17/04/2026 - 06:42

បេតិក​ភណ្ឌ​វប្ប​ធម៌​អរូ​បី​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ 

វៀត​ណាម​ជា​ប្រ​ទេស​ពហុ​ជាតិ​សាសន៍ មាន ៥៤ ជន​ជាតិ​ជា​បង​ប្អូន​រួម​រស់​ជា​មួយ​គ្នា​ ជន​ជាតិនី​មួយៗ​មាន​លក្ខណៈ​វប្ប​ធម៌​ពិ​សេស​ដោយ​ឡែក រួម​ចំ​ណែក​បង្ក​ជា​ផ្ទាំង​រូប​ភាព​ចម្រុះ​ពណ៌​នៃ​ខឿន​វប្ប​ធម៌​វៀត​ណាម។ ក្នុង​ដំ​ណើរ​ការ​សមា​ហរណ​កម្ម​និង​អភិ​វឌ្ឍន៍ ការ​អភិ​រក្ស​បេ​តិក​ភណ្ឌ​វប្ប​ធម៌​អរូ​បី​កាន់​តែ​បាន​យក​ចិត្ត​ទុក​ដាក់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ មក​ទល់​ពេល​នេះ ជន​រួម​ជាតិ​ខ្មែរ​មាន​បេ​តិក​ភណ្ឌ​វប្ប​ធម៌​អរូ​បី​ចំ​នួន​២២ បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេ​តិក​ភណ្ឌ​វប្ប​ធម៌​អរូ​បី​ថ្នាក់​ជាតិ បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស រដ្ឋ និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ក្នុង​ការ​អភិ​រក្ស និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​របស់​បណ្តា​ជន​ជាតិ។

 Inforgraphic បូក​សរុប​បេ​តិក​ភណ្ឌ​វប្ប​ធម៌​អរូ​បី​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ។ រចនា៖ វឌ្ឍា

តាម​ច្បាប់​បេ​តិក​ភណ្ឌ បេ​តិក​ភណ្ឌ​វប្ប​ធម៌​អរូ​បី​គឺ​ជា​ផលិត​ផល​ផ្នែក​ស្មារ​តី ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​សហ​គមន៍ ឬ​បុគ្គល រួម​ជា​មួយ​នឹង​សម្ភារៈ និង​ទី​កន្លែង​វប្ប​ធម៌​ជាប់​ពាក់​ព័ន្ធ មាន​តម្លៃ​ប្រ​វត្តិ​សាស្ត្រ វប្ប​ធម៌ និង​វិទ្យា​សាស្ត្រ បាន​រក្សា​ជា​ច្រើន​ជំ​នាន់​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ បន្ត​មាត់ ការ​បង្រៀន សម្តែង​បង្ហាញ និង​ទម្រង់​ផ្សេងៗ​ទៀត។

ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ ពិធី​បុណ្យ​ប្រ​ពៃ​ណី​នា​នា ដូច​ជា​បុណ្យ​ចូល​ឆ្នាំ​ថ្មី បុណ្យ​សែន​ដូន​តា ឬ​បុណ្យ​អក​អំ​បុក - សំ​ពះ​ព្រះ​ខែ បាន​ក្លាយ​ជា​លក្ខណៈ​វប្ប​ធម៌​ដ៏​ពិ​សេស​របស់​ជន​ជាតិ​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ បង្ហាញ​ពី​សីល​ធម៌​ផឹក​ទឹក​នឹក​ប្រ​ភព និង​សេច​ក្តី​ប្រាថ្នា​ពី​ជីវ​ភាព​សម្បូរ រុង​រឿង សុភ​មង្គល។ ទន្ទឹម​នឹង​នោះ ប្រ​ភេទ​សិល្បៈ​សម្តែង​ប្រ​ជា​ប្រិយ ដូច​ជា៖ សិល្បៈ ល្ខោន​បា​សាក់ សិល្បៈ​របាំ រាំ​វង់ និង​ភ្លេង​ពិណ​ពាទ្យ បាន​រួម​ចំ​ណែក​ធ្វើ​ឱ្យ​សម្បូរ​បែប​ជីវ​ភាព វប្ប​ធម៌​ដ៏​ល្អ​ប្រ​ណីត ប្រ​កប​ដោយ​លក្ខណៈ​កម្សាន្ត​ផង និង​ដិត​ដាម​ដោយ​តម្លៃ​សិល្បៈ​ផង; ភា​សា​និង​អក្សរ​សាស្រ្ត​ខ្មែរ ចំ​ណេះ​ដឹង​ប្រ​ជា​ប្រិយ និង​របរ​សិប្ប​កម្ម​ប្រ​ពៃ​ណី​ក៏​ជា​កត្តា​ដ៏​សំ​ខាន់​បង្ក​ជា​អត្ត​សញ្ញាណ​ពិ​សេស​ដោយ​ឡែក​របស់​សហ​គមន៍។

