មកកាន់ភូមិដៃតាសួស ឃុំថាញ់ក្វើយ ស្រុកមីស្វៀង ខេត្តសុកត្រាំង ហើយសួររកលោកលីក្វើង មាមីងខ្មែរនៅទីនេះអ្នកណាក៏ស្គាល់ទាំងអស់ ថែមទាំងស្ងើចសរសើរពីរបៀបរកស៊ីធ្វើមានរបស់គាត់ទៀតផង ដោយរកបានប្រាក់ចំណូលជាមធ្យមក្នុង១ឆ្នាំជាង១ពាន់លានដុង ផ្តើមពីធ្វើស្រែនិងធ្វើសេវាភ្ជួររាស់ដី។
លោកលីក្វើង។
លោកដាវភឿងជីកឿង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំថាញ់ក្វើយ បានឧទ្ទេសនាម៖ “ជាច្រើនឆ្នាំមកនេះ លោកលីក្វើង ត្រូវបានចាត់ទុកជាកសិករស៊ូទ្រាំលំបាកក្នុងការធ្វើការរកស៊ី មិនអល់អែកអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសទៅក្នុងការផលិតស្រូវដើម្បីធ្វើមាន។ សព្វថ្ងៃ គាត់មានដីស្រែជាង៣០ហិកតា និងជួយដល់សមាជិក ក្រុមសហការផលិត ចេះអនុវត្តបច្ចេកទេស ផលិតពូជស្រូវអតិផល រកបានប្រាក់ចំណេញខ្ពស់។ អាស្រ័យហេតុនោះ លោកលីក្វើង ត្រូវបានចាត់ទុកថាជាកសិករខ្មែរគំរូមួយរូបធ្វើមាន គួរឲ្យកោតសរសើរបំផុតនៅភូមិដៃតាសួសនេះ”។
ដើម្បីមានផ្ទៃដីជាង៣០ហិកតា ប្តីប្រពន្ធ លោកលីក្វើង បានឆ្លងកាត់ការលំបាកយ៉ាងច្រើន។ លោកក្វើង រ៉ាយរ៉ាប់៖ “កាលទើបរៀបការ ខ្ញុំបានឪពុកម្តាយទាំងសងខាងចែកដីស្រែឲ្យ៥កុងនិងដីចម្ការ១,៥កុង។ អាស្រ័យហេតុនោះ ខួបឆ្នាំប្ដីប្រពន្ធខ្ញុំមានការជាប់រវល់ជាមួយនឹងការងារស្រែចម្ការ រដូវប្រាំងគឺយកចំបើង គល់ជញ្ជ្រាំង ដើម្បីបណ្តុះផ្សិតរកប្រាក់ចំណូលបន្ថែម។ ក្រោយពីប្រមូលផលស្រូវដំណាំរួច គឺទិញជី ថ្នាំទុកបម្រុងសម្រាប់រដូវកាលបន្ត ចំណែកប្រាក់នៅសល់គឺទិញដីស្រែ។ ដោយសារកាលណោះ ដីស្រែនៅថោក ម្ល៉ោះហើយសន្សែសន្សំបានប្រាក់ ខ្ញុំទិញម្តងពី១ដល់៥កុង។ នៅពេលទិញបានម៉ាស៊ីនភ្ជួរដី ក្រោយពីភ្ជួរស្រែផ្ទះរួច ខ្ញុំទៅស៊ីឈ្នួលភ្ជួររាស់ដី ឬដឹកដី យកឈ្នួលនារដូវប្រាំងជាដើម ដើម្បីរកប្រាក់ចំណូលបន្ថែម។ កាលណោះ ខ្ញុំគិតថានៅជនបទត្រូវមានដីស្រែច្រើនទើបអាចធ្វើមានបាន ម្ល៉ោះហើយខួបឆ្នាំប្រឹងប្រែងរកស៊ីមិនខ្លាចនឿយហត់ ប្រាក់សន្សែសន្សំបានទាំងប៉ុន្មានគឺទិញដីស្រែទាំងអស់”។
លោកលីក្វើងកំពុងពិនិត្យនិងជួសជុលម៉ាស៊ីនត្រាក់ទ័រ ម៉ាស៊ីនភ្ជួរ
រាស់ដីត្រៀមបម្រុងរដូវផលិតខាងមុខ។
ដើម្បីធានាការរៀបចំដីចុះពូជទាន់គ្នា លោកលីក្វើង បានទិញម៉ាស៊ីនត្រាក់ទ័រ២គ្រឿង ដើម្បីធ្វើស្រែផ្ទះផង និងធ្វើសេវាភ្ជួររាស់ផង។ ព្រមជាមួយនោះ គាត់ក៏បានស្វែងយល់រៀនសូត្រ ដើម្បីអនុវត្តបច្ចេកទេសបន្ថយ៣ បង្កើន៣ គប្បី១ បន្ថយ៥ IPM។ល។ ផ្តើមពីនោះ កាត់បន្ថយបានប្រាក់ចំណាយក្នុងការផលិត ហើយនៅតែបានទិន្នផលខ្ពស់។ លោកលីវ៉ើង ចែករំលែក៖” ពីមុននេះ ធ្វើស្រែតាមរបៀបបុរាណ មួយកុងប្រើស្រូវពូជជាង២០គីឡូក្រាម ស្រូវដុះក្រាស់ កើតជំងឺច្រើន រីឯទិន្នផលទាប។ ខណៈពេលបានចូលរួមថ្នាក់ហ្វឹកហាត់របស់ក្រុមហ៊ុន និងឃុំរៀបចំបានវិស្វករចុះមកណែនាំដោយផ្ទាល់ ម្ល៉ោះហើយឥឡូវនេះ ក្នុងមួយកុងខ្ញុំប្រើពូជត្រឹមពី១០ដល់១៥គីឡូក្រាមប៉ុណ្ណោះ។ បាចជីត្រូវតាមពេលវេលា ត្រូវកាលកំណត់ ប្រើថ្នាំ ចំជំងឺ ម្ល៉ោះហើយទិន្នផល គុណភាពនិងប្រាក់ចំណេញខ្ពស់”៕
យ្វីអាញ់ - ធី