វត្តភ្នំតាប៉ា ស្ថិតនៅលើកំពូលភ្នំតាប៉ា ឃុំទ្រីតូង ខេត្តអាងយ៉ាង ប្រជាជននៅភូមិភាគហៅថា វត្តភ្នំ។ វត្តនេះជាទីតាំងមួយក្នុងចំណោមទីតាំងទេសចរណ៍ដ៏ល្បីល្បាញនៅតំបន់បៃណូយ។

 ព្រះវិហារវត្តភ្នំតាប៉ា បានកសាងនៅលើសសរទ្រដ៏រឹងមាំ មានកម្ពស់រាប់សិបម៉ែត្រ។
មើលពីចម្ងាយ វត្តភ្នំតាប៉ា មានភាពលេចធ្លោដោយរចនាសម្ព័ន្ធពិសេស សំណង់ព្រះវិហារទាំងមូលត្រូវបានកសាងលើសសរបេតុងជាង ១០០ សសរ ដែលមានកម្ពស់ពី ៥ - ១៨ ម៉ែត្រ ជំនួសឱ្យធារដីធម្មតា។ ដោយសារប្រការនេះ អ្នកជាច្រើនប្រៀបធៀបវត្តនេះ ដូចកំពុង “អណ្តែតនៅលើអាកាស”។ វត្តលេចធ្លោដោយពណ៌លឿងទុំជាសំខាន់ លាបនៅលើដំបូល ក្បឿង ជញ្ជាំង ហើយនៅជុំវិញមានក្បូរក្បាច់រចនា រូបចម្លាក់នាគ គ្រុឌ កិន្នរ។ល។ បានឆ្លាក់យ៉ាងផ្ទិតផ្ចង់។ ព័ទ្ធជុំវិញ គឺព្រៃឈើបៃតង បរិយាកាសស្ងប់ស្ងាត់ បង្កភាពបរិសុទ្ធសម្រាប់ភ្ញៀវទេសចរពេលមកទស្សនានៅទីនេះ។ ដោយសារវត្តស្ថិតនៅលើទីតាំងខ្ពស់ ហេតុនោះ ភ្ញៀវទេសចរអាចមើលឃើញគ្រប់ទិសទាំងអស់ ក្លាយជាចំណុចលេចធ្លោនៅតំបន់ព្រៃភ្នំទ្រីតូង។ព្រះឧបជ្ឈាយ៍ ចៅស៊ឹង ព្រះចៅអធិការវត្តភ្នំតាប៉ា ព្រះអង្គបានគូរប្លង់ដោយផ្ទាល់ និងដឹកនាំការកសាងទាំងស្រុង - ចាប់ពីការជីក ចាក់គ្រឹះ ដាក់ដែក ចាក់បេតុងរហូតដល់សម្រេចរួចរាល់។ ទោះបីលក្ខណៈកសាងមានការលំបាកខ្លាំងដោយនៅលើសណ្ឋានដីភ្នំ វត្តនៅតែបានកសាងយ៉ាងរឹងមាំនិងសមរម្យ។ ពុទ្ធបរិស័ទនៅភូមិភាគស្រុះស្រួលគ្នាចូលរួមជាកម្លាំងកាយ កម្លាំងធនធានដើម្បីសម្រេចគ្រប់ផ្នែកការងារ ចាប់ពីផ្លូវជណ្ដើរឡើងទៅកាន់វត្តនិងបរិវេលាមានដើមឈើគ្របដណ្ដប់ជុំវិញ។ ការថែរក្សាព្រៃឈើជុំវិញវត្ត មិនត្រឹមតែជួយការពារបាក់ស្រុតដីប៉ុណ្ណោះទេ ថែមទាំងបង្កបរិយាកាសដ៏ត្រជាក់ បន្សុទ្ធអាកាសធាតុ និងរួមចំណែកធ្វើឱ្យវត្តមានភាពស្ងប់ស្ងាត់នៅកណ្តាលព្រៃភ្នំ។

ទិដ្ឋភាពវត្តភ្នំតាប៉ា ថតពីលើ។
ឈរនៅព្រះវិហារ ភ្ញៀវទេសចរអាចគយគន់ទេសភាពទាំងមូលនៃតំបន់ទ្រីតូងដ៏ធំល្វឹងល្វើយ។ ឆ្ងាយៗគឺជាភ្នំកូតូខ្ពស់ត្រដែត ខាងក្រោមគឺវាលស្រែតាប៉ាលាតសន្ធឹងវែងអន្លាយ បង្កើតបានជាផ្ទាំងទស្សនីយភាពគួរជាទីមនោរម្យ។ ការរួមបញ្ចូលគ្នារវាងស្ថាបត្យកម្មខ្មែរនិងទេសភាពធម្មជាតិដ៏អស្ចារ្យ ធ្វើឱ្យវត្តភ្នំតាប៉ាក្លាយជាទីតាំងទេសចរណ៍បែបសាសនានៅតំបន់តីណាមបូ។
បងស្រីដងធីធ្វីលិញ ភ្ញៀវទេសចរមកពីទីក្រុងកឹងធើ ឱ្យដឹង៖ ពេលមកដល់វត្តភ្នំតាប៉ា ខ្ញុំឃើញខ្យល់អាកាសនៅទីនេះត្រជាក់និងស្ងប់ស្ងាត់ណាស់។ វត្តស្ថិតនៅលើភ្នំខ្ពស់ សម្លឹងចុះឃើញវាលស្រែបៃតងដ៏ស្រស់ស្អាត គាប់ភ្នែក ធ្វើឱ្យខ្ញុំឃើញទីនេះស្អាតផង និងស្ងប់ស្ងាត់ផង។
ក្រៅពីព្រះវិហារ ក្នុងបរិវេណវត្តនៅមានសំណង់ជាច្រើនទៀត ដូចជា សាលាទាន ព្រះមេរុ សមណកុដិ ចេតិយនិងសំណង់ផ្សេងៗទៀតសម្រាប់បម្រើសកម្មភាពជំនឿសាសនារបស់ពុទ្ធបរិស័ទនិងការបួសរៀនរបស់ព្រះសង្ឃ។
ជាមួយនឹងទេសភាពដ៏ស្រស់ស្អាតនិងស្ថាបត្យកម្មដ៏ល្អប្រណីត វត្តភ្នំតាប៉ាកាន់តែទាក់ទាញភ្ញៀវទេសចរទាំងក្នុងនិងក្រៅប្រទេសមកទស្សនាយ៉ាងច្រើនកុះករពីមួយថ្ងៃទៅមួយថ្ងៃ។ មនុស្សជាច្រើនចាត់ទុកទីនេះមិនត្រឹមតែជាទីតាំងគោរពបូជាប៉ុណ្ណោះទេ ថែមទាំងជាកន្លែងស្វែងរកភាពស្ងប់ស្ងាត់សម្របខ្លួនជាមួយធម្មជាតិនិងបានឃើញបានយល់ពីស្ថាបត្យកម្មវប្បធម៌ខ្មែរណាមបូទៀងផង៕
  វុឌ្ឍា-វិមាន