ជាមួយនឹងចំនួនប្រជាជនជាង ៣,៨៥ លាននាក់ ទីក្រុងកឹងធើ គឺជាកន្លែងដែលមានជនរួមជាតិខ្មែររស់នៅយ៉ាងច្រើនកុះករ គឺមានចំនួន ៥៤៣.២៦៦ នាក់ ស្មើនឹង ១៤,១១% នៃចំនួនប្រជាជនសរុបក្នុងទីក្រុង។ អាស្រ័យការអនុវត្តមានប្រសិទ្ធភាពនូវបណ្តាគោលនយោបាយជនជាតិ និងកម្មវិធីទិសដៅជាតិ ជីវភាពសម្ភារៈ និងស្មារតីរបស់ជនជាតិភាគតិចកាន់តែបានលើកកម្ពស់ ផែនមហាសាមគ្គីទូទាំងជនជាតិបានពង្រឹងជាបន្តបន្ទាប់។ ជុំវិញលទ្ធផលលេចធ្លោក្នុងឆ្នាំ ២០២៥ ក៏ដូចជាទិសដៅ ភារកិច្ចសំខាន់ៗនាពេលខាងមុខ អ្នកយកព័ត៌មានបានមានកិច្ចសម្ភាសន៍ជាមួយលោក ឡឹមហ្វាងម៉ូវ ប្រធានមន្ទីរជនជាតិនិងសាសនាទីក្រុងកឹងធើ។

លោកឡឹមហ្វាងម៉ូវ នាយកមន្ទីរជនជាតិនិងសាសនាទីក្រុងកឹងធើ។
ជម្រាបសួរលោក ក្នុងឆ្នាំ ២០២៥ ការងារជនជាតិនៅលើភូមិឋានទីក្រុងកឹងធើ ទទួលបានលទ្ធផលលេចធ្លោអ្វីខ្លះ? ជាពិសេសក្នុងការធ្វើសេនាធិការ អនុវត្តគោលនយោបាយ និងលើកកម្ពស់ជីវភាពជនជាតិភាគតិច?
ក្នុងឆ្នាំ ២០២៥ មន្ទីរជនជាតិនិងសាសនាបានម្ចាស់ការធ្វើសេនាធិការដាក់ចេញ និងចាត់តាំងអនុវត្តបណ្តាផែនការការងារ; បង្កើនការណែនាំ ត្រួតពិនិត្យនៅតាមភូមិភាគ និងជំរុញកិច្ចសហការជាមួយបណ្តាមន្ទីរ ផ្នែក រណសិរ្សមាតុភូមិ និងអង្គការមហាជន តាមរយៈនោះ លើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋក្នុងវិស័យជនជាតិ និងសាសនា។ បណ្តាកម្មវិធីគោលនយោបាយសម្រាប់ជនជាតិភាគតិចបាន អនុវត្តទាន់ពេលវេលា ចំមុខសញ្ញា និងត្រឹមត្រូវតាមបទបញ្ញត្តិ។
រាល់ដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិច បានផ្គួបបញ្ចូលមានប្រសិទ្ធភាពជាមួយនឹងបណ្តាកម្មវិធីទិសដៅជាតិ ដោយយកចិត្តទុកដាក់លើការបន្ថយភាពក្រីក្រចីរភាព លើកកម្ពស់គុណភាពអប់រំ ថែទាំសុខភាព កែលម្អផ្ទះសម្បែងទឹកស្អាត និងអនាម័យបរិស្ថាន។ អាស្រ័យហេតុនេះ ជីវភាពសម្ភារៈនិងស្មារតីរបស់ជនរួមជាតិបានលើកកម្ពស់ជាលំដាប់ អត្រាគ្រួសារក្រីក្របន្តថយចុះ។
ទន្ទឹមនឹងនោះ ធ្វើសេនាធិការជូនគណៈកម្មាធិការបក្សទីក្រុង គណៈកម្មាធិការប្រជាជនទីក្រុង យកចិត្តទុកដាក់ចង្អុលការអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អប្រសើររបស់បណ្តាជនជាតិដូចជា៖ បុណ្យចូលឆ្នាំថ្មី សែនដូនតា បុណ្យអកអំបុក ប្រណាំងទូក-ង...ផ្សារភ្ជាប់ការអភិរក្សវប្បធម៌នឹងការអភិវឌ្ឍទេសចរណ៍ សេវាកម្ម រួមចំណែកថែរក្សានូវអត្តសញ្ញាណវប្បធម៌ និងបង្កើតមុខរបរចិញ្ចឹមជីវិតប្រកបដោយចីរភាពជូនប្រជាជន។
ការងារក្តាប់ស្ថានភាព តាមដានការវិវត្តក្នុងតំបន់ជនជាតិភាគតិច បានអនុវត្តជាប្រចាំ។ រាល់បញ្ហាដែលកើតឡើងត្រូវបានរកឃើញទាន់ពេល និងធ្វើសេនាធិការដោះស្រាយបានឆាប់រហ័ស ត្រឹមត្រូវតាមបទបញ្ញត្តិ មិនទុកឱ្យកើតមាន “ចំណុចក្តៅ” ឬភាពស្មុគស្មាញឡើយ។
ការអនុវត្តបណ្តាគោលនយោបាយ និងកម្មវិធីសម្រាប់តំបន់ជនជាតិភាគតិច ជាពិសេសគឺ បណ្តាកម្មវិធីទិសដៅជាតិ តើបាននាំមកនូវការវិវឌ្ឍន៍ជាក់ស្តែងយ៉ាងដូចម្តេចចំពោះជីវភាពប្រជាជន?