 បុណ្យ​ជ្រោយ​រំ​ចេក បាន​ទទួល​ស្គាល់​ជា​បេ​តិក​ភណ្ឌ​វប្ប​ធម៌​អរូ​បី​នៅ​ឆ្នាំ ២០២៥។

រយៈ​ពេល​កន្លង ការ​គណ​នា​បង្កើត​បញ្ជី ធ្វើ​សំ​ណុំ​លិ​ខិត និង​ដាក់​បញ្ចូល​នូវ​កត្តា​វប្ប​ធម៌​ឆ្នើម​ក្នុង​បញ្ជី​បេ​តិក​ភណ្ឌ​វប្ប​ធម៌​អរូ​បី​ថ្នាក់​ជាតិ តែង​បាន​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​បម្រើ​ដល់​ការ​ងារ​គ្រប់​គ្រង និង​អភិ​រក្ស បង្ក​មូល​ដ្ឋាន​ដល់​ការ​ការ​ពារ​និង​ពង្រីក​តម្លៃ​បេ​តិក​ភណ្ឌ​វប្ប​ធម៌ ទន្ទឹម​នឹង​នោះ បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ​ចំ​ពោះ​បេ​តិក​ភណ្ឌ​វប្ប​ធម៌​របស់​បណ្តា​ជន​ជាតិ​នៅ​វៀត​ណាម​និ​យាយ​រួម និង​ជន​រួម​ជាតិ​ខ្មែរ​និ​យាយ​ដោយ​ឡែក។

តា​មការ​បែង​ប្រ​ភេទ បេ​តិក​ភណ្ឌ​វប្ប​ធម៌​អរូ​បី មាន ៧ ប្រ​ភេទ៖ ភា​សា​និង​អក្សរ​សាស្រ្ត; អក្សរ​ សិល្ប៍​ប្រ​ជា​ប្រិយ; សិល្បៈ​សម្តែង​ប្រ​ជា​ប្រិយ; ទំ​នៀម​ទម្លាប់​សង្គម; ពិ​ធី​បុណ្យ​ប្រ​ពៃ​ណី; របរ​សិប្ប​កម្ម​ប្រ​ពៃ​ណី និង​ចំ​ណេះ​ដឹង​ប្រ​ជា​ប្រិយ។ ក្នុង​នោះ បេ​តិក​ភណ្ឌ​របស់​ជន​រួម​ជាតិ​ខ្មែរ​បាន​ទទួល​ស្គាល់​ប្រ​មូល​ផ្តុំ​នៅ ៤ ប្រ​ភេទ​ជា​សំ​ខាន់៖ សិល្បៈ​សម្តែង​ប្រ​ជា​ប្រិយ ពិធី​បុណ្យ​ប្រ​ពៃ​ណី​របរ​សិប្ប​កម្ម​ប្រ​ពៃ​ណី និង​ចំ​ណេះ​ដឹង​ប្រ​ជា​ប្រិយ។

បេ​តិក​ភណ្ឌ​វប្ប​ធម៌​បាន​ពង្រាយ​នៅ​តាម​ភូមិ​ភាគ​នា​នា ដូច៖ កឹង​ធើ​មាន​បេ​តិក​ភណ្ឌ​ចំ​នួន ៨ វិញ​ឡុង​មាន​បេ​តិក​ភណ្ឌ​ចំ​នួន ៦ អាង​យ៉ាង​មាន​បេ​តិក​ភណ្ឌ​ចំ​នួន ៥ និង​កា​ម៉ាវ ដុង​ណាយ តៃ​និញ ភូមិ​ភាគ​នី​មួយៗ​មាន​បេ​តិក​ភណ្ឌ​ចំ​នួន១។

