ពិធីបុណ្យវប្បធម៌ព្រែកទន្លេទីក្រុងកឹងធើ បានចាត់តាំងឡើង ដូចជាចំណុចលេចធ្លោនៃវប្បធម៌ - ទេសចរណ៍ប្រកបដោយលក្ខណៈពិសេសនៃតំបន់តៃដូ ដោយយកចំណាប់ពីដងទន្លេ-ដើមប្រភពនៃការបង្កើតនិងអភិវឌ្ឍន៍ទីក្រុងកឹងធើ ជាទីក្រុងតំបន់ព្រែកទន្លេ។ ពិធីបុណ្យនេះ មិនត្រឹមតែបង្ហាញឡើងវិញ យ៉ាងរស់រវើកអំពីជីវភាពរស់នៅតាមព្រែកទន្លេតំបន់ណាមបូប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីតួនាទីដ៏សំខាន់នៃព្រែកទន្លេក្នុងការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ប្រកបដោយចីរភាពរបស់ទីក្រុង។
ដោះដូរជាមួយកាសែតនិងវិទ្យុទូរទស្សន៍កឹងធើ លោកង្វៀងមិញត្វឹង នាយករងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ទីក្រុងកឹងធើ ផ្តល់ព័ត៌មានដូចខាងក្រោម៖

ពិធីបុណ្យវប្បធម៌ព្រែកទន្លេកឹងធើ ឆ្នាំ២០២៥ នឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។ ក្រោមប្រធានបទ “កឹងធើ - សម្រស់នៃដងព្រែកទន្លេ” ពិធីបុណ្យនេះបានចាត់តាំងក្នុងក្របខណ្ឌថ្នាក់ទីក្រុង ទីកន្លែងប្រារព្ធពិធីបុណ្យនៅសង្កាត់និញកេវ សង្កាត់កៃខេនិងតំបន់ជិតខាង។
កម្មវិធីសិល្បៈបើកពិធីបុណ្យនឹងប្រព្រឹត្តឡើងនៅម៉ោង ៨ យប់ ថ្ងៃទី២៧ ខែធ្នូ នៅលើដងព្រែកខៃលួង សង្កាត់កៃខេ។ កម្មវិធីនេះ បង្ហាញយ៉ាងច្បាស់នូវសម្រស់វប្បធម៌ព្រែកទន្លេប្រកបដោយលក្ខណៈពិសេសរបស់ទីក្រុង តាមរយៈប្រវត្តិរឿងរ៉ាវអំពីទូក កប៉ាល់ ការប្រជុំជីវភាព ការប្រកបរបរចិញ្ចឹមជីវិតផ្សារភ្ជាប់នឹងដងព្រែកទន្លេ រួមជាមួយពិធីបុណ្យជំនឿប្រជាប្រិយនិងម្ហូបអាហារ។ ពិសេសកម្មវិធីក៏បង្ហាញឡើងវិញនូវរូបភាពផ្សារបណ្ដែតទឹក ដែលជានិមិត្តរូបដ៏រស់រវើក មានភាពចម្រុះពណ៌នៃវប្បធម៌ព្រែកទន្លេតំបន់ភាគខាងលិច។ បន្ទាប់ពីកម្មវិធីសិល្បៈ គឺការសម្តែងភ្លើង light show និងការបាញ់កាំជ្រួចអបអរសាទរ។