រយៈពេលកន្លង បណ្តាគោលនយោបាយ កម្មវិធីសម្រាប់តំបន់ជនជាតិភាគតិចបានអនុវត្តក្រោមកិច្ចចង្អុលការយ៉ាងជិតដិតរបស់គណៈកម្មាធិការបក្សទីក្រុង ការបញ្ជាយ៉ាងប្តូរផ្តាច់របស់គណៈកម្មាធិការប្រជាជនទីក្រុង និងការចូលរួមយ៉ាងសកម្មពីគ្រប់ថ្នាក់ ផ្នែក និងភូមិភាគ ធានាសម្រេចបានតាមទិសដៅ និងល្បឿនដំណើរការដាក់ចេញ។
ជាពិសេសគឺបណ្តាកម្មវិធីទិសដៅជាតិ ដំណាក់កាល ២០២១- ២០២៥ លទ្ធផលនៃការអនុវត្តបណ្តាគម្រោងបានផ្តល់ការឧបត្ថម្ភដីសាងសង់ផ្ទះជូន ៣០៦ គ្រួសារ ឧបត្ថម្ភសង់ ផ្ទះជូន ៣.៣៣៤ គ្រួសារ ឧបត្ថម្ភផ្លាស់ប្តូរមុខរបរជូន ៥.៨០២ គ្រួសារ ឧបត្ថម្ភទឹកស្អាតប្រើប្រាស់ជូន ៣.២១៦ គ្រួសារ និងកសាងសំណង់ ផ្គត់ផ្គង់ទឹកប្រមូលផ្តុំចំនួន ០៤ កន្លែង។ អនុវត្តបាន ១៣០ ទម្រង់និងគម្រោងឧបត្ថម្ភអភិវឌ្ឍការផលិត ធ្វើឱ្យសម្បូរបែបមុខរបរចិញ្ចឹមជីវិតក្នុងសហគមន៍។ អនុវត្តសំណង់ហេដ្ឋារចនាសម្ព័ន្ធចំនួន ២១៨ សំណង់ វិនិយោគកសាងថ្មីចំនួន ០៦ សំណង់និងបង្កើនកម្រិតកែលម្អ បណ្តាញផ្សារចំនួន ០៩ កន្លែង។ ថែរក្សានិងជួសជុលសំណង់ហេដ្ឋារចនាសម្ព័ន្ធចំនួន ២២៤ កន្លែង។ កសាងបន្ថែម និងលើកកម្ពស់មូលដ្ឋាន សម្ភារៈ ឧបករណ៍ បរិក្ខារបង្រៀនសម្រាប់សាលា វិទ្យាល័យជនជាតិអន្តេវាសិកចំនួន ១០។ បើកថ្នាក់បង្រៀនវិជ្ជាជីវៈក្រោម ០៣ ខែ និងថ្នាក់បង្រៀនវិជ្ជាជីវៈបឋមសរុបចំនួន ៥៤២ ថ្នាក់ ឧបត្ថម្ភការចូលរួមវគ្គបណ្តុះបណ្តាលបំប៉ន ជំនាញវិជ្ជាជីវៈ ភាសាបរទេស និងនីតិវិធីទៅធ្វើការនៅបរទេសតាមកិច្ចសន្យា...។ លទ្ធផលប៉ាន់ស្មានមានប្រជាជនជាង ១២០.៦៣៧ នាក់ បានទទួលផលប្រយោជន៍ពីបណ្តាគម្រោងទាំងនេះ។
ក្នុងបណ្តាវិស័យដូចជាបន្ថយភាពក្រីក្រ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ មុខរបរចិញ្ចឹមជីវិតអប់រំ សុខាភិបាល វប្បធម៌... តាមលោក តើអ្វីជាចំណុចលេចធ្លោបំផុតក្នុងការងារជនជាតិរបស់ទីក្រុងក្នុងរយៈពេលកន្លងមក?

