ថ្វីត្បិតមិនមែនជា"ត្រកូលអ្នកសិល្បៈ"ក៏ដោយ ប៉ុន្តែយ័ញធីលឿង (ស្រីលឿង) នៅភូមិB២ ឃុំថាញ់តឹង ស្រុកថាញ់ទ្រី ខេត្តសុកត្រាំង ជាគ្រូបង្ហាត់របាំម្នាក់ បានមជ្ឈដ្ឋានអ្នកសិល្បៈវាយតម្លៃខ្ពស់ មិនចាញ់សិល្បករអាជីពឡើយ។
ស្រីលឿង រាំរបាំ "មណីមេខឡា" នៅមហោស្រពសិល្បៈមហាជននិងសម្តែងបង្ហាញម៉ូដសម្លៀកបំពាក់ខ្មែរខេត្តសុកត្រាំងឆ្នាំ២០១៩។
ឆ្នាំ២០១៧ កាលនៅជានិស្សិតឆ្នាំទី៣ ផ្នែកមហាវិទ្យាល័យភាសា វប្បធម៌ វិចិត្រសិល្បៈខ្មែរណាមបូនៃសាកលវិទ្យាល័យត្រាវិញ ស្រីលឿង បានបង្កើតក្រុមរបាំនៅឯស្រុកកំណើត។ ក្រុមរបាំមានសមាជិក១៥នាក់ ស្រីលឿងជាប្រធានក្រុមនិងជាអ្នកបង្ហាត់ផ្ទាល់។ ច្រើនឆ្នាំមកនេះ ក្រុមរបាំរបស់ស្រីលឿង បានព្រះសង្ឃនៅតាមវត្តនានាទាំងក្នុងនិងក្រៅខេត្ត អញ្ជើញទៅសម្តែងនៅក្នុងឱកាសបុណ្យទានរបស់ជនរួមជាតិ និងនៅពិធីសម្ពោធព្រះវិហារជាដើម។ ពិសេសរបាំដែលស្រីលឿងបង្ហាត់ គឺដិតដាមដោយលក្ខណៈប្រពៃណីជាតិ ដូចជា៖ របាំជូនពរ របាំដួងចន្ទ របាំអប្សរាជាដើម។ ស្រីលឿង ឱ្យដឹង៖ "ឪពុកម្តាយជាកសិករ គ្មានអ្នកណាប្រលូកក្នុងវិស័យសិល្បៈទេ ប៉ុន្តែខ្ញុំស្រឡាញ់ចូលចិត្តសិល្បៈតាំងពីតូចម៉្លេះ។ កាលនៅរៀនបឋមសិក្សារហូតដល់វិទ្យាល័យ ខ្ញុំតែងចូលរួមសកម្មភាពសិល្បៈរបស់សាលា ហើយទៅសម្តែងសុទ្ធតែទទួលបានរង្វាន់។ ដើម្បីរាំបានល្អ ខ្ញុំតែងឈររាំនៅមុខកញ្ចក់ និងហាត់ពត់ដៃឱ្យទន់។ ទោះមានការលំបាកមិនតិច, ប៉ុន្តែកាន់តែរៀនខ្ញុំកាន់តែចូលចិត្ត, ម្ល៉ោះហើយខ្ញុំក៏ស្វែងយល់តាមរយៈទូរទស្សន៍ កាសែត និងសៀវភៅដែលជំនាញខាងរបាំរបស់ជនជាតិ ដើម្បីដកស្រង់ និងរៀនសូត្រតាម"។
ផ្តើមពីការចូលចិត្ត ស្រីលឿងបានបញ្ចុះបញ្ចូលគ្រួសារ ដើម្បីបានចូលរៀនមហាវិទ្យាល័យជំនាញខាងវប្បធម៌សិល្បៈ។ អាស្រ័យមានទេពកោសល្យខាងរបាំស្រាប់ ម្ល៉ោះហើយពេលបានគ្រូជំនាញខាងរបាំបង្ហាត់បង្រៀន ស្រីលឿងបានក្រេបជញ្ជក់យ៉ាងឆាប់រហ័ស, និងអភិវឌ្ឍរបាំទំនើបៗ ប៉ុន្តែនៅតែរក្សាបានលក្ខណៈប្រពៃណីជាតិ។ របាំដែលស្រីលឿងដឹកនាំបង្ហាត់ សុទ្ធតែមានលក្ខណៈអប់រំខ្ពស់ និងដិតដាមដោយទ្រឹស្តីវប្បធម៌មនុស្សជាតិ៖ អំពើល្អតែងឈ្នះអំពើអាក្រក់។ ជាមួយនឹងកាយវិការទន់ភ្លន់ សម្លៀកបំពាក់និងគ្រឿងអលង្ការបុរាណ សមនឹងប្រភេទរបាំនីមួយៗ ម្ល៉ោះហើយស្រីលឿង តែងញ៉ាំងឱ្យគណៈកម្មការមេប្រយោគពេញចិត្តនៅរាល់ពិធីប្រឡង និងមហោស្រពសិល្បៈម្ដងៗ។ នៅមហោស្រពសិល្បៈមហាជននិងសម្ដែងបង្ហាញម៉ូដសម្លៀកបំពាក់ជនរួមជាតិខ្មែរខេត្តសុកត្រាំង ឆ្នាំ២០១៩ របាំ "មណីមេខឡា" ដែលស្រីលឿងសម្តែងទទួលបានរង្វាន់ពិសេស។
ឆ្នាំ២០១៩ ស្រីលឿង បញ្ចប់មហាវិទ្យាល័យ រួចមកបំពេញការងារនៅស្ថានីយវិទ្យុស្រុកថាញ់ទ្រី។ ក្រៅពីបំពេញការងារ ស្រីលឿង នៅទាំងចូលរួមបង្ហាត់របាំប្រពៃណីដល់ក្រុមសិល្បៈនៅតាមវត្តនានានៅខេត្តសុកត្រាំងទៀតផង៕
យ្វីអាញ់-វិមាន