- នៅល្ងាចថ្ងៃទី ២៣ ខែមេសា មន្ទីរពេទ្យសម្ភពនិងរោគស្ត្រីកឹងធើ បានបើកសន្និសីទផ្នែកសម្ភពនិងរោគស្ត្រី លើកទី ១១ ជាផ្លូវការ។ នេះជាព្រឹត្តិការណ៍សុខាភិបាលមានទ្រង់ទ្រាយធំ ទាក់ទាញអ្នកជំនាញនិងកម្មាភិបាលសុខាភិបាលជាង ១.០០០ នាក់ ជាអ្នកជំនាញឯកទេសទូទាំងប្រទេសអញ្ជើញចូលរួម។

គណៈចាត់តាំងសន្និសីទ ជូនបាច់ផ្កាដល់ថ្នាក់ដឹកនាំនាយកដ្ឋានអ្នកម្តាយនិងកុមារ ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុង និងមន្ទីរសុខាភិបាល។
ចូលរួមក្នុងពិធី មានលោកត្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ; លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ព្រមទាំងថ្នាក់ដឹកនាំនៃនាយកដ្ឋានអ្នម្តាយនិងកុមារ (ក្រសួងសុខាភិបាល) និងមន្ទីរសុខាភិបាលទីក្រុង។
សន្និសីទប្រព្រឹត្តឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២៣ និង ២៤ ខែមេសា បញ្ជាក់ពីតួនាទីជា “ស្ពានតភ្ជាប់ចំណេះដឹង” រវាងមន្ទីរពេទ្យសម្ភពនិងរោគស្ត្រីកឹងធើ ជាមួយអង្គភាពនាំមុខ ដូចជា មន្ទីរពេទ្យសម្ភពជាតិ មន្ទីរពេទ្យទឺវ៉ូវ មន្ទីរពេទ្យហ៊ុងវឿង និងមហាវិទ្យាល័យឱសថសាស្ត្រធំៗ។ បណ្តាញនេះ ជួយបង្រួមគម្លាតបច្ចេកទេស និងលើកកម្ពស់គុណភាពថែទាំសុខភាពស្ត្រីនិងទារកទើបកើត សម្រាប់តំបន់វាលរាបទន្លេគឺវឡុង។
សន្និសីទឆ្នាំនេះ មានរបៀបវារៈពិភាក្សាចំនួន ១៤ និងបទបង្ហាញជិត ៨០ ដែលមានតម្លៃខ្ពស់ គ្របដណ្តប់លើវិស័យជាច្រើន ចាប់ពីសម្ភព-រោគស្ត្រី ជំនួយប្រព័ន្ធបន្តពូជ - សុខភាពផ្លូវភេទបុរស រហូតដល់ទារកទើបសម្រាល និងមហារីករោគស្ត្រី។ ពិសេស របៀបវារៈដំបូងនៃសន្និសីទ ប្រព្រឹត្តឡើងនៅថ្ងៃដំបូង គឺថ្ងៃទី ២៣ ខែមេសា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកចូលរួម ជាប្រធានបទ៖ "អនុវត្តបញ្ញាសិប្បនិម្មិតក្នុងការពិនិត្យស្វែងរកជំងឺក្រពេញទឹកដោះ"។
ថ្លែងការណ៍បើកសន្និសីទ វេជ្ជបណ្ឌិតឯកទេស II ង្វៀងទ្វៃធ្វីអាយ នាយិកាមន្ទីរពេទ្យសម្ភពនិងរោគស្ត្រីកឹងធើ បញ្ជាក់៖ “ក្នុងដំណើរការអភិវឌ្ឍរួមនៃបណ្ដាញសុខាភិបាលទីក្រុងកឹងធើ ភារកិច្ចថែទាំសុខភាពអ្នកម្តាយនិងកុមារ តែងជាអាទិភាពចម្បង ផ្សារភ្ជាប់ជាមួយគុណភាពចំនួនប្រជាជន និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសង្គម។ សន្និសីទ ១១ ឆ្នាំកន្លង បានក្លាយជាវេទិកាវិទ្យាសាស្ត្រដ៏គួរឱ្យទុកចិត្ត ជាកន្លែងឱ្យអ្នកវិទ្យាសាស្ត្រ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាកទាំងក្នុងនិងក្រៅប្រទេស បានជួបជុំនិងចែករំលែកបទពិសោធន៍ជាក់ស្តែង ព្រមទាំងវិធីសាស្ត្រព្យាបាលទំនើបបំផុត”។

