ដោយឧត្តមភាពជាតំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករ ទើបឃុំធ្វឹងហ្វា ទីក្រុងកឹងធើ មានតម្លៃវប្បធម៌ដ៏ពិសេសជាច្រើន ដែលបានថែរក្សាតៗគ្នាពីជំនាន់មួយទៅជំនាន់មួយ។ ចាប់ពីវត្តអារាមដិតដាមដោយស្ថាបត្យកម្មវប្បធម៌ខ្មែរ ទីតាំងទេសចរណ៍យៀងតៀង ព្រមទាំងភូមិរបរនិងសិល្បៈប្រជាប្រិយនៅភូមិភាគ កំពុងបង្កើតជាផលិតផលទេសចរណ៍ពិសេស ដោយនាំយកវប្បធម៌ទៅជាធនធានសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
* លើកតម្លៃវប្បធម៌ឱ្យរស់ឡើងវិញ
តាមប្រសាសន៍លោក ត្រឹងមិញ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំធ្វឹងហ្វា ភូមិភាគគឺជាកន្លែងប្រមូលផ្ដុំនិងលាយចម្រុះគ្នានៃវប្បធម៌របស់ជនជាតិទាំង ៣ គឺ កិញ-ខ្មែរ-ហ្វា។ ការសាមគ្គីនិងភាពស្អិតរមួតរវាងជនជាតិទាំងអស់ បានបង្កើតឱ្យមានជីវភាពវប្បធម៌ដ៏សម្បូរបែប ដែលមានតម្លៃជាអនេកខាងស្ថាបត្យកម្ម ពិធីបុណ្យ ជំនឿនិងសិល្បៈ។ ពិសេស សិល្បៈល្ខោនបាសាក់ របាំនិងរាំវង់ជាដើម គឺជាតម្លៃវប្បធម៌ដែលកំពុងបានអភិរក្សនិងលើកកម្ពស់។ ផ្ដើមពីឧត្តមភាពនេះ ឃុំធ្វឹងហ្វា កំណត់ច្បាស់ការអភិវឌ្ឍទេសចរណ៍អេកូឡូស៊ី និងទេសចរណ៍សហគមន៍ភ្ជាប់ជាមួយការអភិរក្សវប្បធម៌ខ្មែរ ជាទិសដៅសមស្របនិងមានចីរភាព ដើម្បីផ្សព្វផ្សាយអត្តសញ្ញាណរបស់ភូមិភាគ ព្រមទាំងបង្កើតមុខរបរនិងប្រភពចំណូលបន្ថែមដល់ប្រជាជន។

របាំជូនពររបស់សហករណ៍វប្បធម៌-ទេសចរណ៍-សិល្បៈយៀងតៀង។
ចំណុចលេចធ្លោមួយក្នុងចំណោមនោះ គឺសហករណ៍វប្បធម៌-ទេសចរណ៍-សិល្បៈយៀងតៀង ដែលជាកន្លែងប្រមូលផ្តុំអ្នកដែលមានចិត្តស្រឡាញ់ និងប្តេជ្ញាចិត្តចំពោះវប្បធម៌និងសិល្បៈប្រពៃណី។ សហករណ៍កំពុងរៀបចំជាជំហានៗនូវសកម្មភាពបម្រើភ្ញៀវទេសចរ ដើម្បីឧទ្ទេសនាមអំពីប្រណីតភាពនៃវប្បធម៌ខ្មែរ និងការតភ្ជាប់ជាមួយគោលដៅទេសចរណ៍នានាលើភូមិឋាន។ អ្នកស្រីស៊ើងធីយ៉ីវ នាយិកាសហករណ៍វប្បធម៌-ទេសចរណ៍-សិល្បៈយៀងតៀង ឱ្យដឹង៖ "យើងខ្ញុំកំណត់ច្បាស់ថា ការធ្វើទេសចរណ៍ត្រូវចាប់ផ្តើមពីការថែរក្សាតម្លៃវប្បធម៌ដែលមានស្រាប់។ សមាជិកសហករណ៍ទាំងអស់សុទ្ធតែមានចិត្តស្រឡាញ់ និងចង់ឧទ្ទេសនាមរបាំនិងបទចម្រៀងរបស់ជនជាតិខ្មែរដល់ភ្ញៀវទេសចរក្នុងប្រទេសនិងអន្តរជាតិ។ នៅពេលខាងមុខ សហករណ៍នឹងតភ្ជាប់ជាមួយភូមិរបរ និងទីតាំងទេសចរណ៍នានា ដើម្បីសម្តែងសិល្បៈ បង្កើតបទពិសោធន៍កាន់តែច្រើនសម្រាប់ភ្ញៀវទេសចរ និងរួមចំណែកបង្កើតមុខរបររកស៊ីចិញ្ចឹមជីវិតដល់ប្រជាជន"។
រួមជាមួយវប្បធម៌ ភូមិរបរប្រពៃណីក៏ជាឧត្តមភាពមួយជួយឱ្យឃុំធ្វឹងហ្វា អភិវឌ្ឍទេសចរណ៍ឆ្លងបទពិសោធន៍។ សហករណ៍តម្បាញផ្តៅនិងឫស្សីធ្វីត្វៀត កំពុងបន្តរក្សារបរតម្បាញប្រពៃណីរបស់ជនរួមជាតិខ្មែរ ពង្រីកប្រភពវត្ថុធាតុដើមនិងជំនាញរបស់សិប្បករក្នុងភូមិភាគ ដើម្បីបង្កើតបានផលិតផលសិប្បកម្មសម្រាប់ផ្គត់ផ្គង់ទីផ្សារ។ អ្នកស្រីទ្រឿងធីបាច់ធ្វី នាយកសហករណ៍តម្បាញផ្តៅនិងឫស្សី ធ្វីត្វៀត ឱ្យដឹង ការរក្សាភូមិរបរមិនត្រឹមតែបង្កការងារធ្វើ និងប្រាក់ចំណូលសម្រាប់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងរួមចំណែកថែរក្សាមុខរបរប្រពៃណីរបស់ដូនតា។ នៅពេលខាងមុខ សហករណ៍នឹងផ្សារភ្ជាប់ភូមិរបរជាមួយវិស័យទេសចរណ៍ ដើម្បីឱ្យភ្ញៀវទេសចរមិនត្រឹមតែបានទស្សនាផលិតផលសិប្បកម្មប៉ុណ្ណោះទេ ថែមទាំងអាចទទួលបានការណែនាំពីសិប្បករនិងចូលរួមធ្វើផលិតផលដោយផ្ទាល់តាមចំណង់ចំណូលចិត្ត។ ចាប់ពីវត្ថុធាតុដើម ថ្វីដៃរបស់សិប្បករ រហូតដល់ផលិតផលសម្រេច គ្រប់ដំណាក់កាលសុទ្ធតែអាចក្លាយជាបទពិសោធន៍វប្បធម៌ដ៏ស្និទ្ធស្នាលមួយ ជួយឱ្យភ្ញៀវទេសចរយល់ដឹងកាន់តែច្បាស់អំពីជីវភាពរស់នៅ និងតម្លៃពលកម្មរបស់ប្រជាជននៅភូមិភាគ។
*តភ្ជាប់ទីតាំងទេសចរណ៍ បង្កើតភាពទាក់ទាញ
ក្រៅពីសហករណ៍វប្បធម៌-ទេសចរណ៍-សិល្បៈនិងភូមិរបរ ទីតាំងទេសចរណ៍សាសនាយៀងតៀង រួមជាមួយស្ថាបត្យកម្មដ៏ប្លែកនៃវត្តអារាមខ្មែរ ក៏ជាទីតាំងទេសចរណ៍ដែលមានសក្តានុភាពខ្ពស់។ ទីតាំងទាំងនេះ មិនត្រឹមតែជាកន្លែងសម្រាប់សហគមន៍ធ្វើសកម្មភាពជំនឿសាសនាប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវតម្លៃផ្នែកស្ថាបត្យកម្ម