លោកប្រធានរដ្ឋ ង្វៀងស្វឹងភុក បានអញ្ជើញចូលរួមពិធីខួបអនុស្សាវរីយ៍ ៤០ ឆ្នាំ ទិវាបង្កើតសមាគមពុទ្ធសាសនាវៀតណាម (ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ១៩៨១ – ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០២១) ក្រោមបធានបទ ៤០ ឆ្នាំបង្កើតសមាគមពុទ្ធសាសនាវៀតណាម សមាហរណកម្ម និងអភិវឌ្ឍន៍រួមជាមួយប្រទេសជាតិ។
ក្នុងពិធីខួបអនុស្សាវរីយ៍ ជំនួសមុខថ្នាក់ដឹកនាំបក្ស រដ្ឋ ប្រធានរដ្ឋង្វៀងស្វឹងភុក បានប្រទានគ្រឿងឥស្សរិយយសឯករាជ្យថ្នាក់លេខ ១ ដល់សមាគមពុទ្ធសាសនាវៀតណាម។
ពិធីខួបអនុស្សាវរីយ៍នេះ ត្រូវបានប្រារព្ធឡើងតាមប្រព័ន្ធអនឡាញនៅទីតាំងតភ្ជាប់បណ្ដាញហាណូយ ជាមួយនឹងទីតាំងតភ្ជាប់បណ្ដាញនៅតាមខេត្ត ក្រុងចំនួន ៦៣ ទូទាំងប្រទេស។ នេះជាពិធីខួបអនុស្សាវរីយ៍ សំខាន់មួយក្នុងដំណើរការប្រវត្តិសាស្រ្តអភិវឌ្ឍរបស់សមាគមពុទ្ធសាសនាវៀតណាម សម្ដែងបង្ហាញនូវស្មារតីសមាហរណកម្មជីវភាពតាមគោលលំនាំ៖ សាសនា - ជនជាតិ - សង្គមនិយម- ខ្សែអំបោះក្រហមឋិតថេរជាមួយដំណើរការ ៤០ ឆ្នាំរបស់សមាគមពុទ្ធសាសនាវៀតណាម។
ថ្លែងក្នុងពិធីខួបអនុស្សាវរីយ៍ ប្រធានរដ្ឋ ង្វៀងស្វឹងភុក បានបញ្ជាក់ ប្រវត្តិសាស្រ្ដវៀតណាមតែងកត់សម្គាល់នូវការរួមចំណែកដ៏ធំធេងរបស់ពុទ្ធសាសនាចំពោះជនជាតិ ក្នុងនោះ មានបុព្វហេតុរំដោះជនជាតិ ឯកភាពទឹកដីមុននេះ ក៏ដូចជាការកសាង ការពារមាតុភូមិសព្វថ្ងៃ។
យកគោលលំនាំ “ព្រះធម៌មិនឃ្លាតឆ្ងាយពីសង្គម” “ជួយប្រទេស ប្រជាជនរស់នៅសុខសាន្ដ” សម្រាប់ផ្លូវប្រតិបត្តិធម៌ សមាគមពុទ្ធសាសនាជានិច្ចកាលគឺជាសមាជិកទំនុកចិត្ត មានការរួមចំណែកសំខាន់ៗជាច្រើនក្នុងផែនមហាសាមគ្គីទូទាំងជនជាតិ។