គណៈប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខ លោក ស៊ើងភឿកក្វាង អតីតអនុរដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជនជាតិ។ រូបថត៖ ក្វាងប៊ិញ
ក្នុងឆ្នាំកន្លង ការងារជនជាតិនៅលើភូមិឋានទីក្រុងមានការបន្ត និងពង្រីកប្រសិទ្ធភាពបណ្តាកម្មវិធីទិសដៅជាតិ។ គ្រប់វិស័យទាំងអស់ត្រូវបានអភិវឌ្ឍយ៉ាងស៊ីចង្វាក់គ្នា និងជាក់ស្តែង ដូចជាការបន្ថយភាពក្រីក្រដោយចីរភាព អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ លើកកម្ពស់មុខរបរ ចិញ្ចឹមជីវិត ការអប់រំ និងសុខាភិបាលសម្រាប់ជនជាតិភាគតិច។ ក៏ប៉ុន្តែ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធត្រូវបានចាត់ទុកថាជាចំណុចលេចធ្លោ បំផុតក្នុងការងារជនជាតិ ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធជនបទតំបន់ជនជាតិភាគតិច ដោយឃុំសង្កាត់ទាំង ១០០% មានបណ្តាញអគ្គិសនីជាតិ គ្រួសារជនជាតិភាគតិចជាង ៩៩,៨% មានអគ្គិសនីប្រើប្រាស់ជនជាតិភាគតិចទាំង ១០០% បានប្រើប្រាស់សេវាកម្មទូរគមនាគមន៍ ព័ត៌មាននិងមធ្យោបាយសោតទស្សន៍ ដើម្បីបម្រើជីវភាពវប្បធម៌ស្មារតី។ ពិសេសចំពោះភូមិឋានដែលមានការលំបាកខ្លាំង គឺមានការអភិវឌ្ឍរីកចម្រើនជាងមុន បង្កលក្ខណៈងាយស្រួលសម្រាប់អភិវឌ្ឍការផលិត ចងសម្ព័ន្ធទីផ្សារ រួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាជននៅតំបន់ជនជាតិភាគតិច។
ផ្អែកលើបណ្តាលទ្ធផលដែលបានរៀបរាប់ខាងលើ សូមលោកឱ្យដឹងនូវភារកិច្ច និងដំណោះស្រាយសំខាន់ៗដែលមន្ទីរជនជាតិនិងសាសនាទីក្រុងកឹងធើ នឹងប្រមូលផ្តុំអនុវត្តក្នុង ឆ្នាំ ២០២៦?
ផ្អែកលើលទ្ធផលដែលសម្រេចបាន ក្នុងឆ្នាំ ២០២៦ មន្ទីរជនជាតិនិងសាសនាទីក្រុងកឹងធើ កំណត់ប្រមូលផ្តុំអនុវត្តឱ្យបានល្អនូវរាល់ភារកិច្ច និងដំណោះស្រាយដូចជា៖ លើកកម្ពស់គុណភាពការងារធ្វើសេនាធិការ ច្បាមខ្ជាប់កិច្ចចង្អុលការរបស់ក្រសួងជនជាតិនិងសាសនា។ ម្ចាស់ការស្រាវជ្រាវ ព្យាករណ៍ស្ថានភាព ដើម្បីធ្វើសេនាធិការទាន់ពេលវេលាជូនគណៈកម្មាធិការបក្សទីក្រុង និងគណៈកម្មាធិការប្រជាជនទីក្រុង។ បង្កើនសុពលភាពប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋ ធ្វើឱ្យសុក្រឹតយន្តការសហប្រតិបត្តិការរវាង មន្ទីរ ផ្នែក និងភូមិភាគ។ ជំរុញការធ្វើអធិការកិច្ចត្រួតពិនិត្យ និងណែនាំអនុវត្តច្បាប់ស្តីពីជនជាតិនិងសាសនា។ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវបណ្តាគោលនយោបាយជនជាតិ ផ្តល់អាទិភាពធនធានសម្រាប់តំបន់ជនជាតិភាគតិច។ យកចិត្តទុកដាក់លើការអភិវឌ្ឍមុខរបរចិញ្ចឹម ជីវិតប្រកបដោយចីរភាព លើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជន។ កសាងកងជួរកម្មាភិបាលបំពេញការងារជនជាតិមានជំហរនយោបាយរឹងមាំ យល់ដឹងច្បាស់ពីច្បាប់ និងមានជំនាញអនុវត្តល្អ ដើម្បីឆ្លើយតបទៅនឹងតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី។
សូមអរគុណលោកយ៉ាងជ្រាលជ្រៅ!
ង៉ុកយីម - សុផន