ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ១០១ ឆ្នាំ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១/៦/១៩២៥ - ២១/៦/២០២៦) កាសែត វិទ្យុនិងទូរទស្សន៍ទីក្រុងកឹងធើ សូមគោរពលើកយកនូវអត្ថបទរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម ក្រោមចំណងជើងថា "សារព័ត៌មានបដិវត្តន៍វៀតណាមក្នុងយុគសម័យឌីជីថល"។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម ថ្លែងការណ៍ក្នុងជំនួបជាមួយអ្នកសារព័ត៌មានឆ្នើមចំនួន ១០១ រូប ដែលបានសម្រេចរង្វាន់សារព័ត៌មានជាតិក្នុងបណ្តាឆ្នាំកន្លង ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ១០១ឆ្នាំ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១/៦/១៩២៥ - ២១/៦/២០២៦)។
បន្ទាប់ពីរួមដំណើរជាមួយប្រជាជាតិអស់រយៈពេលជាងមួយសតវត្សរ៍ សារព័ត៌មានបដិវត្តន៍វៀតណាមកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយ និងមានលក្ខណៈខុសប្លែកយ៉ាងខ្លាំងស្ទើរតែគ្រប់វិស័យ។ លំហឌីជីថលបានក្លាយជាសមាសភាគដ៏សំខាន់ និងមិនអាចខ្វះបានក្នុងជីវភាពរស់នៅជាក់ស្តែងប្រចាំថ្ងៃ។ បច្ចេកវិទ្យាឌីជីថល ទិន្នន័យធំ បញ្ញាសិប្បនិម្មិត បណ្តាញសង្គម និងបណ្តាញផ្សព្វផ្សាយឆ្លងដែន បានធ្វើឱ្យផ្លាស់ប្តូរពីឫសគល់នៃរបៀបដែលព័ត៌មានបានបង្កើតឡើង ចែកចាយ ទទួលយក និងផ្ទៀងផ្ទាត់។
សព្វថ្ងៃនេះ ប្រជាពលរដ្ឋរៀនសូត្រ ធ្វើការ ប្រាស្រ័យទាក់ទង ទិញលក់ កម្សាន្ត បញ្ចេញមតិយោបល់ និងចូលរួមក្នុងបញ្ហាសង្គមនានាតាមរយៈបណ្តាញអនឡាញ។ លំហូរព័ត៌មានលឿនរហ័ស និងសម្បូរបែបបាននាំមកនូវឱកាសដ៏ធំធេងសម្រាប់ការផ្សព្វផ្សាយចំណេះដឹង ប្រជាធិបតេយ្យក្នុងសង្គមនិងការផ្លាស់ថ្មី ច្នៃប្រតិដ្ឋ។ រាល់គោលការណ៍ធំៗរបស់បក្ស គោលនយោបាយថ្មីរបស់រដ្ឋ និងព័ត៌មានវិជ្ជមាននានា អាចផ្ញើទៅដល់ប្រជាជនរាប់សិបលាននាក់ក្នុងពេលតែមួយ តាមរយៈទម្រង់ និងមធ្យោបាយផ្សេងៗគ្នាជាច្រើន។ បច្ចេកវិទ្យាបានជួយឱ្យសារព័ត៌មានខិតជិតប្រជាពលរដ្ឋជាង និងទទួលបានការឆ្លើយតបវិញឆាប់រហ័ស។