ក្នុង​នោះ សិល្បៈ​សម្តែង​ប្រ​ជា​ប្រិយ​មាន ១១ ប្រ​ភេទ៖ សិល្បៈ​ចម្រៀង​ចា​ប៉ី (វិញ​ឡុង ឆ្នាំ ២០១៣) សិល្បៈ​ល្ខោន​បា​សាក់ (កឹង​ធើ ឆ្នាំ ២០១៤) សិល្បៈ​របាំ​ឆៃ​យុាំ (តី​និញ ឆ្នាំ ២០១៤) សិល្បៈ​របាំ (វិញ​ឡុង ឆ្នាំ ២០១៧; កឹង​ធើ ឆ្នាំ​២០១៩) រាំ​វង់ (កឹង​ធើ ឆ្នាំ​២០១៩) ភ្លេង​ពិណ​ពាទ្យ (កឹង​ធើ ឆ្នាំ​២០១៩) ចម្រៀង​អា​យ៉ៃ (កឹង​ធើ ឆ្នាំ ២០១៩) សិល្បៈ​វង់​ភ្លេង​ស្គរ​ធំ (កា​ម៉ាវ ឆ្នាំ ២០២២) សិល្បៈ​ល្ខោន​យី​កេរ (អាង​យ៉ាង ឆ្នាំ ២០២៣) និង​សិល្បៈ​របាំ​ឆៃ​យុាំ (អាង​យ៉ាង ឆ្នាំ ២០២៥)។

ទី​កន្លែង​គោ​រព​បូ​ជា​និង​ចាត់​តាំង​បុណ្យ​ធាក់​គង។

ចំ​ណែក​ពិធី​បុណ្យ​ប្រ​ពៃ​ណី​មាន​ចំ​នួន ៧៖ បុណ្យ​អក​អំ​បុក (វិញ​ឡុង ឆ្នាំ​២០១៤) ពិធី​ប្រ​ណាំង​គោ​បៃ​ណូយ (អាង​យ៉ាង ឆ្នាំ​២០១៦) បុណ្យ​យក​ត្រ​ពាំង (ដុង​ណាយ ឆ្នាំ ២០១៩) ពិ​ធី​ប្រ​ណាំង​ទូក ង ក្នុង​ពិ​ធី​បុណ្យ​អក​អំ​បុក (កឹង​ធើ ឆ្នាំ​២០២២) ដំ​ឡើង​អ្នក​តា (វិញ​ឡុង ឆ្នាំ ២០២៤) បុណ្យ​ជ្រោយ​រំចេក (កឹង​ធើ ឆ្នាំ ២០២៥) និង​បុណ្យ​ធាក់​គង (កឹង​ធើ ឆ្នាំ​២០២៥)។

របរ​សិប្ប​កម្ម​ប្រ​ពៃ​ណី​មាន ៣ ប្រ​ភេទ៖ របរ​ធ្វើ​ស្ករ​ត្នោត (អាង​យ៉ាង ឆ្នាំ​២០២៤) របរ​ត្បាញកន្ទេល​ក្រ​ហម (វិញ​ឡុង ឆ្នាំ​២០២៤) និង​របរ​ធ្វើ​ម្កុដ - មុខ​ខ្មុក (វិញ​ឡុង ឆ្នាំ​២០២៤)។

ចំ​ណេះ​ដឹង​ប្រ​ជា​ប្រិយ​មាន ១ ប្រ​ភេទ៖ ចំ​ណេះ​ដឹង​និង​បច្ចេក​ទេស​ចារ​សាស្រ្តា​ស្លឹក​រឹត (អាង​យ៉ាង ឆ្នាំ​២០១៧)។

