05/08/2025 - 09:30

សាលា​ពុទ្ធិ​កមធ្យម​សិក្សា​បឋម​ភូមិ​ ជាថ្នា​លបណ្តុះ​បណ្តា​ល​បញ្ញវន្ត​សង្ឃ​ខ្មែរ​ 

ជារៀង​រាល់​ឆ្នាំ​ ក្រោយ​ពី​បុណ្យ​វិសាខ​បូជា​ នៅ​តាម​វត្ត​ទក្ខិណនិកាយ​ខ្មែរ​លើ​ភូមិ​សាស្ត្រ​ក្រុង​កឹង​ធើ ចាប់​ផ្តើម​បើក​បវេស​កាល​ថ្នាក់​ពុទ្ធិក​មធ្យម​សិក្សា​បឋម​ភូមិ​ ដើម្បី​បង្រៀន​អក្សរ​សាស្ត្រ​និង​ធម្ម​វិន័យ​ដល់​សមណ​សិស្ស​ រួម​ចំ​ណែក​ក្នុង​ការ​អភិរក្ស​ភាសា​ អក្សរ​សាស្ត្រ​និង​បណ្តុះ​បណ្តាល​កង​ជួរ​ បញ្ញវន្ត​ក្នុង​ព្រះ​សង្ឃ​និង​ជន​រួម​ជាតិ​ខ្មែរ​។​

ថ្នាក់​ពុទ្ធិក​មធ្យម​សិក្សា​បឋម​ភូមិ​ឆ្នាំ​ទី៣ វត្ត​ព្រែក​អណ្ដើក​ ឃុំ​ញ៉ូយ៉ា ក្រុង​កឹង​ធើ កំពុងសិក្សាវិញ្ញាសាសរសេរតាមអាន។

វត្ត​ពោធិ​សាល​ ជ្រោយ​ទឹម​កណ្តាល​ នៅ​សង្កាត់​មីស្វៀង​ ក្រុង​កឹង​ធើ ក្រោយ​ពី​ផ្អាក​បើក​ថ្នាក់​បាលី​ជាង​ ៧០ ឆ្នាំ​ ប៉ុន្តែ​ ចាប់​ពី​ឆ្នាំ​១៩៥៤ មក​ដល់​ឆ្នាំ​ ២០២៤ ព្រះ​ចៅ​អធិ​ការ​រួម​នឹង​គណៈ​កម្ម​ការ​វត្ត​បាន​ឯក​ភាព​បើក​ថ្នាក់​ពុទ្ធិក​មធ្យម​សិក្សា​បឋម​ភូមិ​ឆ្នាំ​ទី ១។​ បច្ចុប្បន្ន​ ថ្នាក់​រៀន​មាន​សមណ​សិស្ស​ ១៦ អង្គ​។​ ព្រះ​តេជ​ព្រះ​គុណ​ ស៊ើង​ថន ព្រះ​ចៅ​អធិ​ការ​វត្ត​ពោធិសាល​ជ្រោយ​ទឹម​កណ្តាល​ ពិត​ថេរដី​កា​៖ “ការ​បើក​ថ្នាក់​បាលី​ ដើម្បី​បង្រៀន​ចំ​ណេះ​ដឹង​មូលដ្ឋាន​ដល់​សមណ​សិស្ស​។​ ពី​ព្រោះ​ ភាសា​បាលី​មាន​សារៈ​សំ​ខាន់​សម្រាប់​អ្នក​បួស ជាមូលដ្ឋាន​គ្រឹះ​នៃ​អក្សរ​សាស្ត្រ​ខ្មែរ​។​ ហើយ​ក៏​ជា​ឱកាស​ល្អ​សម្រាប់​អង្គ​ដែល​ផ្អាក​ការ​សិក្សា​ពាក់​កណ្តាល​ការ​មុន​នឹង​ចូល​បួស​បាន​បន្ត​ការ​សិក្សា​”។​

នៅ​វត្ត​ចន្ទ​សោ​ភ័ណ ព្រែក​អណ្ដើក​ ឃុំ​ញ៉ូ​យ៉ា ការ​បើក​ថ្នាក់​ពុទ្ធិក​មធ្យម​សិក្សា​បឋម​ភូមិ​ ត្រូវ​បាន​រក្សា​ជា​ច្រើន​ឆ្នាំ​មក​។​ ឆ្នាំ​នេះ​ វត្ត​បើក​៣ថ្នាក់​ គឺថ្នាក់​ពុទ្ធិក​មធ្យម​សិក្សា​បឋម​ភូមិ​ ឆ្នាំ​ទី ១ ឆ្នាំ​ទី ២ ឆ្នាំ​ទី ៣ ដោយ​មាន​សមណ​សិស្ស​សរុប​ ៤៨ អង្គ​ និមន្ត​មក​ពី​វត្ត​នា​នា​នៅ​ក្នុង​និង​ក្រៅ​ខេត្ត​។​ សមណ​សិស្ស​ លីហ្វាយ​កៀក​ សិស្ស​ឆ្នាំ​ទី៣​នៃ​វត្ត​ព្រែក​អណ្ដើក​ ពិត​ថេរដី​កា​៖ “សម្រាប់​អ្នក​បួស ការ​រៀន​សូត្រ​គឺចាំ​បាច់​ណាស់​។​ ការ​សិក្សា​ថ្នាក់​ពុទ្ធិក មធ្យម​សិក្សា​បឋម​ភូមិ​នាំ​មក​ប្រ​យោជន៍​ជា​ច្រើន​ ជួយ​ឱ្យ​យល់​ច្បាស់​ពី​ធម៌​វិន័យ​ ផ្តើម​ពី​នោះ​ ទើប​ជួយ​ណែ​នាំ​ពុទ្ធ​បរិស័ទ​ប្រ​តិបត្តិ​ត្រឹម​ត្រូវ​ ក្រៅ​ពី​វិញ្ញាសា​ភាសា​បាលី​ នៅ​មាន​វិញ្ញាសា​រាយ​រង​ជាច្រើន​ ដូច​ជា​ វេយ្យា​ករណ៍​ខ្មែរ​ ព្រះ​វិន័យ​ ពុទ្ធប្ប​វត្តិ​ និង​សរ​សេរ​តាម​អាន​ជា​ដើម​។​

