10/04/2026 - 09:11

ចលនា​ហាត់​ប្រាណ​និង​កី​ឡា​មហា​ជន​កំ​ពុង​អភិ​វឌ្ឍ​ខ្លាំង​ក្លា 

គាំ​ទ្រ​ចលនា “ទូ​ទាំង​ប្រ​ជា​ជន​ហាត់​ប្រាណ​តាម​គំរូ​លោក​ប្រ​ធាន​ហូ​ជី​មិញ ដ៏​មហិ​មា” សកម្ម​ភាព​ហាត់​ប្រាណ​និង​កីឡា​មហា​ជន​នៅ​តាម​ឃុំ សង្កាត់​របស់​ទី​ក្រុង​កឹង​ធើ កំ​ពុង​មាន​ការ​អភិ​វឌ្ឍ​យ៉ាង​ទូលំ​ទូ​លាយ។ តាម​រយៈ​ចលនា​នេះ ជួយ​ដល់​ក្រុម​អ្នក​ជំ​នាញ​ប្រ​ទះ​ឃើញ​និង​បណ្តុះ​បណ្តាល​យុវ​ជន​មាន​ទេព​កោ​សល្យ ដើម្បី​បម្រើ​ដល់​វិស័យ​កីឡា​ដែល​មាន​ស្នា​ដៃ​ខ្ពស់​របស់​ទីក្រុង។

ការ​ប្រ​កួត​កី​ឡា​មហា​ជន​តែង​បាន​ភូមិ​ភាគ​នា​នា​រៀប​ចំ​ជា​ប្រ​ចាំ។

យោង​តាម​មន្ទីរ​វប្ប​ធម៌ កីឡា​និង​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ចលនា​ហាត់​ប្រាណ​និង​កី​ឡា​នៅ​តាម​ឃុំ សង្កាត់​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​បាន​បន្ត​រក្សា ហើយ​រាល់​ក្លឹប​កីឡា​ក៏​បាន​ពង្រឹង និង​ពង្រីក​ជា​បន្ត​បន្ទាប់។ រៀង​រាល់ឆ្នាំ​ ការ​ប្រ​កួត​កីឡា​ជា​​ច្រើន​ត្រូវ​បាន​រៀប​ចំ​ឡើង​យ៉ាង​ពុះ​ពោរ ដើម្បី​អប​អរ​សា​ទរ​ថ្ងៃ​បុណ្យ​និង​ព្រឹត្តិ​ការណ៍​សំ​ខាន់ៗ ដូច​ជា៖ ខែ​សកម្ម​ភាព​​ចល​នា​ហាត់​ប្រាណ និង​កីឡា ទិវា​រត់​អូ​ឡាំ​ពិក​សម្រាប់​សុខ​ភាព​ទូ​ទាំង​ប្រ​ជា​ជន; ការ​ប្រ​កួត​កី​ឡា​អប​អរ​សាទ​របុណ្យ​ចូល​ឆ្នាំ​ថ្មី​ជា​ដើម។ តាម​រយៈ​ការ​ប្រ​កួត​កី​ឡា មហា​ជន​ពី​ថ្នាក់​មូល​ដ្ឋាន​ដល់​ទី​ក្រុង អត្ត​ពលិក​ជា​ច្រើន​ដែល​មាន​សមត្ថ​ភាព​និង​ទេព​កោស​ល្យ បាន​ជ្រើស​រើស​និង​បណ្តុះ​បណ្តាល​ទាន់​ពេល​វេ​លា។ ផ្ដើម​ពី​ចលនា​កី​ឡាម​ហា​ជន យុវ​ជន​ជា​ច្រើន​ដែល​មាន​សក្តា​នុភាព​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ប្រ​ព័ន្ធ​បណ្តុះ​បណ្តាល​យ៉ាង​ត្រឹម​ត្រូវ ក្លាយ​ជា​ធន​ធាន​ដ៏​សំ​ខាន់​សម្រាប់​វិស័យ​កី​ឡា​ដែល​មាន​ស្នា​ដៃ​ខ្ពស់​របស់​ទី​ក្រុង។

