អនុវត្តចលនា “ទូទាំងប្រជាជនហាត់ប្រាណតាមគំរូអ៊ំហូដ៏មហិមា” បណ្តាភូមិភាគនៅតំបន់ជនជាតិភាគតិចនៃទីក្រុងកឹងធើ បានចាត់តាំងសកម្មភាពកីឡាអប់រំកាយជាប្រចាំ ដែលទាក់ទាញប្រជាជនចូលរួមយ៉ាងច្រើនកុះករ។ ក្នុងនោះ មានវិញ្ញាសាកីឡា ដូចជា បាល់ទាត់ បាល់ទះ អុក និងបោះប៊ូល បានចាត់តាំងជាញឹកញាប់ ស្របតាមលក្ខណៈជាក់ស្តែងនៃភូមិឋាននីមួយៗ។

ប្រជាជនចូលរួមយ៉ាងសកម្មក្នុងសកម្មភាពកីឡាអប់រំកាយ។
ការចាត់តាំងមហាសន្និបាតកីឡាអប់រំកាយ គ្រប់ថ្នាក់ ឈានដល់ការចាត់តាំងមហាសន្និបាតកីឡាអប់រំកាយទីក្រុងកឹងធើ បានបង្កបរិយាកាសប្រកួតប្រជែងយ៉ាងផុសផុលក្នុងប្រជាជន។ មហាសន្និបាតកីឡាអប់រំកាយទីក្រុងកឹងធើ លើកទី១០ ឆ្នាំ ២០២៦ ប្រព្រឹត្តទៅចាប់ពីដើមខែកក្កដា រហូតដល់ខែកញ្ញា ឆ្នាំ២០២៦ ដោយមានវិញ្ញាសាកីឡាចំនួន ២០ និងប្រមូលផ្តុំអត្តពលិកមកពីបណ្តុំ ឃុំ - សង្កាត់ចំនួន ២៨ ព្រមទាំងអង្គភាពនានា ដូចជា ផ្នែកអប់រំ កងកម្លាំងនគរបាល និងយោធាក្នុងទីក្រុងចូលរួមផងដែរ។ លោកឡឹមហ្វាងយូ ប្រជាជននៅភូមិត្រាសេត ឃុំវិញហាយ ឱ្យដឹង៖ “អាស្រ័យមានសកម្មភាពកីឡានៅភូមិភាគ ជាពិសេសគឺមហា សន្និបាតកីឡាអប់រំកាយរបស់ឃុំកន្លងហើយ បានបង្កលក្ខណៈឱ្យប្រជាជនចូលរួមប្រកួតប្រជែងលើវិញ្ញាសាផ្សេងៗ ដូចជា៖ បោះប៊ូល បាល់ទះ បាល់ទាត់... ទុកជាការហាត់ប្រាណដើម្បីសុខភាព ដោះដូរ និងបង្កើនសាមគ្គីភាពទៀតផង។ អាស្រ័យទទួលបានស្នាដៃខ្ពស់ក្នុងវិញ្ញាសារកីឡាបាល់ទាត់នៅមហាសន្និបាតកីឡាអប់រំកាយថ្នាក់ឃុំ ទើបខ្ញុំមានឱកាសរួមជាមួយអត្តពលិកដទៃទៀតហ្វឹកហាត់យ៉ាងសកម្ម ដើម្បីចូលរួមមហាសន្និបាតកីឡាអប់រំកាយថ្នាក់ទីក្រុង”។
ទន្ទឹមនឹងនោះ បណ្តាអង្គភាពឃុំ-សង្កាត់ក្នុងតំបន់ជនជាតិភាគតិច ក៏បានរៀបចំសកម្មភាពកីឡាជាប្រចាំ ដូចជា ប្រកួតកីឡាអំណរពិធីបុណ្យសែនដូនតា បុណ្យចូលឆ្នាំថ្មី និងទិវារត់ប្រណាំងអូឡាំពិក ដើម្បីសុខភាពប្រជាជន... បានទាក់ទាញរាប់ពាន់នាក់ចូលរួម។ ដោយឡែក បណ្តាកម្មវិធីសហគមន៍ មានព្រឹត្តិការណ៍ខ្លះបានប្រមូលផ្តុំប្រជាជន សិស្សានុសិស្ស និងកម្មាភិបាលជាង ១.៥០០ នាក់ចូលរួម រួមចំណែកបង្កជាទម្លាប់ហាត់ប្រាណក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ផ្តើមពីនោះ កាន់តែទាក់ទាញប្រជាជនចូលរួម ធ្វើឱ្យចលនាកីឡាអប់រំកាយមហាជនរបស់ទីក្រុងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពរីកចម្រើន។ ប្រព័ន្ធក្លឹបកីឡានៅមូលដ្ឋានកាន់តែបានពង្រឹងនិងពង្រីក ដោយមានក្លឹបរាប់ពាន់បានដំណើរការមានប្រសិទ្ធភាព បង្កជាបរិយាកាសហាត់ប្រាណថែទាំសុខភាពជាប្រចាំសម្រាប់ប្រជាជន។ ឆ្នាំ២០២៥ ទូទាំងទីក្រុងទាំងមូលមានប្រជាជនជាង ១,២៥ លាននាក់ចូលរួមហាត់ប្រាណជាប្រចាំ និងមានក្លឹបជាង ៣.៥០០ កំពុងដំណើរការ ដែលបង្ហាញពីការរីកសាយភាយយ៉ាងខ្លាំងនៃចលនានេះ។
តាមប្រសាសន៍លោក ង្វៀងវ៉ាំងបៃ នាយកមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ទីក្រុងកឹងធើ បានឱ្យដឹង៖ “ឆ្លងកាត់ច្រើនដំណាក់កាលប្រវត្តិសាស្ត្រផ្នែក កីឡាអប់រំកាយតែងរួមដំណើរការជាមួយប្រជាជាតិ រួមចំណែកលើកកម្ពស់សុខភាពប្រជាជន បំប៉នកាយសម្បទា កម្លាំងប្រាជ្ញានិងបញ្ជាក់ពីឋានៈរបស់មនុស្សជាតិវៀតណាមនៅលើឆាកអន្តរជាតិ។ នៅឆ្នាំ២០២៥ អត្រាប្រជាជនទីក្រុងកឹងធើ ចូលរួមហាត់ប្រាណជាប្រចាំសម្រេចប្រមាណ ៣៩% នៃចំនួនប្រជាជន ហើយចំនួនគ្រួសារកីឡាសម្រេចជាង ២៥%។ ហេតុនេះ បានបញ្ជាក់ឱ្យឃើញថា ចលនាកីឡាអប់រំកាយមហាជនពីមួយថ្ងៃកាន់តែអភិវឌ្ឍនិងរីកសាយភាយ បង្កជាកម្លាំងទាក់ទាញយ៉ាងខ្លាំងក្នុងប្រជាជន ពិសេសគឺប្រជាជននៅតំបន់ជនជាតិភាគតិច”៕
ហុងទើ-ត្រឹងរ៉ូន