ទោះជាយ៉ាងណាក៏ដោយ បរិយាកាសបណ្តាញញ៉ាំងឱ្យជីវភាពព័ត៌មានកាន់តែមានភាពស្មុគស្មាញ ងាយរងឥទ្ធិពលដោយអារម្មណ៍មួយឆាវ ព័ត៌មានមិនពិត ក្ដាប់បញ្ជាក្បួនដោះស្រាយ និងសកម្មភាពផ្សព្វផ្សាយព័ត៌មានដែលមានគោលបំណងទុច្ចរិត។ ព័ត៌មានក្លែងក្លាយ ព័ត៌មានពាក់កណ្តាលពិត ពាក់កណ្តាលក្លែងក្លាយ ភាពស្រពិចស្រពិល រូបភាពនិងសំឡេងបន្លំ ខ្លឹមសារបានបង្កើតឡើងដោយបញ្ហាសិប្បនិម្មិត ការរំលោភលើកម្មសិទ្ធិបញ្ញា ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត និងការលួចទិន្នន័យ កំពុងកើតឡើងដោយល្បិចកលល្អិតល្អន់។ ព័ត៌មានខុសអាចរីករាលដាលទៅឆ្ងាយ មុនពេលបានពិនិត្យផ្ទៀងផ្ទាត់។ ស្ថានភាពនៃការកាត់ត ពាក្យនិយាយ អាចធ្វើខូចកេរ្តិ៍ឈ្មោះបុគ្គល អង្គភាព ហើយថែមទាំងប៉ះពាល់ដល់ជំនឿទុកចិត្តរបស់ប្រជាជនលើគោលនយោបាយរបស់បក្ស និងរដ្ឋ។
នៅក្នុងសណ្តាប់ធ្នាប់ប្រព័ន្ធផ្សព្វផ្សាយថ្មី សារព័ត៌មានមិនរក្សាបាននូវតួនាទីស្ទើរតែផ្តាច់មុខក្នុងការផ្តល់ព័ត៌មានទៀតហើយ។ គិតត្រឹមចុងឆ្នាំ ២០២៥ វៀតណាមមានអ្នកប្រើប្រាស់អ៊ីនធឺណិតប្រហែល ៨៥,៦ លាននាក់ ស្មើនឹង ៨៤,២% នៃចំនួនប្រជាជនសរុប និងមានគណនីអត្តសញ្ញាណអ្នកប្រើប្រាស់បណ្តាញសង្គមប្រហែល ៧៩ លានគណនី។ យោងតាមទិន្នន័យស្ថិតិចុងក្រោយបង្អស់ ចំនួនគណនីសរុបរបស់ប្រជាជនវៀតណាមដែលប្រើប្រាស់បណ្តាញសង្គមក្នុងប្រទេសមានប្រហែល ១១០ លានគណនី ខណៈដែលគណនីនៅលើបណ្តាញសង្គមបរទេសមានប្រហែល ២០៣ លានគណនី។ បរិយាកាសឌីជីថលបែបនេះ ជួយឱ្យសារព័ត៌មាន មានទាំងឱកាសកៀកជិតសាធារណជនយ៉ាងទូលំទូលាយបំផុតដែលមិនធ្លាប់មានពីមុនមក ទាំងត្រូវប្រកួតប្រជែងដោយផ្ទាល់ជាមួយលំហូរខ្លឹមសារដ៏ច្រើនអនេកដែលបង្កើតឡើងដោយបណ្តាញផ្សព្វផ្សាយ និងអ្នកប្រើប្រាស់ជារៀងរាល់ម៉ោង រៀងរាល់នាទី។ នៅក្នុងលំហឌីជីថល ហាក់ដូចបុគ្គលគ្រប់រូបសុទ្ធតែអាចផ្តល់ព័ត៌មាន។ គណនីបណ្តាញសង្គមទាំងអស់សុទ្ធតែអាចបង្ក ឥទ្ធិពលនៅក្នុងសហគមន៍ណាមួយជាមិនខាន។