ជា​ឧទា​ហរណ៍ គឺ​ប្អូន​លី​ធី​ចន្ធី ជា​អត្ត​ពលិក លើក​ដុំ​ដែក​មាន​ទេព​កោ​សល្យ​របស់​ទី​ក្រុង​កឹង​ធើ។ ប្អូន​ចន្ធី រៀប​រាប់៖ “នៅ​ពេល​បាន​ជ្រើស​រើស​ចូល​ហ្វឹក​ហាត់ ប្អូន​ទើប​តែ​រៀន​ថ្នាក់​ទី ៤ ហើយ​ត្រូវ​បាន​ណែ​នាំ​ឱ្យ​ហាត់​លើក​ដុំ​ដែក ដូច្នេះ ដំ​បូង​មាន​អា​រម្មណ៍​ថា​ចម្លែក​ណាស់។ បន្ទាប់​ពី​ហ្វឹក​ហាត់​បាន​មួយ​រយៈ ប្អូន​មាន​អា​រម្មណ៍​ស្រ​ឡាញ់​កី​ឡា​នេះ ពិ​សេស​នៅ​លើក​ដំ​បូង​ចូល​រួម​ប្រ​កួត​ពាន​រង្វាន់​ជើង​ឯក​លើក​ដុំ​ដែក​យុវ​ជន​ថ្នាក់​ជាតិ ឆ្នាំ ២០២១ នៅ​ខេត្ត​គៀង​យ៉ាង ហើយ​ឈ្នះ​មេ​ដាយ​មាស ធ្វើ​ឱ្យ​ខ្ញុំ​កាន់​តែ​មាន​ចំ​ណង់​ចំ​ណូល​ចិត្ត និង​ប្តេជ្ញា​ក្នុង​ការ​ហាត់​ពត់​ដើម្បី​សម្រេច​បាន​លទ្ធ​ផល​ខ្ពស់​ជាង​នេះ​ទៀត”។  រហូត​មក​ដល់​បច្ចុប្បន្ន ចន្ធី​ដណ្ដើម​បាន​មេ​ដាយ​មាស​មេ ដាយ​ប្រាក់​និង​មេ​ដាយ​សំ​រឹទ្ធ​ជា​ច្រើន​គ្រឿង ក្នុង​ការ​ប្រ​កួត​ថ្នាក់​តំ​បន់​និង​ទូទាំង​ប្រ​ទេស។ ចំ​ណែក​អត្ត​ពលិក ថាច់​អាញ់​ខ្វា ដែល​បាន​ជ្រើស​រើស​ពី​ចលនា​កីឡា​ប៉េ​តង់ នៅ​ឃុំ​ង៉ុក​តូ រៀប​រាប់៖ “ឆ្នាំ ២០១៧ ខ្ញុំ​បាន​ចូល​រួម​ប្រ​កួត​ក្នុង​ព្រឹត្តិ​ការណ៍ “សម​យុទ្ធ​កីឡា​ភូវ​ដុង” ខេត្ត​សុក​ត្រាំង (ចាស់) ហើយ​ទទួល​បាន​រង្វាន់ ដូច្នេះ​ក៏​បាន​អ្នក​ជំ​នាញ​ជ្រើស​រើស។  បន្ទាប់​ពី​បាន​ហ្វឹក​ហាត់​យ៉ាង​ត្រឹម​ត្រូវ ខ្ញុំ​អភិ​វឌ្ឍ​សមត្ថ​ភាព​កាន់​តែ​ល្អ និង​ទទួល​បាន​មេ​ដាយ​មាស​ មេ​ដាយ​ប្រាក់​និង​មេ​ដាយ​សំ​រឹទ្ធ​ជា​ច្រើន​គ្រឿង ក្នុង​ការ​ប្រ​កួត​ថ្នាក់​តំ​បន់​និង​ថ្នាក់​ជាតិ។ ចាប់​ពី​ឆ្នាំ​២០២៣​មក ខ្ញុំ​ក៏​បាន​ជ្រើស​រើស​ចូល​ក្រុម​ជម្រើស​ជាតិ​វៀត​ណាម ដើម្បី​ចូល​រួម​ប្រ​កួត​នៅ SEA Games”។

ស្នា​ដៃ​របស់​ប្អូន​លី​ធី​ចន្ធី និង​ថាច់​អាញ់​ខ្វា គឺ​ជា​ភស្តុ​តាង​បញ្ជាក់​ពី​ប្រ​សិទ្ធ​ភាព​នៃ​ការ​ប្រ​ទះ​ឃើញ និង​បណ្តុះ​បណ្តាល​ទេព​កោ​សល្យ​កី​ឡា ផ្ដើម​ពី​ចលនា​កី​ឡាម​ហា​ជន​នៅ​មូល​ដ្ឋាន។ លោក ឡឹម​ថាញ​យុង អនុ​ប្រ​ធាន​មន្ទីរ​វប្ប​ធម៌ កីឡា​និង​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ បញ្ជាក់៖ “ចលនា​លំ​ហាត់​ប្រាណ​និង​កីឡា​មហា​ជន គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ដែល​បង្ក​ធន​ធាន​កីឡា​ករ​ប្រ​កប​ដោយ​ចីរ​ភាព​សម្រាប់​កី​ឡា​ដែល​មាន​ស្នា​ដៃ​ខ្ពស់។ នៅ​ពេល​ចលនា​កី​ឡាម​ហា​ជន​រីក​ចម្រើន អភិ​វឌ្ឍ​ទូ​លំ​ទូ​លាយ​និង​មាន​ភាព​ស៊ី​ជម្រៅ ការ​ប្រ​ទះ​ឃើញ​និង​បណ្តុះ​បណ្តាល​ទេព​កោ​សល្យ​កីឡា​ក៏​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​និង​មាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​ជាង​មុន”៕

     យ៉ី​អាញ - ពេជ្រ​សឿន

ចែករំលែកអត្ថបទ