ជាច្រើនឆ្នាំកន្លង ទីក្រុងកឹងធើបានអនុវត្តដំណោះស្រាយព្រមៗគ្នាជាច្រើន ដើម្បីអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិភាគតិច ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍ដោយចីរភាព រួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីជូនប្រជាជន។

ក្លឹបរបាំវត្តសោភណរង្សីបឹងក្រចាប់ថ្មី។
ការផ្សព្វផ្សាយមានប្រសិទ្ធភាពនូវកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច ក្នុងនោះ មានគម្រោងទី ៦ “អភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ជនជាតិភាគតិច ផ្សារភ្ជាប់នឹងអភិវឌ្ឍន៍ទេសចរណ៍” បានកំណត់ជាគម្រោងមានអត្ថន័យដ៏សំខាន់ រួមចំណែកក្នុងការអភិរក្សអត្តសញ្ញាណវប្បធម៌និងទាញយកសក្តានុភាពទេសចរណ៍វប្បធម៌របស់ទីក្រុងឱ្យមានប្រសិទ្ធភាព។
គម្រោងទី ៦ បានផ្សព្វផ្សាយអនុវត្តដោយថវិកាសរុបជាង ៧៤ ពាន់លានដុង។ មកដល់ពេលនេះ បានផ្តល់ផ្ទេរថវិកាជាង ៥៥ ពាន់លានដុង ស្មើនឹង ៧៤,៣២% នៃផែនការ។ តាមរយៈនោះ ភូមិភាគនានាបានអង្កេត ពិនិត្យបញ្ជីប្រមែប្រមូលឯកសារបញ្ចូលក្នុងទិន្នន័យបេតិកភណ្ឌវប្បធម៌របស់ជនជាតិភាគតិចបាន ៩ លើក; អភិរក្សពិធីបុណ្យចំនួន ៥ ដែលដិតដាមដោយអត្តសញ្ញាណវប្បធម៌ជនជាតិ។
ទន្ទឹមនឹងការអភិរក្សពិធីបុណ្យ តួនាទីរបស់កងជួរសិប្បករប្រជាប្រិយក៏បានយកចិត្តទុកដាក់ពិសេស។ ទីក្រុងបានឧបត្ថម្ភសិប្បករ ៧ រូប ដែលចូលរួមអភិរក្សនិងផ្សព្វផ្សាយពីទម្រង់ប្រជុំជីវភាពវប្បធម៌ប្រពៃណី ព្រមទាំងបណ្តុះបណ្តាល បំប៉នចំណេះដឹងដល់កងជួរស្នងបន្ត ដើម្បីរក្សាតម្លៃវប្បធម៌របស់ដូនតាឱ្យបានយូរអង្វែង។
ទន្ទឹមនឹងនោះ បរិយាកាសប្រជុំជីវភាពវប្បធម៌សហគមន៍បានបង្កើតឡើងនិងរក្សាសកម្មភាពមានប្រសិទ្ធភាព ជាក់ស្តែងដូចការបង្កើតក្លឹបវប្បធម៌ប្រជាប្រិយចំនួន ៨ នៅតាមភូមិដែលមានជនជាតិភាគតិច; ឧបត្ថម្ភសកម្មភាពក្រុមសិល្បៈប្រពៃណីចំនួន៦៨ក្រុម; ឧបត្ថម្ភឧបករណ៍វប្បធម៌-កីឡា១២៤ឈុតនិងទូតម្កល់សៀវភៅចំនួន ១២១ សម្រាប់បម្រើសហគមន៍។
លោកថាច់ថាន អ្នកមានប្រិយភាពនៅឃុំលីវទូ ចែករំលែក៖ “ដោយការយកចិត្តទុកដាក់របស់រដ្ឋ ទើបពិធីបុណ្យផ្សេងៗ ភ្លេងពិណពាទ្យ របាំប្រជាប្រិយបានពង្រីក។ មាមីងសប្បាយរីករាយខ្លាំងណាស់ ព្រោះវប្បធម៌ជនជាតិបានរក្សាគង់វង្ស កូនចៅមានលក្ខណៈទៅសិក្សា ដើម្បីបន្តថែរក្សាវប្បធម៌ដែលដូនតាបន្សល់ទុក”។
ចំណុចគួរឱ្យកត់សម្គាល់ នោះគឺគម្រោងបានផ្សារភ្ជាប់នឹងការអភិរក្សវប្បធម៌និងអភិវឌ្ឍន៍ទេសចរណ៍។ កម្មវិធីផ្សព្វផ្សាយ ជំរុញការអភិវឌ្ឍទេសចរណ៍នៅតំបន់ជនជាតិភាគតិច បានរៀបចំឡើងផ្សារភ្ជាប់នឹងការស្រាវជ្រាវ ពិនិត្យពិច័យសក្តានុភាពនិងការជ្រើសរើសកសាងផលិតទេសចរណ៍ប្រកបដោយលក្ខណៈពិសេស។
លោកឡឹមហ្វាងម៉ូវ នាយកមន្ទីរជនជាតិនិងសាសនាទីក្រុងកឹងធើ បញ្ជាក់៖ “គម្រោងទី៦បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិភាគតិច ផ្សារភ្ជាប់នឹងអភិវឌ្ឍន៍ទេសចរណ៍ដោយចីរភាព។ តាមរយៈនោះ វប្បធម៌មិនត្រឹមតែបានអភិរក្សប៉ុណ្ណោះ ថែមទាំងក្លាយជាប្រភពកម្លាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម លើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីជូនជនជាតិភាគតិច”៕
វុឌ្ឍា-មុនី