សមណ​សិស្ស​សាលា​ពុទ្ធិក​មធ្យម​សិក្សា​បឋម​ភូមិ​ វត្ត​ជ្រោយ​ទឹម​កណ្ដាល​ កំពុង​សិក្សា​។​

បន្ទាប់​ពី​បញ្ចប់​កម្រិត​ពុទ្ធិក​មធ្យម​សិក្សា​បឋម​ភូមិ​ មាន​សមណ​សិស្ស​ជា​ច្រើន​អង្គ​បាន​ប្រ​ឡង​ជាប់​ទៅ​បន្ត​ការ​សិក្សា​នៅ​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​ ឬ​ក៏​យក​ចំ​ណេះ​ដឹង​ដែល​បាន​សិក្សា​ដើម្បី​ជួយ​បង្រៀន​ដល់​សិស្ស​ជំ​នាន់​ក្រោយ​។​ អា​ច​និយាយ​ថា​ នេះ​ជា​ប្រ​ភព​ធន​ធាន​មនុស្ស​ រួម​ចំ​ណែក​ក្នុង​ការ​ជួយ​ថែ​រក្សា​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ​ ព្រម​ទាំង​បណ្តុះ​បណ្តាល​កង​ជួរ​បញ្ញវន្ត​ ដើម្បី​បម្រើ​សហ​គមន៍​ភូមិ​ស្រុក​នា​ពេល​អនា​គត។​

ជា​រៀង​រាល់​ឆ្នាំ​ សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ខេត្ត​សុក​ត្រាំង​ (ចាស់​) តែង​យក​ព្រះ​ទ័យ​ទុក​ដាក់​ក្នុង​ការ​អប់​រំសីល​ធម៌​ ស្មារតី​យល់​ដឹង​ដល់​ព្រះ​សង្ឃ​និង​កូន​ចៅ​មាមីង​ពុទ្ធ​បរិស័ទ​ខ្មែរ​ ដើម្បី​បង្កើត​ប្រ​ភព​ធន​ធាន​មនុស្ស​បម្រើ​ការ​ក្នុង​សាសនា​ និង​ជន​ជាតិ​។​ ព្រម​ទាំង​ជួយ​ណែ​នាំ​វត្ត​នា​នា​កសាង​សាលា​ពុទ្ធិក​មធ្យម​សិក្សា​បឋម​ភូមិ​ ថ្នាក់​ធម្ម​វិន័យ​ សម្រេច​គុណ​ភាព​; លើក​ទឹក​ចិត្ត​ដល់​ព្រះ​សង្ឃ​ដែល​កំ​ពុង​រៀន​នៅ​តាម​សាលា​ពុទ្ធិក​សិក្សា​ មហា​វិទ្យា​ល័យ​ អនុ​មហា​វិទ្យា​ល័យ​និង​សាលា​មធ្យម​សិក្សា​វិជ្ជា​ជីវៈ។​ ទន្ទឹម​នឹង​នោះ​ ចលនា​រក្សា​ការ​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ កែ​ប្រែ​កម្ម​វិធី​ថ្នាក់​ពុទ្ធិក​សិក្សា​សម​ស្រប​ទៅ​នឹង​ភាព​ជាក់​ស្ដែង​។​

ព្រះ​ឧបជ្ឈាយ៍ តាំង​ណោ ប្រ​ធាន​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ក្រុង​កឹង​ធើ មាន​ថេរដី​កា​៖ “សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ក្រុង​ តែង​លើក​ទឹក​ចិត្ត​ដល់​ព្រះ​ចៅ​អធិ​ការ​តាម​វត្ត​ ឱ្យ​បើក​ថ្នាក់​ពុទ្ធិក​សិក្សា​ដើម្បី​ជំ​រុញ​ស្មារ​តី​រៀន​សូត្រ​ដល់​ព្រះ​សង្ឃ​គ្រប់​អង្គ​។​ ថ្នាក់​ពុទ្ធិកមធ្យម​សិក្សា​បឋម​ភូមិ​ គឺជា​មូលដ្ឋាន​គ្រឹះ​ បង្ក​លក្ខណៈ​ដើម្បី​ព្រះ​សង្ឃ​បាន​បន្ត​ការ​សិក្សា​នៅ​កម្រិត​ខ្ពស់​ជាង​ទៀត​ ដូច​ជា​នៅ​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាមបូ​ ឬ​ក៏​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ខ្មែរ​និង​មហា​វិទ្យា​ល័យ​ជាដើម​”៕​

               អត្ថ​បទ​និង​រូប​ថត​៖ អា​ញត្វឹង​-មុនី​

ចែករំលែកអត្ថបទ