ទោះជាយ៉ាងណា ការផ្លាស់ប្តូរនោះមិនបានកាត់បន្ថយតួនាទីរបស់សារព័ត៌មានបដិវត្តន៍ឡើយ។ ផ្ទុយទៅវិញ នៅពេលដែលព័ត៌មានមានច្រើនហួសប្រមាណ សង្គមកាន់តែត្រូវការអាសយដ្ឋានដែលគួរទុកចិត្តបាន ដើម្បីកំណត់ថាអ្វីជាការពិត អ្វីដែលត្រូវផ្ទៀងផ្ទាត់បន្ថែម និងអ្វីគ្រាន់តែជាការបញ្ចេញអារម្មណ៍របស់មនុស្សមួយក្រុម ឬជាការរៀបចំទុកជាមុនដោយមានបំណងច្បាស់លាស់។ ករណីនេះទាមទារឱ្យមានវិជ្ជាជីវៈ ឥរិយាបថការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានគោលជំហររឹងមាំចំពោះមុខរាល់សម្ពាធទាំងឡាយ។ សារព័ត៌មានត្រូវតែជាកន្លែងដែលប្រជាពលរដ្ឋស្វែងរកនៅពេលត្រូវការបញ្ជាក់ដែលអាចទុកចិត្តបាន មិនមែនជាកន្លែងដែលរត់តាមនិន្នាការនោះទេ។ សង្គមត្រូវការកន្លែងគួរឱ្យទុកចិត្តដើម្បីយល់ដឹងពីការពិតឱ្យបានត្រឹមត្រូវ។ ប្រជាពលរដ្ឋត្រូវការដឹងតើមានរឿងអ្វីបានកើតឡើង ហេតុអ្វីបានជាកើតឡើង ប៉ះពាល់ដល់អ្នកណា ទំនួលខុសត្រូវជារបស់អ្នកណា និងដំណោះស្រាយណាខ្លះដែលមានមូលដ្ឋានច្បាស់លាស់។
លំហឌីជីថលក៏ត្រូវការផងដែរនូវស្នាដៃសារព័ត៌មានដែលសម្បូរទៅដោយទិន្នន័យ មានខ្លឹមសារចម្រុះ របៀបរៀបរាប់សម្បូរបែប និងការវិភាគគោលនយោបាយយ៉ាងស៊ីជម្រៅ។ បញ្ហាជាច្រើននាពេលបច្ចុប្បន្ន ចាប់តាំងពីការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ការកែទម្រង់រដ្ឋបាល គោលនយោបាយសុខុមាលភាពសង្គម រហូតដល់ការប្រែប្រួលសេដ្ឋកិច្ចអន្តរជាតិ សុទ្ធតែពិបាកយល់ដឹង បើសិនជាគ្រាន់តែអានព័ត៌មានខ្លីៗដាច់ដោយឡែកពីគ្នានោះ។ ហេតុដូច្នេះ ទំនួលខុសត្រូវរបស់សារព័ត៌មានមិនត្រឹមត្រូវការលឿនជាងមុនប៉ុណ្ណោះទេ តែដំបូងបង្អស់ត្រូវតែត្រឹមត្រូវជាងមុន ស៊ីជម្រៅជាងមុន និងមានប្រយោជន៍ជាងមុន។
ផ្ដើមពីតម្រូវការនោះ ការផ្លាស់ប្តូរឌីជីថលសារព័ត៌មានមិនអាចយល់ដោយសាមញ្ញថា គ្រាន់តែជាការបង្កើតទំព័រអេឡិចត្រូនិកបន្ថែម ការបើកគណនីបណ្តាញសង្គម ឬការបំពាក់ឧបករណ៍ទំនើបៗនោះទេ។ នោះត្រូវតែជាការផ្លាស់ប្តូរថ្មីគ្រប់ជ្រុងជ្រោយអំពីគំនិតដឹកនាំ ទម្រង់ការិយាល័យនិពន្ធ ដំណើរការផលិត ការគ្រប់គ្រងទិន្នន័យ ការចែកចាយខ្លឹមសារ ការវាយតម្លៃសាធារណជន សេដ្ឋកិច្ចសារព័ត៌មាន និងវប្បធម៌វិជ្ជាជីវៈ។ សារព័ត៌មានឌីជីថលមិនមែនជាសារព័ត៌មានចាស់ដែលដាក់នៅលើបណ្តាញថ្មីនោះទេ តែវាជារបៀបរៀបចំចាត់តាំងថ្មីនៅក្នុងបរិការណ៍ថ្មី។