អនុបណ្ឌិត ឌិញអាញ់ត្វឹង នាយកនៃនាយកដ្ឋានអ្នកម្តាយនិងកុមារ ថ្លែងការណ៍នៅក្នុងសន្និសីទ។
តំណាងក្រសួងសុខាភិបាលចូលរួមព្រឹត្តិការណ៍នេះ អនុបណ្ឌិត ឌិញអាញ់ត្វឹង នាយកនៃនាយកដ្ឋានអ្នកម្តាយនិងកុមារ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងលឿនរបស់មន្ទីរពេទ្យ ឆ្លងតាមរយៈសន្និសីទមួយលើកៗ។ អនុបណ្ឌិត ឌិញអាញ់ត្វឹង ចែករំលែក៖ “ទោះបីមានឈ្មោះថា សន្និសីទសម្ភពនិងរោគស្ត្រីកឹងធើក៏ដោយ ប៉ុន្តែវិសាលភាពនៃព្រឹត្តិការណ៍នេះ បានលើសពីកម្រិតតំបន់វាលរាបទន្លេគឺវឡុង ហើយបានសាយភាយក្នុងទូទាំងប្រទេស និងទាក់ទាញការចាប់អារម្មណ៍ពីអ្នកជំនាញអន្តរជាតិផងដែរ។ សន្និសីទបែបនេះ គឺជាប្រភពឯកសារដ៏មានតម្លៃដែលជួយឱ្យក្រសួងសុខាភិបាល អាចធ្វើបច្ចុប្បន្នភាពចំណេះដឹងថ្មីៗ ទៅក្នុងឯកសារណែនាំវិជ្ជាជីវៈដើម្បីជួយឱ្យសុខាភិបាលមូលដ្ឋានមាន“ត្រីវិស័យ” ក្នុងការអនុវត្ត”។
អនុបណ្ឌិត ឌិញអាញ់ត្វឹង បានឱ្យដឹង ក្រសួងសុខាភិបាលកំពុងអនុវត្តយ៉ាងសកម្មក្នុងការកសាងដំណាក់ការបច្ចេកទេស និងកំណត់ស្តង់ដារសេដ្ឋកិច្ច-បច្ចេកទេស ដើម្បីធ្វើជាមូលដ្ឋានសម្រាប់តម្លៃសេវាសុខាភិបាល ទន្ទឹមនឹងនោះ សង្ឃឹមថា មន្ទីរពេទ្យនឹងបន្តរក្សាតួនាទីជាអង្គភាពដឹកនាំបណ្តាញជំនាញ ដែលក្រសួងបានទំនុកចិត្តប្រគល់ភារកិច្ច។

វេជ្ជបណ្ឌិត ឯកទេស II ង្វៀងង៉ុកវៀតង៉ា នាយិការរងមន្ទីរសុខាភិបាលទីក្រុងកឹងធើ ថ្លែងការណ៍។
វេជ្ជបណ្ឌិតឯកទេស II ង្វៀងង៉ុកវៀតង៉ា នាយិការងមន្ទីរសុខាភិបាលទីក្រុងកឹងធើ បានសម្តែងមោទនភាពចំពោះការរីកចម្រើនយ៉ាងខ្លាំងក្លារបស់អង្គភាព ដោយលើកឡើង៖ “មន្ទីរពេទ្យសម្ភពនិងរោគស្ត្រកឹងធើ បច្ចុប្បន្នក្លាយជាមន្ទីរពេទ្យកម្រិត I ហើយឈានដល់កម្រិតបែងចែកជំនាញបច្ចេកទេសខ្ពស់។ សន្និសីទនេះ បានប្រព្រឹត្តទៅក្នុងបរិការណ៍ថ្មីនៅពេលដែលប្រជាជនទីក្រុងមានចំនួនលើសពី ៣,២ លាននាក់; ជាមួយនឹងជំហរថ្មីនេះ មន្ទីរពេទ្យកំពុងមានឱកាសនិងបញ្ហាប្រឈមធំៗ ដើម្បីអភិវឌ្ឍខ្លាំងក្លាជាងទៀត។ មន្ទីរសុខាភិបាលសន្យានឹងបន្តរួមដំណើរនិងគាំទ្រ ដើម្បីឱ្យមន្ទីរពេទ្យស័ក្ដិសមនឹងការជឿទុកចិត្តរបស់ប្រជាជន"៕
ធូសឿង - ពេជ្រសឿន