សេចក្តីសម្រេចដែលចុះហត្ថលេខាដោយអនុរដ្ឋមន្ត្រីប្រចាំការនៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បន្តសុពលភាពប្រើប្រាស់ប័ណ្ណអ្នកសារព័ត៌មាន ដំណាក់កាល ២០២១-២០២៥ រហូតដល់ដាច់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។

ប្រធានរដ្ឋសភា លោកត្រឹងថាញម៉ឹង អញ្ជើញសួរសុខទុក្ខ និងមានមតិសំណេះសំណាលនៅមជ្ឈមណ្ឌលសារព័ត៌មាន នៅអាគាររដ្ឋសភា (ហាណូយ)។ (រូបថត៖ យ៉ងតឹង/TTXVN)
នៅថ្ងៃទី៣១ ខែមីនា ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានចេញសេចក្តីសម្រេចលេខ ៦៩៥/QĐ-BVHTTDL ស្តីពីការបន្តសុពលភាពប្រើប្រាស់ប័ណ្ណអ្នកសារព័ត៌មាន ដំណាក់កាល ២០២១-២០២៥ រហូតដល់ដាច់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។
សេចក្តីសម្រេចនេះបានចុះហត្ថលេខា និងប្រកាសឱ្យប្រើដោយអនុរដ្ឋមន្ត្រីប្រចាំការ លោកស្រី ឡឹមធីភឿងថាញ ដោយផ្អែកលើច្បាប់សារព័ត៌មានឆ្នាំ២០១៦; អនុក្រឹត្យលេខ ៤៣/២០២៥/NĐ-CP ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ របស់រដ្ឋាភិបាល ស្តីពីការកំណត់មុខងារ ភារកិច្ច សិទ្ធិអំណាច និងរចនាសម្ព័ន្ធចាត់តាំងរបស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍; សារាចរលេខ ៣១/២០២១/TT-BTTTT ចុះថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាននិងសារគមនាគមន៍ ដែលកំណត់លម្អិត និងណែនាំអំពីសំណុំឯកសារ នីតិវិធីនៃការផ្តល់ ការផ្លាស់ប្តូរ ការផ្តល់ជូនវិញ និងការដកហូតប័ណ្ណអ្នកសារព័ត៌មាន និងផ្អែកតាមសំណើរបស់ស្នងការនៃនាយកដ្ឋានសារព័ត៌មាន។
ការបន្តសុពលភាពប្រើប្រាស់ប័ណ្ណអ្នកសារព័ត៌មាននេះ មិនអនុវត្តចំពោះបុគ្គលដែលបានផ្តល់ប័ណ្ណនៅតាមស្ថាប័នទស្សនាវដ្តីវិទ្យាសាស្ត្រ ចំណុះគ្រឹះស្ថានមហាវិទ្យាល័យ អង្គការស្រាវជ្រាវវិទ្យាសាស្ត្រ អង្គការស្រាវជ្រាវវិទ្យាសាស្ត្រនិងអភិវឌ្ឍន៍បច្ចេកវិទ្យា ដែលបានចាត់តាំងឡើងក្នុងទម្រង់ជាបណ្ឌិតសភា វិទ្យាស្ថាន និងមន្ទីរពេទ្យនោះទេ។
ក្នុងអំឡុងពេលបន្តសុពលភាពប័ណ្ណអ្នកសារព័ត៌មាន ដំណាក់កាល ២០២១-២០២៥ ចំពោះករណីដែលបានផ្តល់ប័ណ្ណអ្នកសារព័ត៌មាន ដំណាក់កាល ២០២៦-២០៣០ រួចហើយ គឺប្រើប្រាស់ប័ណ្ណអ្នកសារព័ត៌មានដែលបានផ្តល់នោះក្នុងសកម្មភាពវិជ្ជាជីវៈ។
សេចក្តីសម្រេចនេះ ជំនួសសេចក្តីសម្រេចលេខ ៤៧៩៤/QĐ-BVHTTDL ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ របស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ស្តីពីការបន្តសុពលភាពប្រើប្រាស់ប័ណ្ណអ្នកសារព័ត៌មាន ដំណាក់កាល ២០២១-២០២៥ រហូតដល់ដាច់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។
នាយខុទ្ទកាល័យក្រសួង ស្នងការនៃបណ្តានាយកដ្ឋាន៖ សារព័ត៌មាន; វិទ្យុ វិទ្យុទូរទស្សន៍ និងព័ត៌មានអេឡិចត្រូនិច នាយកបណ្តាមន្ទីរ៖ វប្បធម៌ កីឡា និងទេសចរណ៍; វប្បធម៌ និងកីឡា បណ្តាខេត្ត ទីក្រុង ថ្នាក់ដឹកនាំស្ថាប័នសាមី ប្រធានអង្គភាពសារព័ត៌មាន និងបុគ្គលដែលបានផ្តល់ប័ណ្ណអ្នកសារព័ត៌មាន ដំណាក់កាល ២០២១-២០២៥ មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ៕
ប្រភព÷ Vietnam+ - សុផន