សំឡេងស្គរបើកបវេសនកាលបានបន្លឺឡើង ជាសញ្ញាឈានចូលឆ្នាំសិក្សាថ្មីអមដោយការរំពឹងនិងការប្តេជ្ញាចិត្ត ស្មារតីផ្លាស់ថ្មី ដើម្បីសម្រេចបានលទ្ធផលខ្ពស់របស់គ្រូនិងសិស្សនៃអនុវិទ្យាល័យជនជាតិអន្តេវាសិកតឹងថាញ់ ឃុំតឹងថាញ់ ទីក្រុងកឹងធើ។ នេះក៏ជាឱកាស ដើម្បីសាលាបន្តបង្ហាញឱ្យឃើញនូវការខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង ក្នុងការលើកកម្ពស់គុណភាពបង្រៀននិងរៀន ឆ្លើយតបទៅនឹងតម្រូវការអប់រំក្នុងដំណាក់កាលថ្មី។

គ្រូនិងសិស្សនៃអនុវិទ្យាល័យជនជាតិអន្តេវាសិកតឹងថាញ់ ឃុំតឹងថាញ់ ទីក្រុងកឹងធើ
ក្នុងម៉ោងសិក្សាវិញ្ញាសាអក្សរសាស្ត្រ។
អនុវិទ្យាល័យជនជាតិអន្តេវាសិកតឹងថាញ់ បានបង្កើតនៅឆ្នាំ ២០០៤ ដោយមានសិស្សជាកូនចៅរបស់ជនជាតិភាគតិចចូលរៀនជាង ៩០% ច្រើនឆ្នាំសិក្សាកន្លង សាលារៀនតែងបានគណៈកម្មាធិការបក្សនិងរដ្ឋអំណាចមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ផ្តោតការយកចិត្តទុកដាក់វិនិយោគសាងសង់យ៉ាងសមរម្យ ជាមួយនឹងកងជួរកម្មាភិបាលគ្រូបង្រៀនមានការប្តេជ្ញាចិត្តខ្ពស់ ខ្នះខ្នែងច្នៃប្រតិដ្ឋ មួយអន្លើដោយការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស បានរួមចំណែកលើកកម្ពស់លទ្ធផលរបស់សាលាពីមួយឆ្នាំទៅមួយឆ្នាំ។ តាមប្រសាសន៍លោកគ្រូឡៀងហៀងសឺ ចាងហ្វាងអនុវិទ្យាល័យជនជាតិអន្តេវាសិក តឹងថាញ់ ឆ្នាំសិក្សា ២០២៤-២០២៥ អត្រាសិស្សសម្រេចនិទ្ទេសគ្រាន់បើ ពូកែជាង ៨០% សិស្សមានចរិយាសម្បត្តិល្អសម្រេចជាង៩០%...។
ក្នុងបរិយាកាសរីករាយអបអរសាទរឆ្នាំសិក្សាថ្មីជាមួយការប្តេជ្ញាចិត្តសម្រេចបានលទ្ធផលខ្ពស់ ទាំងគ្រូនិងសិស្សរបស់សាលាសុទ្ធតែមានការរំពឹងទុក ហើយដាក់ចេញនូវទិសដៅសម្រាប់ខ្លួនច្បាស់លាស់ ចាត់ទុកជាកម្លាំងជំរុញដើម្បីខិតខំអភិវឌ្ឍខ្លួន។ ប្អូនលីបាវត្រឹង សិស្សថ្នាក់ទី ៨A ឱ្យដឹង៖ “ទិសដៅរបស់ប្អូនក្នុងឆ្នាំសិក្សានេះ គឺសម្រេចឱ្យបានលទ្ធផលខ្ពស់ក្នុងការសិក្សា ដើម្បីសម្រេចបានទិសដៅនេះ ប្អូនខំប្រឹងរៀន យកចិត្តទុកដាក់ស្តាប់លោកគ្រូអ្នកគ្រូពន្យល់មេរៀន ព្រមទាំងធ្វើលំហាត់មេរៀនកម្រិតខ្ពស់ឱ្យបានច្រើន ដើម្បីបង្កើនចំណេះដឹង”។ ជាមួយនឹងទិសដៅជាក់ស្តែងនេះ បង្ហាញពីស្មារតីស្រឡាញ់ការរៀនសូត្រ ឆន្ទៈតស៊ូនិងគោលបំណងឈានឡើងរបស់សិស្ស និងជាកម្លាំងជំរុញដើម្បីប្អូនៗមានការវិវឌ្ឍជាជំហានៗអនុវត្តនូវក្តីប្រាថ្នា រួមចំណែកបង្កើតភាពជោគជ័យរួមសម្រាប់ឆ្នាំសិក្សាថ្មី។ “ឆ្នាំសិក្សា ២០២៥-២០២៦ សាលាមានសិស្ស ២៧៥ នាក់ មានកម្មាភិបាល គ្រូបង្រៀន និងបុគ្គលិកចំនួន ៣៩ នាក់។ ដើម្បីសម្រេចបានលទ្ធផលល្អក្នុងឆ្នាំសិក្សានេះ សាលាបន្តលើកកម្ពស់គុណភាពអប់រំលើគ្រប់ផ្នែក កសាងបរិស្ថានអប់រំយកសិស្សធ្វើជាស្នូល។ ខ្នះខ្នែងផ្លាស់ថ្មីកម្មវិធីសិក្សានៅគ្រប់វិញ្ញាសា; បង្កើនប្រសិទ្ធភាព ប្រជុំក្រុមជំនាញវិជ្ជាជីវៈ ផ្តោតទៅលើដំណោះស្រាយលើកកម្ពស់គុណភាពសិក្សារបស់សិស្ស; ជំរុញការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ផ្លាស់ប្តូរឌីជីថលនិងផ្លាស់ថ្មីវិធីសាស្ត្របង្រៀន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ផ្នែកអប់រំ។ ទន្ទឹមនឹងនោះ បន្តការរក្សាចលនាប្រឡងប្រណាំង “កសាងសាលារៀនស្និទ្ធស្នាល សិស្សសកម្ម” គិតគូរដល់ជីវភាពសម្ភារៈ ស្មារតីនិងពង្រីកលក្ខណៈសាមគ្គី ស្វាហាប់ ច្នៃប្រតិដ្ឋ មានទំនុកចិត្តក្នុងការសិក្សាដល់ប្អូនៗសិស្សានុសិស្ស…” - លោកគ្រូលៀងហៀងសឺ ចាងហ្វាងអនុវិទ្យាល័យជនជាតិអន្តេវាសិកតឹងថាញ់ បានឱ្យដឹងដូច្នេះ។
ជាមួយនឹងដំណោះស្រាយជាច្រើនដែលបានផ្សព្វផ្សាយអនុវត្ត អនុវិទ្យាល័យជនជាតិអន្តេវាសិកតឹងថាញ់ ជាជំហានៗលើកកម្ពស់គុណភាពអប់រំគ្រប់ជ្រុងជ្រោយ អនុវត្តជោគជ័យភារកិច្ចឆ្នាំសិក្សាថ្មី រួមចំណែកកសាងខឿនអប់រំកាន់តែមានគុណភាព រួមចំណែកជាក់ស្តែងក្នុងបុព្វហេតុអភិវឌ្ឍធនធានមនុស្ស បំពេញតាមការរំពឹងទុករបស់បក្ខភាគ រដ្ឋអំណាចនិងប្រជាជនក្នុងទីក្រុង៕
ថាញវ៉ាង-មុនី