10/09/2025 - 09:21

ទឹក​ព្រះ​ទ័យ​របស់​ព្រះ​សង្ឃ​ 

ជារៀង​រាល់​ឆ្នាំ ឱ្យ​តែ​ដល់​វិស្សម​កាល​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​តែង​មក​វត្ត​រៀន​អក្សរ​ខ្មែរ។​ រដូវ​វិស្ស​មកាល​ពិត​ជា​មាន​អត្ថ​ន័យ​ ព្រោះ​ប្អូន​ៗ​មិន​ត្រឹម​តែ​បាន​ព្រះ​សង្ឃ​បង្រៀន​អក្សរ​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​មាន​កន្លែង​សម្រាប់​លេង​កម្សាន្ត​ទៀត​ផង។​ ការ​បង្រៀន​អក្សរ​ខ្មែរ​នៅ​វត្ត​កើត​ចេញ​ពី​ទឹក​ព្រះ​ទ័យ​របស់​ព្រះ​សង្ឃ​ក្នុង​ការ​រួម​ចំ​ណែក​អភិ​រក្ស​ភា​សា​ និង​អក្សរ​សាស្ត្រ​របស់​ជន​ជាតិ។​

ព្រះ​តេជ​គុណ​ ហ្វិញ​តាយ បង្រៀន​អក្សរ​ខ្មែរ​ថ្នាក់​ទី​៣​ដល់​សិស្ស​
ដែល​មក​រៀន​ក្នុង​វត្ត​សំ​រោង។​

