ខេត្តត្រាវិញមានវត្តខ្មែរចំនួន១៤២វត្តវត្តនីមួយៗតែងប្រកបដោយស្ថាបត្យកម្មដ៏អស្ចារ្យនិងទេសភាពស្រស់ស្អាត។ ហេតុដូច្នោះហើយបានជាទីនេះច្រើនតែជាកន្លែងគោលដៅសមស្របជាមួយនឹងសប្តាហ៍ទេសចរណ៍បៃតងវាលរាបទន្លេគឺវឡុងឆ្នាំ២០១៥។
ព្រះវិហារវត្តកំពង់និគ្រោធកំពង់ជ្រៃ។
ប្រសិនបើមានឱកាសហុចឲ្យភ្ញៀវទេសចរអាចមកទស្សនាវត្តខ្មែរមួយចំនួននៅក្រុងនិងជាយក្រុងត្រាវិញ។ ដំបូងគឺវត្តអង្គររាជបូរី (វត្តអង្គ)ស្ថិតនៅក្បែរផ្លូវជាតិលេខ៥៣ចំណុះអនុសង្កាត់៤សង្កាត់៨ក្រុងត្រាវិញនិងក្បែររមណីយដ្ឋានគូស្រះស្រីទល់មុខសារមន្ទីរវប្បធម៌ខ្មែររបស់ខេត្ត។វត្តអង្គបានកសាងជាង១០សតវត្សរ៍មកហើយប៉ុន្តែភាគច្រើនស្ថាបត្យកម្មវត្ថុរូបចម្លាក់អណ្តែតរូបចម្លាក់និងផ្ទាំងគំនូរទាំងឡាយសុទ្ធតែទាក់ទងនឹងព្រះពុទ្ធសាសនាហើយត្រូវបានអភិរក្សយ៉ាងហ្មត់ចត់។ផ្ទាំងគំនូរពុទ្ធប្រវត្តិលើជញ្ជាំងព្រះវិហារចាប់តាំងពីព្រះអង្គចេញសាងព្រះផ្នួសត្រាស់ដឹងរហូតដល់ចូលបរិនិញ្វនក្នុងព្រះវិហារមានពុទ្ធបដិមាជាង៥០អង្គមានអាយុកាលរាប់រយឆ្នាំបានកសាងដោយវត្ថុធាតុដើមផ្សេងៗគ្នានិងវត្ថុតាំងជាច្រើនទៀតបានទាក់ទាញអារម្មណ៍អ្នកដែលចូលចិត្តវត្ថុបុរាណ។ក្រៅពីនោះវត្តអង្គររាជបូរីស្ថិតនៅក្បែរគូស្រះស្រីដែលជារមណីយដ្ឋានដ៏ល្បីឈ្មោះ។ ទីនេះមានរឿងនិទានអំពីការប្រឡងជីកស្រះរបស់នារីនិងបុរសខ្មែរនាសម័យដើម។ ឆ្លងតាមរយនោះស្វែងយល់បន្ថែមអំពីរបបមាតាធិបតីនិងទំនៀមទម្លាប់អាពាហ៍ពិពាហ៍របស់ជនរួមជាតិខ្មែរនាសម័យដើមក៏ដូចជាតួអង្គយាយអមជាស្រ្តីតំណាងឲ្យបញ្ញាញាណភាពអស្ចារ្យរបស់ស្រ្តីខ្មែរកាលពីបុរាណ។
វត្តពោធិសាលរាជ (កំពង់) នៅសង្កាត់១បានរក្សាព្រះវិហារនិងបណ្ណាល័យដែលកសាងពីឈើដ៏ប្រណីតមានអាយុកាលចាស់និងមានតម្លៃ។ វត្តនេះមានប្រវត្តិដ៏អស្ចារ្យមួយអំពីការកកើតវត្ត។ មានវត្តមួយទៀតស្ថិតនៅចម្ងាយពីក្រុងត្រាវិញប្រហែលជា៤-៥គីឡូម៉ែត្រនោះគឺវត្តកំពង់និគ្រោធកំពង់ជ្រៃនៅទីប្រជុំជនចូវថាញ់ងាយស្រួលដល់ភ្ញៀវទេសចរមកទស្សនា។ ទោះបីមិនសូវមានលក្ខណៈបុរាណដូចវត្តអង្គររាជបូរីនិងគ្មានប្រវត្តិអស្ចារ្យដូចវត្តពោធិសាលរាជប៉ុន្តែវត្តកំពង់និគ្រោធបែរជាតំណាងខាងស្ថាបត្យកម្មនៃលក្ខណៈសម័យទំនើបរបស់ព្រះពុទ្ធសាសនាទក្ខិណានិកាយខ្មែរនាបច្ចុប្បន្ន។
វត្តកំពង់និគ្រោធនៅទាំងល្បីឈ្មោះដោយមានវណ្ណកម្មចម្លាក់ជាង៣០០បែបពីគល់ឈើពិសេសៗមានដូច៖ចម្លាក់សត្វតំណាងឲ្យឆ្នាំទាំង១២សត្វទាំងបួនគឺនាគសីហៈអណ្តើកហង្សព្រមទាំងវណ្ណកម្ម "នាគទាំងប្រាំបួន" មានទម្ងន់២តោន។ល។នៅវត្តកំពង់និគ្រោធមានបក្សាបក្សីច្រើនប្រភេទរស់នៅក្នុងបរិវេណវត្ត។ដោយសារតែមានបរិយាកាសស្រឡះស្រឡំអាកាសធាតុត្រជាក់ បូកជាមួយនឹងហ្វូងកុកស្វែងរកចំណីហើរមករកសំបុកឬថែទាំកូនញ៉ាំងឲ្យអារម្មណ៍សុខសាន្តជិតដិតធម្មជាតិជូនភ្ញៀវទេសចរ។
នៅមានវត្តអារាមជាច្រើនទៀតដែលមានរឿងនិទានដ៏អស្ចារ្យនិងមានលក្ខណៈពិសេសដោយឡែកដូច៖វត្តផ្នោរដូងស្រុកថ្កូវ។ល។ព្រោះហេតុនោះសូមអញ្ជើញលោកអ្នកនាងមកខេត្តត្រាវិញទស្សនាសិក្សាស្រាវជ្រាវនូវប្រការដ៏អស្ចារ្យនៅលើទឹកដីជាទីស្នេហានេះ៕
ថាច់ថាញ់ភូ-វិមាន