ថ្ងៃទី២៦ ខែមេសា ពិធីបុណ្យនំប្រពៃណីណាមបូ លើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ "សម្រស់ចម្រុះគ្នា - រសជាតិភូមិភាគខាងត្បូង" នឹងប្រារព្ធឡើងជាផ្លូវការនៅទីលានប៊ិញធ្វី។ ព្រឹត្តិការណ៍នេះ មានសកម្មភាពជាច្រើន ដូច៖ វប្បធម៌ ជំរុញពាណិជ្ជកម្ម តភ្ជាប់ទេសចរណ៍ ព្រមទាំងឧទ្ទេសនាមប្រភេទនំស្រុកស្រែជាច្រើនមុខ ដែលជាខ្លឹមនៃវិស័យម្ហូបអាហារនៅភូមិភាគនីមួយៗ។
ពង្រីកទ្រង់ទ្រាយ បន្ថែមចំណុចលេចធ្លោ
ពិធីបុណ្យឆ្នាំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា នៅទីលានប៊ិញធ្វី ទីក្រុងកឹងធើ ស្ថិតក្នុងព្រឹត្តិការណ៍របស់ទីក្រុងនាឱកាសបុណ្យសែនខួបបុព្វក្សត្រហ៊ុង ខួបអនុស្សាវរីយ៍លើកទី ៥១ឆ្នាំ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០/៤/១៩៧៥-៣០/៤/២០២៦) និងទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា។
ពិធីបុណ្យក៏ជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ទីក្រុងកឹងធើ សំដៅអភិរក្ស និងពង្រីកតម្លៃវប្បធម៌ម្ហូបអាហារវៀតណាមនិយាយរួម និងតម្លៃនំប្រពៃណីណាមបូនិយាយដោយឡែក បង្កលក្ខណៈងាយស្រួលឱ្យអាជីវកម្ម និងសិប្បករធ្វើនំបានជួបជុំ ដោះដូរបទពិសោធន៍ និងកសាងម៉ាកយីហោនំប្រពៃណីភូមិភាគ។ ទន្ទឹមនឹងនោះ បង្កើនការផ្សារភ្ជាប់រវាងបណ្តាខេត្ត-ទីក្រុងក្នុងតំបន់ និងទូទាំងប្រទេសអំពីការជំរុញពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគអភិវឌ្ឍន៍ម្ហូបអាហារ និងផលិតផលពិសេសរបស់ណាមបូ។ ក្រោយពីចាត់តាំង ១២ លើក ពិធីបុណ្យបានរួមចំណែកបង្កើតម៉ាកយីហោ; ស្វែងរក លើកតម្កើង និងបង្កលក្ខណៈឱ្យសិប្បករជាច្រើនបានពង្រីកនិងរក្សាមុខរបរប្រពៃណី។
ឆ្នាំ២០២៦ គឺជាឆ្នាំដំបូងដែលកឹងធើចាត់តាំងពិធីបុណ្យក្រោយពីរួមបញ្ចូល ដោយទ្រង់ទ្រាយបានពង្រីកជាមួយនឹងទិដ្ឋភាពថ្មី។ លោកស្រី ង្វៀងធីគីវយ្វៀង នាយិកាមជ្ឈមណ្ឌលជំរុញការវិនិយោគ-ពាណិជ្ជកម្ម និងទេសចរណ៍ទីក្រុងកឹងធើ បានឱ្យដឹង៖ "ពិធីបុណ្យឆ្នាំនេះប្រព្រឹត្តទៅមានចំណុចថ្មីៗជាច្រើន។ យើងខ្ញុំមានលំហអភិរក្សនំប្រពៃណីណាមបូ សម្រាប់ឱ្យសិប្បករធ្វើបង្ហាញ និងឧទ្ទេសនាមពីប្រភេទនំពិសេសៗរបស់ភូមិភាគ និងបណ្តាជនជាតិ មានមណ្ឌលផ្សព្វផ្សាយទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអាជីវកម្មទេសចរណ៍ចូលរួម រួមគ្នាថែរក្សាបេតិកភណ្ឌនំប្រពៃណីណាមបូ ក៏ដូចជាតភ្ជាប់ជើងទេសចរណ៍ ដើម្បីឱ្យភ្ញៀវបានឆ្លងបទពិសោធភក់រសជាតិនំប្រពៃណីក្នុងដំណើរកម្សាន្តនាឱកាសបុណ្យនេះ"។
