វត្តគម្ពីរសាគរព្រែកជ្រៅ ឃុំវិញត្រាចដុង ក្រុងបាកលីវ ខេត្តបាកលីវ មិនត្រឹមតែល្បីឈ្មោះជារមណីយដ្ឋានទេសចរណ៍បែបជំនឿសាសនារបស់ខេត្តប៉ុណ្ណោះទេ ថែមទាំងល្បីឈ្មោះដោយការរក្សាវប្បធម៌សិល្បៈប្រពៃណីរបស់ជនជាតិខ្មែរទៀតផង។ ព្រោះហេតុនោះ ពេលភ្ញៀវទេសចរមកដល់ទីនេះ មិនត្រឹមតែបានទស្សនាភាពស្រស់ស្អាតនិងក្បូរក្បាច់រចនាល្អប្រណីតរបស់វត្តប៉ុណ្ណោះទេ នៅថែមទាំងបានស្ដាប់បទភ្លេងពិណពាទ្យនិងបានទស្សនារបាំរបស់ជនរួមជាតិខ្មែរ ដែលបានថែរក្សានិងពង្រីកជាច្រើនជំនាន់មកហើយផង។
ក្រុមរបាំសម្ដែងបម្រើភ្ញៀវទេសចរមកទស្សនាកម្សាន្តនៅវត្តគម្ពីរសាគរ។
ក្រុមសិល្បៈខ្មែរវត្តគម្ពីរសាគរព្រែកជ្រៅបានបង្កើតច្រើនឆ្នាំមកហើយ រួមមានក្រុមភ្លេងពិណពាទ្យនិងក្រុមរបាំ មានគ្នាសរុបជាង២០នាក់។ សព្វថ្ងៃ គ្រឿងសម្លៀកបំពាក់ មកុដនិងគ្រឿងឧបករណ៍ផ្សេងៗសម្រាប់ក្រុមសិល្បៈគឺអាស្រ័យវត្តរ៉ាប់រងទាំងស្រុង។ ជាច្រើនឆ្នាំមកនេះ ក្រុមសិល្បៈរបស់វត្តមិនត្រឹមតែសម្ដែងបម្រើក្នុងវត្ត ឬក្នុងពិធីបុណ្យទានក្នុងភូមិស្រុកប៉ុណ្ណោះទេ ថែមទាំងទៅសម្ដែងបម្រើក្នុងពិធីជួបជុំបុណ្យចូលឆ្នាំថ្មី ឬបុណ្យសម្ពោធផ្សេងៗនៅវត្តនានាទៀតផង។ លោកថាច់សេដ្ឋ ប្រធានក្រុមភ្លេងពិណពាទ្យ ឱ្យដឹង៖ "ភ្លេងពិណពាទ្យរបស់វត្តបានចាត់ទុកថាល្បីល្បាញក្នុងខេត្ត។ ខណៈពេលវត្តបានជាវឧបករណ៍ភ្លេងពិណពាទ្យ អ្នកដែលចេះភ្លេងក៏នាំគ្នាមកវត្តហាត់ប្រគុំជាមួយគ្នា។ ជាង២០ឆ្នាំមកនេះ កាលបើដល់ថ្ងៃបុណ្យចូលឆ្នាំថ្មីឬមានបុណ្យទានផ្សេងៗក្នុងវត្ត សំឡេងភ្លេងពិណពាទ្យបានលាន់ឮឡើង ញ៉ាំងឱ្យបរិយាកាសកាន់តែមានភាពអ៊ូអរ សប្បាយរីករាយ។ ក្រៅពីសម្ដែងបម្រើក្នុងវត្ត គិតមធ្យភាគក្នុងមួយខែក្រុមភ្លេងពិណពាទ្យ បានទៅសម្ដែងបម្រើក្នុងកម្មវិធីបុណ្យជាង១៥រោងទាំងក្នុងនិងក្រៅខេត្ត"។ បងស្រីថាច់ធីធារី អ្នកបង្ហាត់របាំ ឱ្យដឹង៖ "ប្អូនៗក្នុងក្រុមនរណាក៏ចូលចិត្តសិល្បៈ បានជារាល់ក្បាច់របាំដូចជា របាំអប្សរា របាំជូនពរ របាំទេពមនោរម្យ ។ល។ គឺរៀនឆាប់ចេះនិងសម្ដែងបានល្អ។ រយៈពេល៧ឆ្នាំមកនេះ ក្រុមរបាំតែងត្រៀមលក្ខណៈសម្ដែងបម្រើក្នុងឱកាសថ្ងៃបុណ្យទាន ឬសម្ដែងជូនភ្ញៀវទេសចរពេលមានតម្រូវការកម្សាន្តជាដើម"។
ព្រះតេជព្រះគុណយ័ញក្វឹង ព្រះចៅអធិការវត្តគម្ពីរសាគរព្រែកជ្រៅ មានថេរដីកា៖ "ក្រុមសិល្បៈរបស់វត្តបានបង្កើតឡើងស្របនឹងបំណងទឹកចិត្តរបស់ពុទ្ធបរិស័ទក្នុងចំណុះជើងវត្ត ។ សម្រាប់ជនរួមជាតិខ្មែរ សិល្បៈគឺជាកត្ដាស្មារតីមិនអាចខ្វះបានក្នុងការប្រជុំជីវភាព។ វត្តគឺជាកន្លែងរក្សានិងពង្រីកវប្បធម៌សិល្បៈប្រពៃណីរបស់ជនជាតិ។ អាស្រ័យហេតុនោះ ក្រុមសិល្បៈរបស់វត្តមិនគ្រាន់តែសម្ដែងបម្រើតម្រូវការកម្សាន្តវប្បធម៌របស់ពុទ្ធបរិស័ទខ្មែរប៉ុណ្ណោះទេ នៅថែមទាំងរួមចំណែកថែរក្សាវប្បធម៌ ប្រពៃណីរបស់ជនជាតិខ្មែរតាំងពីច្រើនជំនាន់មកទៀតផង"៕
លីធាន - ថាច់ធី