នៅក្នុងការិយាល័យនិពន្ធ ស្នាដៃនីមួយៗត្រូវតែបានចាត់ជាផលិតផលព័ត៌មានដែលមានគោលដៅច្បាស់លាស់។ រាល់ទម្រង់នៃការបង្ហាញទាំងអស់ត្រូវតែគោរពតាមបទដ្ឋានតែមួយ៖ ត្រឹមត្រូវ មនុស្សធម៌ មានការផ្ទៀងផ្ទាត់ និងមានការទទួលខុសត្រូវ។ ត្រូវចៀសវាងស្ថានភាពម៉ត់ចត់នៅលើទំព័រជាផ្លូវការ ប៉ុន្តែធូររលុងនៅលើបណ្តាញបន្ទាប់បន្សំ។ សារព័ត៌មានកាន់តែមានច្រើនបណ្តាញ កាន់តែត្រូវការបទដ្ឋានឯកភាពគ្នា។
ក្នុងយុគសម័យឌីជីថល ទិន្នន័យគឺជាសសរស្តម្ភមួយនៃសារព័ត៌មាន។ ទិន្នន័យមិនគ្រាន់តែជាតួលេខប៉ុណ្ណោះទេ វាក៏ជាមូលដ្ឋានគ្រឹះនៃការផ្ទៀងផ្ទាត់ និងជាមធ្យោបាយដើម្បីកសាង និងបញ្ជូនស្នាដៃសារព័ត៌មាននានាប្រកបដោយភាពទាក់ទាញ និងគ្រប់ជ្រុងជ្រោយជាង។ បណ្តាទីភ្នាក់ងារសារព័ត៌មាន និងកាសែតធំៗដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅលើពិភពលោក បច្ចុប្បន្នសុទ្ធតែបានវិនិយោគយ៉ាងធំធេងទៅលើការកសាងទិន្នន័យ និងចំណាយធនធានមនុស្សយ៉ាងច្រើនសម្រាប់ការងារទិន្នន័យ។ នៅពេលដែលទិន្នន័យបានកសាង និងគ្រប់គ្រងល្អ សារព័ត៌មាននឹងបង្កើនភាពជឿជាក់ និងមានសមត្ថភាពរកឃើញបញ្ហាតាំងពីដំបូង។
បញ្ហាធំមួយទៀត គឺសិទ្ធិម្ចាស់ការចំពោះបណ្តាញផ្សព្វផ្សាយឆ្លងដែន។ សារព័ត៌មានត្រូវតែចូលទៅដល់កន្លែងដែលមានវត្តមានរបស់សាធារណជនតាមរយៈបណ្តាញទាំងអស់ ប៉ុន្តែមិនអាចបណ្តោយឱ្យពឹងផ្អែកលើល្បួនដោះស្រាយខាងក្រៅបានឡើយ។ ប្រសិនបើគ្រាន់តែរត់តាមចំនួនអ្នកចូលមើល (Views) និងយន្តការណែនាំ នោះអង្គភាពសារព័ត៌មានងាយនឹងបាត់បង់ទិន្នន័យអ្នកអាន បាត់បង់សិទ្ធិចែកចាយ បាត់បង់អត្តសញ្ញាណ និងប្រឈមនឹងហានិភ័យនៅពេលដែលល្បួនដោះស្រាយផ្លាស់ប្តូរ។ ការធ្វើម្ចាស់លើលំហឌីជីថល មានន័យថាចេះទាញយកផលពីបណ្តាញសកលលោក ព្រមទាំងកសាងបណ្តាញផ្ទាល់ខ្លួន សហគមន៍អ្នកអានផ្ទាល់ខ្លួន ទិន្នន័យផ្ទាល់ខ្លួន និងម៉ាកសញ្ញាគួរឱ្យទុកចិត្តផ្ទាល់ខ្លួន។
