កីឡា - ទេសចរណ៍ ទេសចរណ៍

08/12/2020 - 08:26

រសជាតិ​ឈ្ងុយ​ឆ្ងាញ់​នៃ​កង្កែបអាំង​

រយៈពេល​ថ្មី​ៗ​នេះ​ មុខ​ម្ហូប​កង្កែបអាំង​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​អាង​យ៉ាង​ ក្លាយ​ជា​មុខ​ម្ហូប​ដ៏​ពេញ​និយម​របស់​ភ្ញៀវ​ទេ​សចរ​ ខណៈ​ពេល​មក​ទស្សនា​កម្សាន្ត​នៅ​ស្រុក​ទ្រីតូង​។​ តាម​ការ​រៀប​រាប់​របស់​ប្រ​ជា​ជន​ ម្ហូប​កង្កែប​អាំង​នេះ​តែង​មាន​នៅ​រដូវ​ភ្លៀង​។​ ព្រោះ​រយៈ​ពេល​នេះ​ កង្កែប “ពាន​គ្នា​”  ម្ល៉ោះ​ហើយ​ចាប់​បាន​ច្រើន​ កង្កែប​រដូវ​ភ្លៀង​ ឆ្ងាញ់​ណា​ស់​ ពី​ព្រោះ​វាធាត់ សាច់​មិន​ក្លិន​ឆ្អាប។​

 រស​ជាតិ​ឈ្ងុយ​ឆ្ងាញ់​នៃ​កង្កែប​អាំង​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទ្រីតូង​។​

កង្កែប​ស្រែ​ដែល​ចាប់​បាន​គេ​ពន្លាត់​ស្បែក​លាង​ឱ្យ​ជ្រះ​។​ កង្កែបតូចៗ​និង​គ្រឿង​ក្នុង​ គេចិញ្ច្រាំ​ឱ្យ​ម៉ដ្ឋ​ជា​មួយ​សាច់​ជ្រូក​បី​ជាន់​ គល់​ស្លឹក​គ្រៃ ម្ទេស​ រមៀត​ស្រស់​ធ្វើ​ឱ្យ​ម្ហូប​ឡើង​ពណ៌​លឿង​គួរ​ជា​ទី​ចាប់​ភ្នែក​ ហើយ​បង់​ស្លឹក​ក្រូច​សើច​ចូល​បន្តិច​ឱ្យ​ឈ្ងុយ​។​ យក​សាច់​ដែល​ផ្សំ​គ្រឿង​ទាំង​នេះ​ញាត់​ចូល​ខ្លួន​កង្កែបធំ​ៗ​ រួច​ដាក់​ចូល​តម្បុត​អាំង​។​ នៅ​ពេល​រួច​រាល់​ រង់​ចាំ​ចង្ក្រាន​មាន​រងើក​ភ្លើង​ យក​តម្បុត​កង្កែប​ដាក់​ពី​លើ​អាំង​។​ ប្រែ​ចុះ​ឡើង​ ២-៣ សា សាច់​កង្កែប​ក៏​ក្រៀម​បន្តិច​ម្តង​ៗ​ ក្លិន​ឈ្ងុយ​ឆ្ងាញ់​អស្ចារ្យ​។​ នៅ​ទីឆ្ងាយប៉ះ​ក្លិន​ឈ្ងុយ​សាច់​កង្កែប​អាំង​ ធ្វើ​ឱ្យ​អ្នក​ដំ​ណើរ “ស្រ​មោច ខាំពោះ​”។​

កង្កែប​អាំង​ដំ​បូង​ឡើយ​ជាមុខ​ម្ហូប​សាមញ្ញ​សម្រាប់​តែ​ពួក​ក្មេង​ៗ​ ស្រុក​ស្រែ​ជន​បទ​ប៉ុណ្ណោះ​ បច្ចុប្បន្ន​ក្លាយ​ជាម្ហូប​មួយ​មុខ​សម្រាប់​បរិភោគ​បន្ទាប់​បន្សំ​ រួម​ចំ​ណែក​ផ្តល់​ប្រាក់​ចំ​ណូល​ដល់​ប្រ​ជា​ជន​ខ្មែរ​នៅ​តំ​បន់​ទ្រីតូង​។​ ក្រៅ​ពី​នេះ​ ម្ហូប​កង្កែបអាំង​នេះ​ថែម​ទាំង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ ពេល​មក​ទស្សនា​កម្សាន្ត​តំ​បន់​បៃ​ណូយ​ទៀត​ផង​។​  ភ្ញៀវ​ទេស​ចរ​មក​ពី​តំ​បន់​ឆ្ងាយ​ ដូច​៖ កឹង​ធើ ដុង​ថាប វិញ​ឡុង​។​ល។​ ពេល​មក​ដល់​ទីនេះ​ ក៏​តែង​ឆៀង​ចូល​ហូប​កង្កែប​អាំង​នៅ​ទី​នេះ​ផង​ ព្រម​ទាំង​ទិញ​ផ្ញើ​សាច់​ញាតិ​នៅ​ឯស្រុក​ផង​។​ បង​ស្រី​ឡេធី​ថាញ់​ធ្វី ជាភ្ញៀវ​ទេស​ចរ​មក​កម្សាន្ត​នៅ​ទ្រីតូង​ ក្រោយ​ពី​ហូប​កង្កែប​អាំង​ហើយ​ក៏​សរ​សើរ​មិន​ដាច់​ពី​មាត់​៖ “ឮ​មិត្ត​ភក្តិ​ឧទ្ទេស​នាម​មុខ​ម្ហូប​នេះ​យូរ​ហើយ​ ឥឡូ​វទើប​នា​ងខ្ញុំ​មាន​ឱកាស​បាន​មក​ដល់​ទីនេះ​និង​បាន​ហូប​កង្កែប​អាំង​។​ រស​ជាតិ​ពិត​ជា​អស្ចារ្យ​មែន​ បាន​បរិភោគ​ម្ដង​គឺនឹក​មិន​ភ្លេច​ទេ​។​ នាងខ្ញុំ​នឹង​ទិញ​ទៅ​ផ្ទះ​ ដើម្បី​ផ្ញើ​គ្រួ​សារ​បរិភោគ​ ឱ្យ​ស្គាល់​រស​ជាតិ​មុខ​ម្ហូប​ដ៏​ពិសេស​នេះ​”។​

កង្កែប​អាំង​មាន​ឱជា​រស​ឆ្ងាញ់​ពិសា​ ប្លែក​មាត់​ផង​ ទាក់​ទាញ​អា​រម្មណ៍​ផង​ ជាមុខ​ម្ហូប​ដែល​ភ្ញៀវ​ទេស​ចរ​មិន​គួរ​រំលង​ ពេល​មក​ទស្សនា​កម្សាន្ត​នៅ​ទ្រីតូង​៕​

                                                   ភីដេប-លីសៀ 

ចែករំលែកអត្ថបទ