ពិធីបុណ្យនេះ មានសកម្មភាពវប្បធម៌និងកីឡាផងដែរ ចំពោះសកម្មភាពវប្បធម៌-សិល្បៈ លេចធ្លោបំផុតរួមមានតាំងពិព័រណ៍រូបថត “ចង្វាក់ជីវិតលើដងព្រែកទន្លេ - ភាគខាងលិច តាំងពីបុរាណនិងបច្ចុប្បន្ន” ការសម្តែងឧបករណ៍តន្ត្រីតាមដងវិថី និងពិធីបណ្ដែតប្រទីបលើដងទន្លេ។ ជាមួយគ្នានេះ ក៏មានសកម្មភាពកីឡានិងការឆ្លងបទពិសោធន៍ជាច្រើន បានចាត់តាំងឡើងក្នុងក្របខណ្ឌពិធីបុណ្យ ដូចជា បទពិសោធន៍ជិះបន្ទះក្តារលើទឹក (SUP) ជិះកាយ៉ាក់ ការប្រណាំងទូកក្ដោង ការប្រណាំងជិះបន្ទះក្តារលើទឹក ការសម្តែង flyboard ការប្រណាំងទូកស្មាច់ជាដើម។
ស្របក្នុងឱកាសនេះ ទីក្រុងកឹងធើ បានអនុវត្តកម្មវិធីជំរុញទេសចរណ៍ផ្លូវទឹកក្នុងខែធ្នូ ឆ្នាំ២០២៥ ដោយមានខ្លឹមសារ ដូចជា ចាត់តាំងជើងទេសចរណ៍ឆ្លងកាត់បទពិសោធន៍សម្រាប់ក្រុមប្រតិភូ ភ្ញៀវអញ្ជើញ និងក្រុម famtrip។ ចលនាអាជីវកម្មទេសចរណ៍អនុវត្តពិពិធកម្មជើងទេសចរណ៍តាមដងព្រែកទន្លេ ជាមួយតម្លៃជំរុញទេសចរណ៍។ ព្រមទាំងមានល្វែងដាក់តាំងបង្ហាញនិងឧទ្ទេសនាមផលិតផល OCOP ផលិតផលទេសចរណ៍និងសកម្មភាពបង្ហាញសិល្បៈម្ហូបអាហារជាដើម។
ជំរាបប្រសាសន៍លោក ទីក្រុងកឹងធើមានបំណងបញ្ជូនសារអ្វីខ្លះទៅកាន់សាធារណជន តាមរយៈប្រធានបទ “កឹងធើ - សម្រស់នៃដងព្រែកទន្លេ” សម្រាប់ពិធីបុណ្យលើកនេះ ?
នៅពេលជ្រើសរើសប្រធានបទ “កឹងធើ-សម្រស់នៃដងព្រែកទន្លេ” ទីក្រុងមានបំណងឧទ្ទេសនាមដល់ភ្ញៀវទេសចរនូវរូបភាពគ្រប់ផ្នែក និងរស់រវើកអំពីវប្បធម៌ព្រែកទន្លេតំបន់តៃដូ - ទីតាំងព្រែកទន្លេមិនត្រឹមតែជាទេសភាពធម្មជាតិដ៏ប្រណីតប៉ុណ្ណោះទេ ថែមទាំងជាបរិយាកាសរស់នៅ បរិយាកាសវប្បធម៌ ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រជាជនជាច្រើនជំនាន់។
“សម្រស់” ទាំងនេះ បានបង្ហាញជាលំដាប់លំដោយក្នុងអំឡុងពិធីបុណ្យ ជាពិសេសគឺកម្មវិធីសិល្បៈបើកពិធី។ កម្មវិធីត្រូវបានស្ថាបនាឡើង ដូចជាចរន្តលំហូរមួយជាប់មិនដាច់ ដែលរៀបរាប់អំពីការបង្កើតនិងការអភិវឌ្ឍទីក្រុងកឹងធើ តាមរយៈភាសាសិល្បៈដោយបញ្ចូលយ៉ាងសមស្របរវាងប្រពៃណីនិងសម័យទំនើប។ ទស្សនិកជននឹងអាចស្គាល់ច្បាស់នូវរូបភាពតំបន់ដី មនុស្សដែនដីសណ្ត ដានជើងអ្នកកាប់ឆ្ការរានទឹករានដី ចង្វាក់ជីវិតព្រែកទន្លេណាមបូ តាមរយៈចម្រៀងដើងកាតៃទឺ, របាំប្រជាប្រិយ វប្បធម៌ផ្សារបណ្ដែតទឹកកៃរ៉ាំង ទូកកប៉ាល់ទៅមក និងសកម្មភាពសហគមន៍ប្រកបដោយលក្ខណៈពិសេសនៃតំបន់ព្រែកទន្លេ។