ហេតុដូច្នេះ អធិបតេយ្យភាពព័ត៌មានជាតិត្រូវការការយល់ដឹងឱ្យបានពេញលេញជាង។ សារព័ត៌មានបដិវត្តន៍ត្រូវតែជាកម្លាំងស្នូលក្នុងការការពារអធិបតេយ្យភាពនោះ។ ការការពារអធិបតេយ្យភាពព័ត៌មានមិនមែនមានន័យថាបិទជិតនោះទេ។ វៀតណាមត្រូវការប្រព័ន្ធសារព័ត៌មានកិច្ចការបរទេសឌីជីថលមួយដ៏ខ្លាំង មានច្រើនភាសា មានច្រើនទម្រង់ មានសមត្ថភាពបញ្ជូនសាររបស់វៀតណាមទៅកាន់ពិភពលោកដោយភាសាទំនើប និងអត្តសញ្ញាណវៀតណាម។ រាល់សមិទ្ធផលនៃការផ្លាស់ថ្មី វប្បធម៌ប្រជាជាតិ មាគ៌ាកិច្ចការបរទេសឯករាជ្យ ភាពម្ចាស់ការ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ត្រូវតែបង្ហាញឡើងដោយផលិតផលដ៏ទាក់ទាញ និងមានទិន្នន័យគួរឱ្យជឿជាក់។
ដើម្បីសម្រេចបានបេសកកម្មនោះ សារព័ត៌មានត្រូវការប្រភពធនធានដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព។ សេដ្ឋកិច្ចសារព័ត៌មានឌីជីថលមិនផ្ទុយនឹងគោលដៅ និងទិសដៅនានារបស់សារព័ត៌មានបដិវត្តន៍នោះទេ។ ប្រព័ន្ធសារព័ត៌មានមួយដែលខ្វះខាតប្រភពធនធាន នឹងពិបាកក្នុងការវិនិយោគលើបច្ចេកវិទ្យា ការពារកម្មសិទ្ធិបញ្ញា បណ្តុះបណ្តាលធនធានមនុស្ស និងរក្សាមនុស្សពូកែៗឱ្យនៅគង់វង្ស។ ទោះជាយ៉ាងណាក៏ដោយ សេដ្ឋកិច្ចសារព័ត៌មានត្រូវតែបម្រើឱ្យបេសកកម្មសារព័ត៌មាន មិនមែនដឹកនាំសារព័ត៌មានឱ្យទៅរកការផ្សាយរឿងរំភើបញាប់ញ័រ ញុះញង់ទាក់ទាញភ្ញៀវ កេងប្រវ័ញ្ចឯកជន និងធ្វើពាណិជ្ជកម្មលើព័ត៌មាននយោបាយ-សង្គមនោះឡើយ។ សារព័ត៌មានត្រូវការប្រភពចំណូលថ្មីពីការឌីជីថល កម្មសិទ្ធិបញ្ញា ទិន្នន័យ និងផលិតផលស៊ីជម្រៅ។ ប្រសិនបើមិនអាចកសាងបាននូវទម្រង់សេដ្ឋកិច្ចសារព័ត៌មានឌីជីថលមួយដ៏ល្អនោះទេ សារព័ត៌មាននឹងពិបាករក្សាបាននូវសមត្ថភាពវិនិយោគសម្រាប់ខ្លឹមសារដែលមានគុណភាពខ្ពស់ ការស៊ើបអង្កេត វិភាគ ផ្ទៀងផ្ទាត់ និងការការពារកម្មសិទ្ធិបញ្ញា។