លោកប្រធានរដ្ឋ ង្វៀងស្វឹងភុក បានអះអាង៖ “បក្សនិងរដ្ឋតែងយកចិត្តទុកដាក់ដល់សាសនា និងការងារសាសនា ដាក់ចេញនូវគោលនយោបាយ ច្បាប់ជាច្រើនពាក់ព័ន្ធដល់សាសនា។ ក្នុងនោះបញ្ជាក់ “ជំនឿសាសនា គឺតម្រូវការស្មារតីរបស់ប្រជាជនមួយចំនួនកំពុងឋិតថេរជាមួយជនជាតិក្នុងដំណើរការកសាងលទ្ធិសង្គមនិយមនៅប្រទេសយើង។ ជនរួមជាតិអ្នកកាន់សាសនាគឺជាចំណែកមួយនៃផែនមហាសាមគ្គីទូទាំងជនជាតិ។ ទិសដៅប្រជាជនមានបាន ប្រទេសរុងរឿង សង្គមសមភាព ប្រជាធិបតេយ្យ ស៊ីវិល័យ ជាចំណុចដូចគ្នាសម្រាប់ផ្សារភ្ជាប់ជនរួមជាតិអ្នកកាន់សាសនាជាមួយនឹងបុព្វហេតុរួម។ បក្សនិងរដ្ឋយើងតែងអនុវត្ត ឯកភាពគោលនយោបាយគោរព ធានាសិទ្ធិសេរីភាពខាងជំនឿសាសនា និងសិទ្ធិសេរីភាព មិនជំនឿសាសនារបស់ប្រជាជន ធានាសកម្មភាពសាសនាត្រូវតាមច្បាប់ ថែរក្សានិងពង្រីកតម្លៃល្អប្រសើរក្នុងប្រវេណីជនជាតិ ស្ងើចសរសើរអ្នកមានសគុណចំពោះប្រទេសជាតិនិងប្រជាជន មិនបង្អង់គិតគូរអភិវឌ្ឍសេដ្ឋកិច្ច–សង្គម បង្កលក្ខណសម្បត្តិឱ្យជនរួមជាតិអ្នកកាន់សាសនា និងអ្នកមុខអ្នកការសាសនា អនុវត្តល្អការបួសរៀនពិតប្រាកដ និងបំពេញល្អនូវតួនាទីរបស់ពលរដ្ឋចំពោះមាតុ ភូមិ”។
ប្រធានរដ្ឋមានគោលបំណង និងដាក់ក្ដីសង្ឃឹមយ៉ាងមុតមាំចំពោះសមាគមពុទ្ធសាសនាវៀតណាម មួយអន្លើដោយពុទ្ធបរិស័ទទូទាំងប្រទេសនឹងបន្តបង្ហាញនូវតួនាទី កិត្យានុភាពរបស់ខ្លួនក្នុងការបង្កើនការកសាងផែនមហាសាមគ្គី ទូទាំងជនជាតិ សាមគ្គីបណ្ដាសាសនា។ បន្តជាស្ពានតភ្ជាប់ដ៏សំខាន់រវាងពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេស ឋិតក្នុងដំបូលផ្ទះរួមនៃសមាគមពុទ្ធសាសនា; អនុវត្តសាមគ្គីរវាងពុទ្ធសាសនិកជាមួយនឹងសាសនិកជនផ្សេងៗទៀតនិងប្រជាជនទូទាំងប្រទេស សកម្មគាំទ្រការចលនាប្រឡងប្រណាំងស្នេហាជាតិ អភិវឌ្ឍសេដ្ឋកិច្ច–សង្គម រួមចំណែកកសាងការពារមាតុភូមិវៀតណាមសង្គមនិយម កសាងពិភពលោកសន្តិភាព រុងរឿង។ ព្រមជាមួយនោះ បន្តព្រួតដៃរួមចំណែកសម្រាប់កសាងអភិវឌ្ឍវប្បធម៌វៀតណាមជឿនលឿន ដិតដាមដោយអត្តសញ្ញាណជាតិ។
ក្នុងពិធីខួបអនុស្សាវរីយ៍នេះ ជំនួសមុខថ្នាក់ដឹកនាំបក្ស រដ្ឋ ប្រធានរដ្ឋង្វៀងស្វឹងភុក បានប្រទានគ្រឿងឥស្សរិយយសឯករាជ្យថ្នាក់លេខ ១ ដល់សមាគមពុទ្ធសាសនាវៀតណាម៕
យោង៖ Chinhphu.vn -ប្រែសម្រួល៖ ថាច់ធី