សមាគមសហព័ន្ធនារីសង្កាត់៨ ក្រុងត្រាវិញ ខេត្តត្រាវិញ ទើបបង្ហាញវត្តមានក្រុមរបាំ “វប្បធម៌ សិល្បៈប្រពៃណីជនជាតិខ្មែរ”។ ក្រុមបានកៀរគរសិស្ស និងយុវជនដែលមានចំណូលចិត្តខាង វិស័យសិល្បៈ។ល។ រួមចំណែកក្នុងការអភិរក្សនិងពង្រីកសិល្បៈប្រពៃណីជនជាតិខ្មែរ។
លោកសើុនកាវថាំង ណែនាំប្អូនៗក្រុមរបាំ “វប្បធម៌ សិល្បៈប្រពៃណីជនជាតិខ្មែរ” សង្កាត់៨ មុននឹងចេញសម្តែងបង្ហាញវត្តមាននៅក្នុងឱកាសខួុបអនុស្សាវរីយ៍៨៨ឆ្នាំ ទិវាបង្កើតសមាគមសហព័ន្ធនារីវៀតណាម។
បងស្រីសើុនធីណាវី ប្រធានសមាគមសហព័ន្ធនារី សង្កាត់៨ ឲ្យដឹង៖ “ទោះបីខេត្តត្រាវិញ បានអភិវឌ្ឍទម្រង់សិល្បៈខ្មែរជាច្រើនក៏ដោយ ប៉ុន្តែយើងខ្ញុំបានជ្រើសរបាំបុរាណដើម្បីអភិរក្សបើកទូលាយនិងពង្រីកតម្លៃរបាំបុរាណរបស់ជនជាតិខ្មែរ”។ ពីព្រោះរបាំខ្មែរល្បីល្បាញហើយទម្រង់សិល្បៈនេះត្រូវបានផ្សព្វផ្សាយដល់មជ្ឈដ្ឋានប្រជាជនខ្មែរ។ ពេលមានឱកាសជួបជុំម្តងៗ គេនាំគ្នារាំរបាំបុរាណ។ នេះក៏ជាមូលហេតុដែលសមាគមសហព័ន្ធនារីសង្កាត់៨ ជំហរចលនាបងប្អូននារីក្នុងនិងក្រៅភូមិភាគ ក្នុងនោះមានប្អូនៗអាយុពី៩-១៥ឆ្នាំ ដែលចូលចិត្តនិងមានទេពកោសល្យដើម្បីចូលរួមក្រុមរបាំ”វប្បធម៌ សិល្បៈប្រពៃណីជនជាតិខ្មែរ”។
ប្អូនថាច់ធីតៀន សិស្សថ្នាក់ទី៩ នៅភូមិបាស្រែ ឃុំលឿងហ្វា ស្រុកចូវថាញ់ ខេត្តត្រាវិញ ចែករំលែក៖ “តាំងពីតូច ប្អូនចូលចិត្តស្តាប់បទចម្រៀងនិងមើលរបាំខ្មែរ។ ប៉ុន្តែប្អូននិងមិត្តភក្តិរាំបានតែចង្វាក់សាមញ្ញប៉ុណ្ណោះ។ ពេលបានចូលក្រុមរបាំ ប្អូនសប្បាយចិត្តណាស់ ពីព្រោះបានរៀនរាំនិងយល់ដឹងបន្ថែមពីអត្ថន័យរបស់របាំខ្មែរ។ ទើបហាត់ដំបូងមានការលំបាកដែរ ប៉ុន្តែបន្ទាប់ពីហាត់បានមួយរយៈ ប្អូនអាចរាំបាន។ល។ ក្រុមរបាំ “វប្បធម៌ សិល្បៈប្រពៃណីជនជាតិខ្មែរ” ក្នុងមួយសប្តាហ៍ហាត់២ពេល នៅយប់ថ្ងៃអង្គារនិងថ្ងៃព្រហស្បតិ៍។ ពិសេស ក្រុមរបាំបានដឹកនាំដោយប្រធានក្រុម គឺលោកសើុនកាវថាំង គ្រូបង្រៀនមហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូនៃសាកលវិទ្យាល័យត្រាវិញ ម៉្លោះហើយ ពួកប្អូនសប្បាយចិត្តខ្លាំងណាស់ ក្រុមមានការរីកចម្រើនជាប្រត្យក្ស។ បរិច្ឆេទហាត់ទៀងទាត់ សមាជិកក្រុមយកចិត្តទុកដាក់ក្នុងការហាត់ពត់ បង្កជាសួនកម្សាន្តដ៏មានប្រយោជន៍និងមានភាពទាក់ទាញ។ ព្រោះហេតុនោះ ពីដំបូងមានសមាជិកត្រឹម៥-៦នាក់ប៉ុណ្ណោះ បច្ចុប្បន្ន ក្រុមរបាំមានសមាជិកដល់ទៅ១៨នាក់។
មានឱកាសអញ្ជើញមកទស្សនាឈុតសម្តែងសិល្បៈក្នុងពិធីបង្ហាញវត្តមានរបស់ក្រុមរបាំ “វប្បធម៌ សិល្បៈប្រពៃណីជនជាតិខ្មែរ” បងស្រីថាច់ធីសាថា ប្រធានសាខាសមាគមនារីអនុសង្កាត់៥ សង្កាត់៨ ឲ្យដឹង៖ “ខ្ញុំពិតជាមានចំណាប់អារម្មណ៍នឹងរបាំខ្មែរខ្លាំងណាស់ នាដការិនីបញ្ចេញកាយវិការទន់ភ្លន់។ ទោះជាវ័យនៅក្មេងក៏ដោយ ប៉ុន្តែប្អូនៗសម្តែងយ៉ាងស្ទាត់ជំនាញ ក្បាច់រាំទន់ភ្លន់ បញ្ចូលទំនុកភ្លេងនិងចម្រៀងយ៉ាងពីរោះរណ្តំ បន្ទាប់ពីសម្តែងចប់ទស្សនិកជន ទះដៃស្ងើចសរសើរមិនដាច់ពីមាត់”។
បងស្រីសើុនធីណាវី ប្រធានសមាគមសហព័ន្ធនារីសង្កាត់៨ ឲ្យដឹង៖ យើងខ្ញុំខំប្រឹងរក្សានិងអភិវឌ្ឍក្រុមរបាំតាមទិសដៅជំនាញ ដើម្បីចូលរួមសម្តែងបម្រើនៅថ្ងៃបុណ្យទានរបស់ជនរួមជាតិខ្មែរ ដូច៖ ពិធីបុណ្យអកអំបុក បុណ្យចូលឆ្នាំថ្មី ឬក៏ចូលរួមក្នុងពិធីប្រឡងសិល្បៈមហាជន។ ពីព្រោះមិនត្រឹមតែបង្កបាននូវសួនកម្សាន្តមានប្រយោជន៍សម្រាប់អ្នករាល់គ្នាទំនាក់ទំនង រឹតបន្តឹងមនោសញ្ចេតនាភូមិផងរបងជាមួយប៉ុណ្ណោះទេ នៅទាំងរួមចំណែកក្នុងការអភិរក្សអត្តសញ្ញាណវប្បធម៌និងពង្រីកសិល្បៈបុរាណរបស់ជនរួមជាតិខ្មែរឲ្យកាន់តែមានភាពប្រសើរថែមទៀត”៕
ទីទុយ-មុនី