ខេត្តសុកត្រាំង សកម្មផ្សព្វផ្សាយអនុវត្តនូវវិធានការជាច្រើនដើម្បីបង្ការប្រឆាំងជំងឺ COVID – ១៩ ការពារសុខភាពប្រជាជន។ ក្នុងនោះ កម្មាភិបាលពេទ្យតែងមានមុខដើម្បីព្យាបាលអ្នកជំងឺ F0 ដែលបានកំណត់ឱ្យព្យាបាលនៅផ្ទះ។
កម្មាភិបាលដំណាក់សុខាភិបាលឃុំថាញ់ភូ ចាក់វ៉ាក់សាំងបង្ការជំងឺ COVID – ១៩ ដូសទី៣ជូនកម្មាភិបាលបំពេញការងារបង្ការប្រឆាំងជំងឺរាលដាល។
ដើមខែធ្នូ ឆ្នាំ២០២១ ខេត្តសុកត្រាំងបានសម្រេចឱ្យអ្នកជំងឺ F0 ព្យាបាលនៅផ្ទះ ម្ល៉ោះហើយកម្មាភិបាលពេទ្យមូលដ្ឋានមានតួនាទីយ៉ាងសំខាន់ក្នុងការជួយព្យាបាលដល់អ្នកជំងឺ F0។ លោកយ៉ីបក្វាងថាវ ប្រធានដំណាក់សុខាភិបាលឃុំថាញ់ភូ ស្រុកមីស្វៀង ឱ្យដឹង៖ “ពេលឮទូរស័ព្ទប្រាប់ថាមានករណី F0 កម្មាភិបាលពេទ្យក៏ប្រញាប់ទៅដល់ផ្ទះយកសំណាកធ្វើតេស្ត ធ្វើកំណត់ហេតុជំងឺ បែងប្រភេទអ្នកជំងឺដើម្បីផ្ដល់ថ្នាំព្យាបាលត្រូវតាមសេចក្ដីកំណត់របស់ក្រសួងសុខាភិបាល និងណែនាំសមាជិកគ្រួសារចេះរបៀបថែទាំអ្នកជំងឺ F0 ធ្វើចត្តាឡីស័កករណី F1 ។ ពេលឮទូរស័ព្ទប្រាប់ថាមានករណី F0 កម្រិតធ្ងន់ ពិបាកដកដង្ហើម កម្មាភិបាលពេទ្យប្រញាប់យកបំពង់អុកហ្ស៊ីហ្សែន ថ្នាំ និងបរិក្ខារពេទ្យសម្រាប់សង្រ្គោះបន្ទាន់ ឬបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យ”។ បងស្រីយឿងធីមីលិញនៅសង្កាត់ ២ ក្រុងសុកត្រាំង ឱ្យដឹង៖ “ពេលធ្វើតេស្តរហ័សឃើញវិជ្ជមាន ខ្ញុំជូនដំណឹងទៅដំណាក់សុខាភិបាលសង្កាត់ រួចបានផ្ដល់ថ្នាំព្យាបាលជំងឺ F0 កម្រិតស្រាល គ្មានរោគសញ្ញា និងណែនាំរបៀបថែទាំ ធ្វើចត្តាឡីស័ក F1 នៅផ្ទះ។ បានព្យាបាលជំងឺនៅផ្ទះ ខ្ញុំក៏ស្ងប់ចិត្ត ហូបចុក ដេកនៅបានស្រួល និងហាត់ប្រាណស្រាលៗតាមការណែនាំរបស់វេជ្ជបណ្ឌិត។ សព្វថ្ងៃ ខ្ញុំនិងកូនស្រីបានធ្វើតេស្តអវិជ្ជមានជំងឺហើយ”។
ក្នុងការងារព្យាបាលជំងឺ F0 នៅផ្ទះ កម្មាភិបាលពេទ្យត្រូវចុះទៅដល់ផ្ទះពិនិត្យ ផ្ដល់ថ្នាំ និងណែនាំរបៀបព្យាបាល ជំងឺ។ លោកឡឹមផល្លា ប្រធានដំណាក់សុខាភិបាលឃុំវៀងអាង ស្រុកត្រឹងដេ ឱ្យដឹង៖ “សព្វថ្ងៃ ដំណាក់សុខាភិបាល មានបុគ្គលិកត្រឹម ៩ នាក់ប៉ុណ្ណោះ ប៉ុន្តែចំនួនអ្នកជំងឺ F0 ក្នុងសហគមន៍កើនជាលំដាប់ បានជាយើងខ្ញុំចាត់កម្លាំងប្រចាំការ ២៤/២៤ ម៉ោង ដើម្បីវិនិច្ឆ័យករណីអ្នកជំងឺ F0។ ដំណាក់សុខាភិបាលនៅទាំងសហការជាមួយនឹងសហការីសុខាភិបាល និងសមាជិកអង្គការមហាជននៅតាមភូមិ ដើម្បីជួយចែកជូនថ្នាំដល់អ្នកជំងឺ F0 នៅផ្ទះ។ ចូលរួមព្យាបាលដល់អ្នកជំងឺ F0 ចាក់វ៉ាក់សាំងបង្ការជំងឺ COVID – ១៩ ជូនប្រជាជនបណ្តើរ និងអនុវត្តភារកិច្ចពិនិត្យ ព្យាបាលជំងឺផ្សេងៗទៀត ម្ល៉ោះហើយមានការនឿយហត់ខ្លាំងណាស់។ ហេតុនោះ ខ្ញុំតែងលើកទឹកចិត្តមិត្តរួមអាជីពត្រូវរួមគ្នាជម្នះលំបាក ដើម្បីអនុវត្តល្អភារកិច្ចថែទាំសុខភាពប្រជាជននិងឆ្លងផុតជំងឺរាតត្បាត”។
ដើម្បីកាត់បន្ថយការហួសចំណុះដល់កម្មាភិបាលពេទ្យនៅមូលដ្ឋាន ការពារសុខភាពផ្ទាល់ខ្លួន គ្រួសារនិងសហគមន៍ ផ្នែកសុខាភិបាលខេត្ត ក្រើនរំលឹកដល់ប្រជាជនគប្បីអនុវត្តឱ្យបានល្អសារ ៥K; ចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំងឺ COVID – ១៩ គ្រប់ដូស; ត្រៀមបម្រុងកញ្ចប់ថ្នាំសម្រាប់ F1, F0 និងចេញទៅក្រៅលុះត្រាតែមានកិច្ចការចាំបាច់៕
យ្វីអាញ - ថាច់ធី