ពិធីពូនភ្នំខ្សាច់ គឺជាពិធីមួយផ្សាភ្ជាប់ជាមួយទ្រឹស្តីពុទ្ធសាសនា ត្រូវបានពុទ្ធបរិស័ទខ្មែររៀបចំផ្គួបផ្សំជាមួយនឹងពិធីបុណ្យធំៗ ដូចជាៈ បុណ្យបញ្ចុះខណ្ឌសីមា បុណ្យភ្ជុំបិណ្ឌ បុណ្យឆាកមហាបង្សុកូលជាដើម។ ប៉ុន្តែប្រព្រឹត្តឡើងជាហូរហែរនោះ គឺក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
ពូនភ្នំខ្សាច់ក្នុងឱកាសបុណ្យចូល ឆ្នាំថ្មី។
ពូនភ្នំខ្សាច់ (វាលុកចេតិយ)ជនរួមជាតិខ្មែរ តែងសំគាល់ថាពិធីពូនភ្នំ គេធ្វើឡើងគឺដើម្បីតំណាងឲ្យចូឡាមណីចេតិយ ជាទីដែលពួកទេព្ដាសាងបញ្ចុះព្រះមោលី (ព្រះកេសាធាតុ) និងព្រះទាឋាធាតុ (ព្រះចង្កូម កែវ) របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់នៅឯឋានត្រៃត្រិង្ស ហើយអ្នកដែលបានកសាងវាលុកចេតិយនោះ នឹងទទួលបានផលានិសង្សក្រៃលែង។ មហាសំការសូត្របានបញ្ជាក់អំពីអានិសង្សនៃការពូនភ្នំខ្សាច់នោះថា "ពេលសង្ក្រាន្តឆ្នាំថ្មីចូលមកដល់ ព្រះបាទបសេនទិកោសល បានចូលទៅទូលសួរព្រះដ៏មានព្រះភាគថា មុនពេលព្រះអង្គទ្រង់បរិនិព្វានទៅបើដល់សង្ក្រាន្តចូលឆ្នាំថ្មីម្ដងៗ តើខ្ញុំព្រះអង្គគួរបំពេញបុញ្ញកម្មអ្វីខ្លះ?"។ ព្រះដ៏មានព្រះភាគត្រាស់ថា "បពិត្រមហារាជ! បើអ្នកចង់បានកុសលផលបុណ្យច្រើន ចូរអ្នកធ្វើបុណ្យស្រង់ព្រះនិងសាងវាលុកចេតិយទៅ។
ផ្តើមពីនោះ ឲ្យតែដល់បុណ្យចូលឆ្នាំ ជនរួមជាតិខ្មែរតែងប្រារព្ធពិធីពូនភ្នំខ្សាច់ ដោយមានប្រវត្តិទាក់ទងទៅនឹងទេវបុត្រមួយអង្គ នាមអន្នំ លោកង្សិនី ដែលដំបូងឡើយមានកំណើតកើតជាតិជាព្រានព្រៃម្នាក់ដែលតែងតែដើរបរបាញ់សត្វ មកធ្វើជាម្ហូបអាហារ និងសម្រាប់ចិញ្ចឹមជីវិត។ លុះដល់ស្លាប់ទៅ យមបាលក៏យកព្រលឹងទេវបុត្រមកឲ្យយមរាជកាត់ទោស។ លុះពិនិត្យឃើញទៅថា ទេវបុត្រមានទោសច្រើនអនេក យមរាជក៏បង្គាប់ឲ្យយមបាលទាំងពីរដាក់ទណ្ឌកម្មចំពោះទេវបុត្រ។ ពេលយមបាលយកទេវបុត្រទៅបោះចូលខ្ទះខ្លាញ់ និងចូលក្នុងភ្លើងច្រើនលើកច្រើនសារ តែមិនមានកើតក្តីឈឺចាប់ដល់ទេវបុត្រឡើយ ព្រោះតែមានបារមីជួយទ្រទ្រង់ទេវបុត្រជានិច្ច។ ពេលនោះយមបាលបានយកទេវបុត្រមកកាត់សេចក្តីម្តងទៀត តែនៅពេលយមរាជសួរចម្លើយទៅកាន់ទេវបុត្រថា តើចៅព្រានព្រៃឯងបានធ្វើបុណ្យអ្វីបានជាយើងប្រើឲ្យដាក់ទណ្ឌកម្ម