ជាក់ស្តែង ពិធីបុណ្យឆ្នាំនេះមានស្តង់ទំនិញប្រហែល ៣៥០ ស្តង់ ជាមួយនឹងលំហនានាដូចជា៖ មណ្ឌលនំប្រពៃណី មណ្ឌលផលិតផលពិសេសប្រចាំតំបន់ មណ្ឌលម្ហូបអាហារ លំហអភិរក្សនំប្រពៃណីណាមបូ លំហផ្សព្វផ្សាយនិងជំរុញទេសចរណ៍ មណ្ឌលពាណិជ្ជកម្ម-សេវាកម្មរបស់បណ្តាអង្គភាពរួមដំណើរ។
ក្នុងនោះ លំហអភិរក្សនំប្រពៃណីណាមបូនឹងបានតុបតែងដោយលក្ខណៈលេចធ្លោជាច្រើន៖ ផ្ទះមួកស្លឹក មណ្ឌលគ្រែឫស្សី មណ្ឌលវប្បធម៌ខ្មែរ។ នៅទីនេះនឹងមានសកម្មភាពឧទ្ទេសនាម និងសម្តែងបង្ហាញបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ មុខរបរធ្វើនំក្រៀបធ្វឹងហ៊ឹង ធ្វើនំពោង វេចនំអន្សម បុកអំបុក... ទន្ទឹមនឹងនោះក៏ចាត់តាំងឱ្យភ្ញៀវទេសចរ និងសិស្សានុសិស្សបានចូលរួមឆ្លងបទពិសោធធ្វើនំប្រពៃណីផងដែរ។ ក្បែរលំហនេះ គឺជាមណ្ឌលលេងល្បែងប្រជាប្រិយដែលមានល្បែងរាប់សិបប្រភេទបានចាត់តាំងឡើង រួមជាមួយអ្នកសម្របសម្រួលសកម្មភាព៖ លោតរ៉េត បោះកំប៉ុង លោតបាវ ល្បែងកញ្ជ្រែង ក្រងស្លឹកដូង គូររូបមួកស្លឹក សូនរូប... រួមចំណែកបង្កើតទីធ្លាលេងកម្សាន្តយ៉ាងអធិកអធមសម្រាប់គ្រួសារដែលមានកូនតូចៗពេលមកចូលរួមពិធីបុណ្យ។
ឧទ្ទេសនាមពីខ្លឹមនៃម្ហូបអាហារ
ក្រៅពីពិធីបើកដែលប្រព្រឹត្តទៅនៅវេលាម៉ោង ២០ យប់ ថ្ងៃទី២៦ ខែមេសា និងបានផ្សាយផ្ទាល់លើកាសែត វិទ្យុនិងទូរទស្សន៍កឹងធើ នៅមានកម្មវិធីសិល្បៈជាច្រើនទៀតដែលប្រព្រឹត្តទៅជារៀងរាល់រាត្រីនៃថ្ងៃបុណ្យ។
លោកង្វៀងមិញទ្វឹង នាយករងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុងកឹងធើ បានផ្តល់ព័ត៌មាន៖ "កម្មវិធីសិល្បៈបើកឆាកមានប្រធានបទ "រសជាតិដីមេឃ" ដែលមានរយៈពេល ៧០ នាទី រួមមាន ២ ផ្នែក៖ ឫសគល់ដ៏សក្តិសិទ្ធិ និងរសជាតិភូមិភាគខាងត្បូង"។ កម្មវិធីសិល្បៈស្ងើចសរសើរពីសេចក្តីស្រឡាញ់មាតុភូមិ ប្រទេសជាតិ សមិទ្ធផលរបស់ទីក្រុងកឹងធើ ចំណុចពិសេសៗក្នុងវប្បធម៌ប្រជាប្រិយ លើកតម្កើងតម្លៃវប្បធម៌ម្ហូបអាហារវៀតណាម និងនំប្រពៃណីណាមបូ។

មកកឹងធើនាឱកាសពិធីបុណ្យនំប្រពៃណីណាមបូ ភ្ញៀវទេសចរនឹងបានឆ្លងបទពិសោធធ្វើនំនិងភ្លក់រសជាតិនំប្រពៃណីប្លែកៗជាច្រើនប្រភេទ។
