ដោយមានឧត្តមភាពខាងលក្ខណៈធម្មជាតិនិងធនធានទេសចរណ៍ ឃុំគៀងលឿង ខេត្តអាងយ៉ាង កំពុងអនុវត្តដំណោះស្រាយជាច្រើន សំដៅទាញយកសក្ដានុភាពប្រកបដោយប្រសិទ្ធភាព ធ្វើឱ្យទេសចរណ៍ក្លាយជាវិស័យសេដ្ឋកិច្ចសំខាន់ រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ។

ភ្ញៀវទេសចរឆ្លងបទពិសោធន៍ស្វែងយល់រូងភ្នំ នៅមណ្ឌលរមណីយដ្ឋានភ្នំថ្មស។
ក្រោយពីរួមបញ្ចូលអង្គភាពរដ្ឋបាល ឃុំគៀងលឿង មានផ្ទៃដីសរុបជាង ១៤.០០០ ហិកតា ជាមួយភូមិសាស្ត្រទួលភ្នំ វាលទំនាប និងពិសេសគឺមានខ្សែឆ្នេរសមុទ្រប្រវែងប្រមាណ ២៩ គីឡូម៉ែត្រ។ ការប្រសព្វគ្នានៃកត្តាធម្មជាតិបានបង្កើត ជាឧត្តមភាពលេចធ្លោ ដើម្បីអភិវឌ្ឍរូបភាពទេសចរណ៍យ៉ាងសម្បូរបែប ដូចជា ទេសចរណ៍ជីវបរិស្ថាន សម្រាកលំហែកាយនៅតំបន់សមុទ្រ ស្វែងយល់រូងភ្នំ និងទេសចរណ៍បែបជំនឿសាសនា។
ភាពលេចធ្លោក្នុងប្រព័ន្ធទីតាំងទាំងនោះគឺ បណ្ដុំរមណីយដ្ឋានហងចុង ជាមួយភូមិសាស្ត្រល្បីៗ ដូចជា កោះហងភូតឺ វត្តហាង (ហាយស៊ើងទឺ) ឆ្នេរខ្សាច់បាយយឿង ដែលជាកេរដំណែលថ្នាក់ជាតិ។ ទីនេះមិនត្រឹមតែទាក់ទាញដោយសម្រស់ធម្មជាតិអស្ចារ្យប៉ុណ្ណោះទេ ថែមទាំងប្រកបដោយតម្លៃវប្បធម៌ និងជំនឿសាសនារបស់ប្រជាជនក្នុងតំបន់ទៀតផង។ ទន្ទឹមនឹងនោះ តំបន់កេរដំណែលប្រវត្តិសាស្ត្រនិងទេសភាពភ្នំថ្មស ដែលមានប្រព័ន្ធរូងភ្នំធម្មជាតិប្លែក ផ្សារភ្ជាប់នឹងដានប្រវត្តិសាស្ត្រឆ្លងកាត់ជាច្រើនសម័យកាល ក៏រួមចំណែកបង្កើតភាពទាក់ទាញដោយឡែកសម្រាប់ទេសចរណ៍គៀងលឿងផងដែរ។ ដើម្បីទាញយកសក្ដានុ ភាពទាំងនេះយ៉ាងមានប្រសិទ្ធភាព ភូមិភាគបានយកចិត្តទុកដាក់ដល់ការងាររៀបគម្រោងប្លង់ និងវិនិយោគអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍។ លើសពីនេះ ការងារផ្សព្វផ្សាយ ជំរុញការវិនិយោគក៏បានជំរុញយ៉ាងខ្លាំងក្លា ពង្រីកការចងសម្ព័ន្ធជាមួយភូមិភាគនានាទាំងក្នុងនិងក្រៅខេត្ត ដើម្បីធ្វើឱ្យផលិតផលទេសចរណ៍កាន់តែសម្បូរបែប។
យោងតាមស្ថិតិរបស់គណៈកម្មាធិការប្រជាជនឃុំគៀងលឿង ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦ ភូមិភាគទទួលភ្ញៀវទេសចរជាង ៩៦.០០០ នាក់ ចំណូលពីទេសចរណ៍សម្រេចជាង ២,២ ពាន់លានដុង។ ដោយឡែកក្នុងខែមិថុនា ឆ្នាំ ២០២៦ ដែលជាចំណុចកំពូលនៃទេសចរណ៍រដូវវិស្សមកាល ឃុំទទួលភ្ញៀវប្រមាណជាង ២៤.០០០ នាក់ ចំណូលសម្រេចបានជាង ៥៦៣ លានដុង។ លទ្ធផលនេះបង្ហាញយ៉ាងច្បាស់ពីភាពទាក់ទាញកាន់តែខ្លាំងនៃរមណីយដ្ឋានទេសចរណ៍លើភូមិឋាន។ អ្នកទេសចរទ្រីវធីថាវ អញ្ជើញមកពីទីក្រុងកឹងធើ បានចែករំលែក ថា គៀងលឿងមានទេសភាពធម្មជាតិប្លែកៗ ពិសេស គឺការគួបផ្សំរវាងភ្នំនិងសមុទ្រដ៏កម្រមាន។ ភូមិភាគ គប្បីបន្តយកចិត្តទុកដាក់អភិរក្សបណ្ដាតម្លៃវប្បធម៌ និងប្រវត្តិសាស្ត្រ ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍ តាមរយៈនោះ លើកកម្ពស់ស្មារតី សហគមន៍ក្នុងការថែរក្សាទេសភាពបរិស្ថាន សំដៅកសាងរូបភាពតំបន់ទេសចរណ៍ប្រកបដោយភាពស្និទ្ធស្នាល និងស៊ីវិល័យ។
លោកត្រឹងប៊ិញទ្រុង ប្រធានគណៈកម្មាធិការប្រជាជនឃុំគៀងលឿង បានឱ្យដឹងថា ដើម្បីបង្កជាកម្លាំងស្ទុះសម្រាប់ផ្នែកទេសចរណ៍ រយៈពេលកន្លង ភូមិភាគបានផ្តោតលើការទាក់ទាញអាជីវកម្មវិនិយោគ លើវិស័យទេសចរណ៍និងសេវាកម្ម។ មានមូលដ្ឋាន ស្នាក់នៅភោជនីយដ្ឋាន និងសណ្ឋាគារជាច្រើន ត្រូវបានវិនិយោគ បង្កើនកម្រិតជាជំហានៗឆ្លើយតបតម្រូវការរបស់ភ្ញៀវទេសចរ។ ទន្ទឹមនឹងនោះ ឃុំលើកទឹកចិត្តអភិវឌ្ឍផលិតផលទេសចរណ៍ឆ្លងបទពិសោធន៍ ផ្សារភ្ជាប់ជាមួយសមុទ្រ កោះ រមណីយដ្ឋានធម្មជាតិ និងទេសចរណ៍វប្បធម៌ - ជំនឿសាសនា ព្រមទាំងយកចិត្តទុកដាក់កែលម្អនិងជួសជុលបណ្ដាតំបន់ទេសចរណ៍និងកេរដំណែលប្រវត្តិសាស្ត្រ ក្នុងគោលបំណងលើកកម្ពស់គុណភាពបម្រើសេវាកម្មឱ្យកាន់តែល្អប្រសើរ៕
ហុងទើ - ថាច់ធី