ចំណុចលេចធ្លោដ៏សំខាន់មួយនៃពិធីបុណ្យឆ្នាំនេះ គឺជាសារការពារបរិស្ថានព្រែកទន្លេតាមរយៈសកម្មភាពជាច្រើន ដូចជា ការសម្អាតព្រែកទន្លេ ការប្រមូលសំរាម ការជិះបន្ទះក្តារលើទឹកដើម្បីសម្អាតសំរាមក្នុងគោលបំណងផ្សព្វផ្សាយការយល់ដឹងអំពីការរក្សាប្រព័ន្ធអេកូឡូស៊ី និងអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព។
តាមរយៈពិធីបុណ្យនេះ ទីក្រុងកឹងធើក្រៅពីឧទ្ទេសនាមនូវរូបភាពដ៏ស្រស់ស្អាត ថែមទាំងបង្កលក្ខណៈដើម្បីប្រជាជននិងភ្ញៀវទេសចរ អាចយល់ច្បាស់ពីការរស់នៅនិងការរួមរស់ជាមួយវប្បធម៌ព្រែកទន្លេរបស់ទីក្រុងកឹងធើ។

ផ្សារបណ្ដែតទឹកកៃរ៉ាំង សម្រស់វប្បធម៌នៃដងព្រែកទន្លេ។ រូបថត៖ យ៉ីខោយ
សូមលោកឱ្យដឹងអំពីការងារផ្សព្វផ្សាយនិងជំរុញទេសចរណ៍ ព្រមទាំងទិសដៅសំខាន់ៗអ្វីខ្លះ ដែលពិធីបុណ្យវប្បធម៌ព្រែកទន្លេកឹងធើ ចាត់តាំងឡើងលើកដំបូង បានផ្តោតសំខាន់ ?
ពិធីបុណ្យវប្បធម៌ព្រែកទន្លេកឹងធើ ឆ្នាំ២០២៥ បានទីក្រុងរៀបចំឡើងដោយទិសដៅធំបំផុត គឺដើម្បីជំរុញនិងលើកកម្ពស់សក្តានុភាពនៃព្រែកទន្លេ ជាជំហានៗកសាងទីក្រុងកឹងធើឱ្យក្លាយជាទីក្រុងព្រែកទន្លេ ជាទីក្រុងអេកូឡូស៊ីដែលគួរឱ្យរស់នៅ ក៏ដូចជាផ្សព្វផ្សាយរូបភាពនៃទីតាំងទេសចរណ៍មួយសុវត្ថិភាព មិត្តភាព មានភាពទាក់ទាញនិងប្រកបដោយចីរភាព។
ចំពោះមុខ ពិធីបុណ្យនេះរួមចំណែកជំរុញតម្រូវការទេសចរណ៍ សេវាកម្ម បង្កបរិយាកាសរស់រវើកសម្រាប់ទីក្រុងក្នុងឱកាសចុងឆ្នាំ។ ជាមួយនឹងបណ្តាសកម្មភាពដែលប្រព្រឹត្តឡើង ចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ រួមមានសកម្មភាពអបអរសាទរឆ្នាំថ្មី ២០២៦ សកម្មភាពនៅតាមមណ្ឌលនិងទីតាំងទេសចរណ៍ផ្សេងៗ ហើយពិធីបុណ្យវប្បធម៌ព្រែកទន្លេកឹងធើ ឆ្នាំ២០២៥ ទីក្រុងរំពឹងថា នឹងទទួលបានភ្ញៀវចូលរួមប្រមាណ ៥០០.