ដោយមានស្មារតីស៊ូទ្រាំលំបាកក្នុងការសិក្សា សមណសិស្សថាច់ថាយ រៀននៅវត្តបទុមសាគរបឹងភ្នៀត បានសម្រេចកិត្តិនាមជាសមណសិស្ស ពិន្ទុខ្ពស់បំផុតក្នុងការប្រឡងបញ្ចប់ថ្នាក់បាលីរង-ធម្មវិន័យឯក អាស្រ័យដោយសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិ សហការជាមួយនឹងការិយាល័យអប់រំនិងបណ្ដុះបណ្ដាលស្រុកមីស្វៀងរៀបចំឡើង។
សមណសិស្សថាច់ថាយ ប្រឡងបាលីរងជាប់ពិន្ទុខ្ពស់បំផុត។
សមណសិស្សថាច់ថាយ មានថេរដីកា៖ "ដើម្បីត្រៀមបម្រុងឲ្យការប្រឡងបញ្ចប់ថ្នាក់បាលីរង អាត្មាភាពបានដាស់តឿនខ្លួនឯង គឺត្រូវខិតខំព្យាយាមរៀនឲ្យបានល្អ ត្រៀមបម្រុងមេរៀនឲ្យប្រាកដប្រជា។ នៅពេលដឹងថា ប្រឡងបានពិន្ទុខ្ពស់ អាត្មាភាពត្រេកអររកអ្វីប្រៀបប្រដូចគ្មាន ពិសេសគឺពិន្ទុវិញ្ញាសាប្រែធម្មបទ និងវេយ្យាករណ៍បាលីបាន៨,៥ពិន្ទុ"។ ដោយបានពិន្ទុសរុប៥៧,៨ក្នុងការប្រឡងនោះ សមណសិស្សថាច់ថាយ បានទទួលជោគជ័យលើសមណសិស្សទាំង៣៤អង្គ។ លទ្ធផលនោះ គឺជាបំណងប្រាថ្នានិងក្ដីសង្ឃឹមរបស់សមណសិស្សគ្រប់អង្គ ក្នុងរយៈកាល៣ឆ្នាំនិមន្តទៅសិក្សានៅវត្តនានា។
ភូមិកំណើតរបស់សមណសិស្សថាច់ថាយ នៅភូមិថាញ់ត្រុក ឃុំថាញ់ទ្រី ស្រុកតឹងហេប ខេត្តកៀងយ៉ាង។ ឆ្នាំ២០០៩ ថាច់ថាយ បានចូលសាងផ្នួសនៅវត្តរតនារាមតាកែវ ស្រុកតឹងហេបដើម្បីបន្តការសិក្សាខាងផ្លូវធម៌។ អាស្រ័យដោយបានព្រះចៅអធិការផ្ដល់កម្លាំងចិត្តជម្រុញស្មារតី ទើបក្រោយពីបួសរៀនក្នុងវត្តបាន២ព្រះវស្សា ព្រះតេជព្រះគុណថាច់ថាយ ក៏ប្ដេជ្ញានិមន្តទៅសិក្សាភាសាបាលីនៅខេត្តក្រៅ។ ព្រះតេជព្រះគុណថាច់ថាយ និមន្តទៅបន្តការសិក្សានៅវត្តព្រែកអណ្ដើក ឃុំថាញ់ភូ ស្រុកមីស្វៀង ខេត្តសុកត្រាំង។ ដោយបានការឧបត្ថម្ភរបស់ព្រះចៅអធិការ គណៈកម្មការវត្តនិងពុទ្ធបរិស័ទ ព្រះតេជព្រះគុណថាច់ថាយ មានលក្ខណសម្បត្តិគ្រប់គ្រាន់ និងស្ងប់អារម្មណ៍ក្នុងការសិក្សា។ អាស្រ័យហេតុនោះ អស់រយៈកាលពីរឆ្នាំសិក្សានៅវត្តព្រែកអណ្ដើក ព្រះអង្គតែងសម្រេចបានលទ្ធផលល្អប្រសើររាល់ការប្រឡង។ បន្ទាប់ពីសិក្សានៅវត្តព្រែកអណ្ដើក២ឆ្នាំមក ព្រះតេជព្រះគុណថាច់ថាយ ក៏និមន្តទៅបន្តការសិក្សានៅវត្តបទុមសាគរបឹងភ្នៀត ឃុំលីវទូ ស្រុកត្រឹងដេ ខេត្តសុកត្រាំង។ ព្រះតេជព្រះគុណថាច់ថាយ មានថេរដីកា៖ "ក្នុងអំឡុងពេលរៀនក្នុងថ្នាក់ អាត្មាភាពតែងព្យាយាមស្ដាប់គ្រូពន្យល់ ក្រៅម៉ោងរៀនក៏ស្វែងរកក្បួនខ្នាតសិក្សាស្រាវជ្រាវបន្ថែម ដើម្បីលើកកម្ពស់ចំណេះដឹង ខាងអក្សរសាស្រ្តកាន់តែជ្រៅជ្រះជាងទៀត"។
ព្រះតេជព្រះគុណថាច់ថាយ ចែករំលែក៖ "តាំងពីតូច អាត្មាភាពតែងមានក្ដីប្រាថ្នាទៅសិក្សានៅបរទេស ប៉ុន្តែដោយជីវភាពគ្រួសារ ទើបមិនអាចបន្តការរៀនសូត្រ។ ខណៈបានចូលវត្តបួសរៀន ទើបអាត្មាមានឱកាសអនុវត្តនូវក្ដីប្រាថ្នារបស់ខ្លួន។ អាត្មាភាពនឹងសុំការអនុញ្ញាតពីសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្តកៀងយ៉ាង ឧទ្ទេសនាមទៅបន្តការសិក្សានៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ។ ក្រោយពីរៀនចប់ថ្នាក់ទី១២ អាត្មាភាពនឹងនិមន្តទៅសិក្សានៅប្រទេសថៃ ដើម្បីក្លាយជាបញ្ញវន្តមានចំណេះដឹងជ្រៅជ្រះ សម្រាប់បម្រើការងារសាសនា ជនជាតិ ៕
យ្វីអាញ់-ពេជ្រសឿន