យោងតាមភូមិភាគនានានៅតំបន់វាលរាបទន្លេគឺវឡុង (សុកត្រាំង ត្រាវិញ ក្រុងកឹងធើ និងគៀងយ៉ាង។ល។) បានប្រព្រឹត្តឡើងនូវសកម្មភាពវប្បធម៌ កីឡា។ល។ ក្នុងឱកាសអំណរបុណ្យអកអំបុករបស់ជនរួមជាតិខ្មែរ ត្រូវបានបញ្ចប់ក្នុងបរិយាកាស សប្បាយរីករាយ និងសាមគ្គី។
គណៈកម្មការចាត់តាំងជូនរង្វាន់ដល់ទូក-ងបុរសពានរង្វាន់ប្រណាំងទូក-ងដណ្តើមពានរង្វាន់ស្រាបៀរសាយហ្គនឆ្នាំ២០១៩។ រូបថត៖ លីធាន
ឆ្លងតាមរយៈនោះ ពិធីប្រណាំងទូក-ង ស្ថិតក្នុងក្របខណ្ឌបុណ្យអកអំបុក-ប្រណាំងទូក-ងសុកត្រាំងលើកទីIV តំបន់វាលរាបទន្លេគឺវឡុងឆ្នាំ២០១៩ ដណ្តើមពានរង្វាន់ស្រាបៀរសាយហ្គនឆ្នាំ២០១៩ បញ្ចប់ប្រកបដោយលទ្ធផលយ៉ាងត្រចះត្រចង់។ ចូលរួមប្រកួតដណ្តើមពានរង្វាន់លើកនេះ មានទូក-ងចំនួន៥៩ទូក (ទូក-ងបុរស៤៧ទូក និងទូក-ងនារី១២ទូក) ប្រកួតដោយអស់ពីកម្លាំងកាយចិត្ត ប្តេជ្ញាដណ្តើមយកជ័យលាភី។ នៅវគ្គផ្ដាច់ព្រ័ត្រ ការប្រកិតគ្នារវាងទូក-ងវត្តពិសីវរារាម (ត្រាវិញ) និងទូក-ងវត្តពងទឹកចាស់ (សុកត្រាំង) ញុាំងឱ្យអ្នកទស្សនាររាប់ពាន់នាក់នៅសងខាងព្រែក Maspero មានអារម្មណ៍រំភើប និងគាំទ្រលើកទឹកចិត្តដោយសម្រែកជយ ឃោសយ៉ាងគឹកកង។
ទូក-ងមកប្រមូលផ្តុំរង់ចាំអុំប្រណាំង។ រូបថតៈ លីយ៉ាង
លទ្ធផលទូក-ងបុរសវត្តពងទឹកចាស់ (សុកត្រាំង)ទទួលបានរង្វាន់លេខ១ទូក-ងវត្តពិសីវរារាម (ត្រាវិញ) ទទួលបានរង្វាន់លេខ២ ទូក-ងវត្តនរេន្ទរង្សី (អុងខ) ស្រុកថាញ់ទ្រី ទទួលបានរង្វាន់លេខ៣ និងទូក-ងវត្តពោធិសត្ថារាម(ពោធិ៍) សង្កាត់លេខ៧ ក្រុងសុកត្រាំង ទទួលបានរង្វាន់លេខ៤។ ចំណែកទូក-ង នារី គឺទូក-ងវត្តបទុមរង្សីទំនប់ (ស្រុកចូវថាញ់) ទទួលបានរង្វាន់លេខ១ ទូក-ងនារីវត្តអូរជុំអារាមព្រែកចេក (ទីរួមខេត្តង៉ាណាំ) ទទួលបានរង្វាន់លេខ២ ទូក-ងនារីវត្តពោធិវណ្ណវង្សាកៃរន្តខាងកើត(ហូវយ៉ាង) ទទួលបានរង្វាន់លេខ៣ និងទូក-ងវត្តកោះធំ (បាកលីវ) ទទួលបានរង្វាន់លេខ៤។
នៅខេត្តត្រាវិញ ពិធីប្រណាំងទូក-ងខេត្តត្រាវិញឆ្នាំ២០១៩ និងសកម្មភាពសំខាន់ៗស្ថិតក្នុងក្របខណ្ឌសប្តាហ៍កសិផលទេសចរណ៍ ម្ហូបអាហារ ផ្សារភ្ជាប់នឹងបុណ្យអកអំបុកខេត្តត្រាវិញឆ្នាំ២០១៩ ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១១ ខែវិច្ឆិកា (ហៅកាត់ថាសប្តាហ៍បុណ្យ) បានប្រព្រឹត្តឡើងយ៉ាងពុះពោរ។ ពិធីប្រណាំងទូក-ង ខេត្តត្រាវិញឆ្នាំនេះ មានទូក-ងក្នុងខេត្តចំនួន៨ទូក និងទូក-ងវត្តសាលវនឧទ្យាន (ព្រែកឈូក) ស្រុកតាមប៊ិញ ខេត្តវិញឡុង ចូលរួមផងដែរ។ រយៈពេលជាង៣ម៉ោងធ្វើការប្រកួតយ៉ាងស្វិតស្វាញក្នុងចម្ងាយ៨០០ម៉ែត្រ ទូក-ងស្រុកកូវកែ បានយកឈ្នះលើទូក-ងស្រុកទីវកឹង ដណ្តើមបានមេដាយមាស និងទូក-ងស្រុកចូវថាញ់ ដណ្តើមបានមេដាយសំរឹទ្ធ។ សម្រាប់ចម្ងាយ ៥០០ម៉ែត្រ ទូក-ងស្រុកកូវកែទទួលមេដាយមាស ទូក-ងវត្តសាលវនឧទ្យាន (ព្រែកឈូក) ទទួលមេដាយប្រាក់ និងទូក-ងស្រុកកូវង៉ាង ទទួលមេដាយសំរឹទ្ធ។ ទន្ទឹមនឹងនោះ មានសកម្មភាពវប្បធម៌ កីឡាដែលជាលក្ខណៈប្រជាប្រិយ (បាល់ទះ ទាញព្រ័ត្រ ដើរជើងទោមជាដើម) នៅក្នុងអំឡុងសប្តាហ៍បុណ្យដែលប្រព្រឹត្តឡើងនៅមណ្ឌលកេរដំណែលប្រវត្តិសាស្រ្តវប្បធម៌ថ្នាក់ជាតិគូស្រះស្រី ទាក់ទាញប្រជាជនមកទស្សនាកម្សាន្តយ៉ាងច្រើនកុះករ។
ទិវាវប្បធម៌ កីឡានិងទេសចរណ៍របស់ជនរួមជាតិខ្មែរខេត្តគៀងយ៉ាង លើកទីXIII ឆ្នាំ២០១៩ បានប្រព្រឹត្តឡើងក្នុងអំឡុង៥ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែវិច្ឆិកា (ហៅកាត់ថាទិវាជួបជុំ) នៅទីប្រជុំជនហ្គក្វាវ ស្រុកហ្គក្វាវ។ ទិវាជួបជុំបានទាក់ទាញមនុស្សម្នារាប់ពាន់នាក់ចូលរួមទាំងកិញ ខ្មែរ ចិន បានមកគាំទ្រលើកទឹកចិត្តដល់សកម្មភាពប្រណាំងទូក-ង ល្បែងប្រជាប្រិយ សម្តែងសិល្បៈប្រពៃណីខ្មែរ។ល។ ជាពិសេសក្នុងពិធីបុណ្យអកអំបុក កីឡាប្រណាំងទូក-ង ដោយមានទូក-ងចូលរួមចំនួន៣៤ទូកប្រកួតចម្ងាយ៨០០ម៉ែត្រនិង១.០០០ម៉ែត្រផ្នែកបុរស និងចម្ងាយ៨០០ម៉ែត្របុរសនារី។
ទិវាវប្បធម៌ កីឡា និងទេសចរណ៍ខណ្ឌអូរម៉ូង-មហាសាមគ្គីបណ្តាជនជាតិលើកទីIII ឆ្នាំ២០១៩ (ហៅកាត់ថាទិវាជួបជុំ) ត្រូវបានបញ្ចប់នៅរាត្រីថ្ងៃទី១១ ខែវិច្ឆិកា។ ជាពិសេសទិវាជួបជុំឆ្នាំនេះ ជាលើកដំបូងដែលស្រុកឡាយវុង (ដុងថាប) និងស្រុកយឿងមិញចូវ(តីនិញ) មកចូលរួមដាក់តាំងនិងឧទ្ទេសនាមផលិតផលពិសេសរបស់ភូមិភាគ រួមចំណែកញុាំងឱ្យទិវាជួបជុំកាន់តែទាក់ទាញមនុស្សម្នាចូលរួមយ៉ាងច្រើនកុះករ។ រយៈពេល៣ថ្ងៃប្រព្រឹត្តឡើងនៃទិវាជួបជុំ ក៏មានសកម្មភាពចំនួន១៧ បានទាក់ទាញភ្ញៀវមកទស្សនាជាង៣០.០០០លើកនាក់ ក្នុងនោះ មានសកម្មភាពជាច្រើនដែលទាក់ទាញអារម្មណ៍ភ្ញៀវទេសចរ ដូចជា៖ កម្មវិធី សិល្បៈចម្រុះ និងសម្តែងបង្ហាញសម្លៀកបំពាក់ជនជាតិ សិល្បៈតុបតែងផ្កានិងផ្លែឈើ មហោស្រពចម្រៀងប្រជាប្រិយណាមបូ-ចម្រៀង តាយតឺខណ្ឌអូរម៉ូងជាដើម។
យោងតាមភូមិភាគនានា បុណ្យអកអំបុករបស់ជនរួមជាតិខ្មែរ ឆ្លើយតបទៅនឹងតម្រូវការកម្សាន្តសប្បាយ អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជាតិ ជំនឿសាសនារបស់ជនរួមជាតិខ្មែរ។ ជោគជ័យនៃពិធីបុណ្យឆ្នាំនេះ បានរួមចំណែកលើកកម្ពស់ការយល់ដឹងរបស់គណៈ ផ្នែកគ្រប់លំដាប់ថ្នាក់និងជនរួមជាតិខ្មែរ ក្នុងការកសាងនិងអភិវឌ្ឍន៍ខឿនវប្បធម៌វៀតណាម ជឿនលឿន ដិតដាមដោយអត្តសញ្ញាណជាតិ លើកតម្កើងផ្សព្វផ្សាយ ឧទ្ទេសនាមពីតម្លៃវប្បធម៌របស់ជន ជាតិខ្មែររួមជាមួយនឹងជនរួមជាតិទូទាំងប្រទេស៕
ក្រុមអ្នកយកព័ត៌មានកាសែតកឹងធើភាសាខ្មែរ