តែងតែមានបារមីមកជួយ។ ទេវបុត្របានឆ្លើយតបថា ខ្លួនមិនបានធ្វើបុណ្យអ្វីទេ គឺមានតែរបរដើរបរបាញ់សត្វចិញ្ចឹមជីវិតតែប៉ុណ្ណោះ។ យមរាជសួរចុះសួរឡើងទេវបុត្រនៅតែឆ្លើយ ពាក្យនោះដដែលទើបឲ្យយមបាលទាំងពីរយកចៅព្រានព្រៃទៅបោះ ក្នុងភ្នក់ភ្លើងម្តងទៀត ដើម្បីឲ្យយមរាជមើលឃើញផ្ទាល់នឹងភ្នែក។ ពេលរៀបនឹងបោះ ទេវបុត្រស្រាប់តែនឹកឃើញនៅពេលបានឃើញអណ្តាតភ្លើង ហើយប្រាប់ទៅយមរាជថា ខ្លួនធ្លាប់ធ្វើបុណ្យដាក់បាត្រដល់ព្រះ ភិក្ខុមួយអង្គផងដែរ។ លុះយមរាជមើលទៅឃើញថា ថ្វីត្បិតតែចៅព្រានព្រៃបានប្រព្រឹត្តអំពើអាក្រក់ច្រើន តែមានចិត្តបរិសុទ្ធនៅពេលដាក់បាត្រ ដល់ព្រះភិក្ខុយមរាជក៏អនុញ្ញាតឲ្យទេវបុត្រទៅសោយសុខនៅស្ថាន សួគ៌ចំនួន៧ថ្ងៃ លុះដល់ថ្ងៃកំណត់នឹងយកខ្លួនមកទទួលទោសនៅឋាននរកនេះវិញ។ ពេលបានទៅសោយសុខនៅឯឋានសួគ៌ ទេវបុត្រមានទេពធីតាសុវណ្ណឱរៃ៉ ជាទេពីមានរូបសម្បត្តិឆោមលោមប្រាជ្ញា ឈ្លាសវៃ។ ថ្ងៃមួយនោះ ឃើញទេវបុត្រកើតសេចក្តីទុក្ខទោមនស្សពន់ពេក នាងសុវណ្ណឱរៃឃើញដូច្នេះក៏ចូលទៅសួរ អន្នំលោកង្សិនី ទេវបុត្រក៏រ៉ាយរាប់ប្រាប់អំពីរឿងរ៉ាវ ដែលខ្លួនត្រូវទៅទទួលទណ្ឌកម្មនៅឋាននរកវិញ។ នាងសុវណ្ណឱរៃ៉ លួងលោមថា បើដូច្នោះ សូមព្រះអង្គកុំកើតទុក្ខទោមនស្សឡើយ សូមព្រះអង្គសាងវាលុកចេតិយ រួចធ្វើបុណ្យឆ្លងទៀង ជារួចដោះចាកកម្មពៀរជាមិនខាន។ អន្នំលោកង្សិនីទេវបុត្របានឮ ដូច្នោះក៏សោមនស្ស ទើបចាត់ការសាងវាលុកចេតិយ និងធ្វើបុណ្យឆ្លងហើយស្រេចក្នុងរវាង៧ថ្ងៃនោះ។ លុះដល់ថ្ងៃកំណត់យមបាលទាំងពីរ បានមកទទួលទេវបុត្រឲ្យត្រឡប់ទៅទទួលទណ្ឌកម្មវិញ តែនាងទេពធី តាសុវណ្ណឱរៃ៉មិនព្រមប្រគល់ទេវបុត្រឲ្យទៅយមបាលទាំងពីរនោះទេ។ ទេពធីតាទ្រង់បានប្រាប់យមបាលទាំងពីរថា ស្វាមីរបស់ខ្លួនបានធ្វើបុណ្យពូនភ្នំខ្សាច់ ផ្តាច់កម្មពៀរអស់ហើយ បើយមរាជទាំងពីរមិនទៅវិញទេ នៅតែត្រូវការយកខ្លួនគាត់ទៅធ្វើទោសចូរអ្នកទាំងពីររាប់គ្រាប់ខ្សាច់នោះឲ្យអស់ទៅទើបខ្ញុំយល់ព្រម។ យមរាជទាំងពីរមិនបង្អង់ ក៏ចាប់ផ្តើមរាប់គ្រាប់ដីខ្សាច់ទាំងនោះ។ លុះដល់រាប់ចុះរាប់ឡើងភ្លេចក៏សុខចិត្តចុះចាញ់ ហើយនាំគ្នាទៅវិញដោយខ្លួនទទេ។ ចាប់ពីពេលនោះមក ទេវបុត្រនិងទេពធីតាសុវណ្ណឱរៃ៉ ក៏រស់នៅសោយសុខជាមួយគ្នាជារៀងរហូតមក។
