កីឡាករទ្រីវវ៉ាន់កឿង (សុកត្រាំង) ប្រកួតឈ្នះរង្វាន់មេដាយមាស ៣ គ្រឿង ក្នុងពិធីប្រកួត កីឡាវាយកូនបាល់ មហាសន្និបាតកីឡាអប់់រំកាយតំបន់វាលរាបទន្លេគឺវឡុង លើកទី VIII - វិញឡុងឆ្នាំ ២០២០ នាពេលកន្លង។
កីឡាករ ទ្រីវវ៉ាន់កឿង ប្រកួតពានរង្វាន់កីឡាវាយកូនបាល់នៅមហាសន្និបាតកីឡាអប់រំកាយ តំបន់វាលរាបទន្លេគឺវឡុង លើកទី VIII -វិញឡុងឆ្នាំ ២០២០ ។
ឆ្នាំ ២០០៦ មជ្ឈមណ្ឌលហ្វឹកហ្វឺននិងប្រកួតកីឡាអប់រំកាយខេត្តសុកត្រាំង បានជម្រើសទ្រីវវ៉ាន់កឿង ចូលក្រុមជម្រើសទេពកោសល្យកីឡាវាយកូនបាល់។ ចាប់តាំងពីនោះមក ទ្រីវវ៉ាន់កឿង ក៏មានឱកាសពង្រីកនូវទេពកោសល្យរបស់ខ្លួន។ អាស្រ័យមានប្រៀបកម្ពស់ កម្លាំងមាំមួននិងព្យាយាមហ្វឹកហាត់ជាសន្សឹមៗ កឿងមានភាពរីកចម្រើនតាំងពីយុទ្ធសាស្រ្តនិងបំណិនបញ្ជាកូនបាល់។ ក្នុងឆ្នាំ ២០០៦ នោះដែរ កឿងចាប់ផ្ដើមចូលរួមប្រកួតនៅពានរង្វាន់កីឡាវាយកូនបាល់ទេពកោសល្យតំបន់វាលរាបទន្លេគឺវឡុង ចាត់តាំងឡើងនៅខេត្តកាម៉ាវ និងឈ្នះមេដាយមាស U១០ លើកដំបូងបង្អស់។ ទ្រីវវ៉ាន់កឿង រំលឹកឡើងវិញ៖ “ក្ដីសោមនស្សរីករាយធំបំផុតរបស់ខ្ញុំ គឺគ្រាទទួលមេដាយមាសលើកដំបូង ហើយបានសហព័ន្ធកីឡាវាយកូនបាល់វៀតណាម ឧបត្ថម្ភទៅហ្វឹកហាត់ ២០ ថ្ងៃនៅប្រទេសឥណ្ឌា ដើម្បីរៀនសូត្រឯកទេសនិងបច្ចេកទេស។ ឆ្នាំ ២០០៩ ខ្ញុំបានចូលក្រុមជម្រើសជាតិកីឡាវាយកូនបាល់វ័យក្មេង”។
កីឡាករ ទ្រីវវ៉ាន់កឿង (អង្គុយទី៣រាប់ពីឆ្វេង) រួមចំណែកជូនក្រុមកីឡាខេត្តសុកត្រាំង សម្រេចបានរង្វាន់លេខ១ ទូទាំងក្រុមនៅមហាសន្និបាតកីឡាអប់រំកាយតំបន់វាលរាបទន្លេគឺវឡុង លើកទី VIII - វិញឡុងឆ្នាំ២០២០។
ចូលរួមការប្រកួតជាច្រើននិងបានទៅហ្វឹកហាត់នៅបរទេស ជួយឱ្យកឿងមានការប្រកួតឈ្លាសវៃ។ ចូលក្រុមជម្រើស ក្រៅពីហ្វឹកហាត់តាមការណែនាំរបស់គ្រូបង្វឹក កឿងឆ្លៀតពេលតាមដានស្រាវជ្រាវ ទស្សនាការប្រកួតលើពិភពលោកតាមរយៈទូរទស្សន៍ អិនធឺណែត ដើម្បីរៀនសូត្របច្ចេកទេសប្រកួតទៀតផង។ សព្វថ្ងៃ បើមិនទៅចូលរួមហ្វឹកហាត់ កឿងក៏ទៅណែនាំសិក្ខាកាមដែលចូលចិត្តលេងកីឡាវាយកូនបាល់នៅក្លឹបកៃម៉ាយ ចំណុះមជ្ឈមណ្ឌលវប្បធម៌-កីឡា ក្រុងសុកត្រាំង។ “កីឡាវាយកូនបាល់កាន់តែលេងកាន់តែជក់ចិត្ត ពិសេសឆ្នាំនេះ ពេលឈ្នះបានរង្វាន់មេដាយមាស ៣ គ្រឿងផ្នែកវិញ្ញាសាប្រកួតទោលនិងប្រកួតគូនៅមហាសន្និបាត ខ្ញុំកាន់តែមានកម្លាំងចិត្តហ្វឹកហាត់ រៀនសូត្រ ដើម្បីការប្រកួតកាន់តែមានភាពល្អប្រសើរថែមទៀត” កឿងបានឱ្យដឹងដូច្នេះ។
តាមប្រសាសន៍គ្រូបង្វឹកលឺម៉ាងដាក ប្អូនកឿងជាកីឡាករម្នាក់ដែលមានសុខភាពល្អ ស៊ូទ្រាំលំបាកហ្វឹកហាត់ រៀនសូត្រ ទើបមានបច្ចេកទេស យុទ្ធសាស្រ្តឈ្លាសវៃក្នុងការប្រកួត។ ហេតុនោះ ពេលចូលរួមប្រកួត គូបុរសឬក្រុមបុរស កឿងតែងសហការបានល្អ ទើបទទួលបានជោគជ័យនៅរាល់ការប្រកួតក្នុងតំបន់វាលរាបទន្លេគឺវឡុងនិងទូទាំងប្រទេស៕
លីធាន - ថាច់ធី