ក្រោយពីរយៈកាលជាង ៧ ថ្ងៃ ធ្វើការយ៉ាងហ្មត់ចត់ មមាញឹក ប្រជាធិបតេយ្យ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIII របស់បក្ស បានបញ្ចប់រួចរាល់កម្មវិធីដែលបានដាក់ចេញ និងបិទមហាសន្និបាតនាព្រឹកថ្ងៃទី ១ ខែ កុម្ភៈ។
អគ្គលេខាបក្ស ប្រធានរដ្ឋ ង្វៀងភូត្រុង ថ្លែងសុន្ទរកថានៅក្នុងពិធីបិទមហាសន្និបាត។ រូបថត៖ VGP
គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល XIII បង្ហាញមុខនៅក្នុងមហាសន្និបាត។ រូបថត៖ VGP
នៅក្នុងពិធីបិទមហាសន្និបាត សមមិត្តធ្វឹងហឺវ សមាជិកគណៈលេខាមហាសន្និបាត បានធ្វើរបាយការណ៍ជូនអង្គមហាសន្និបាតអំពីលទ្ធផលនៃការអនុមតិនូវខ្លឹមសារមួយចំនួនក្នុងឯកសារមហាសន្និបាតលើកទី XIII របស់បក្ស។
តាងនាមគណៈអធិបតីមហាសន្និបាត លោកវ៉វ៉ាន់ធឿង ប្រធានគណៈឃោសនាអប់រំមជ្ឈិម បានរាយការណ៍ពីលទ្ធផលនៃការបោះឆ្នោតសមាជិកការិយាល័យនយោបាយ អគ្គលេខាបក្ស គណៈលេខាមជ្ឈិមបក្ស គណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមបក្ស នីតិកាល XIII។
មហាសន្និបាត បានបោះឆ្នោតគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល XIII រួមមានសមាជិកចំនួន ២០០ រូប ក្នុងនោះ មានសមាជិកពេញសិទ្ធិ ១៨០ រូប សមាជិកបម្រុង ២០ រូប។ គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល XIII បានបើកសម័យប្រជុំលើកដំបូង បោះឆ្នោតជ្រើសតាំងសមាជិកការិយាល័យនយោបាយរួមមានសមាជិក ១៨ រូប ។ ជាមួយនឹងសម្លេងគាំទ្រជិត ១០០% គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល XIII បោះឆ្នោតជ្រើសតាំងសមមិត្ត ង្វៀងភូត្រុង អគ្គលេខាគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល XII ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាអគ្គលេខាគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល XIII ។ គណៈលេខាមជ្ឈិមបក្ស នីតិកាល XIII រួមមានសមមិត្តមួយចំនួនជាសមាជិកការិយាល័យនយោបាយត្រូវបានការិយាល័យនយោបាយចាត់ឱ្យចូលរួមគណៈលេខាមជ្ឈិមបក្ស និងសមមិត្ត ៥ រូប ត្រូវបានបោះឆ្នោតជ្រើសតាំងនៅក្នុងសម័យប្រជុំលើកដំបូងរបស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល XIII។ គណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមបក្ស នីតិកាល XIII រួមមានសមាជិក ១៩ រូប ក្នុងនោះសមមិត្តត្រឹងកឹមទូ បន្តជាប់ឆ្នោតជាប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមបក្ស នីតិកាល XIII។
ក្នុងបរិយាកាសសោមនស្ស សប្បាយរីករាយ គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល XIII បានបង្ហាញមុខនៅមហាសន្និបាត។ តាំងនាមគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល XIII អគ្គលេខាបក្ស ប្រធានរដ្ឋ ង្វៀងភូត្រុង មានសុន្ទរកថា៖ "ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមហាសន្និបាត អរគុណបណ្តាសមមិត្តតំណាងមហាសន្និបាត ដែលទំនុកចិត្តបោះឆ្នោតជ្រើសតាំងយើងខ្ញុំចូលក្នុងស្ថាប័នថ្នាក់ដឹកនាំកំពូលរបស់បក្សនៃមហាសន្និបាតទាំងពីរលើក ប្រគល់ឱ្យយើងខ្ញុំនូវភារកិច្ចដ៏ធំធេង ប៉ុន្តែពិតជាមានកិត្តិយសណាស់"។ អគ្គលេខាបក្ស ប្រធានរដ្ឋ ង្វៀងភូត្រុង គូសបញ្ជាក់៖ "សមូហភាពគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល XIII សូមសន្យានៅចំពោះមហាសន្និបាត ចំពោះទូទាំងបក្ស ទូទាំងប្រជាជន និងទូទាំងកងទ័ពនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ជម្នះការលំបាកដើម្បីបំពេញភារកិច្ច បន្តស្នងប្រវេណី សមិទ្ធិផលបដិវត្តន៍ដែលសម្រេចបាន រួមជាមួយនឹងទូទាំងបក្ស ទូទាំងប្រជាជនពង្រីកប្រវេណីដ៏ត្រចះត្រចង់ និងបទពិសោធន៍ដ៏ឧត្តុង្គឧត្តមរបស់បក្សយើង ប្រជាជាតិយើង ពង្រឹងសាមគ្គីភាព ឯកភាពឧត្តមគតិ និងសកម្មភាព ជានិច្ចកាល លត់ដំគុណសម្បត្តិ សីលធម៌បដិវត្តន៍ សកម្មលើកកម្ពស់គោលជំហរនយោបាយ និងសមត្ថភាពការងារ បេ្តជ្ញាអនុវត្តសេចក្តីសម្រេចមហាសន្និបាតលើកទី XIII របស់បក្ស ប្រកបដោយជោគជ័យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃបុព្វហេតុបដិវត្តន៍ក្នុងដំណាក់កាលថ្មី និងការរំពឹងទុករបស់ទូទាំងបក្ស ទូទាំងប្រជាជន និងទូទាំងកងទ័ព"។
អគ្គលេខាបក្ស ប្រធានរដ្ឋ ង្វៀងភូត្រុង សង្ឃឹមថានឹងបន្តទទួលបានការគាំទ្រដ៏វិសេសវិសាលពីសំណាក់ព្រឹទ្ធាចារ្យបដិវត្តន៍ បណ្តាសមមិត្តអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិ អង្គការនយោបាយ-សង្គម អង្គការមហាជន គ្រប់ស្ថាប័ន គណៈ ផ្នែកមជ្ឈិមនិងភូមិភាគគ្រប់មជ្ឈដ្ឋាន ជនរួមជាតិ សមមិត្ត យុទ្ធជនទូទាំងប្រទេស ជនរួមជាតិយើងនៅប្រទេសក្រៅ និងមិត្តភក្តិអន្តរជាតិ។ល។ ដើម្បីសមូហភាពគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល XIII កាន់តែមានកម្លាំងអនុវត្តសម្រេចល្អភារកិច្ចដែលបានប្រគល់ឱ្យ៕
យោង៖ chinhphu.vn -មុនី