តាំង​ពី​ដើម​ដល់​បច្ចុប្បន្ន​ ការ​រៀន​អក្សរ​ខ្មែរ​នៅ​តាម​វត្ត​អា​រាម​ភាគ​ច្រើន​អា​ស្រ័យ​ព្រះ​សង្ឃ​ទទួល​រ៉ាប់​រង​ ហើយ​ព្រះ​សង្ឃ​ដែល​បង្រៀន​សុទ្ធ​តែ​បាន​បញ្ចប់​ថ្នាក់​បាលី​រង​ និង​យល់​ជ្រៅ​ជ្រះ​ពី​ភាសា​ខ្មែរ។​ តួ​យ៉ាង​ដូច៖ ព្រះ​តេជ​គុណ​ថាច់​ហៀង គង់​នៅ​វត្ត​សេរី​មុនី​សង្កែ​ ឃុំ​ទ្រឿង​ខាញ់​ ទី​ក្រុង​កឹង​ធើ។​ ព្រះ​តេជ​គុណ​ហៀង រៀន​ចប់​ថ្នាក់​បា​លី​រង​ ហើយ​បាន​ព្រះ​ចៅ​អធិ​ការ​ប្រ​គល់​ភារ​កិច្ច​បង្រៀន​ភា​សា​ខ្មែរ​ថ្នាក់​ទី​១​ដល់​ប្អូន​ៗ​ និង​វិន័យ​ថ្នាក់​ត្រី​ដល់​ព្រះ​សង្ឃ​ក្នុង​វត្ត។​ សម្រាប់​ព្រះ​តេជ​គុណ​ ហៀង ការ​បង្រៀន​ភា​សា​ខ្មែរ​គឺ​ជា​ក្តី​រីក​រាយ ព្រោះ​មិន​ត្រឹម​តែ​ជួយ​ឱ្យ​កូន​ចៅ​ខ្មែរ​ចេះ​អាន និង​ចេះ​សរ​សេរ​ភា​សា​កំ​ណើត​ ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​អភិ​រក្ស​ភា​សា​ និង​អក្សរ​សាស្ត្រ​របស់​ជន​ជាតិ​ផង​ដែរ។​ ព្រះ​តេជគុណ​ហៀង មាន​ថេរៈ​ដី​កា៖ “អា​ត្មា​បួស​ហើយ​ រៀន​អក្សរ​ខ្មែរ​និង​បា​លី​ ដោយ​សារ​មា​មីង​ពុទ្ធ​បរិ​ស័ទ​ទំ​នុក​បម្រុង ដូច្នេះ​នៅ​ពេល​ដែល​ព្រះ​ចៅ​អធិ​ការ​ប្រ​គល់​ភារ​កិច្ច​បង្រៀន​ព្រះ​សង្ឃ​ក្នុង​វត្ត​ និង​បង្រៀន​អក្សរ​ខ្មែរ​ដល់​ប្អូន​ៗ​សិស្សា​នុសិស្ស​ គឺអា​ត្មា​កាន់​តែ​ខិត​ខំ​អាន​សៀវ​ភៅ​ និង​កា​សែត​ខ្មែរ​បន្ថែម​ទៀត​ ដើម្បី​រក​វិធី​សាស្រ្ត​បង្រៀន​សិស្ស​ឱ្យ​ងាយ​យល់​ និង​ងាយ​ចង​ចាំ​។​ ក្នុង​ម៉ោង​រៀន​ អា​ត្មា​តែង​បង្ក​បរិ​យា​កាស​រីក​រាយ​ដើម្បី​ប្អូនៗ​រៀន​សូត្រ​ ពេល​ដែល​ប្អូនៗ​ណា​អាន​និង​សរ​សេរ​ពូកែ​គឺ​អា​ត្មា​ផ្តល់​រង្វាន់​បន្ថែម​ ដូច្នេះ​នរ​ណា​ក៏​ចូល​ចិត្ត​មក​វត្ត​រៀន​ដែរ​ ហើយ​បាន​ស្គាល់​មិត្ត​ភក្តិ​បន្ថែម​ផង”។​ ព្រះ​តេជ​គុណ​ហៀង មាន​ថេរៈ​ដីកា៖ វិស្សម​កាល​ឆ្នាំ​នេះ​ មាន​សិស្ស​ចំ​នួន​ ១១៥ នាក់ ចូល​រៀន​តាំង​ពី​ថ្នាក់​ទី​១​ដល់​ទី​៣។​ ក្រៅ​ពី​បង្រៀន​អក្សរ​ខ្មែរ​ អា​ត្មា​ក៏​បាន​បង្រៀន​នូវ​ទំ​នៀម​ទម្លាប់​ របៀប​លើក​ដៃ​សំ​ពះ​និង​ឥរិយា​បទ​ក្នុង​គ្រួ​សារ​ និង​សហ​គមន៍។​ បន្ទាប់​ពី​សិក្សា​អស់​រយៈ​ពេល​ជាង​ ២ ខែ​ វត្ត​បាន​រៀប​ចំ​ប្រ​ឡង​បិទ​វគ្គ​ និង​ប្រ​កាស​លទ្ធ​ផល​ ជូន​រង្វាន់​ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ប្អូនៗ​ដែល​មក​វត្ត​រៀន​ក្នុង​ឱកាស​វិស្សម​កាល។​

ទទួល​បន្ទុក​បង្ហាត់​បង្រៀន​អក្សរ​ខ្មែរ​អស់​រយៈ​ពេល ​៤​ ឆ្នាំ​ដល់​កូន​ចៅ​ជន​រួម​ជាតិ​នៅ​វត្ត​សំ​រោង​ សង្កាត់​សុក​ត្រាំង​ ព្រះ​តេជ​គុណ​ ហ្វិញ​តាយ តែង​បាន​ប្អូន​ៗ​សិស្សា​នុសិស្ស​គោ​រព​ស្រ​ឡាញ់។​ ប្អូន​ឌិញ​ហា​ម៉ាយ​ឌិញ​ បាន​ឱ្យ​ដឹង៖ “ពួក​ប្អូន​ពិត​ជា​ចូល​ចិត្ត​ការ​បង្រៀន​របស់​ព្រះ​តេជ​គុណ​ណាស់​ ព្រោះ​ការ​បង្រៀន​របស់​ព្រះ​អង្គ​ងាយ​យល់​ និង​ងាយ​ចង​ចាំ​ ដូច្នេះ​ឥឡូវ​ប្អូន​ចេះ​អាន និង​សរ​សេរ​អក្សរ​ខ្មែរ​បាន​យ៉ាង​ស្ទាត់។​ ឆ្នាំ​នេះ​ ពេល​ដែល​ចាប់​ផ្តើម​ចូល​រៀន​ដំ​បូង​ ព្រះ​អង្គ​បាន​ឱ្យ​ឯក​សណ្ឋាន​អាវ​យឺត​ សៀវ​ភៅ​ និង​ប៊ិក បើ​រៀន​ពូកែ​ថែម​ទាំង​ទទួល​បាន​រង្វាន់​ជា​ទឹក​ប្រាក់​ទៀត​ផង”។​