ក្រៅពីនេះ នៅមានកម្មវិធីសិល្បៈ និងបង្ហាញម៉ូដសម្លៀកបំពាក់ សម្តែងតន្ត្រីអាគូស្ទិកតាមដងផ្លូវ តន្ត្រីប្រពៃណី ប្រព្រឹត្តទៅចាប់ពីម៉ោង ១៩ ដល់ ២០ យប់ រៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមេសា។
ការប្រឡងធ្វើនំប្រពៃណីណាមបូ ក៏ជាចំណុចលេចធ្លោនៃពិធីបុណ្យផងដែរ។ ការប្រឡងមិនត្រឹមតែបង្កើតទីធ្លាលើកកម្ពស់ស្នាដៃសម្រាប់សិប្បករប៉ុណ្ណោះទេ នៅទាំងជាឱកាសដើម្បីឧទ្ទេសនាមពីខ្លឹមនៃម្ហូបអាហារប្រពៃណី ជាមួយនឹងប្រភេទនំដ៏សម្បូរបែបរបស់បណ្តាជនជាតិ៖ កិញ ហ្វា ខ្មែរ ចាម។ ឆ្នាំ២០២៦ ការប្រឡងមានអង្គភាពចូលរួមចំនួន ២៧ អង្គភាព ជាមួយនឹងនំចំនួន ៧៧ មុខ ប្រមូលផ្តុំសិប្បកររាប់សិបនាក់មកពីបណ្តាខេត្ត-ទីក្រុង៖ ហ្វេ ហូជីមិញ កឹងធើ ឡឹមដុង តីនិញ អាងយ៉ាង ដុងថាប វិញឡុង ដុងណាយ...
ពិធីបុណ្យនៅមានកម្មវិធីលើកតម្កើង "ហាងល្បីឈ្មោះនៅកឹងធើ" ប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមេសា ក្នុងគោលបំណងលើកតម្កើងអង្គភាព បុគ្គលដែលមានការរួមចំណែកយ៉ាងសកម្មក្នុងការអភិរក្ស និងលើកកម្ពស់តម្លៃម្ហូបអាហារភូមិភាគ។
មកដល់ពេលនេះ កន្លែងប្រារព្ធពិធីបុណ្យនានាបានរៀបចំជិតស្រេច។ ការងារភស្តុភារ សន្តិសុខសណ្តាប់ធ្នាប់ ការត្រួតពិនិត្យអនាម័យ និងសុវត្ថិភាពចំណីអាហារ ការបង្ការ និងពន្លត់អគ្គិភ័យ សុទ្ធតែបានរៀបចំយ៉ាងហ្មត់ចត់ ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវទេសចរដែលមកទស្សនាក្នុងឱកាសពិធីបុណ្យ។
កាលវិភាគសកម្មភាព បុណ្យសែនខួបបុព្វក្សត្រហ៊ុង និងពិធីបុណ្យនំប្រពៃណីណាមបូ ឆ្នាំ២០២៦
* បុណ្យសែនខួបបុព្វក្សត្រហ៊ុង
១. ពិធីបុណ្យនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៦ ខែមេសា នៅបូជនីយដ្ឋានស្តេចហ៊ុង សង្កាត់ប៊ិញធ្វី។
- ពិធីបង្ហោះទង់ជាតិធំនៅម៉ោង ៦:៣០ នាទី និងពិធីថ្វាយគ្រឿងសក្ការបូជានៅម៉ោង ៧:០០ នាទី ផ្សាយផ្ទាល់លើកាសែត វិទ្យុនិងទូរទស្សន៍កឹងធើ។
-ការសម្តែងបង្ហាញនិងបង្កើតឯកទគ្គកម្ម "ផែនទីវៀតណាមធ្វើពីបាយដំណើបខ្ទិះដូង" ធំបំផុតនៅវៀតណាម ចាប់ផ្តើមនៅម៉ោង ៦:៣០ នាទី។
២. តាំងពិព័រណ៍រូបភាព "ពិធីបុណ្យប្រពៃណីវៀតណាម (បេតិកភណ្ឌវប្បធម៌អរូបីតំណាងរបស់មនុស្សជាតិនិងបេតិកភណ្ឌវប្បធម៌អរូបីជាតិ)" និងការដាក់តាំងប្រធានបទ "សមុច្ច័យសម្លៀកបំពាក់ គ្រឿងអលង្ការរបស់ប្រជាជនតំបន់វាលរាបទន្លេគឺវឡុង" ចាប់ផ្តើមបម្រើជូនចាប់ពីថ្ងៃទី២២ ខែមេសា នៅបូជនីយដ្ឋានស្ដេចហ៊ុង។
