09/03/2020 - 16:07

រង់ចាំ​កីឡា​វាយ​សីនារី​កូរ៉េ​ខាង​ត្បូង​បញ្ចេញ​សមត្ថ​ភាព​

ក្រុម​កីឡា​វាយ​សីនារី​កូរ៉េ​ខាង​ត្បូង​ ផ្តើម​ប្រ​កួត​ដណ្តើម​ពាន​រង្វាន់​ក្នុង​ឆ្នាំ​២​០​២​០ គួរ​ឱ្យ​ចាប់​អា​រម្មណ៍ ដោយ​មាន​ដល់​ទៅ​៣​គូ នាំ​មុខ​ក្នុង​ការ​ប្រ​កួត​ដណ្តើម​ពាន​រង្វាន់​ World Tour Finals ២​០​២​០ រីឯ​កីឡា​ការិ​នី​ An Se Young (ចំ​ណាត់​ថ្នាក់​លេខ​៩​ពិភព​លោក​) ក៏​ឈរ​លេខ​២​ខ្លឹម​សារ​ទោល​នារី​ ។​

កីឡា​ការិនី​ Kim So Yeung- Kong Hee Yong (ខាង​ឆ្វេង​) បាន​យក​ឈ្នះ​លើ​កីឡា​ការិនី​ម្ចាស់​ផ្ទះ​ Mayu Mastsumoto - Wakana Nagahara គ្រង​តំ​ណែង​ជើង​ឯក ពាន​រង្វាន់​ Super ៧​៥​០​ នៅ​ប្រ​ទេស​ជប៉ុន​។​ រូប​៖ alamy

នេះ​ជា​ស្នា​ដៃ​គួរ​ឱ្យ​ចាប់​អា​រម្មណ៍ ប៉ុន្តែ​គ្មាន​ភាព​ភ្ញាក់​ផ្អើល​ច្រើន​ទេ ពី​ព្រោះ​កីឡា​ការិនី​កូរ៉េ​ខាង​ត្បូង​ឈាន​ឡើង​យ៉ាង​ខ្លាំង​ក្លា​កាល​ពី​ឆ្នាំ​២​០​១​៩ ចំ​ណែក​កីឡា​វាយ​សីគូនារី​ជប៉ុន ប្រ​កួត​មិន​បាន​ល្អ​។​ នៅ​ក្នុង​ការ​ប្រ​កួត​សំ​ខាន់​ៗ​នៃ​សម្ព័ន្ធ​កីឡា​វាយ​សីពិភព​លោក​ (BWF) ដោយ​មាន​វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​ច្រើន​គឺ​ជា​ការ​ប្រ​កួត​រវាង​កីឡា​ការិនី​កូរ៉េ​ខាង​ត្បូង​ជា​មួយ​គ្នា​។​ ក្នុង​នោះ​ មាន​កីឡា​ការិនី​ពីរ​គូ​ប្រ​កួត​លេច​ធ្លោ​បំ​ផុត បាន​ចូល​ក្នុង​ចំ​ណោម​១​០​គូកំ​ពូល​ៗ គឺ​កីឡា​ការិនី​  Kim So Yeung - Kong Hee Yong និង​ Lee So Hee - Shin Seung Chan។​ ចំ​ណែក​កីឡា​ការិនី​ Chang Ye Na - Kim Hye Rin និង​ Baek Ha Na - Jung Kyung Eun ទោះ​បី​មិន​បាន​ស្ថិត​ក្នុង​ចំ​ណោម​១​០​គូកំ​ពូល ប៉ុន្តែ​កីឡា​ការិនី​២​គូនេះ ក៏​មាន​ស្នា​ដៃ​មិន​ចាញ់​កីឡា​ការិ​នី​វាយ​សីកំ​ពូល​២​គូខាង​លើ​ដែរ ចាប់​ពី​នៅ​ក្រៅ​ចំ​ណាត់​ថ្នាក់​ទី​៣​០​ បាន​ឈាន​ឡើង​ចំ​ណាត់​ថ្នាក់​ទី​១​១​និង​១​២​លើ​តារាង​រៀប​ចំ​ណាត់​ថ្នាក់​។​ ដោយ​ឡែក​ចាប់​ពី​ដើម​ឆ្នាំ​២​០​២​០ មក​ទល់​ពេល​នេះ កីឡា​ការិ​នី​វាយ​សី​ពីរ​គូ​នេះ​ប្រ​កួត​បាន​ល្អ​ ដោយ​ឈរ​ក្បាល​តា​រាងក្នុង​ការ​ប្រ​កួត​ដណ្តើម​ពាន​រង្វាន់​រហូត​ដល់​ចុង​ឆ្នាំ​។​ ចំ​ណែក​គូនារី​ Baek Ha Na - Jung Kyung Eun ទើប​ដណ្តើម​បាន​តំ​ណែង​លេខ​២​ ពាន​រង្វាន់​ Super ៣​០​០​ នៅ​ប្រ​ទេស​ថៃ​។​