កម្មសិទ្ធិបញ្ញាសារព័ត៌មាននៅក្នុងបរិយាកាសឌីជីថល និងបរិយាកាស AI ក៏ត្រូវតែបានការពារយ៉ាងម៉ត់ចត់ផងដែរ។ ខ្លឹមសារសារព័ត៌មានគឺជាលទ្ធផលនៃពលកម្មច្នៃប្រតិដ្ឋ ការប្រតិបត្តិការងារ ការផ្ទៀងផ្ទាត់ ការកែសម្រួល ការវិវិយោគហិរញ្ញវត្ថុ និងទំនួលខុសត្រូវចំពោះមុខច្បាប់។ ការចម្លង ការកាត់ត ការកេងប្រវ័ញ្ច ការបូកសរុប និងការធ្វើពាណិជ្ជកម្មនឹងធ្វើឱ្យចុះខ្សោយដល់មូលដ្ឋានគ្រឹះសេដ្ឋកិច្ចនៃសារព័ត៌មាន។ ការការពារកម្មសិទ្ធិបញ្ញា គឺជាការរក្សាការពារពលកម្មដ៏ត្រឹមត្រូវ និងគុណភាពព័ត៌មាននៅក្នុងសង្គម។
បញ្ហាចុងក្រោយនៅតែជាកត្តាមនុស្ស។ រាល់ទិសដៅ និងយុទ្ធសាស្ត្រទាំងអស់សុទ្ធតែពឹងផ្អែកលើមនុស្ស។ អ្នកសារព័ត៌មានក្នុងយុគសម័យឌីជីថលត្រូវតែចេះធ្វើការជាមួយទិន្នន័យ ឧបករណ៍ឌីជីថល បណ្តាញសង្គម ប្រភពព័ត៌មានបើកទូលាយ និងបទដ្ឋានសុវត្ថិភាពព័ត៌មាន។ ឧបករណ៍កាន់តែច្រើន អ្នកសារព័ត៌មានកាន់តែត្រូវការគោលជំហររឹងមាំ។ ត្រូវចៀសវាងស្ថានភាពបង្ហោះមុនផ្ទៀងផ្ទាត់ក្រោយ ឬបណ្តោយឱ្យបណ្តាញសង្គមដឹកនាំមុខ។ អ្នកប្រកបការងារសារព័ត៌មានមិនត្រូវអនុញ្ញាតឱ្យមានការដោះដូរកេរ្តិ៍ឈ្មោះដើម្បីបង្កើនចំនួនអ្នកចូលមើលនោះឡើយ។ មុននឹងបង្ហោះស្នាដៃសារព័ត៌មានមួយ អ្នកប្រកបការងារសារព័ត៌មានត្រូវឆ្លើយសំណួរបី៖ តើត្រឹមត្រូវទេ? តើចាំបាច់ទេ? តើមានប្រយោជន៍ដល់សង្គមទេ?
ថ្នាក់ដឹកនាំអង្គភាពសារព័ត៌មានក៏ត្រូវតែផ្លាស់ប្តូរផងដែរ។ អគ្គនិពន្ធនាយកនៅក្នុងការិយាល័យនិពន្ធឌីជីថលមិនត្រឹមតែជាអ្នកត្រួតពិនិត្យខ្លឹមសារប៉ុណ្ណោះទេ ថែមទាំងត្រូវបង្កើតយុទ្ធសាស្ត្រផលិតផល ទិន្នន័យ សាធារណជន បច្ចេកវិទ្យា និងធនធានមនុស្សទៀតផង។ អង្គភាពសារព័ត៌មានត្រូវការវប្បធម៌ការងារថ្មីមួយ៖ មានជំនាញវិជ្ជាជីវៈ វិន័យក្នុងការផ្ទៀងផ្ទាត់ រហ័សរហួនក្នុងការឆ្លើយតប បើកចំហចំពោះការផ្លាស់ថ្មី ត្រៀមខ្លួនសាកល្បង ប៉ុន្តែមិនត្រូវធូររលុងជាមួយបទដ្ឋានឡើយ។ ការបណ្តុះបណ្តាលឡើងវិញកងជួរកម្មាភិបាលត្រូវតែជាភារកិច្ចជាប្រចាំ ដោយផ្តោតលើការផ្ទៀងផ្ទាត់ឌីជីថល សុវត្ថិភាពទិន្នន័យ សារព័ត៌មានពហុបណ្តាញ សីលធម៌ AI និងការគោរពច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា។