ប្រវត្តិសាស្ត្រនិងវប្បធម៌។ ដោយផ្អែកលើឧត្តមភាពដែលមានស្រាប់របស់ភូមិភាគ ឃុំធ្វឹងហ្វានឹងតភ្ជាប់ទីតាំងទេសចរណ៍នានាជាមួយអាជីវកម្ម អង្គភាពទេសចរណ៍ ដើម្បីរៀបចំជើងទេសចរណ៍ឱ្យសមស្រប។ មកដល់ឃុំធ្វឹងហ្វា ភ្ញៀវទេសចរអាចទស្សនាវត្តអារាម ស្វែងយល់អំពីវប្បធម៌ខ្មែរ បានឆ្លងបទពិសោធន៍នៅភូមិរបរ ទស្សនានិងកម្សាន្តអារម្មណ៍ជាមួយសកម្មភាពវប្បធម៌-សិល្បៈ ព្រមទាំងស្វែងយល់ពីទេសភាពរបស់ភូមិភាគក្នុងដំណើរទេសចរណ៍តែមួយ។

សហករណ៍តម្បាញផ្តៅនិងឫស្សី ធ្វីត្វៀត មានផលិតផលសិប្បកម្មជាច្រើនប្រភេទសម្រាប់ភ្ញៀវទេសចរជ្រើសរើសនៅពេលមកដល់ឃុំធ្វឹងហ្វា។
លោកត្រឹងមិញ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំធ្វឹងហ្វា បានឱ្យដឹង ភមិភាគបានកំណត់ច្បាស់ ការអភិរក្សវប្បធម៌ត្រូវដើរទន្ទឹមគ្នាជាមួយការអភិវឌ្ឍទេសចរណ៍។ ឃុំនឹងបង្កលក្ខណៈដើម្បីសហករណ៍ ភូមិរបរនិងទីតាំងវប្បធម៌-ទេសចរណ៍សាសនា ភ្ជាប់ទំនាក់ទំនងនិងសហការគ្នា ដើម្បីបង្កើតជាផលិតផលនិងជើងទេសចរណ៍ឆ្លងបទពិសោធន៍ដ៏ពិសេស។ ជាមួយគ្នានេះ ឃុំនឹងអនុវត្តជាជំហានៗដើម្បីលើកកម្ពស់គុណភាពផលិតផល បង្កើនការផ្សព្វផ្សាយដើម្បីឧទ្ទេសនាមពីរូបភាពឃុំធ្វឹងហ្វាទៅកាន់ភ្ញៀវទេសចរ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងធ្វើឱ្យសហគមន៍ក្លាយជាតួអង្គសំខាន់ក្នុងការថែរក្សានិងលើកកម្ពស់វប្បធម៌។
ដោយតម្លៃវប្បធម៌ខ្មែរដ៏ពិសេស ស្ថាបត្យកម្មដ៏ប្លែកនៃវត្តអារាមខ្មែរ ទីតាំងទេសចរណ៍សាសនាយៀងតៀង ព្រមទាំងភូមិរបរនិងសកម្មភាពសិល្បៈប្រពៃណី ឃុំធ្វឹងហ្វា កំពុងមានឱកាសច្រើនសម្រាប់បង្កើតទិសដៅអភិវឌ្ឍទេសចរណ៍សហគមន៍ដែលមានលក្ខណៈពិសេសដោយឡែក។ នៅពេលតម្លៃវប្បធម៌ទាំងនេះបានអភិរក្ស តភ្ជាប់និងទាញយកផលសមស្រប ឃើញថា វត្តអារាម ភូមិរបរ របាំ ឬផលិតផលសិប្បកម្មនីមួយៗនឹងក្លាយជាផ្នែកមួយនៃដំណើរឆ្លងបទពិសោធន៍ រួមចំណែកធ្វើឱ្យឃុំធ្វឹងហ្វាក្លាយជាទីតាំងទេសចរណ៍ដែលពោរពេញដោយអត្តសញ្ញាណវប្បធម៌៕
យ៉ីអាញ - ពេជ្រសឿន