ជាការរួមបញ្ចូលគ្នារវាងជំនឿជីវចលនិងព្រះពុទ្ធសាសនា នាងគង្ហីងធរណីគឺជានិមិត្តរូបដ៏ពិសេសក្នុងវប្បធម៌ខ្មែរ។ រូបតំណាងនេះឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវផ្នត់គំនិតដ៏មានសោភ័ណភាព និងការគោរពចំពោះធម្មជាតិរបស់ប្រជាជនតាំងពីបុរាណកាលមក។

រូបសំណាកព្រះនាងគង្ហីងធរណីនៅលើចេតិយ។
នៅក្នុងសិល្បៈព្រះពុទ្ធសាសនាខ្មែរ រូបតំណាងនាងគង្ហីងធរណីច្រើនតែបានបង្ហាញតាមរយៈលើផ្ទាំងគំនូរផ្ចាញ់មារ (មារវិជ័យ) ឬត្រូវបានឆ្លាក់សម្រាប់គោរពបូជាដាក់ដោយឡែក នៅក្នុងបរិវេណវត្ត ឬនៅតាមចេតិយ។ រូបតំណាង នេះត្រូវបានបង្ហាញដោយកាយវិការដៃទាំងពីរចាប់យកសក់ដ៏វែង ហើយច្បូតខ្លាំងបង្កើតជាទឹកជំនន់ ដ៏ធំធ្វើឱ្យលិចលង់ពលមារដែលមកផ្ចាញ់ផ្ចាលព្រះសម្មាសម្ពុទ្ធ។
ក៏ប៉ុន្តែ យោងគម្ពីររបស់ព្រះពុទ្ធសាសនា មិនមានរូបតំណាងនាងគង្ហីងធរណីនោះទេ។ នៅពេលដែលទេវបុត្រមារសួរព្រះពុទ្ធថា តើនរណាធ្វើជាសាក្សីរតនបល្ល័ង្កនេះជារបស់ព្រះអង្គ ព្រះពុទ្ធក៏ចង្អុលព្រះហស្តចុះទៅដី ហើយត្រាស់ថា “តថាគត មានមហាប្រឹថពីជាសាក្សី” ពេលនោះផែនដីក៏រញ្ជួយញាប់ញ័រយ៉ាងខ្លាំង ធ្វើឲ្យពលមាររត់ខ្ចាត់ ខ្ចាយ ដោយគ្មានសេចក្តីបញ្ជាក់ថានាងគង្ហីងធរណី លេចមកហើយច្បូតសក់ធ្វើឱ្យមានទឹកជំនន់គួចពលមារឡើយ។
នៅពេលទទួលយកព្រះពុទ្ធសាសនា ជំនួសឱ្យការរក្សារូបភាពនៃមហាប្រឹថពី ដែលមានលក្ខណៈអរូបី ជនជាតិខ្មែរបានធ្វើឱ្យមហាប្រឹថពី ក្លាយជារូបតំណាងព្រះនាងគង្ហីងធរណី។ នៅក្នុងព្រះពុទ្ធសាសនា រាល់ពេលធ្វើអំពើជាកុសល តែងមានពិធីកិច្ចច្រូចទឹក (ទក្ខិណោទក) ដើម្បីឧទ្ទិសកុសល និងធ្វើសច្ចាប្រណិធាន។ ទឹកជំនន់ដែលហូរចេញពីសក់របស់ព្រះនាងគង្ហីងធរណី គឺជារូបភាពប្រៀបធៀបនៃអំពើជាកុសលដែលព្រះអង្គបានសន្សំក្នុងអនេកជាតិ ដែលត្រូវបានរក្សាទុកដោយព្រះនាង។ ពលមារមិនមែនបរាជ័យដោយអំពើហិង្សានោះទេ គឺត្រូវបានលិចលង់ដោយខ្សែទឹកនៃបារមីដែលព្រះសម្មាសម្ពុទ្ធបានសន្សំទុកមក។
មុនពេលទទួលសាសនាពីប្រទេសឥណ្ឌា ជនជាតិខ្មែររស់នៅពឹងផ្អែកលើធម្មជាតិ និងប្រកាន់ខ្ជាប់នូវជំនឿជីវចល ជាពិសេសការគោរពបូជា អារក្ស អ្នកតា ព្រះនាងគង្គា ព្រះនាងគង្ហីងធរណី (អាទិទេពទាំងនេះមិនមានរូបតំណាងច្បាស់លាស់ទេ)។ រាល់ពេលមានការភ័យខ្លាច ឬចង់បន់ស្រន់ គេតែងតែបួងសួងបន់ស្រន់ចំពោះអធិធម្មជាតិទាំងនេះ។
យោងតាមលោកអាចារ្យ សឺនសេន នៅភូមិព្រែកឈ្វេង ឃុំញូយ៉ា ក្នុងផ្នត់គំនិតរបស់ជនជាតិខ្មែរ ព្រះនាងគង្ហីងធរណី គឺជាព្រះម៉ែដ៏មានមេត្តាធម៌ តែងតែផ្តល់ធនធានធម្មជាតិ ជួយឱ្យដំណាំលូតលាស់ល្អ និងភូមិស្រុកមានភាពសុខក្សេម ក្សាន្ត។ ក្រោយពេលប្រមូលផលរួច អ្នកភូមិតែងតែប្រារព្ធពិធីបុណ្យកម្សាន្តស្រុក ដើម្បីរំលឹកនឹកគុណចំពោះព្រះនាងគង្ហីងធរណី ដែលបានផ្តល់ភោគផលដំណាំល្អ។
នៅថ្ងៃពេញបូណ៌មី ខែអស្សុជ និងខែកត្តិក ជារៀងរាល់ឆ្នាំ ជនជាតិខ្មែរតែងតែប្រារព្ធពិធីលយប្រទីប ដើម្បីរំលឹកគុណដល់ព្រះនាងគង្ហីងធរណី និងព្រះនាងគង្គា ដែលបានទ្រទ្រង់ រក្សាមនុស្សលោក ព្រមទាំងសុំខមាទោសអាទិទេពធម្មជាតិទាំងនេះ អាស្រ័យតែក្នុងរយៈពេលរស់នៅ និងប្រកបរបរកសិកម្ម មនុស្សបានធ្វើឱ្យកខ្វក់ និងប៉ះពាល់ដល់ផែនដីនិងប្រភពទឹក។ ពាក្យសុំខមាទោសនេះ មានអត្ថន័យមនុស្សសាស្ត្រ និងការអប់រំយ៉ាងជ្រាលជ្រៅបំផុត។ ពិធីកិច្ចនេះមិនត្រឹមជាពិធីកិច្ចនៃជំនឿសាសនាប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យបង្ហាញពីការដឹងគុណ និងការការពារធម្មជាតិរបស់ជនរួមជាតិខ្មែរតាំងពីបុរាណ កាលមក។
វឌ្ឍា