នៅក្នុងបរិការណ៍ដែលច្បាប់ស្តីពីសារព័ត៌មានលេខ ១២៦/២០២៥/QH១៥ នឹងមានសុពលភាពចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៦ នេះ ការធ្វើឱ្យសុក្រឹតស្ថាប័នសារព័ត៌មានឌីជីថលគឺពិតជាមានភាពចាំបាច់ណាស់។ ស្ថាប័នត្រូវតែការពារសិទ្ធិប្រតិបត្តិការងារតាមច្បាប់ លើកទឹកចិត្តដល់ការច្នៃប្រតិដ្ឋ បង្កើតរបៀងសម្រាប់ការិយាល័យនិពន្ធឌីជីថល សេដ្ឋកិច្ចសារព័ត៌មានឌីជីថល សារព័ត៌មានទិន្នន័យ ការការពារកម្មសិទ្ធិបញ្ញា និងការប្រើប្រាស់ AI ប្រកបដោយការទទួលខុសត្រូវ។ ទន្ទឹមនឹងនោះ វិន័យសារព័ត៌មានត្រូវតែរក្សាឱ្យបានម៉ត់ចត់; រាល់ការបំពានច្បាប់ស្តីពីព័ត៌មាន សីលធម៌វិជ្ជាជីវៈ ការឆ្លៀតឱកាសប្រើប្រាស់សារព័ត៌មានដើម្បីរកផលប្រយោជន៍ផ្ទាល់ខ្លួន ត្រូវតែចាត់វិធានការឱ្យបានទាន់ពេលវេលា។
ភារកិច្ចបន្ទាន់មួយ គឺការបង្កើតសមត្ថភាពផ្ទៀងផ្ទាត់ព័ត៌មានក្នុងកម្រិតថ្នាក់ជាតិ។ ត្រូវតែមានការតភ្ជាប់ជិតស្និទ្ធជាមួយស្ថាប័នគ្រប់គ្រង អង្គភាពសារព័ត៌មានស្នូល អ្នកជំនាញបច្ចេកវិទ្យា មូលដ្ឋានបណ្តុះបណ្តាល អាជីវកម្មបណ្តាញ និងសហគមន៍ ដើម្បីប្រទះឃើញ សាកសួរបញ្ជាក់ ព្រមាន បដិសេធព័ត៌មានក្លែងក្លាយ ការបន្លំសម្តី ការបន្លំរូបភាពរបស់ស្ថាប័នរដ្ឋ និងរាល់សកម្មភាពផ្សព្វផ្សាយដែលបង្កការរំខានដល់ព័ត៌មាន។ បណ្តាញនោះត្រូវតែដំណើរការលឿន មានដំណើរការច្បាស់លាស់ ប្រើប្រាស់ទិន្នន័យ និងភស្តុតាងដើម្បីបញ្ចុះបញ្ចូលសាធារណជន។
នៅក្នុងដំណើរការទាំងមូលនៃការផ្លាស់ថ្មីប្រព័ន្ធសារព័ត៌មាន ត្រូវតែដាក់សាធារណជននៅចំកណ្តាល។ សាធារណជនឌីជីថលនាពេលបច្ចុប្បន្ន មិនត្រឹមតែទទួលព័ត៌មានប៉ុណ្ណោះទេ ថែមទាំងមានការឆ្លើយតបវិញ ចោទសួរ ផ្ទៀងផ្ទាត់បញ្ច្រាសមកវិញ បញ្ចេញមតិយោបល់ ផ្តល់ទិន្នន័យ និងទាមទារឱ្យសារព័ត៌មានមានតម្លាភាពជាង។ សារព័ត៌មានត្រូវតែចេះស្តាប់ ប៉ុន្តែមិនត្រូវរត់តាមរាល់អារម្មណ៍មួយឆាវនោះឡើយ គោរពការជជែកដេញដោល ប៉ុន្តែដាច់ខាតមិនបណ្តែតបណ្តោយឱ្យមានព័ត៌មានពុលឡើយ។ ចំពោះស្រទាប់យុវវ័យ សារព័ត៌មានអាចផ្លាស់ថ្មីដើម្បីចូលទៅជិតពួកគេឱ្យកាន់តែល្អប្រសើរឡើង ដោយភាសា ទម្រង់និងបណ្តាញសមស្រប ប៉ុន្តែមិនត្រូវទម្លាក់បទដ្ឋានចុះឡើយ។
