ផ្តើមពីយុវនារីចេះច្រៀងតែបទយុវវ័យ ប៉ុន្តែដោយការស្រឡាញ់ចូលចិត្តសិល្បៈ ឡឹមធីយៀង (កើតឆ្នាំ១៩៩៥) នៅភូមិបឹងកក់ ឃុំភូមី ស្រុកមីស្វៀង ខេត្តសុកត្រាំងបានបង្ហាញពីទេពកោសល្យរបស់ខ្លួនឆ្លងតាមរយៈចម្រៀងប្រពៃណី។ ជាមួយនឹងទឹកដមសំឡេងដ៏ពីរោះ គួបផ្សំនឹងកាយវិការទន់ភ្លន់ យៀងទទួលបានជ័យលាភីលេខ១ នៅមហោស្រពចម្រៀងប្រជាប្រិយខ្មែរតំបន់វាលរាបទន្លេគឺវឡុង លើកទី១ឆ្នាំ២០១៨ នៅសុកត្រាំង។
ឡឹមធីយៀង ទទួលជ័យលាភីលេខ១នៅមហោស្រពចម្រៀងប្រជាប្រិយខ្មែរ តំបន់វាលរាបទន្លេគឺវឡុងលើកទី១ ឆ្នាំ២០១៨ នៅសុកត្រាំង។
ជីវភាពគ្រួសារក្រ អាយុ៥ឆ្នាំ ឡឹមធីយៀង បានទៅតាមឪពុកម្តាយដើរសម្ដែងនឹងក្រុមសិល្បៈមហាជនខ្មែររ៉ងរ៉ង។ កាលនៅក្មេង ទៅតាមក្រុមសិល្បៈយៀងច្រៀងបទចម្រៀងកុមារ។ ពេលធំដឹងក្តី ប្អូនច្រៀងបទចម្រៀង យុវវ័យបម្រើទស្សនិកជន។ យៀង ឲ្យដឹង៖ “ប្អូនមានសំណាងពីព្រោះឪពុកម្តាយជាតួឯកល្ខោន គាត់ណែនាំឲ្យប្អូនចេះច្រៀងរាំ។ ពិសេស ប្អូនចេះសម្តែងតាំងពីក្មេងម៉្លេះ ម៉្លោះហើយទំនុកច្រៀង ចង្វាក់រាំ ដូច៖ រាំវង់សារាវ៉ាន់ ឡាំឡាវ ។ល។ ប្អូនចេះរាំទាំងអស់។ ក្រៅពីនោះ ពេលណាមិនទៅសម្តែងជាមួយក្រុម ប្អូនទៅតាមក្រុមតន្រ្តីច្រៀងរោងការបុណ្យទាន នៅតាមវត្ត និងភូមិស្រុក។ ហេតុនោះ ប្អូនចេះចាំបទចម្រៀងខ្មែរច្រើនទំនុក និងក្លាយជាអាជីពជំរុញឲ្យប្អូន ឈានឡើងក្នុងជីវភាព”។
ជាកូននៃគ្រួសារសិល្បៈនិងចូលរួមសម្តែងខួបឆ្នាំ ម៉្លោះហើយសម្រាប់យៀង សម្តែងលើឆាកគឺជាការធម្មតា។ ប៉ុន្តែដើម្បីយកជ័យលាភី លើបេក្ខជនរាប់រយនាក់និងបានគណៈមេប្រយោគទទួលស្គាល់សមត្ថភាព ជូនជ័យលាភីលេខ១ នៅមហោស្រពចម្រៀងប្រជាប្រិយខ្មែរតំបន់វាលរាបទន្លេគឺវឡុងលើកទី១នៅខេត្តសុកត្រាំង សម្រាប់យៀងគឺជាដំណាក់ការហាត់ពត់លត់ដំដ៏លំបាកមួយ។ យៀង ឲ្យដឹង៖ “ក្រោយពីរយៈពេលជាង១ខែធ្វើការហាត់សម ប្អូនធុញទ្រាន់ និងចង់បោះបង់ពាក់កណ្តាលការ។ ពីព្រោះ ចម្រៀងប្រជាប្រិយគឺជាទម្រង់បទចម្រៀងប្រពៃណី ទាមទារយើងត្រូវមានខ្យល់វែងទាំងកាយវិការត្រូវសមស្របនឹងបទចម្រៀង។ អាស្រ័យ បានឪពុកម្តាយលើកទឹកចិត្ត ជួយណែនាំពីទំនុកច្រៀង ក៏ដូចជាកាយវិការ ទើបប្អូនមានទំនុកចិត្តក្នុងការសម្តែងលើឆាក។ ពេលដឹងថា ខ្លួនទទួលបានជ័យលាភីលេខ១ ប្អូនរំភើបចិត្ត ខ្លាំងណាស់។ ផ្តើមពីនោះ ប្អូនយល់ឃើញថា ឪពុកម្តាយបានផ្តល់ទេពកោសល្យខាងចម្រៀងប្រពៃណី ទើបប្អូនខំប្រឹងរៀនសូត្រ ដើម្បីពង្រីក ទេពកោសល្យដែលមានស្នងបន្តមុខជំនាញសិល្បៈរបស់ឪពុកម្តាយ”។ ដើម្បីលើកកម្ពស់វិជ្ជាជីវៈ បម្រើមជ្ឈដ្ឋានសិល្បៈខ្មែរបានល្អ យៀងចូលរៀនថ្នាក់ដំបូងសិល្បៈល្ខោនបាសាក់នៅសាលាមធ្យមសិក្សាវប្បធម៌សិល្បៈសុកត្រាំង។ យៀង ចែករំលែក៖ “តាំងពីនោះ ប្អូនកាន់តែមានភាពជឿជាក់ពេលទៅតាមឪពុកម្តាយ សម្តែងសិល្បៈ ល្ខោនបាសាក់។ ពិសេស ប្អូននឹងខិតខំហាត់ឲ្យបានស្ទាត់ជំនាញនូវទម្រង់សិល្បៈទាំង៣ គឺទម្រង់ចម្រៀងយុវវ័យ ចម្រៀងប្រពៃណីនិងសិល្បៈល្ខោនបាសាក់”។
ដោយការស្រឡាញ់ជក់ចិត្តសិល្បៈ គួបផ្សំនឹងទឹកដមសំឡេងដ៏ពីរោះ និងមានទេពកោសល្យក្នុងការសម្តែង បានជួយឲ្យយៀងកាន់តែមានភាពជឿជាក់លើខ្លួនឯងពេលសម្តែង សិល្បៈល្ខោនបាសាក់។ សង្ឃឹមថា ទេពកោសល្យរបស់ប្អូននិងមានការរីកចម្រើនជាងទៀត ដើម្បីបម្រើជូនតម្រូវការទទួលផលវប្បធម៌របស់ជនរួមជាតិខ្មែរនៅខេត្តសុកត្រាំងនិងទូទាំងណាមបូ៕
លីធាន-មុនី