០០០ នាក់។ ប្រការនេះ មិនត្រឹមតែរួមចំណែកបង្កើនប្រាក់ចំណូលសម្រាប់វិស័យទេសចរណ៍ - ពាណិជ្ជកម្ម - សេវាកម្មប៉ុណ្ណោះទេ ថែមទាំងបង្កើតមុខរបរចិញ្ចឹមជីវិតបន្ថែមសម្រាប់ប្រជាជន និងសហគមន៍ដែលធ្វើទេសចរណ៍នៅភូមិភាគទៀតផង។
ថ្វីដ្បិតដូច្នោះ អ្វីដែលទីក្រុងកឹងធើផ្តោតសំខាន់ មិនមែនត្រឹមតែចំនួនភ្ញៀវទេសចរប៉ុណ្ណោះទេ សំខាន់ជាងគេគឺគុណភាពឆ្លងកាត់បទពិសោធន៍ និងចំណាប់អារម្មណ៍ដែលដក់ជាប់ក្នុងទឹកចិត្តភ្ញៀវទេសចរ។ ពិធីបុណ្យនេះ ជាឱកាសសម្រាប់ទីក្រុងកឹងធើឧទ្ទេសនាមពីភាពរស់រវើកនៃរូបភាព ទីតាំងទេសចរណ៍ទន្លេ ដែលជាអត្តសញ្ញាណដ៏ពិសេសនៃតំបន់វាលរាបទន្លេគឺវឡុង។ ក្រៅពីផ្សារបណ្ដែត ភ្ញៀវទេសចរដែលមកកាន់កឹងធើ អាចទទួលបាននូវបទពិសោធន៍អំពីវប្បធម៌ កីឡា ទេសចរណ៍ផ្លូវទឹក និងម្ហូបអាហារ។ ការភ្ជាប់ជើងទេសចរណ៍ ការជំរុញតម្រូវការទេសចរណ៍ ការរៀបចំ famtrip ការផ្សព្វផ្សាយពីផលិតផល OCOP និងម្ហូបអាហារមូលដ្ឋាន គឺជាវិធានការជាក់លាក់ សំដៅធ្វើពិពិធកម្មផលិតផលនិងអូសបន្លាយពេលស្នាក់នៅរបស់ភ្ញៀវទេសចរ។
ពិធីបុណ្យនេះ ក៏បង្កជាកម្លាំងជំរុញថ្មីសម្រាប់ការអភិរក្សនិងពង្រីកវប្បធម៌ព្រែកទន្លេ ព្រមទាំងបើកទូលាយលំហដើម្បីបង្កើតបានជាតម្លៃវប្បធម៌ថ្មីៗ ដែលសមស្របនឹងជីវភាពសម័យទំនើប។ ប្រជាជនមិនត្រឹមតែជាអ្នកទស្សនាប៉ុណ្ណោះទេ គឺក្លាយជាអ្នកចូលរួម សំដៅរួមចំណែកធ្វើឱ្យសាយភាយវប្បធម៌និងអត្តសញ្ញាណភូមិភាគទៀតផង។
ទីក្រុងកឹងធើ ជាទីក្រុងតំបន់ព្រែកទន្លេ មានប្រភេទវប្បធម៌ព្រែកទន្លេជាច្រើនប្រកបដោយលក្ខណៈពិសេស ដូចជា ផ្សារបណ្ដែត ប្រព័ន្ធកោះតូចៗតាមដងទន្លេហូវ បុណ្យប្រពៃណីជាដើម។ ផ្ដើមពីឥទ្ធិពលជំរុញនៃពិធីបុណ្យវប្បធម៌ព្រែកទន្លេកឹងធើ ឆ្នាំ២០២៥ នាពេលខាងមុខ ទីក្រុងនឹងអនុវត្តវិធានការអ្វីខ្លះ ដើម្បីប្រើប្រាស់ធនធានវប្បធម៌ព្រែកទន្លេ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសក្នុងវិស័យទេសចរណ៍ ជំរាបប្រសាសន៍លោក ?
