រយៈពេលកន្លង សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកកេសាត់ បានជំរុញការងារផ្សព្វផ្សាយនិងអប់រំច្បាប់នៅក្នុងសាលារៀន រួមចំណែកលើកកម្ពស់ការយល់ដឹង និងស្មារតីគោរពច្បាប់របស់សិស្សានុសិស្ស។

សកម្មភាពអប់រំច្បាប់ រួមចំណែកកសាងបរិស្ថានសិក្សាមានសុវត្ថិភាព
និងបរិយាកាសល្អប្រសើរ។
ថ្មីៗនេះសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកកេសាត់ បានសហការជាមួយនគរបាលឃុំថើយអាងហោយ ទីក្រុងកឹងធើចាត់តាំងពិធីផ្សព្វផ្សាយនិងអប់រំច្បាប់ដល់កម្មាភិបាល គ្រូបង្រៀន បុគ្គលិក និងសិស្សានុសិស្សរបស់សាលា។
នៅក្នុងពិធីផ្សព្វផ្សាយ កម្មាភិបាលនៃនគរបាលឃុំថើយអាងហោយ បានពន្យល់ណែនាំនូវខ្លឹមសារ ជាច្រើនដែលជិតស្និទ្ធនិងស្របទៅនឹងការរស់នៅជាក់ស្តែងរបស់សិស្សានុសិស្ស ដោយប្រមូលផ្តុំលើសេចក្តីកំណត់នៃច្បាប់ដែលពាក់ព័ន្ធនឹងវ័យ ដូចជា៖ ការបង្ការនិងទប់ស្កាត់គ្រឿងញៀន អំពើហិង្សាក្នុងសាលា សុវត្ថិភាពចរាចរណ៍ ក៏ដូចជាប្រើប្រាស់ បណ្តាញសង្គមដោយសុវត្ថិភាពនិងអរិយធម៌។ ខ្លឹមសារទាំងនេះត្រូវបានបញ្ចូលតាមរយៈស្ថានភាពជាក់ស្តែង និងងាយយល់ ដែលជួយឱ្យសិស្សានុសិស្សងាយទទួលយក ចងចាំបានយូរនិងលើកកម្ពស់ស្មារតីគោរពច្បាប់។
ពិសេស ប្រធានបទស្តីពីការបង្ការនិងទប់ស្កាត់គ្រឿងញៀន បានទាក់ទាញការចាប់អារម្មណ៍ និងមានឥទ្ធិពលដល់ការយល់ដឹងរបស់ប្អូនៗ។ តាមរយៈរឿងរ៉ាវជាក់ស្តែង និងភស្តុតាងជាក់លាក់អំពីផលវិបត្តិនៃការប្រើប្រាស់និងការរក្សាទុកគ្រឿងញៀនខុសច្បាប់ សិស្សានុសិស្សបានយល់ដឹងកាន់តែច្បាស់អំពីគ្រោះថ្នាក់ដែលបង្កប់តាមរយៈនោះ លើកកម្ពស់ស្មារតីការពារខ្លួនឯង និងម្ចាស់ការនិយាយថាទេចំពោះគ្រឿងញៀន និងអំពើអបាយមុខសង្គមនានា។
ប្អូនត្រឹងដាកភី សិស្សថ្នាក់ទី៧A បានចែករំលែក៖ “តាមរយៈការផ្សព្វផ្សាយនេះ ខ្ញុំបានយល់ដឹងកាន់តែច្បាស់អំពីផលប៉ះពាល់នៃគ្រឿងញៀន និងសេចក្តីកំណត់នៃច្បាប់។ ខ្ញុំនឹងខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានល្អ រស់នៅដោយមានការទទួលខុសត្រូវ ជៀសឆ្ងាយពីអំពើអបាយមុខសង្គម និងរំលឹកមិត្តភក្តិឱ្យចូលរួមអនុវត្តតាម”។
ជាមួយនឹងលក្ខណៈពិសេសជាសាលាអន្តេវាសិក សម្រាប់សិស្សជនជាតិភាគតិច សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកកេសាត់ តែងយកចិត្តទុកដាក់ជំរុញការងារអប់រំច្បាប់។ តាមរយៈសកម្មភាពផ្សព្វផ្សាយនានា សាលាមិនត្រឹមតែបំប៉នចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការលត់ដំបំណិន ជីវិតជួយឱ្យប្អូនៗមានភាពជឿជាក់ និងម្ចាស់ការរាល់ ឥទ្ធិពលអវិជ្ជមានផ្សេងៗក្នុងសង្គមទៀតផង។
តាមលោកគ្រូគៀងហឿន ចាងហ្វាងសាលាបាន ឱ្យដឹង ការងារអប់រំច្បាប់ត្រូវបានកំណត់ថាជាភារកិច្ច ដ៏សំខាន់មួយដែលផ្សារភ្ជាប់ទៅនឹងទិសដៅនៃការអប់រំគ្រប់ជ្រុងជ្រោយ។ “តាមរយៈសកម្មភាពឃោសនាផ្សព្វផ្សាយ សិស្សានុសិស្ស បានលើកកម្ពស់ការយល់ដឹង និងគោរពច្បាប់បានយ៉ាងល្អ តាមនោះជួយបំប៉ននិងបង្កប្រភពកម្មាភិបាលឆ្នើមជាជនជាតិភាគតិចសម្រាប់ភូមិភាគទៅថ្ងៃអនាគត” លោកគ្រូគៀងហឿន បានឱ្យដឹងដូច្នេះ។
នៅពេលខាងមុខ សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកកេសាត់ នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាផ្នែកសមត្ថកិច្ច ដើម្បីផ្លាស់ថ្មីខ្លឹមសារនិងធ្វើឱ្យមានភាពសម្បូរបែបនូវទម្រង់នៃការឃោសនា ផ្សព្វផ្សាយ ដើម្បីនាំយកច្បាប់ឱ្យកាន់តែខិតជិតនឹងសិស្សានុសិស្ស រួមចំណែកកសាងបរិស្ថានសិក្សាប្រកបដោយសុវត្ថិភាពនិងបរិយាកាសល្អប្រសើរ៕
ហុងទើ-ដាលីន