ក្រុមការងារនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដឹកនាំដោយ លោកស្រី ត្រឿងធីង៉ុកអាញ់ អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញមកធ្វើការជាមួយនឹងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តបាកលីវ អំពីការងារត្រួតពិនិត្យ ការបោះឆ្នោតតំណាងរដ្ឋសភានីតិកាល XV និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦។
លោកស្រី ត្រឿងធីង៉ុកអាញ់ អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម មានប្រសាសន៍ក្នុងឱកាសធ្វើការ។ រូបថត៖ លីធាន
យោងតាមប្រធានគណៈប្រជាចលនា – ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តបាកលីវ ង្វៀងវ៉ាន់ហ្វា ទូទាំងខេត្តមានអង្គភាពចំនួន ២ បោះឆ្នោតតំណាងរដ្ឋសភា មានអង្គភាពចំនួន ១៧ បោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត មានអង្គភាពចំនួន ៦៧ បោះឆ្នោតថ្នាក់ស្រុក និងអង្គភាពចំនួន ៥២១ បោះឆ្នោតថ្នាក់ឃុំ។ ខេត្តបានបង្កើត ៥៥១ ក្រុមបោះឆ្នោតនៅតាមមណ្ឌលបោះឆ្នោតក្នុងទូទាំងខេត្ត។ សរុបចំនួនម្ចាស់ឆ្នោតទូទាំងខេត្តមកទល់ពេលនេះត្រូវបានធ្វើការបិទប្រកាសមានចំនួន ៦១១.៧២៣ នាក់។
ក្នុងឱកាសធ្វើការ អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ត្រឿងធីង៉ុកអាញ់ វាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ខេត្តបាកលីវ ក្នុងការផ្សព្វផ្សាយការងារត្រៀមបម្រុងបោះឆ្នោត។ ទន្ទឹមនឹងនោះ លោកស្រីក៏បានសំណូមពរដល់ខេត្ត គប្បីរៀបចំឱ្យបានល្អកិច្ចប្រជុំជួបប្រាស្រ័យម្ចាស់ឆ្នោតតាមរយៈកម្មវិធីសកម្មភាព។ ពិសេស គប្បីបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ស៊ីជម្រៅ ដើម្បីម្ចាស់ឆ្នោតយល់ច្បាស់អំពីការបោះឆ្នោតតំណាងរដ្ឋសភានីតិកាល XV និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦ ។ ក្រៅពីនេះ ខេត្តគប្បីផ្តោតទៅលើស្ថានភាពសន្តិសុខនយោបាយសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម និងការងារបង្ការទប់ស្កាត់អគ្គិភ័យជាដើម។ ការហ្វឹកហាត់វិជ្ជាជីវៈសម្រាប់សមាជិកតាមក្រុមបោះឆ្នោត ក៏ត្រូវបានអនុវត្តល្អ ពិសេសគឺការរាប់សន្លឹកឆ្នោត ការធ្វើកំណត់ហេតុ ។ល។៕
លីធាន-លីសៀ