ដោយ​ការ​ស្រ​ឡាញ់​ចូល​ចិត្ត​រៀន​អក្សរ​ខ្មែរ​របស់​សិស្ស​ បាន​ជំ​រុញ​ទឹក​ចិត្ត​ដល់​ព្រះ​តេជ​គុណ​ ហ្វិញ​តាយ ខំ​ប្រឹង​សិក្សា​ស្រាវ​ជ្រាវ​សៀវ​ភៅ​បន្ថែម​ដើម្បី​បង្រៀន​ឱ្យ​កាន់​តែ​ល្អ។​ ព្រះ​តេជ​គុណ​ តាយ មាន​ថេរៈ​ដី​កា៖ “អា​ត្មា​មិន​មែន​ជា​គ្រូ​បង្រៀន​ទេ​ ប៉ុន្តែ​មក​ពី​ទឹក​ចិត្ត​របស់​អា​ត្មា​ចង់​ឱ្យ​កូន​ចៅ​ខ្មែរ​ ចេះ​និ​យាយ​ និង​សរ​សេរ​អក្សរ​របស់​ជន​ជាតិ​ ទើប​អា​ត្មា​ភាព​ព្យា​យាម​ឈរ​ថ្នាក់​បង្រៀន​ជា​ប្រ​ចាំ។​ ដើម្បី​ជំ​រុញ​ទឹក​ចិត្ត​ប្អូន​ៗ​រៀន​សូត្រ​ដល់​ចុង​វគ្គ​សិក្សា ​ព្រះ​សង្ឃ​នឹង​រៀប​ចំ​ការ​ប្រ​ឡង​ប្រ​កាស​លទ្ធ​ផល​និង​ជូន​រង្វាន់។​ ចំ​ពោះ​រង្វាន់​វិញ​ ក្រៅ​ពី​ទឹក​ប្រាក់ ១ លាន​ដុង​ ក៏​មាន​សៀវ​ភៅ​ និង​ប៊ិក​ផង​ដែរ​ ដូច្នេះ​ថ្នាក់​រៀន​បាន​ទាក់​ទាញ​ប្អូន​ៗ​ជាច្រើន​មក​រៀន​ជា​រៀង​រាល់​ឆ្នាំ។​ ក្រៅ​ពី​នោះ​ ព្រះ​អង្គ​ក៏​បាន​នាំ​ប្អូន​ៗ​ទៅ​ទស្សនា​វត្ត​ខ្មែរ​ល្បី​ៗ​មួយ​ចំ​នួន​ក្នុង​ទី​ក្រុង​ ដើម្បី​ប្អូនៗ​មាន​រដូវ​វិស្សម​កាល​មួយ​ប្រ​កប​ដោយ​អត្ថ​ន័យ​ ដោយ​បាន​រៀន​អក្សរ​ខ្មែរ​ផង​និង​បាន​ដើរ​កម្សាន្ត​ផង”៕​

  យ្វី​អាញ-ប្រែ​សម្រួល៖ មេង​លី

ចែករំលែកអត្ថបទ