ធាតុ​ពិត​ កីឡា​ការិនី​ Chang Ye Na និង​ Jung Kyung Eun មិន​មែន​ជា​កង​កម្លាំង​ថ្មី​របស់​ក្រុម​ជម្រើស​កូរ៉េ​ខាង​ត្បូង​ទេ ពី​ព្រោះ​ Chang Ye Na មាន​អា​យុ​៣​០​ឆ្នាំ​ទៅ​ហើយ ចំ​ណែក​កីឡា​ការិនី​ Jung Kyung Eun ក៏​មាន​អា​យុ​២​៩​ឆ្នាំ​ដែរ​។​ កីឡា​ការិ​នី​ទាំង​ពីរ​នេះ​ធ្លាប់​ជា​កម្លាំង​ស្នូល​របស់​ក្រុម​ជម្រើសជាតិ ប៉ុនែសព្វថ្ងៃបាន​សហការ​ជា​មួយ​នឹង​កីឡា​ការិនី​វ័យ​ក្មេង គឺ​Kim Hye Rin (អា​យុ​២​៤​ឆ្នាំ​) និង​កីឡា​ការិនី​ Baek Ha Na (អា​យុ​១​៩​ឆ្នាំ​) ដើម្បី​វិល​មក​ប្រ​កួត​ថ្នាក់​កំ​ពូល​។​ គ្រាន់​តែ​ជាង​១​ឆ្នាំ សហការ​ជា​មួយ​នឹង​ដៃ​គូ​ថ្មី ពួក​គេ​បាន​ប្រ​កៀក​ជិត​ចំ​ណាត់​ថ្នាក់​លេខ​១​០​។​

ឆ្នាំ​២​០​១​៩ កូរ៉េ​ខាង​ត្បូង ក៏​បាន​បង្ហាញ​វត្ត​មាន​កីឡា​ការិ​នី​វ័យ​ក្មេង​ An Se Young ពេល​នាង​ផ្តួល​រំលំ​កីឡា​ការិនី​លេខ​១​ពិភព​លោក​ Tai Tzu Ying នៅ​ពាន​រង្វាន់​ Sudirman Cup។​ បន្ទាប់​ពីនោះ កីឡា​ការិនី​ An Se Young យក​ឈ្នះ​លើ​កីឡា​ការិនី​នៅ​ពី​លេខ១ដល់​១​០​ជា​បន្ត​បន្ទាប់ រួច​គ្រង​តំ​ណែង​ជើង​ឯក​ពាន​រង្វាន់​ Super នៅ​New Zealand និង​បញ្ចប់​ឆ្នាំ​២​០​១​៩ នៅ​ចំ​ណាត់​ថ្នាក់​លេខ​៩​ពិភព​លោក​។​ នេះ​ជា​ស្នា​ដៃ​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​របស់​កីឡា​ការិ​នី​អា​យុ​ទើប​តែ​១​៨​ឆ្នាំ​របស់​កូរ៉េ​ខាង​ត្បូង​។​ កីឡា​ការិ​នី​ An Se Young គឺ​ជា​កីឡា​ការិ​នី​ស្នង​បន្ត​ដ៏​លេច​ធ្លោ​របស់​ក្រុម​ជម្រើស​កូរ៉េ​ខាង​ត្បូង ខណៈ​ពេល​កីឡា​ការិនី​Sung Ji Hyun ប្រ​កួត​កាន់​តែ​ចុះ​ដៃ​ ធ្លាក់​ពីចំ​ណាត់​ថ្នាក់​លេខ​៣​ពិភព​លោក​មក​លេខ​១​២​។​ ជា​មួយ​នឹង​ការ​ប្រ​កួត​ល្អ​បែប​នេះ សង្ឃឹម​ថា កីឡា​ការិនី​ An Se Young នឹង​ក្លាយ​ជា​កីឡា​ការិនី​វាយ​សីនៃ​ក្រុម​ជម្រើស​កូរ៉េ​ខាង​ត្បូង អាច​បង្កបាន​ភាព​លេច​ធ្លោ​ពេល​ប្រ​កួត​នៅ​អូឡាំ​ពិកឆ្នាំ​២​០​២​០​ខាង​មុខ​នេះ​។​ 

ភាព​លេច​ធ្លោ​របស់​កីឡា​ការិនី​កូរ៉េ​ខាង​ត្បូងជា​សន្សឹម​ៗ​អា​ចផ្ដួល​កីឡា​វាយ​សីនារី​ជើង​ខ្លាំង​របស់​ចិន​និង​ជប៉ុន ទន្ទឹម​នឹង​នោះ បង្កើត​នូវ​ការ​ប្រ​កួត​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​៕

ហា​ថាញ់-វិ​មាន

ចែករំលែកអត្ថបទ