ប្រសិនបើលោកអ្នកធ្វើដំណើរពីមជ្ឈមណ្ឌលក្រុងត្រាវិញ (ចាស់) ឆ្ពោះទៅទិសខាងជើងប្រមាណជាង៣គីឡូម៉ែត្រ គឺដល់វត្តមួយដែលមានឈ្មោះថា វត្តនាគវនារាម (ខ្ទឹង) ស្ថិតនៅសង្កាត់ហ្វៀកហ្វា ខេត្តវិញឡុង ជាវត្តមួយដែលមានទិដ្ឋភាពដ៏ស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរពីគ្រប់ទិសទីមកទស្សនាកម្សាន្តនិងគោរពបូជា។

ខ្លោងទ្វារវត្តនាគវនារាម (ខ្ទឹង)។
ពេលចូលដល់បរិវេណវត្តភ្លាម ភ្ញៀវទេសចរនឹងទាក់ទាញភ្នែកជាមួយដើមឈើធំៗ ចោលម្លប់ត្រឈឹងត្រឈៃ អមដោយសំណង់ស្ថាបត្យកម្មល្អឯកនៃអារាមដែលមានអាយុកាលជាង៥០០ឆ្នាំ ដែលបាននិងកំពុងទាក់ទាញមហាជនគ្រប់ទិសទីចូលទៅទស្សនាកម្សាន្ត និងសិក្សាស្វែងយល់ពីសំណង់វប្បធម៌ដ៏ចំណាស់មួយនេះ។ ពីព្រោះគ្រប់សំណង់ទាំងអស់ក្នុងវត្ត មានការរៀបចំរចនាប្លង់ជាជួរ បង្ហាញពីវប្បធម៌ អរិយធម៌នៃព្រះពុទ្ធសាសនាខ្មែរ និងការគោរពប្រតិបត្តិសាសនារបស់ជនរួមជាតិខ្មែរ។

ភ្ញៀវទេសចរលង់អារម្មណ៍ជាមួយភាពស្រស់ស្អាតនៃសំណង់ស្ថាបត្យកម្មបុរាណ។
ចំណុចដែលធ្វើឱ្យវត្តមួយនេះ មានបរិស្ថានធម្មជាតិស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធត្រជាក់ស្រស់ស្រាយ គឺអាស្រ័យព្រះចៅអធិការវត្ត ព្រមទាំងព្រះសង្ឃនិងពុទ្ធបរិស័ទគ្រប់ជំនាន់បានដាំនិងថែរក្សាដើមឈើក្នុងវត្ត ធ្វើឱ្យបរិវេណវត្តទាំងមូលគ្របដណ្ដប់ដោយភាពបៃតង ចូលទៅត្រជាក់កាយត្រជាក់ចិត្ត ជាមួយនឹងសំឡេងសត្វឆ្លងឆ្លើយគ្នាដូចតន្ត្រីបំពេអារម្មណ៍។

ភ្ញៀវទេសចរដើរទស្សនានិងថតរូបអនុស្សាវរីយ៍។
ក្រៅពីមានដើមឈើធំៗរាប់រយដើមក្រាលគ្របដោយម្លប់ត្រឈឹងត្រឈៃ ទីអារាមមួយនេះក៏រៀបចំតាក់តែងរចនាសំណង់បូជនីយដ្ឋានផ្សេងៗ មានបដិមាជាច្រើនដែលបង្ហាញពីប្រវត្តិរឿងរ៉ាវរបស់ព្រះពុទ្ធជាម្ចាស់ បានកសាងដោយរួមបញ្ចូលរវាងស្ថាបត្យកម្មបុរាណនិងសម័យ បង្កើតបានជាលក្ខណៈប្រណីតភាពផ្នែកខាងជំនឿផ្លូវចិត្តនិងសោភណភាពរបស់វត្ត អមដោយរុក្ខជាតិផ្កាលំអចម្រុះពណ៌គ្រប់ប្រភេទ។

ភ្ញៀវទេសចរទស្សនាភាពស្រស់ស្អាតនៃសំណង់ព្រះវិហារវត្តនាគវនារាម (ខ្ទឹង)។
ពិសេសគឺចម្លាក់អង្គរវត្តដ៏ស្រស់ស្អាតឋិតនៅខាងត្បូងព្រះវិហារ និងសំណង់កុដិ សាលាជារចនាបថបុរាណមើលទៅគួរជាទីជ្រះថ្លា។ កញ្ញាចាន់ កណីការ និស្សិតផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យត្រាវិញ មានចំណាប់អារម្មណ៍៖ “វត្តនេះមានទាំងភាពស្រស់ស្អាតនិងអារម្មណ៍ស្ងប់ស្ងាត់ នាងខ្ញុំនិងមិត្តភ័ក្ដិភាគច្រើនតែងមកលេងកម្សាន្តឱកាសចុងសប្ដាហ៍ ពេលបានដើរលេងជុំវិញបរិវេណវត្ត ទស្សនាទេសភាពបៃតងនិងទិដ្ឋភាពស្រះស្រង់ទឹកថ្លាយង់ ធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ រំសាយភាពនឿយហត់ពីការរៀនសូត្រ”។

រចនាបថនៃសំណង់ស្ថាបត្យកម្មប្រពៃណី តាក់តែងបង្កើតបានទៅជារមណីយដ្ឋានដ៏ប្រណីត។
ទីវត្តអារាមមួយនេះមិនត្រឹមតែជាកន្លែងសម្រាប់ធ្វើបុណ្យ ធ្វើទានប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងទាក់ទាញភ្ញៀវទេសចរនិងអ្នកស្រឡាញ់ធម្មជាតិផងដែរ។ ដ្បិតផ្ទៃវត្តបានព័ទ្ធជុំវិញដោយបរិស្ថានបៃតងដ៏ស្រស់ស្អាត ផ្តល់អារម្មណ៍ស្ងប់ស្ងាត់និងសុខដុមដល់អ្នកទស្សនា។ ជាពិសេស បង្ហាញនូវភាពអស្ចារ្យនៃសំណង់ស្ថាបត្យកម្មបុរាណ ដែលជាអត្តសញ្ញាណនៃប្រពៃណីវប្បធម៌ខ្មែរណាមបូ បង្កបរិយាកាសស្រស់ស្រាយសម្រាប់អ្នកមកទស្សនាកម្សាន្តនិងគោរពបូជា៕
អត្ថបទនិងរូបថត៖ ពេជ្រសឿន