ឆ្ពោះដល់ការប្រកួតទូក-ងក្នុងក្របខណ្ឌបុណ្យអកអំបុក និងទិវាវប្បធម៌វៀតណាម ឆ្នាំ២០២៦ ក្រុមទូក-ងវត្តពិសីវរារាម ដែលស្ថិតនៅភូមិយ៉ុងជួរ ឃុំប៊ិញភូ ខេត្តវិញឡុង កំពុងផ្តុំកម្លាំងហ្វឹកហាត់ ត្រៀមកម្លាំងដើម្បីចូលរួមប្រកួតប្រជែង។ ក្រោមការយកចិត្តទុកដាក់ពីភូមិភាគ និងវត្ត កីឡាករ កីឡាការិនីទាំងអស់មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រកួតដើម្បីដណ្តើមយកលទ្ធផលល្អ។
បង្កើតឡើងកាលឆ្នាំ ២០០២ ក្រុមទូក-ងវត្តពិសីវរារាមបាននិងកំពុងបោះជំហានយ៉ាងរឹងមាំក្នុងការបញ្ជាក់ពីតួនាទីរបស់ខ្លួនក្នុងសកម្មភាពកីឡារបស់ភូមិភាគ។ ឆ្លងកាត់រយៈកាលជាង ២០ ឆ្នាំ ក្រុមទទួលបានពានរង្វាន់ខ្ពស់ៗជាច្រើនក្នុងការប្រកួតទាំងក្នុង និងក្រៅខេត្ត ហើយបានជ្រើសរើសឱ្យចូលរួមក្នុងព្រឹត្តិការណ៍កម្រិតតំបន់វាលរាបទន្លេគីវឡុងជាច្រើនដង។ សមិទ្ធផលទាំងនោះគឺជាមោទនភាព និងជាកម្លាំងចលករដើម្បីឱ្យកីឡាករជំនាន់ក្រោយបន្តការផ្សារភ្ជាប់ និងខិតខំប្រឹងប្រែងក្នុងការប្រកួត។


កីឡាករ កីឡាការិនីហ្វឹកហាត់យ៉ាងសកម្មនៅលើព្រែកឡាងថេ ដើម្បីត្រៀមខ្លួនចូលរួមការប្រកួតអុំទូក-ងក្នុងពិធីបុណ្យអកអំបុក ឆ្នាំ២០២៦។
លោក ឡេ គឹមហ្វាង ឈ្មោះក្រៅធ្លាប់ហៅ (ហ្វាងហ្វិញ) ប្រធានក្រុម នឹងជាគ្រូបង្វឹកក្រុមទូក-ងវត្តពិសីវរារាម បានឱ្យដឹង៖ បច្ចុប្បន្នក្រុមមានកីឡាករ កីឡាការិនីសរុប ១០៥ នាក់ ក្នុងនោះមានបុរស ៧៥ នាក់ និងនារី ៣០ នាក់។ ភាគច្រើនគឺជាយុវជនយុវតីខ្មែរក្នុងភូមិស្រុក ដែលស្ម័គ្រចិត្តចូលរួម ដោយមានចំណូលចិត្តចំពោះវិញ្ញាសាកីឡាប្រពៃណីនេះ។ បច្ចុប្បន្ន ក្រុមកំពុងផ្តោតការហ្វឹកហាត់ដើម្បីត្រៀមចូលរួមប្រកួតទូក-ងដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី ២១ និងទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅឯទីតាំងប្រណាំងទូក-ង ព្រែកឡាងថេ ឃុំប៊ិញភូ ខេត្តវិញឡុង។ បងស្រី គឹម ធីលីនា នៅភូមិង្វៀកឡាង B ឃុំប៊ិញភូ បានចំណាយពេល ៤ ឆ្នាំផ្សារភ្ជាប់ជាមួយក្រុម។ ចំពោះបងស្រី រដូវកាលប្រកួតនីមួយៗគឺជាឱកាសដើម្បីហ្វឹកហាត់ជាមួយមិត្តរួមក្រុម ប្រកួតប្រជែង និងរួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិ។ បងស្រី លីណា រៀបរាប់៖ យើងខ្ញុំចូលរួមដោយសារចូលចិត្ត និងមានបំណងចង់ថែរក្សាវិញ្ញាសាកីឡាប្រពៃណីរបស់ជនរួមជាតិខ្មែរ។ ទោះបីឈ្នះឬចាញ់ក៏ដោយ ខ្ញុំនៅតែមានក្តីរីករាយពេលបានប្រកួតរួមជាមួយមិត្តរួមក្រុម និងតែងតែខិតខំអស់ពីសមត្ថភាពដើម្បីរួមចំណែកនាំមកនូវស្នាដៃល្អជូនដល់ក្រុម។
លោក ត្រឹង ក្វឹកគឿង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំប៊ិញភូ បានឱ្យដឹង៖ ភូមិភាគគ្រោងនឹងឧបត្ថម្ភថវិកាប្រមាណ ៤០០ លានដុង ដើម្បីបម្រើឱ្យការហ្វឹកហាត់ និងការប្រកួតរបស់ក្រុម រួមនឹងថវិកាសម្រាប់កីឡាករ និងកម្លាំងព័ស្តុភារ។ ក្នុងនោះ កីឡាករ កីឡាការិនីទាំង ១០៥ នាក់ បានឧបត្ថម្ភកម្លាំងហ្វឹកហាត់ចំនួន ១៥០.០០០ ដុងម្នាក់ក្នុងមួយថ្ងៃ ក្នុងរយៈពេល ២០ ថ្ងៃ។ ក្រៅពីនោះ ភូមិភាគនៅទាំងកៀរគរសប្បុរសជននានាឱ្យជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគចាំបាច់សម្រាប់ក្រុមទៀតផង។
យោងតាមព្រះតេជព្រះគុណ ថាច់ថាញហ្វៀង ព្រះចៅអធិការវត្តពិសីវរារាម មានសង្ឃដីកាថា វត្តតែងតែយកចិត្តទុកដាក់ក្នុងសកម្មភាពរបស់ក្រុម ព្រមទាំងបង្កលក្ខណៈឱ្យយុវជនបានហ្វឹកហាត់ និងប្រកួតប្រជែង។ ទន្ទឹមនឹងគោលដៅយកស្នាដៃ ក្រុមទូក-ងថែមទាំងបង្កទីលានកម្សាន្តដ៏មានប្រយោជន៍ និងពង្រឹងសាមគ្គីភាពក្នុងសហគមន៍។ ជាមួយនឹងការរួមដំណើររបស់ភូមិភាគ វត្តនិងសប្បុរសជន កីឡាករ កីឡាការិនីមានកម្លាំងចិត្តបន្ថែមក្នុងការប្រកួតប្រជែងអស់ពីសមត្ថភាព រួមចំណែកអភិរក្សវិញ្ញាសាកីឡាប្រពៃណី និងពង្រីកការដោះដូរគ្នាក្នុងរដូវបុណ្យទាន៕
ទីទុយ-មេងលី