ក្រោយពី ២ ថ្ងៃប្រកួតប្រណាំងយ៉ាងពុះពោរ ពានរង្វាន់ប្រណាំងទូក ងក្នុងពិធីបុណ្យអកអំបុក- ប្រណាំងទូក ង ទីក្រុងកឹងធើ ឆ្នាំ២០២៥ បានបញ្ចប់នៅរសៀលថ្ងៃទី៥ វិច្ឆិកា។

វគ្គប្រកួតផ្តាច់ព្រ័ត្ររវាងទូក ងបុរសវត្តទំនប់២ (អាវខៀវ) និងទូក ងបុរសវត្តព្រែកអណ្តើក។
អញ្ជើញចូលរួមក្នុងពិធីបិទវគ្គ មានលោកសើុង ភឿកហ្វាង អតីតអនុរដ្ឋមន្ត្រី អតីតអនុប្រធានគណៈកម្មាធិការជនជាតិ; លោកស្រីហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ; លោកង្វៀងវុាំងខើយ សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ; លោកស្រី ង្វៀងធីង៉ុកឌេប សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ។
រង្វាន់ប្រណាំងឆ្នាំនេះ កីឡាករ-ការិនីទូក ង មកពីវត្តបទុមរង្សីទំនប់ ឃុំអាងនិញ (ទីក្រុងកឹងធើ) បានធ្វើឱ្យទស្សនិកជនរំភើបចិត្តយ៉ាងខ្លាំង ដោយបន្តយកឈ្នះយ៉ាងគាប់ភ្នែកនៅលើដងព្រែក Maspero។
កីឡាការិនីទូក ងវត្តទំនប់២ បានបញ្ជាក់ពីកម្លាំងខ្លាំងរបស់ខ្លួនក្នុងនាមជាម្ចាស់ជើងឯកចំពោះទូក ងវត្តកោះធំ២មកពីខេត្តកាម៉ាវ។ ជាមួយនឹងការបង្កើនល្បឿនយ៉ាងខ្លាំងក្លានៅពេលជិតដល់គោលដៅ ទូក-ងវត្តទំនប់២ ការពារជើងឯកបានជោគជ័យ។ នេះជាឆ្នាំទី៣បន្តបន្ទាប់ដែលទូក ងនារីវត្តទំនប់ដណ្ដើមបានតំណែងខ្ពស់បំផុតនៅខ្លឹមសារចម្ងាយ១.០០០ម៉ែត្រនារី។
នៅវគ្គប្រកួតដណ្តើមជ័យលាភីលេខ៣ផ្នែកនារី គឺមានការតាមប្រកិតគ្នារវាងទូក ងទាំងពីរ មកពីខេត្តកាម៉ាវ។ ជាមួយនឹងសមត្ថភាពលេចធ្លោ ទូក ងនារីវត្តង៉ាងយឿ ទទួលបានជ័យលាភីលេខ៣ និងទូក ងនារីវត្តកោះធំ១ ទទួលបានជ័យលាភីលេខ៤។

