ចន្លោះ​វិថី​ចំ​នួន​ ៤ ដែល​មាន​មនុស្ស​ម្នាក​កកុញ​បំ​ផុត​គឺ​ វិថី​ង្វៀង​ថៃ​ហុក តូង​ឌឹក​ថាំង វ៉ាន់​មីវ និង​ក្វឹក​ទឺយ៉ាម។​ ប្រ​សិន​ភ្ញៀវ​ទេស​ចរ​ជ្រើស​រើស​កន្លែង​ឈប់​សម្រាក់​នៅ​ជិត​បឹង​ហូហ្គឺ​ម អាច​នឹង​ដើរ​កម្សាន្ត​ “ ៣៦ សង្កាត់​ក្រុង​”របស់​ហា​ណូយ មុន​ពេល​ចូល​ទៅ​ទស្សនា​វ៉ាន់​មីវ។​

វ៉ាន់​មីវ-ក្វឹក​ទឺយ៉ាម តែង​បាន​អ្នក​ជាច្រើន​ ជ្រើស​រើស​ទៅ​ទស្សនា​ ពីព្រោះ​រមណីយ​ដ្ឋាន​នេះ​ប្រ​កប​ដោយ​អត្ថ​ន័យ​ប្រវត្តិ​សាស្រ្ត​ដ៏​សំ​ខាន់​។​ នេះ​ជា​មហា​វិទ្យា​ល័យ​ដំបូង​បង្អស់​របស់​វៀត​ណាម។​ ក្នុង​រជ្ជកាល​ក្សត្រ​ត្រកូល​លី ពិសេស​គឺ​រជ្ជ​កាល​ស្ដេច​លីថាញ​តុង ព្រះ​អង្គ​តែង​យក​ព្រះ​ទ័យ​ទុក​ដាក់​ដល់​ការ​សិក្សា​ និង​ឱ្យ​តម្លៃ​អ្នក​រៀន​។​ អា​ស្រ័យ​ហេតុ​នោះ​ វ៉ាន់​មីវ ត្រូវ​បាន​សាង​សង់​ឡើង​ក្នុង​ឆ្នាំ​ ១០៧០។​ រហូត​ដល់​ឆ្នាំ​ ១០៧៦ ស្ដេច​លីញ៉ឹង​តុង បង្កើត​ក្វឹក​ទឺយ៉ាម នៅ​ក្បែរ​វ៉ាន់​មីវ។​ នេះ​ជាមហា​វិទ្យា​ល័យ​ដំបូង​បង្អស់​របស់​ប្រ​ទេស​យើង​។​ កាល​ទើប​នឹង​បង្កើត​ ក្វឹក​ទឺ​យ៉ាម សម្រាប់​តែបណ្ដុះ​បណ្ដាល​កូន​ចៅ​ស្ដេច​ នាម៉ឺន​ មន្រ្តី​ប៉ុណ្ណោះ​។​ លុះ​ដល់​រជ្ជកា​ល​ក្សត្រ​ត្រកូល​ត្រឹង​ ទីនេះ​ត្រូវ​បាន​ទទួល​អ្នក​ដែល​រៀន​ពូកែ​ៗ​ទាំង​អស់​ ទោះ​បីជាកូន​ចៅ​រាស្រ្តសាមញ្ញ​ក៏​ដោយ​។​ ស្ដេច​ត្រឹង​ថៃ​តុង ក៏​បាន​ប្ដូរ​ឈ្មោះ​មហា​វិទ្យា​ល័យ​នេះ​ទៅ​ជាវិទ្យា​ស្ថាន​ជាតិ​។​ លុះ​ដល់​រជ្ជ​កាល​បច្ឆាត្រកូល​ឡេ ស្ដេច​ឡេថៃ​តុង ឱ្យ​ស្ថាបនា​ផ្ទាំង​សិលាបណ្ឌិត​ ដើម្បី​ស្ងើច​សរ​សើរ​ចំ​ពោះ​អ្នក​ដែល​ប្រ​ឡង​ជាប់​ សំ​ដៅ​អប់​រំដល់​បច្ឆាជន​។​

បន្ទាប់​ពីធ្វើ​ការ​ជួស​ជុល​ជាច្រើន​សា ប្រ​ជុំ​វ៉ាន់​មីវ-ក្វឹក​ទឺយ៉ាម សព្វ​ថ្ងៃ​ស្ថិត​នៅ​ចំ​កណ្ដាល​បរិវេណ​ដ៏​ធំ​ទូលាយ​មួយ​ ដោយ​មាន​ដើម​ឈើ​ធំ​ៗ​ក្រាល​ម្លប់​ត្រឈឹងត្រឈៃ។​ ប្រ​ជុំ​ស្ថាបត្យ​កម្ម​នេះ​ បច្ចុប្បន្ន​ មាន​សំ​ណង់​តូចធំ​ជាច្រើន​ គួរ​ឱ្យ​ចាប់​អា​រម្មណ៍ ដូច​ជា​ បឹង​ហូវ៉ាន់​ ខ្លោង​ទ្វារ​ខាង​ក្រៅ​ ខ្លោង​ទ្វារ​ដាយ​ត្រុង ខ្វេរ​វ៉ាន់​កាក​ អណ្ដូង​ធាង​ក្វាង​ ផ្ទាំង​សិលាបណ្ឌិត​ ខ្លោង​ទ្វារ​ដាយថាញ អា​គារ​ថៃ​ហុក។​ល។​ ប្រ​ជុំ​វ៉ាន់​មីវ-ក្វឹ​កទឺយ៉ាម បាន​រចនា​ឡើង​យ៉ាង​ប្រ​ណីត​មណ្ឌល​នីមួយ​ៗ​បាន​តាក់​តែង​ឡើង​តាម​អ័ក្ស​ជើង​-ត្បូង​។​ ក្នុង​នោះ​ អា​គារ​សិក្សា​គឺ​នៅ​ខាង​លិចនិង​ខាង​កើត​ក្នុង​ល្វែង​មួយ​ៗ​មាន​ ១៤ បន្ទប់​ដូច​គ្នា​។​

ផ្ទាំង​សិលាបណ្ឌិត​ក្នុង​ប្រ​ជុំ​បេតិ​កភណ្ឌ​វប្ប​ធម៌​ប្រវត្តិ​សាស្រ្ត​ថ្នាក់​ជាតិ​ វ៉ាន់​មីវ-ក្វឹក​ទឺយ៉ាម ជារមណីយដ្ឋាន​ផ្ដល់​នូវ​ទំ​នុក​ចិត្ត​និង​ក្ដី​សង្ឃឹម​របស់​បេក្ខ​ជន​។​ នេះ​ក៏​ជាទីតាំង​អភិរក្ស​ប្រ​ពៃណី​សង្វាត​រៀន​សូត្រ​ពាន់​ឆ្នាំ​របស់​ជន​ជាតិ​។​ អា​ស្រ័យ​ហេតុ​នេះ​ រមណីយ​ដ្ឋាន​វ៉ាន់​មីវ-ក្វឹក​ទឺយ៉ាម តែង​បាន​ភ្ញៀវ​ទេស​ចរ​ជ្រើស​រើស​ជាគោល​ដៅ​ចម្បង​៕​     

                                ហាថាញ-ពេជ្រ​សឿន​

ចែករំលែកអត្ថបទ