ចំពោះមុខ ទីក្រុងនឹងបន្តការអភិរក្សនិងពង្រីកតម្លៃវប្បធម៌ព្រែកទន្លេ ដែលមានលក្ខណៈពិសេស ជាពិសេសគឺផ្សារបណ្ដែតកៃរ៉ាំង បរិយាកាសប្រជុំជីវភាពសហគមន៍តាមដងព្រែកទន្លេ ពិធីបុណ្យប្រជាប្រិយ និងភូមិរបរប្រពៃណី ដែលភ្ជាប់ជាមួយព្រែកទន្លេ។ ការអភិរក្សនេះមិនបញ្ឈប់ត្រឹមការថែរក្សាប៉ុណ្ណោះទេ ថែមទាំងដាក់បញ្ចូលក្នុងទំនាក់ទំនងនៃការប្រើប្រាស់ ការអភិវឌ្ឍ និងបង្កើតបានផលិតផលទេសចរណ៍មានភាពស៊ីជម្រៅនៃវប្បធម៌។
ជាមួយគ្នានេះដែរ ទីក្រុងកឹងធើនឹងជំរុញការអភិវឌ្ឍទេសចរណ៍ផ្លូវទឹក ទាញយកផលពីប្រព័ន្ធព្រែកទន្លេ កោះតូចៗតាមដងទន្លេហូវ ជាមួយទិសដៅធ្វើពិពិធកម្មផលិតផល ដូចជា ដំណើរទេសចរណ៍ទស្សនាផ្សារបណ្ដែត ទេសចរណ៍អេកូឡូស៊ីតាមកោះ ឆ្លងកាត់បទពិសោធន៍ជីវិតអ្នកចម្ការ ការរួមបញ្ចូលវប្បធម៌ - ម្ហូបអាហារ - កីឡាព្រែកទន្លេ។ ទីក្រុងលើកទឹកចិត្តឱ្យអាជីវកម្មវិនិយោគ បង្កើតជើងទេសចរណ៍ថ្មីៗ បង្កើនគុណភាពសេវាកម្ម និងឆ្លងកាត់បទពិសោធន៍សម្រាប់ភ្ញៀវទេសចរ។
ផ្ដើមពីភាពជោគជ័យនៃពិធីបុណ្យនេះ ទីក្រុងក៏មានទិសដៅធ្វើឱ្យពិធីបុណ្យវប្បធម៌ព្រែកទន្លេកឹងធើ ក្លាយជាផលិតផលទេសចរណ៍ - វប្បធម៌ប្រចាំឆ្នាំ បង្កជាចំណុចលេចធ្លោសម្រាប់ទាក់ទាញភ្ញៀវទេសចរ រួមចំណែកអូសបន្លាយពេលស្នាក់នៅ និងបង្កើនការចំណាយលើទេសចរណ៍។ ព្រមទាំងបង្កើនការភ្ជាប់តំបន់ តភ្ជាប់កឹងធើជាមួយភូមិភាគផ្សេងៗ ក្នុងតំបន់វាលរាបទន្លេគឺវឡុង ដើម្បីបង្កើតជាសង្វាក់ផលិតផលទេសចរណ៍ព្រែកទន្លេ ប្រកបដោយលក្ខណៈពិសេស។
ទន្ទឹមនឹងនោះ ទីក្រុងផ្តោតសំខាន់លើការភ្ជាប់អភិវឌ្ឍន៍ទេសចរណ៍ជាមួយការការពារបរិស្ថានព្រែកទន្លេ លើកកម្ពស់ស្មារតីការយល់ដឹងរបស់សហគមន៍ បង្កើតរូបភាពទីក្រុងព្រែកទន្លេបៃតង ជ្រះ ស្អាត។ ប្រជាជនត្រូវបានកំណត់ ជាចំណុចស្នូលនៃការអភិរក្សនិងទាញយកផលពីវប្បធម៌ព្រែកទន្លេ ទន្ទឹមនឹងការអភិរក្សអត្តសញ្ញាណ ការបង្កើតមុខរបរចិញ្ចឹមជីវិតប្រកបដោយចីរភាព។
តាមរយៈការកំណត់ទិសដៅទាំងនេះ ទីក្រុងកឹងធើ រំពឹងថាអាចពង្រីកប្រសិទ្ធភាពនៃអត្ថប្រយោជន៍វប្បធម៌ព្រែកទន្លេ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាជំហានៗបញ្ជាក់ពីតួនាទី ជាមជ្ឈមណ្ឌលទេសចរណ៍ព្រែកទន្លេរបស់តំបន់វាលរាបទន្លេគឺវឡុង៕
សូមអរគុណលោក!
ប្រភព៖ baocantho.com.vn - ចន្ថា
| ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយកស្តីទី: ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។

ពាក្យគន្លឹះ