រយៈពេលប៉ុន្មានថ្ងៃមកនេះ បរិយាកាសហាត់សមរបស់ទូក ងវត្តប្រជុំដែនមានជ័យ (អុងតាវ) នៅឃុំតឹងឡុង ទីក្រុងកឹងធើ មានភាពអ៊ូអរយ៉ាងខ្លាំង។ សូរសម្លេងកញ្ចែ សម្លេងស្រែកហ៊ោកញ្ជ្រៀវ និងច្រវាអុំស្រុះគ្នា រួមជាមួយការប្តេជ្ញាចិត្តខ្ពស់របស់កីឡាករ-កីឡាការិនីបានបង្កបរិយាកាសដ៏ពុះពោរក្នុងបណ្តាថ្ងៃជិតដល់ពិធីបុណ្យ។

ទិដ្ឋភាពច្រវាអុំស្រុះគ្នារបស់ទូក ងបុរសវត្តអុងតាវពេលហាត់សម។
ចាប់តាំងពីកសាងនៅឆ្នាំ១៩៦២ វត្តអុងតាវ នៅឃុំតឹងឡុង ទីក្រុងកឹងធើ ជាង ៦០ឆ្នាំមកនេះ មិនធ្លាប់មានទូក ង ដើម្បីចូលរួមប្រណាំងឡើយ ប៉ុន្តែឆ្នាំនេះ ដោយមានការស្នើនិងការរួមចំណែកពីពុទ្ធបរិស័ទ ក៏ដូចជាការគាំទ្រពីសំណាក់រដ្ឋអំណាចភូមិភាគ វត្តបានសម្រេចចិត្តចុះឈ្មោះចូលរួមអុំប្រណាំងចំនួនពីរទូក ដែលទើបបោះថ្មីមានប្រវែង ៣៣,៦ម៉ែត្រ។ ព្រះតេជព្រះគុណស៊ើងភឿកឡើយ ព្រះចៅអធិការវត្តប្រជុំដែនមានជ័យ (អុងតាវ) មានថេរដីកាបញ្ជាក់៖ “នេះមិនត្រឹមតែជាក្តីសោមនស្សរីករាយសម្រាប់កីឡាករ-កីឡាការិនីប៉ុណ្ណោះទេ ថែមទាំងជាមោទនភាពរបស់វត្ត ពុទ្ធបរិស័ទ និងជនរួមជាតិខ្មែរនៅភូមិភាគទៀតផង”។
នៅពេលរសៀលចាប់ពីម៉ោង ៣ និង ៣០ នាទី គឺកីឡាការិនីចំនួន ៧០ រូបបានមកកាន់វត្តដើម្បីហាត់សម។ រៀងរាល់ថ្ងៃបងប្អូននារីតែងហាត់ចំនួន ៣ លើក ក្នុងមួយលើកមានរយៈពេលពី ៥ ដល់ ៦ នាទី។ សម្រាប់បងប្អូននារី រាល់ពេលហាត់សមគឺជាការលត់ដំនូវកាយសម្បទា ភាពរឹងមាំ និងស្មារតីសាមគ្គីភាពក្នុងក្រុម។ ព្រោះថា ក្នុងការប្រណាំងទូកង កម្លាំងរបស់បុគ្គលម្នាក់ៗអាចបញ្ចេញដោយការអុំស្រុះច្រវាគ្នា ស៊ីចង្វាក់គ្នានៃកីឡាការិនីទាំងអស់។ បងស្រី យ៉័ញធីបែណាំ គ្រូបង្វឹកទូក ងនារីវត្តអុងតាវ បានឱ្យដឹង៖ “ឆ្នាំនេះគឺជាឆ្នាំដំបូងដែលវត្តអុងតាវមានទាំងទូក ងបុរសនិងទូក ងនារី។ កាលពីដំបូង ទូកនារីមានកីឡាការិនីត្រឹមតែ ១០ នាក់ប៉ុណ្ណោះ ប៉ុន្តែដោយសារបងប្អូននារីបានចលនា ទើបពេលនេះប្រមូលបានអ្នកចូលរួមហាត់សមចំនួន ៧០នាក់។ ដំបូងឡើយ បងប្អូនជួបការលំបាកជាច្រើន ចាប់តាំងពីរបៀបកាន់ច្រវា រហូតដល់បច្ចេកទេសអុំ ប៉ុន្តែបន្ទាប់ពីហាត់សមបាន ១៥ថ្ងៃក្រោមការណែនាំរបស់គ្រូបង្វឹក បច្ចុប្បន្នបងប្អូនអុំបានល្អនិងស្រុះគ្នាជាងមុន”។ “ដំបូងឡើយមិនចេះអុំ ដូច្នេះអុំហត់ខ្លាំងណាស់ ម្យ៉ាងវិញទៀតចង្វាក់ច្រវាក៏មិនសូវស្រុះគ្នាដែរ ពេលបានការណែនាំយ៉ាងយកចិត្តទុកដាក់ពីគ្រូបង្វឹកអំពីបច្ចេកទេសអុំ ឥឡូវនេះខ្ញុំអុំបានល្អជាងមុន។ ខ្ញុំនិងបងប្អូននារីនឹងខិតខំប្រឹងប្រែងហាត់សម ដើម្បីដណ្តើមយកស្នាដៃជូនវត្តនិងភូមិភាគ” បងស្រី លីធីឌឹម កីឡាការិនីទូក ងវត្តអុងតាវបានឱ្យដឹងដូច្នេះ។
ទន្ទឹមនឹងការប្រឹងប្រែងហាត់សមរបស់ទូក ងនារី គឺទូក ងបុរសក៏កំពុងតែខិតខំប្រឹងប្រែងហាត់សមយ៉ាងសស្រាក់សស្រាំផងដែរ ដើម្បីរង់ចាំដល់ថ្ងៃអុំប្រណាំងក្នុងពិធីបុណ្យឆ្នាំនេះ។ តាមបានដឹង បន្ទាប់ពីក្រុមនារីហាត់សមរួច គឺនៅម៉ោង ៤ និង ៣០ នាទី ទើបកីឡាករបុរសជិត ១០០ នាក់ចូលរួមហ្វឹកហាត់ ដោយផ្តោតសំខាន់លើការលើកកម្ពស់កាយសម្បទា រៀនសហការគ្នា និងរក្សាចង្វាក់ច្រវាឱ្យបានស្រុះគ្នា។ ទាំងអស់គ្នាកំពុងប្រឹងប្រែងរៀងរាល់ថ្ងៃ ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបង្ហាញខ្លួនជាលើកដំបូងនៅលើដងព្រែក Maspero ក្នុងពិធីបុណ្យអកអំបុក ទីក្រុងកឹងធើ ឆ្នាំ ២០២៦។ ចែករំលែកអំពីការហាត់សម លោកលីតៀង គ្រូបង្វឹកទូក ងបុរសវត្តអុងតាវ បានឱ្យដឹង៖ “ដោយសារសុទ្ធសឹងជាកីឡាករថ្មី ដូច្នេះខ្ញុំផ្តោតលើការណែនាំបច្ចេកទេសជូនបងប្អូន ហើយក្នុងដំណើរការហាត់ក៏មិនបានតឹងរ៉ឹងពេកដែរ ព្រោះបងប្អូននៅថ្មី។ ការអុំមួយលើកមានរយៈពេលប្រហែល ១០ នាទី ហើយក្នុងរយៈពេល ១ ម៉ោង ៣០ នាទី គឺអុំតែ ៤ លើកប៉ុណ្ណោះ។ ឃើញបងប្អូនម្នាក់ៗសុទ្ធតែខិតខំ និងមានការប្ដេជ្ញាចិត្តខ្ពស់ ខ្ញុំសង្ឃឹមថា ទូក ងនឹងអាចឈានចូលទៅវគ្គប្រណាំងខាងក្នុងៗ”។
ការបង្ហាញខ្លួនជាលើកដំបូងក្នុងពិធីបុណ្យប្រណាំងទូក ង អកអំបុក ទីក្រុងកឹងធើ ឆ្នាំ ២០២៦ ក្រុមទូក ងវត្តអុងតាវបាននាំយកនូវទូក ងថ្មី រួមជាមួយស្មារតីស្រុះចិត្តគំនិតគ្នារបស់កីឡាករ-កីឡាការិនីជាង ១៧០ នាក់ ព្រមជាមួយក្តីរំពឹងរបស់វត្តនិងមាមីងបងប្អូន។ សម្រាប់វត្តអុងតាវ ពិធីបុណ្យឆ្នាំនេះបានបើកចេញនូវដំណើរការថ្មី ជាដំណើរការនៃទូក ងបុរស និងទូក ងនារីរួមគ្នាចូលរួមការប្រណាំងប្រពៃណី រួមចំណែកបន្ថែមពណ៌សម្បុរដល់ថ្ងៃបុណ្យអកអំបុក និងបន្តវេននូវជីវភាពវប្បធម៌ខ្មែរលើទឹកដីកឹងធើស៊ីវិល័យ ទំនើប ពោរពេញដោយមនោសញ្ចេតនិងដិតដាមអត្តសញ្ញាណជនជាតិ៕
ថាញវ៉ាង - ថាច់ធី