នៅចុងខែភទ្របទរៀងរាល់ឆ្នាំ ជនរួមជាតិខ្មែរណាមបូតែងរៀបចំពិធីបុណ្យសែនដូនតា។ នេះជាឱកាសដ៏ពិសិដ្ឋសម្រាប់កូនចៅនឹកដល់គុណបុព្វការីជន និងផ្សារភ្ជាប់មនោសញ្ចេតនា រួមចំណែករក្សាលក្ខណៈល្អស្អាតរបស់ជនរួមជាតិខ្មែរពីជំនាន់មួយទៅជំនាន់មួយ ជាពិសេសគឺការគោរពដឹងគុណចំពោះជីដូន ជីតា បុព្វការីជន ដែលបង្ហាញពីលក្ខណៈវប្បធម៌ ជីវភាពស្មារតីនិងជំនឿរបស់ជនជាតិខ្មែរណាមបូ។
កូនចៅមូលជុំគ្នាប្រារព្ធពិធីសែនដូនតា។
ជនជាតិខ្មែរតែងមានជំនឿថា ក្នុងថ្ងៃសែនដូនតា ដូនតា បុព្វការីជននឹងវិលមករកកូនចៅ។ អាស្រ័យហេតុនោះ គ្រួសារនីមួយៗតែងសម្អាតផ្ទះសម្បែង រៀបចំម្ហូបអាហារ នំចំណីយ៉ាងប្រណិត ដើម្បីទទួលនិងសែនដល់បុព្វការីជន ពិធីនេះត្រូវបានគេហៅថា ពិធីសែនដូនតា។ ក្រៅពីពិធីសែននៅផ្ទះ កូនចៅតែងយកចង្ហាន់ទៅវត្តប្រគេនចំពោះព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជនចែកឋានផងដែរ។
យោងតាមព្រះតេជគុណ យ័ញគីមហ្វាង បរិញ្ញាបត្រវប្បធម៌ជនជាតិភាគតិចវៀតណាម មានថេរដីកា៖ “បុណ្យសែនដូនតា មិនត្រឹមតែជាពិធីជំនឿប៉ុណ្ណោះទេ ថែមទាំងជា “យន្តការសង្គម” ម្យ៉ាងសម្រាប់រក្សានិងបង្កើតឡើងវិញនូវអត្តសញ្ញាណរបស់ជនរួមជាតិខ្មែរ ពីជំនាន់មួយទៅជំនាន់មួយ។ ដើមកំណើតនៃពិធីបុណ្យសែនដូនតា បានយោងទៅតាមជំនឿនៃលទ្ធិទាំងពីរ គឺលទ្ធិព្រហ្មញ្ញសាសនា គោរពព្រលឹង និងលទ្ធិព្រះពុទ្ធសាសនាថេរវាទ សង្កត់ធ្ងន់ទៅលើកតញ្ញូកតវេទិតាធម៌ និងដំណើរវិលកើតវិលស្លាប់”។
ការរួមបញ្ចូលគ្នានៃលទ្ធិទាំងពីរនេះធ្វើឱ្យបុណ្យសែនដូនតាមានលក្ខណៈពិសេសដោយឡែក៖ ជាឱកាសសម្រាប់កូនចៅសម្ដែងការគោរពដឹងគុណចំពោះអ្នកចែកឋានផង និងជាឱកាសដើម្បីហាត់ពត់លត់ដំចិត្ត ចម្រើននូវធម៌មេត្តានិងកត្តញ្ញូជាដើមផង។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងបរិបទសម័យទំនើប ពិធីបុណ្យនេះក៏ប្រឈមនឹងការផ្លាស់ប្តូរជាច្រើន។ ជនរួមជាតិខ្មែរភាគច្រើនទៅធ្វើការនៅឆ្ងាយៗ ហើយមិនអាចត្រឡប់មកផ្ទះក្នុងឱកាសបុណ្យដែលធ្វើឱ្យបរិយាកាសជួបជុំគ្រួសារមានការថយចុះខ្លះ។ ទន្ទឹមនឹងនោះ ពិធីប្រពៃណីមួយចំនួនត្រូវបានសង្ខេបខ្លីជាបណ្តើរៗ ដើម្បីឱ្យសមស្របនឹងជីវភាពសព្វថ្ងៃ។ ទោះជាយ៉ាងនោះក៏ដោយ ការផ្លាស់ប្តូរទាំងនេះកាន់តែឱ្យពិធីបុណ្យសែនដូនតាវិវឌ្ឍន៍ខ្លាំងក្លាជាងមុនផង។ ទោះបីមិនត្រឡប់ទៅស្រុកកំណើតក៏ដោយ មានអ្នកជាច្រើននៅតែផ្ញើប្រាក់ជួយគ្រួសាររៀបចំពិធីបុណ្យ ឬរៀបចំពិធីតូចៗនៅកន្លែងដែលខ្លួនស្នាក់នៅ ដើម្បីរំលឹកនឹកគុណដល់បុព្វការីជនផងដែរ។