ឯពិធីពូនភ្នំខ្សាច់ គឺគេយកខ្សាច់សុទ្ធមកចាក់នៅកណ្តាលទីធ្លាដែលគេបានកំណត់ រួចពូនឲ្យចេញទៅជារាងចេតិយ បែរមុខទៅទិសខាងកើត ហើយគេសន្មតហៅថា "វាលុកចេតិយ" ។ មុនពេលពូន គេត្រូវរៀបចំ សម្ភារៈមួយចំនួន ដូចជា ធូប ទៀន ទឹកអប់ ផ្កា អង្ករ ស្រូវ ល្ងជាដើម។ ការពូនភ្នំនេះទៀតសោត គេពូនមិនមានកំណត់ថាត្រូវមានខ្នាតតូចខ្ពស់ ទាបប៉ុណ្ណាឬប៉ុន្មាននោះទេ គឺប្រព្រឹត្តទៅតាមការពេញចិត្តរបស់អ្នកស្អាង។ តាមទំនៀមទម្លាប់ពីដូនតា គេអាចពូនជាភ្នំ៣ ភ្នំ៥ ភ្នំ៧ ភ្នំ៩ ច្រើនជាងនេះក៏សឹងមាននៅជុំវិញភ្នំគេមានធ្វើរាជវ័តិ តុបតែង លំអស្លឹកដូង ស្លឹកទន្សែជាបួនជ្រុង មានទ្វារចេញចូលតាមទិសធំទាំង៤។ នៅជុំវិញរាជវ័ត គេមានរៀបរានទេវតានៅលើរាន ទេវតាគេរៀបស្លាធម៌មួយគូ បាយសីមួយគូ ទៀន៥ ធូប៥ ផ្កាភ្ញីនិងអុជទៀនធូបថ្វាយ។ ពេលពូន រួចស្រេចលោកអាចារ្យ ឬព្រះសង្ឃត្រូវសូត្រធម៌បំបួសអធិដ្ឋានភ្នំខ្សាច់នោះ ឲ្យក្លាយជាចូឡាមណីចេតិយ។ ក្រោយពីចប់កម្មវិធីសព្វគ្រប់ហើយអ្នកដែលមានបំណងទៅធ្វើបុណ្យអាចចូលទៅធ្វើបុណ្យបាន តាមប្រពៃណីដោយយកដីខ្សាច់ដាក់ក្នុងចានឬផ្តិលពូនសុំសេចក្តីសុខ និងឧទ្ទិសផលដល់ញាតិសន្តាន ដែលបានចែកឋានទៅបរមលោកខាងមុខជាដើម។ នៅពេលបញ្ចប់កម្មវិធីបុណ្យ លោកអាចារ្យត្រូវសូត្រផ្សឹក ភ្នំខ្សាច់នោះឲ្យទៅជាដីធម្មតាវិញ។
ការសាងវាលុកចេតិយនេះ ដោយគេសំគាល់ថានឹងបានជាផលានិសង្ស វិសេសវិសាលណាស់មហាសំការសូត្រក៏បានបញ្ជាក់ថា "នរៈនារីណា ដែលបានសាងវាលុកចេតិយ ហើយបានយកនូវបាយទឹក សំពត់ផ្កា គ្រឿងក្រអូប គ្រឿងលាបជាដើម បូជាព្រះចេតិយនោះ ដោយសទ្ធាជ្រះថ្លា នរៈនារីនោះ រមែងបានទទួលនូវផលានិសង្សច្រើន រមែងទៅកើតក្នុងត្រកូលពីរ គឺខត្តិយត្រកូលនិងព្រាហ្មណ៍ត្រកូល មិនទៅកើតក្នុងត្រកូលថោកទាបឡើយ។ ឧបមាថា បើលោកអ្នកបានពូនភ្នំខ្សាច់ស្មើមួយ កំប៉ុងអង្ករដើម្បីជាគ្រឿងតំណាងឲ្យព្រះចូឡាមណីចេតិយនៅឋានត្រៃត្រិង្សនោះ ផលបុណ្យកុសលរបស់លោកអ្នក និងមានច្រើនរាប់មិនអស់ ដូចអង្ករឬខ្សាច់ទាំងនោះផងដែរ។ ដោយមានជំនឿនេះហើយ បានជាជនរួមជាតិខ្មែរមានទម្លាប់ពូនភ្នំខ្សាច់ ជាហូរហែរហូតមកទល់នឹងបច្ចុប្បន្ន ៕
ស្រាវជ្រាវ៖ វ៉ាន់តឹន
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។