វគ្គប្រកួតផ្តាច់ព្រ័ត្ររវាងទូក ងវត្តទំនប់ ទីក្រុងកឹងធើ (អាវខៀវ) និងទូក ងនារីវត្តកោះធំ២ (កាម៉ាវ)។
វគ្គផ្តាច់ព្រ័ត្រចម្ងាយ១.២០០ម៉ែត្របុរស មានភាពពុះពោរយ៉ាងខ្លាំង បាននាំមកជូនអ្នកគាំទ្រ មានអារម្មណ៍រំភើបក្រៃលែង។ ទូក ងបុរសវត្តទំនប់២ មានបទពិសោធន៍និងមានភាពជឿជាក់ បានអុំផ្លោះទៅមុខយ៉ាងល្អគាប់ភ្នែកនៅលើខ្សែទឹកប្រណាំង រួចបានយកឈ្នះលើទូក ងវត្តព្រែកអណ្តើក ឃុំញូយ៉ា ដើម្បីទទួលបាននូវពានរង្វាន់ជើងឯកលើកទី៣បន្តបន្ទាប់ ក្រោយពីយកឈ្នះ២ឆ្នាំជាប់ៗគ្នា (ឆ្នាំ ២០២៣, ២០២៤)។
ឆ្នាំនេះ ស្នាដៃរបស់ទូក ងឈរលំដាប់ថ្នាក់ លេខ ២ វត្តព្រែកអណ្តើកបានចាត់ទុកជាស្លាកស្នាមគួរឱ្យចងចាំ ក្រោយពីជិតមួយសតវត្សរ៍ ទើបបង្ហាញខ្លួនឡើងវិញនៅលើខ្សែទឹកប្រណាំងដងព្រែក Maspero។
ចំណែកវគ្គប្រកួតដណ្តើមចំណាត់ថ្នាក់លេខ ៣ បុរសចម្ងាយ១.២០០ម៉ែត្រ ក៏ប្រព្រឹត្តឡើងយ៉ាងស្វិតស្វាញណាស់ដែរ។ ជាមួយនឹងស្មារតីប្រកួតប្រណាំងអស់ពីសមត្ថភាព ទូក ងវត្តព្រែកត្រកួន ឃុំយ៉ាហ្វា បានយកឈ្នះលើទូក ងវត្តជ្រោយទឹមចាស់ សង្កាត់មីស្វៀង បានយកឈ្នះនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
រង្វាន់ឆ្នាំនេះ ខ្លឹមសារចម្ងាយ១.២០០ម៉ែត្រ បុរសទូក ងដណ្តើមបានជ័យលាភីលេខ១ ទទួលបានប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ រួមជាមួយនឹងពានរង្វាន់និងប្រាក់រង្វាន់២០០លានដុង; ទូក ងដណ្តើមបានជ័យលាភីលេខ២ ទទួលបានប្រាក់រង្វាន់ ១៥០លានដុង ទូក ងដណ្តើមបានជ័យលាភីលេខ៣ និងលេខ ៤ ទទួលបានប្រាក់រង្វាន់ ១០០លានដុង និង៨០លានដុង។
ចំពោះខ្លឹមសារ១.០០០ម៉ែត្រនារី ទូក ងទទួលជ័យលាភីលេខ ១ បានទទួលប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ រួមជាមួយនឹងពានរង្វាន់និងប្រាក់រង្វាន់២០០លានដុង; ជ័យលាភីលេខ២ មានប្រាក់រង្វាន់១០០លានដុង; ជ័យលាភីលេខ៣ ៨០លានដុង និងលេខ៤ចំនួន៥០លានដុង។

ថ្នាក់ដឹកនាំទីក្រុងកឹងធើ ជូនរង្វាន់ដល់ក្រុមទូក ងនារីដែលទទួលបានស្នាដៃខ្ពស់។

ភាពសប្បាយរីករាយពេលទទួលបានជ័យជម្នះ។
ក្រៅពីនោះ ក្នុងរង្វាន់ប្រណាំងគណៈចាត់តាំង ក៏បានជូនរង្វាន់ដល់ទូក-ង១៨ក្រុម ដែលឈរលំដាប់ថ្នាក់លេខ១ក្នុងតារាងទូកនីមួយៗទទួលប្រាក់រង្វាន់បាន៥លានដុង និងទូក ងឈរលំដាប់ថ្នាក់លេខ២ក្នុងតារាង១៨ក្រុម ទូកនីមួយៗ ទទួលបាន៣លានដុង; ជូនរង្វាន់ដល់ទូក ង១៦ ក្រុម ដែលយកឈ្នះដំណាក់កាល២ ទូកនីមួយៗទទួលបានប្រាក់៦លានដុង; ជូនរង្វាន់ដល់ទូក ងចំនួន៨ក្រុម ដែលយកឈ្នះរង្វង់ទី៣ ទូកនីមួយៗ ទទួលបានប្រាក់៨លានដុង និងជូនរង្វាន់ដល់ទូក ងចំនួន៤ ដែលយកឈ្នះនៅវគ្គ៨ក្រុម ទូកនីមួយៗទទួលបានប្រាក់១០លានដុង។
រង្វាន់ប្រណាំងទូក ង ជាមួយនឹងការប្រកួតដណ្តើមយ៉ាងពុះពោរ ស្វាហាប់ រួមជាមួយនឹងមោទនភាពនិងសប្បាយរីករាយរបស់ក្រុមទូក ងដែលបានទទួលជ័យជម្នះយ៉ាងត្រចះត្រចង់ ក៏បានបិទវគ្គពិធីបុណ្យអកអំបុក - ប្រណាំងទូក ងនៅទីក្រុងកឹងធើ ឆ្នាំ ២០២៥៕
ស្វឹងស្វៀង-វិមាន