ទៅធ្វើការឆ្ងាយពីផ្ទះជិត ១០ ឆ្នាំ សព្វថ្ងៃជាកម្មករនៅខេត្តដុងណៃ ពូឡឹមសើុងថាយ នៅភូមិកឹងដឿក ឃុំញ៉ូយ៉ា ឱ្យដឹង៖ “ឆ្នាំនេះ ដោយសាររវល់ការងារ ខ្ញុំមិនអាចត្រឡប់មកស្រុកកំណើតដើម្បីចាត់ចែងពិធីបុណ្យសែនដូនតា ជាមួយគ្រួសារបានទេ ប៉ុន្តែខ្ញុំបានផ្ញើប្រាក់ជូនឪពុកម្តាយរបស់ខ្ញុំ ដើម្បីរៀបចំម្ហូបអាហារសែនដូនតាមិនឱ្យខ្វះឡើយ។ ទោះបីជាខ្ញុំមិនបានចូលរួមផ្ទាល់ក្ដី ក៏ខ្ញុំមានអារម្មណ៍ថា ខ្លួនហាក់ដូចជាបានផ្សារភ្ជាប់ជាមួយជីដូនជីតានិងគ្រួសារនៅស្រុកកំណើតនោះដែរ”។
ចំណែកបងស្រីលីធីអាញ់ធឺ កំណើតនៅឃុំយ៉ាហ្វា សព្វថ្ងៃធ្វើការនៅទីក្រុងហូជីមិញ កំពុងតែខិតខំរៀបចំការងារដើម្បីវិលត្រឡប់មកស្រុកកំណើត បងស្រី ឱ្យដឹង៖ “សម្រាប់ខ្ញុំ បុណ្យសែនដូនតាគឺជាឱកាសដ៏សំខាន់មួយដើម្បីជួបជុំញាតិសន្តាន សម្តែងនូវការគោរពដឹងគុណចំពោះឪពុកម្តាយ និងជីដូនជីតា។ ទោះបីផ្លូវឆ្ងាយ ការងាររវល់យ៉ាងណាក៏ខ្ញុំនៅតែចង់ត្រឡប់ទៅស្រុកកំណើត ជួបជុំគ្នាអង្គុយមូលជុំស្ពកសែន និងចូលរួមក្នុងបរិយាកាសពិធីបុណ្យនៅភូមិស្រុក”។
សព្វថ្ងៃនេះ ទោះបីជាសង្គមមានការផ្លាស់ប្តូរក៏ដោយ បុណ្យសែនដូនតានៅតែមានតួនាទីដ៏សំខាន់ក្នុងការផ្សារភ្ជាប់មនោសញ្ចេតនានៃមនុស្សគ្រប់ជំនាន់។ រូបភាពស្ពកសែន សំឡេងសូត្រធម៌ចេញពីវត្ត ការបណ្ដែតទូកជូនដូនតាជាដើម ទាំងអស់នេះជាលក្ខណៈពិសេសដែលមិនអាចខ្វះបាននៃពិធីបុណ្យសែនដូនតា។ ពិធីបុណ្យនៅតែបញ្ជាក់ពីគោលជំហរក្នុងជីវភាពស្មារតីរបស់ជនរួមជាតិខ្មែរ ទន្ទឹមនឹងនោះ រួមចំណែកធ្វើឱ្យសម្បូរបែបនូវរូបភាពវប្បធម៌ចម្រុះព័ណ៌របស់ជនជាតិវៀតណាម។ មិនត្រឹមតែជាថ្ងៃដើម្បីឧទ្ទិសកុសលដល់បុព្វការីជនប៉ុណ្ណោះទេ នៅទាំងជាពាក្យផ្ដាំផ្ញើប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ អំពីតម្លៃគ្រួសារ ស្រុកកំណើត និងការដឹងគុណជាដើម៕
វឌ្ឍា- ថាច់ធី
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយកស្តីទី: ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។