ឆ្នាំ ២០២៥ ទី​ក្រុង​កឹង​ធើ មាន​បេ​តិក​ភណ្ឌវប្ប​ធម៌​ចំ​នួន​២ បាន​បញ្ចូល​ក្នុង​បញ្ជី​បេ​តិក​ភណ្ឌវប្ប​ធម៌​អរូ​បី​ថ្នាក់​ជាតិ រួម​មាន​បុណ្យ​ជ្រោយ​រំ​ចេក និង​បុណ្យ​ធាក់​គង។ ទាំង​ពីរ​នេះ​ជា​ពិធី​បុណ្យ​ពិ​សេស​ដោយ​ឡែក​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​តំ​បន់សមុទ្រ​វិញ​ចូវ និង​តំ​បន់​ដី​ផ្នោរ​កំ​ពង់​ធំ មាន​អត្ថ​ន័យ​បួង​សួង​សូម​ឱ្យ​ភ្លៀង​ខ្យល់​ធ្លាក់​ស្មើ ដំ​ណាំ​ដាំ​ដុះ​អំ​ណោយ​ផល ទន្ទឹម​នឹង​នោះ សម្តែង​ពី​ការ​ដឹង​គុណ​ចំ​ពោះ​ធម្ម​ជាតិ ដី​ធ្លី និង​សមុទ្រ ក៏​ដូច​ជា​ការ​ជូន​ពរ​ឆ្នាំ​ថ្មី​សុខ​សាន្ត​និង​សុភ​មង្គល។

អា​ចារ្យ ថាច់​ថន ជា​គណៈ​កម្ម​ការ​វត្ត​សិរី​ក្រ​សាំង សង្កាត់​វិញ​ចូវ ឱ្យ​ដឹង៖ “បុណ្យ​ជ្រោយ​រំ​ចេក គឺ​ជា​បុណ្យ​ប្រ​ចាំ​ឆ្នាំ​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​តំ​បន់​សមុទ្រ​វិញ​ចូវ កាល​ពី​មុន ពិ​ធី​បុណ្យ​នេះ បាន​ចាត់​តាំង​ឡើង​ដោយ​ទ្រង់​ទ្រាយ​តូច​ទេ។ បច្ចុប្បន្ន ដោយ​សារ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ យើង​ខ្ញុំ​អាច​បន្ត​ចាត់​តាំង​និង​ពង្រីក​ទ្រង់​ទ្រាយ​នៃ​បុណ្យ​នេះ យើង​ខ្ញុំ​មាន​ក្តី​ត្រេក​អរ​ជាង​ទៀត​ពេល​បុណ្យ​ជ្រោយ​រំចេក បាន​ទទួល​ស្គាល់​ជា​បេ​តិក​ភណ្ឌ​វប្ប​ធម៌អរូ​បី​ថ្នាក់​ជាតិ។ នេះ​ក៏​ជា​កម្លាំង​ជំ​រុញ​ដើម្បី​យើងខ្ញុំ​បន្ត​ថែ​រក្សា និង​ពង្រីក​ប្រ​វេណី​ក៏​ដូច​ជា​តម្លៃ​របស់​ពិ​ធី​បុណ្យ”។

ផ្តើម​ពី​ភាព​ជាក់​ស្តែង​នោះ បញ្ជាក់​ឱ្យ​ឃើញ​ថា ការ​ទទួល​ស្គាល់​បេ​តិក​ភណ្ឌ​វប្ប​ធម៌​អរូ​បី​នេះ មាន​អត្ថ​ន័យ​ដ៏​សំ​ខាន់ មិន​ត្រឹម​តែ​រួម​ចំណែក​អភិ​រក្ស​តម្លៃ​ប្រ​ពៃ​ណី​ដែល​កំ​ពុង​ប្រ​ឈម​នឹង​ការ​បាត់​បង់​បណ្តើរៗ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើ​ឱ្យ​លេច​ធ្លោ​នូវ​តម្លៃ​វប្ប​ធម៌​ក្នុង​ជីវ​ភាព​សង្គម​ទៀត​ផង។ ពេល​បាន​ចុះ​បញ្ជី​រួច បេ​តិក​ភណ្ឌ​មាន​មូល​ដ្ឋាន​ច្បាប់​ដើម្បី​អភិ​រក្ស វិនិ​យោគ និង​ពង្រីក​ប្រ​សិទ្ធ​ភាព​ជាង​ទៀត ឆ្លង​តាម​រយៈ​កម្ម​វិធី​អភិ​រក្ស បង្ហាត់​បង្រៀន​និង​ផ្សព្វ​ផ្សាយ។ ទន្ទឹម​នឹង​នោះ ការ​ទទួល​ស្គាល់ ថែម​ទាំង​លើក​កម្ពស់​ការ​យល់​ដឹង​របស់​សហ​គមន៍ ដាស់​មោទន​ភាព​ជន​ជាតិ និង​ស្មារតី​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ថែ​រក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌​ទៀត​ផង៕  

     វឌ្ឍា -វិមាន​

ចែករំលែកអត្ថបទ