សារព័ត៌មានបដិវត្តន៍វៀតណាមក្នុងយុគសម័យឌីជីថល គឺត្រូវចេះរួមបញ្ចូលសមស្របរវាងគោលជំហរនយោបាយនិងសមត្ថភាពបច្ចេកវិទ្យា រវាងឧត្តមគតិបដិវត្តន៍និងគំនិតផ្លាស់ថ្មី ច្នៃប្រតិដ្ឋ រវាងលក្ខណៈប្រយុទ្ធនិងលក្ខណៈមនុស្សធម៌ រវាងទំនួលខុសត្រូវជាតិនិងសមត្ថភាពសមាហរណកម្ម។ ការធ្វើម្ចាស់លើលំហឌីជីថល មិនអាចធ្វើឡើងដោយពាក្យស្លោកនោះទេ គឺត្រូវចាប់ផ្តើមពីការិយាល័យនិពន្ធនីមួយៗ ដំណើរការផ្ទៀងផ្ទាត់នីមួយៗ ឃ្លាំងទិន្នន័យនីមួយៗ ផលិតផលសារព័ត៌មាននីមួយៗ វគ្គបណ្តុះបណ្តាលនីមួយៗ និងរាល់ការប្រព្រឹត្តរបស់អ្នកសារព័ត៌មាននៅចំពោះមុខសាធារណជន។
ក្នុងឱកាសខួបអនុស្សាវរីយ៍ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម ខ្ញុំសង្ឃឹមថា បណ្តាអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានគ្រប់រូបនឹងយកប្រពៃណីបដិវត្តន៍ធ្វើជាកម្លាំងចលករសម្រាប់ការផ្លាស់ថ្មី។ អង្គភាពសារព័ត៌មាននានាត្រូវចាត់ចែងក្លាយជាការិយាល័យនិពន្ធឌីជីថលដ៏ទំនើបមួយ ជាមជ្ឈមណ្ឌលទិន្នន័យនិងចំណេះដឹង និងជាអាសយដ្ឋានដ៏គួរឱ្យទុកចិត្តមួយរបស់ប្រជាជន។ អ្នកសារព័ត៌មានបន្តធ្វើជាយុទ្ធជននៅលើសមរភូមិសតិអារម្មណ៍-វប្បធម៌-ព័ត៌មានឌីជីថល ដោយមានគោលជំហររឹងមាំ សីលធម៌ល្អ មនុស្សធម៌ដ៏ស៊ីជម្រៅ និងជំនាញបច្ចេកវិទ្យា។ ជាមួយនឹងទិសដៅនោះ ខ្ញុំជឿជាក់យ៉ាងមុតមាំថា សារព័ត៌មានបដិវត្តន៍វៀតណាមនឹងបន្តរួមចំណែកយ៉ាងធំធេងក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ បម្រើប្រជាជននៅក្នុងយុគសម័យឌីជីថល៕
តូឡឹម
អគ្គលេខាគណៈប្រតិបត្តិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម
ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
| ចែករំលែកអត្ថបទ |
|
នាយក៖ ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។

ពាក្យគន្លឹះ