វត្តបទុមវង្សាសំរោង ស្ថិតនៅសង្កាត់៥ ក្រុងសុកត្រាំង ជាវត្តមួយក្នុងចំ ណោមវត្តដែលមានស្ថាបត្យកម្មដ៏ល្អវិចិត្ររបស់ខេត្តសុកត្រាំង។ ព្រោះហេតុនោះ ពេលភ្ញៀវទេសចរមកដល់ទីនេះ មិនត្រឹមតែល្ហែល្ហើយ ស្ងប់រំងាប់ខាងផ្លូវចិត្តប៉ុណ្ណោះទេ នៅទាំងបានទស្សនារមណីយដ្ឋានវប្បធម៌ជនជាតិទៀតផង។
វត្តបទុមវង្សាសំរោងជាមណ្ឌលទេសចរណ៍ទាក់ទាញភ្ញៀវទេសចរនិងពុទ្ធបរិស័ទចូលមកទស្សនា ប្រជុំជីវភាពវប្បធម៌ និងជំនឿសាសនា។
ពេលឈានចូលដល់ខ្លោងទ្វារវត្ត ភ្ញៀវទេសចរនឹងឃើញទេសភាពធម្មជាតិដ៏ស្រស់ត្រកាល អមសងខាងផ្លូវមានដាំដើមស្លា ផ្កាលលកកែវចំប៉ីរីកស្គុសស្គាយ ចោលក្លិនក្រអូបសាយនិងដើមគគីរ ឈើទាលបែកមែកសាខាចោលម្លប់ត្រឈឹងត្រឈៃ។ ព្រះតេជព្រះគុណលីមិញឌឹក ព្រះចៅអធិការវត្តបទុមវង្សាសំរោង មានថេរដីកា៖ "វត្តកសាងបានជាង២៨៧ឆ្នាំហើយ បានឆ្លងកាត់ព្រះចៅអធិការចំនួន១១ជំនាន់ ដោយសារការជួសជុលជាច្រើនលើក វត្តបទុមវង្សាសំរោង បានបង្កើនកម្រិតមានភាពសមរម្យជាងមុន ប៉ុន្តែស្ថាបត្យកម្ម វប្បធម៌ខ្មែរនៅតែរក្សាបាននូវភាពដើមដដែល"។នៅតាមផ្លូវចាប់ពីខ្លោងទ្វាររហូតដល់បរិវេណវត្តសុទ្ធសឹងតែបានក្រាលបេតុង និងមានសំណង់នានាដូចជាព្រះវិហារ ចេតិយតម្កល់ធាតុព្រះតេជព្រះគុណគ្រប់ជំនាន់ កុដិ សាលា។ល។ សុទ្ធសឹង មានក្បូរក្បាច់រចនាយ៉ាងប្រណីត។ ព្រះវិហារជាកន្លែងតម្កល់ព្រះពុទ្ធបដិមាដោយមានព្រះជីវ៍ស្ថិតនៅចំកណ្តាល។ក្នុងព្រះវិហារមានចម្លាក់គំ នូរក្បូរក្បាច់រចនាបរិយាយអំពីពុទ្ធប្បវត្តិ។ ពិសេស ក្នុងព្រះវិហារមាន ពុទ្ធបដិមាសាងពីឈើមានអាយុកាលជាង២០០ឆ្នាំ។ ពូថាច់ឌឺ ភ្ញៀវទេសចរមកទស្សនាវត្តបទុមវង្សាសំរោង ឲ្យដឹង៖ "វត្តខ្មែរនីមួយៗក្នុងខេត្ត សុកត្រាំងសុទ្ធតែមានលក្ខណៈ ស្ថាបត្យកម្មដ៏វិចិត្រផ្សេងៗពីគ្នា ប៉ុន្តែនៅតែដិតដាមដោយលក្ខណៈវប្បធម៌ខ្មែរដដែល។ ពិសេសសាលាពីរជាន់ ដែលកំពុងដំណើរការកសាងជិតសម្រេចរួចរាល់ ដោយថវិកាប្រមាណជាង១៥ពាន់លានដុង។ បើភ្ញៀវទេសចរមើលពីខ្លោងទ្វារទៅនឹងឃើញកំពូលខ្ពស់ ត្រដឹមដោយមានក្បូរក្បាច់រចនាដ៏ប្រណីតរំលេចពណ៌ភ្លឺចិញ្ចែងនៅចំលើកំពូលសាលាមានរូបចម្លាក់ព្រះពុទ្ធបដិមាមួយអង្គធំខ្ពស់"។
ក្រៅពីនោះ នៅក្នុងបរិវេណវត្តបទុមវង្សាសំរោង នៅទាំងមានដើមឈើ ធំៗមានអាយុកាលជាង១០០ឆ្នាំឡើងទៅ។ ម្ល៉ោះហើយអាចនិយាយបានថា វត្តបទុមវង្សាសំរោងជាកន្លែងប្រមូលផ្តុំនៃធម្មជាតិ វប្បធម៌និងប្រវត្តិសាស្រ្តរបស់ជនរួមជាតិខ្មែរ។ នេះជាវត្តដែលមានព្រះចៅអធិការ ជាតំណាងរដ្ឋសភា អាណត្តិកាល២០១៦-២០២១ ដូច្នោះពេលពុទ្ធបរិស័ទមកវត្តនៅទាំងបានស្វែងយល់ពីគោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ រួមចំណែកធ្វើឲ្យស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅទីនេះ កាន់តែមានសុវត្ថិភាព។ បច្ចុប្បន្ន វត្តជាមណ្ឌលទេសចរណ៍ទាក់ទាញភ្ញៀវទេសចរនិងពុទ្ធបរិស័ទចូលមកទស្សនា ប្រជុំជីវភាពវប្បធម៌និងប្រារព្ធពិធីជំនឿសាសនា៕
យ្វីអាញ់-សុផល