ជិតមួយទសវត្សកន្លង កីឡាការិនីវាយសីឥណ្ឌា Pusarla Venkata Sindhu កំពុងល្បីឈ្មោះ មិនត្រឹមតែនៅឥណ្ឌាប៉ុណ្ណោះទេ ថែមទាំងនៅលើពិភពលោក។ នាងទើបទទួលបានពានរង្វាន់ Times of India Sports Awards- ពានរង្វាន់មានប្រជាប្រិយបំផុតនៅឥណ្ឌា។
សម្រស់កីឡាការិនី Sindhu ពេលសម្តែងបង្ហាញម៉ូដសម្លៀកបំពាក់។
តាមមជ្ឈដ្ឋានអ្នកជំនាញកីឡាការិនី Sindhu មានទេពកោសល្យពីកំណើត ពីព្រោះឪពុកម្ដាយនាង គឺជាអត្តពលិកអាជីព។ អាយុ៨ឆ្នាំ នាងបានចូលរួមវិទ្យាស្ថានកីឡាវាយសី Pullela Gopichand ។ Sindhu ទទួលជោគជ័យជាបន្តបន្ទាប់នៅពានរង្វាន់សម្រាប់យុវវ័យ មុននឹងបង្កើតភាពភ្ញាក់ផ្អើល ក្នុងការបង្ហាញវត្តមានរបស់ខ្លួនក្នុងមជ្ឈដ្ឋានកីឡាវាយសីពិភពលោក ខណៈពេលផ្ដួលរំលំជើងឯក Olympic ២០១២ - Li Xuerui កីឡាការិនី ម្ចាស់ផ្ទះនៅពានរង្វាន់ China Master។ ជ័យជំនះនេះ បានធ្វើឱ្យ Sindhu ឈានឡើងលំដាប់ថ្នាក់លេខ២០ពិភពលោក ចាប់ផ្ដើមដំណាក់ការជោគជ័យសម្រាប់យុវតីជើងខ្លាំងរូបនេះ។ រហូតដល់ ឆ្នាំ២០១៦ Sindhu ក្លាយជាអត្តពលិកឥណ្ឌាដំបូងបង្អស់ទទួលបានមេដាយសំរិទ្ធិក្នុងការប្រកួតនៅ Olympic ។
Sindhu ជាអត្តពលិកមួយរូបមានអ្នកគាំទ្រច្រើនបំផុតនៅឥណ្ឌា។ ភាពល្បីឈ្មោះនេះ ក៏បានបង្ហាញច្បាស់ ខណ:ពេល Sindhu ក្លាយជាអត្តពលិកដំបូងបង្អស់នៅប្រទេសមួយដែលមានប្រជាជនជាងមួយពាន់លាននាក់ ឈ្នះពានរង្វាន់ជើងឯក World Tour Finals ២០១៨ និងជើងឯកពិភពលោកនៅឆ្នាំ២០១៩។ តាមស្ថិតិរបស់សហព័ន្ធកីឡាវាយសីពិភពលោក Sindhu ជាកីឡាការិនីដែលឈ្នះពានរង្វាន់ជើងឯកច្រើនបំផុតពិភពលោក។ ក្នុងការចូលរួមប្រកួតពានរង្វាន់ពិសេសចំនួន៦លើក នាងទទួលបានមេដាយប្រាក់២ មេដាយសំរិទ្ធិ២ និងមេដាយមាស ១។
ស្នាដៃរបស់ Sindhu ក៏ដើរទន្ទឹមនឹងចំនួនទឹកប្រាក់រង្វាន់របស់សមាគមកីឡាវាយសីឥណ្ឌា និងរបស់ក្រសួងកីឡាឥណ្ឌា។ អំណោយរបស់អាជីវកម្មនិងកិច្ចសន្យាជំនួយយ៉ាងច្រើន។ ឆ្នាំ២០១៩ Sindhu បានឈានមុខអតីតកីឡាករលេខមួយរបស់ឥណ្ឌា Kadambi Srikanth ខណៈពេលចុះកិច្ចសន្យាជំនួយមានតម្លៃខ្ពស់ជាមួយ Li Ning។ ក្នុងរយៈពេលពីរឆ្នាំ២០១៨ និង២០១៩ Sindhu បានឋិត ក្នុងចំណោមអត្តពលិកដែលមានបៀវត្សខ្ពស់បំផុតពិភពលោក តាមស្ថិតិរបស់ Forbes។ ក្រៅពីកិច្ចសន្យាជំនួនផ្នែកកីឡា ជាមួយនឹងសម្រស់ស្រស់ស្អាត Sindhu ថែមទាំងតំណាងឱ្យផលិតផលសម្លៀកបំពាក់ល្បីៗជាច្រើន។ អាស្រ័យហេតុនេះ នាងបានឋិតក្នុងចំណោមអត្តពលិកដែលមានប្រាក់ចំណូលច្រើនបំផុតពិភពលោក។
ក្រៅពីពានរង្វាន់ Times of India Sports Awards កីឡាការិនី Sindhu ក៏ធ្លាប់ទទួលបានពានរង្វាន់ Arjuna ដ៏ល្បីឈ្មោះរបស់ក្រសួងកីឡាឥណ្ឌា និងពានរង្វាន់ដ៏មានតម្លៃ Ratna Rajiv Gandhi Khel។ ក្នុងមហាសន្និបាតកីឡា CWG ២០១៨ នាងមានកិត្តិយស បានកាន់ទង់នាំមុខក្រុមប្រតិភូកីឡាឥណ្ឌា៕
ហាថាញ់-ពេជ្រសឿន