17/06/2026 - 22:33

ពិធី​បើក​ការ​ដ្ឋាន​សាង​សង់​ព្រះ​វិហារ​ថ្មី វត្ត​កញ្ចោង​កំ​ពង់​លាវ​ 

នៅ​ថ្ងៃ​ទី ១៧ ខែ​មិថុ​នា ឆ្នាំ​ ២០២៦ វត្ត​កញ្ចោង​កំ​ពង់​លាវ ស្ថិត​នៅ​ឃុំ​ទីវ​កឹង ខេត្ត​វិញ​ឡុង បាន​ចាត់​តាំង​ពិធី​បើក​ការ​ដ្ឋាន​សាង​សង់​ព្រះ​វិហារ​ថ្មី​យ៉ាង​អធិក​អធម។ អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​នេះ មាន​តំ​ណាង​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេ​ហា​ជាតិ​គ្រប់​លំ​ដាប់​ថ្នាក់ ថ្នាក់​ដឹក​នាំ​ភូមិ​ភាគ ព្រះ​ឧបជ្ឈាយ៍ ព្រះ​សង្ឃ សប្បុ​រស​ជន​និង​ពុទ្ធ​បរិ​ស័ទ​យ៉ាង​ច្រើន​កុះ​ករ។

តាម​ថេរ​ដី​កា​ព្រះ​ចៅ​អធិ​ការ​វត្ត ថាច់​ស្វៀង វត្ត​កញ្ចោង​កំ​ពង់​លាវ​បាន​ក​សាង​ឡើង​តាំង​ពី​ឆ្នាំ ១៥៥៦ បច្ចុប្បន្ន​ជា​កន្លែង​សិក្សា​រៀន​សូ​ត្រ​ធម៌​វិន័យ និង​គង់​នៅ​របស់​ព្រះ​សង្ឃ​ជាង ៦០ អង្គ ព្រម​ទាំង​ជា​ទី​កន្លែង​ប្រតិ​បត្តិ​សាស​នា​និង​ជំ​នឿ​របស់​ប្រ​ជា​ពុទ្ធ​បរិ​ស័ទ​ជាង ១.០០០ គ្រួ​សារ។  ដោយ​សារ​ព្រះ​វិហារ​ចាស់​បាន​សាង​សង់​ឡើង​ជាង ១០០ ឆ្នាំ​មក​ហើយ ដូច្នេះ​មាន​ភាព​ទ្រុឌ​ទ្រោម​យ៉ាង​ខ្លាំង មិន​អាច​ធានា​សុវត្ថិ​ភាព​បាន​ទៀត វត្ត​បាន​ផ្អាក​ធ្វើ​ពិធី​ផ្សេងៗ​នៅ​ទី​នេះ​អស់​រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​កន្លង​មក។

អ្នក​តំណាង​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​ និង​តំណាង​ថ្នាក់​ដឹក​នាំ​មូល​ដ្ឋាន​ បាន​ធ្វើ​ពិធី​បើក​ការ​ដ្ឋាន​សាង​សង់​ព្រះ​វិហារ​ថ្មី​។​

សំណង់​ព្រះ​វិហារ​ថ្មី​ត្រូវ​បាន​សាង​សង់​លើ​ផ្ទៃ​ដី​ទំ​ហំ ៤២០,៥ ម៉ែត្រ​កា​រ៉េ ដោយ​ប្រើ​ប្រាស់​សសរ​ឈើ​ ដំ​បូល​ក្រ​ប់ក្បឿង​និង​តាម​លំ​នាំ​រចនា​បថ​ស្ថា​បត្យ​កម្ម​វប្ប​ធម៌​ប្រ​ពៃ​ណី​ខ្មែរ​ណាម​បូ។ គម្រោង​នេះ​មាន​ថវិកា​ប៉ាន់​ស្មាន​ប្រ​មាណ ១៨ ពាន់​លាន​ដុង អា​ស្រ័យ​ដោយ​ការ​រួម​វិភាគ​ទាន​របស់​ពុទ្ធ​បរិ​ស័ទ​ជិត​ឆ្ងាយ​និង​សប្បុ​រស​ជន គ្រោង​ចំ​ណាយ​ពេល​សាង​សង់​ប្រ​ហែល ៨ ឆ្នាំ។ បន្ទាប់​ពី​សាង​សង់​រួច​រាល់ ព្រះ​វិហារ​នឹង​ឆ្លើយ​តប​តម្រូវ​ការ​ប្រតិ​បត្តិ​សាស​នា​របស់​ពុទ្ធ​បរិ​ស័ទ និង​ធ្វើ​សង្ឃ​កម្ម​ផ្សេងៗ​របស់​ព្រះ​សង្ឃ ព្រម​ទាំង​រួម​ចំ​ណែក​អភិ​រក្ស​និង​លើក​កម្ពស់​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​ខ្មែរ។

មាន​ប្រ​សាសន៍​ក្នុង​ពិធី​នេះ លោក​ង្វៀង​វ៉ាំង​តាម​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ទីវ​កឹង បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​រួម​ចំ​ណែក​របស់​វត្ត​កញ្ចោង​កំ​ពង់​លាវ ក្នុង​ការ​ងារ​សុខុ​មាល​ភាព​សង្គម ការ​ក​សាង​ផែន​មហា​សាម​គ្គី​ជន​ជាតិ​និង​ការ​ថែ​រក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌​ខ្មែរ។ ព្រះ​ឧបជ្ឈាយ៍ កិត្តិ​បណ្ឌិត ចន្ទ​សិរី​ ថាច់​សុខ​សាន្ត ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​វិញ​ឡុង បាន​កោត​សរ​សើរ​ចំ​ពោះ​ការ​ចូល​រួម​គាំ​ទ្រ​របស់​សប្បុ​រស​ជន​និង​ពុទ្ធ​បរិ​ស័ទ​ជិត​ឆ្ងាយ ព្រម​ទាំង​អំ​ពាវ​នាវ​ឱ្យ​បន្ត​ជួយ​ឧបត្ថម្ភ ដើម្បី​ឱ្យ​គម្រោង​នេះ​អាច​បញ្ចប់​តាម​ផែន​ការ​ដែល​បាន​កំ​ណត់។

បន្ទាប់​ពី​ពិធី គម្រោង​សាង​សង់​ព្រះ​វិហារ​ថ្មី​ត្រូវ​បាន​បើក​ការ​ដ្ឋាន​ជា​ផ្លូវ​ការ ដែល​ជា​សញ្ញា​នៃ​ការ​ចាប់​ផ្តើម​ដ៏​សំ​ខាន់​ក្នុង​ការ​ក​សាង​សំ​ណង់​សាស​នា​មួយ​ប្រ​កប​ដោយ​អត្ត​សញ្ញាណ​វប្ប​ធម៌​ខ្មែរ រួម​ចំ​ណែក​លើក​ស្ទួយ​ជីវ​ភាព​វប្ប​ធម៌​និង​ស្មារតី​របស់​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ៕

អត្ថ​បទ​, រូប​ថត​៖ ពេជ្រ​សឿន

ចែករំលែកអត្ថបទ