៣.ការប្រឡងស្វែងយល់ប្រវត្តិសាស្ត្រប្រពៃណីអំពីស្តេចហ៊ុង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ ២៦ ខែមេសា នៅបូជនីយដ្ឋានស្ដេចហ៊ុង។
៤. ការប្រឡងវេច ស្ងោរ និងដាក់តាំងនំអន្សម នំជឹង នៅម៉ោង ៦:៣០ នាទី ថ្ងៃទី២៥ ខែមេសា នៅបូជនីយដ្ឋានស្ដេចហ៊ុង។
៥. រត់ប្រណាំងម៉ារ៉ាតុងទីក្រុងកឹងធើ ឆ្នាំ២០២៦ បើកឆាកនៅម៉ោង ៦:០០ នាទី ថ្ងៃទី២៦ ខែមេសា នៅមណ្ឌលសួនច្បារ ង៉ឹងធ្វឹង វិថីឡាកឡុងក្វឹង។
៦. សកម្មភាពកីឡា និងសម្តែងក្បាច់គុន នៅម៉ោង ៨:០០ នាទី ថ្ងៃទី២៦ ខែមេសា នៅបូជនីយដ្ឋានស្តេចហ៊ុង។
៧. កម្មវិធីដោះដូរចម្រៀងដើងកាតាយទឺ ចម្រៀងប្រជាប្រិយណាមបូ នៅយប់ថ្ងៃទី២៥ និង ២៦ ខែមេសា នៅបូជនីយដ្ឋានស្តេចហ៊ុង។
៨. ចែកអាហារបួសឥតគិតថ្លៃចំនួន ២.០០០ចំណែក ជូនប្រជាជន និងភ្ញៀវទេសចរ នៅថ្ងៃទី២៦ ខែមេសា នៅបូជនីយដ្ឋានស្តេចហ៊ុង។
* ពិធីបុណ្យនំប្រពៃណីណាមបូ ឆ្នាំ២០២៦ នៅទីលានប៊ិញធ្វី
១. ពិធីបើកឆាក វេលាម៉ោង ២០:០០ នាទី ថ្ងៃទី២៦ ខែមេសា ផ្សាយផ្ទាល់លើកាសែត វិទ្យុនិងទូរទស្សន៍កឹងធើ។
២. លំហអភិរក្សនំប្រពៃណីណាមបូ មានម៉ោងសម្តែងបង្ហាញ និងឆ្លងបទពិសោធ ចាប់ពីម៉ោង ៩:០០-១១:០០ នាទី និង ១៤:០០-១៦:០០ នាទី រៀងរាល់ថ្ងៃ ចាប់ពីទី២៦ខែមេសា ដល់ថ្ងៃទី១ ខែឧសភា។
៣. លំហផ្សព្វផ្សាយទេសចរណ៍ទីក្រុង និងភូមិភាគនានា សកម្មភាពធ្វើអាជីវកម្មម្ហូបអាហារ ចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា។
៤. ពិធីប្រឡងនំប្រពៃណីណាមបូ បើកឆាកនៅម៉ោង ៨:០០ នាទី ថ្ងៃទី២៧ ខែមេសា ការប្រឡងចាប់ពីថ្ងៃទី២៧-២៩ ខែមេសា។
៥. សកម្មភាពកម្សាន្តសប្បាយ ចាប់ពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា។
៦. កម្មវិធីសិល្បៈ និងបង្ហាញម៉ូដសម្លៀកបំពាក់ នៅម៉ោង ១៩:០០ នាទី ថ្ងៃទី២៧ ខែមេសា នៅលើឆាក់ធំ។
៧. សម្តែងតន្ត្រីអាគូស្ទិកតាមដងផ្លូវ និងសិល្បៈប្រពៃណី នៅម៉ោង ១៩:០០ នាទី ថ្ងៃទី២៨ ដល់ ៣០ ខែមេសា នៅមណ្ឌលផ្សព្វផ្សាយទេសចរណ៍។
៨. កម្មវិធីលើកតម្កើងហាងល្បីឈ្មោះកឹងធើ នៅម៉ោង ១៩:០០ នាទី ថ្ងៃទី៣០ ខែមេសា នៅលើឆាកធំ។
៩. កម្មវិធីបូកសរុប និងបិទពិធីបុណ្យ នៅម៉ោង ១៩:០០ នាទី ថ្ងៃទី១ ខែឧសភា នៅលើឆាកធំ៕
អាយឡាម - សុផន
| ចែករំលែកអត្ថបទ |
|
នាយក៖ ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។

ពាក្យគន្លឹះ